Sunday, September 27, 2020

ចំណីខួរក្បាល

វីរនារីនៅពីក្រោយ គង់ ហ៊ាន ថ្ងៃមួយ ប្អូនស្រីជីដូនមួយខ្ញុំនិងខ្ញុំពិភាក្សាគ្នាអំពីបញ្ហានានានៅក្នុងជីវិត ។ នាងមានឪពុកមិនសូវចំណាប់ប៉ុន្មានទេ ។ រឿងនេះក្រៅអំពីម្តាយនាង គ្មានអ្នកណាដឹងឡើយ ។ សូម្បីតែកូនៗទាំងអស់ក៏តែងគិតថា ជោគជ័យរបស់ពួកគេនៅក្នុងការសិក្សាក្តី នៅក្នុងការទទួលបានសុភមង្គលនៅក្នុងជីវិតក្តី គឺបានមកដោយសារការដឹកនាំប្រកបដោយបញ្ញាញាណរបស់ឪពុកនាង ។ ប្រការនេះ ហាក់ដូចជាមិនពិបាកស្វែងយល់ឡើយ ត្បិតតាំងតែពីដើមរៀងមកអ្វីៗសព្វបែបយ៉ាងនៅក្នុងការអភិវឌ្ឍន៍គ្រួសារគឺឪពុកនាងជាអ្នកសម្រេចស្ទើរតែទាំងអស់ ។ នៅក្នុងការជជែកគ្នារបស់ពួកយើង ប្អូនជីដូនមួយខ្ញុំបានលើកយកចំណុចដែលនាងមិនចង់និយាយមួយមកឲ្យខ្ញុំជួយត្រិះរិះពិចារណា ។ នាងសង្កេតឃើញនិងមានអារម្មណ៍ថា ឪពុកនាងហាក់ដូចជាមនុស្សគ្មានសមត្ថភាពដូចក្នុងរូបភាពដែលគ្រួសារបានលើកតម្កើងតាំងតែពីដើមរៀងមកនោះទេ ។ ចំណុចនេះបានធ្វើឲ្យនាងតប់ប្រមល់ទល់ពុទ្ធោយ៉ាងខ្លាំង ។ នាងមានអារម្មណ៍ហាក់ដូចជាកូនអកត្តញ្ញូដែលមើលមិនយល់នូវសមត្ថភាពនិងគុណសម្បត្តិរបស់ឪពុក ។ វាជារឿងមួយដែលមនុស្សពាក់ព័ន្ធចាំបាច់ត្រូវតែជញ្ជត់ព្រលឹងដើម្បីស្វែងយល់ ។ កាលសិក្សាចិត្តវិទ្យានៅសាកលវិទ្យាល័យ ខ្ញុំធ្លាប់ជួបរឿងមួយដែលគេហៅថាវិបត្តិ កូនប្រុសស្រឡាញ់ម្តាយឯង (Oedepus Complex) ។ វាជាអព្ភូតហេតុមួយដែលកើតមានមកលើមនុស្សគ្រប់រូប ហើយក៏មិនសូវមាននរណាយល់ដឹងអំពីវាច្បាស់លាស់ទេ ។ វាកើតមកជាមួយនឹងជីវិតមនុស្ស ហើយក៏វិវត្តិទៅជាមួយនឹងជីវិតមនុស្សដែរ ។ នៅក្នុងករណីប្អូនជីដូនមួយខ្ញុំ ខ្ញុំបានលើកយកកត្តាមួយដែលស្រដៀងគ្នានឹងអព្ភូតហេតុកូនស្រឡាញ់ម្តាយឯងមកពន្យល់ប្រាប់នាង ។ មនុស្សទាំងអស់ដែលកើតមកលើលោកយើងនេះ(លើកលែងតែព្រះពុទ្ធ) គឺមានពិការភាពគ្រប់ៗគ្នាដែលយើងអាចហៅថា៖ ពិការញាណ (Intellectual Disability) ។ នៅក្នុងភាសាអង់គ្លេស គេហៅភាពពិការញាណនេះថា៖ ADHD (Attention Deficit and Hyperactivity Disorder) and Autism ។ ADHD និង Autism ជាភាពពិការញាណពីរផ្សេងគ្នាប៉ុន្តែវាក៏មានចំណុចត្រួតសុីគ្នាខ្លះៗ (Overlap) ។ ADHD ជាពិការភាពដែលមនុស្សទូទៅពិបាកនឹងមើលយល់ត្បិតវាផ្សារភ្ជាប់ជាមួយនឹងអត្តចរិតរបស់មនុស្ស (Human Personality) ។ ឯ Autism អាចមានសញ្ញាណខ្លះដែលយើងអាចមើលយល់តាមរយៈទឹកមុខ (Abnormal facial expession) និងសម្តីសំដៅ ។ ឧទាហរណ៍សាមញ្ញមួយគឺការសួរស៊ន (ដឹងហើយក៏នៅតែសួរនូវសំណួរដដែលៗ) ។ គួរបញ្ជាក់ថាភាពពិការញាណមានកម្រឹតពីទាបទៅខ្ពស់ ។ ហើយអ្នកដែលពិការញាណនៅក្នុងរង្វង់ Autism ក៏អាចមានសមត្ថភាពធ្វើឬក៏យល់អំពីអ្វីមួយខ្ពស់ហួសពីមនុស្សដទៃ ។ ទោះជាយ៉ាងណាក៏ដោយ ពិការញាណញាំញីជីវិតមនុស្សក្នុងផ្លូវអវិជ្ជមានច្រើនជាងវិជ្ជមាន ។ ខ្ញុំប្រាប់ប្អូនជីដូនមួយខ្ញុំថា ឪពុកនាងអាចជាមនុស្សពិការញាណនៅក្នុងកម្រិតមួយដែលមានតែម្តាយនាងប៉ុណ្ណោះដែលដឹងការពិត ។ នៅក្នុងសង្គមគ្រួសារ ជាពិសេសការវាយតម្លៃអំពីតួនាទីនិងគុណតម្លៃរបស់ប្តីឬប្រពន្ធ យើងគប្បីលើកយកកត្តាក្រោយឆាកមកពិចារណាផងដែរ ។ ខ្មែរមានសុភាសិតមួយដែលនិយាយថា៖ "សំណាបយោងដី ស្រីយោងប្រុស" ។ ខ្ញុំសូមមិនបកស្រាយសុភាសិតនេះទេ គ្រាន់តែចង់ពិចារណាថា តើ "ស្រីយោងប្រុស" នោះ គឺយោងដោយរបៀបណា? គ្មាននរណាយល់អំពីភាពពិការញាណរបស់បុគ្គលច្បាស់លាស់ជាងប្តីឬប្រពន្ធរបស់បុគ្គលនោះឡើយ ។ សំណួរតែមួយគត់ដែលយើងត្រូវសួរគឺថា៖ តើវាមានប្រយោជន៍ទេ ក្នុងការលាតត្រដាងចំណុចខ្សោយ(ភាពពិការញាណ)របស់ស្វាមីឬភរិយាប្រាប់អ្នកដទៃ? ចម្លើយតែមួយគត់គឺ៖ វាគ្មានប្រយោជន៍ទេ ។ មានតែប្តីនិងប្រពន្ធពីរនាក់គត់ដែលអាចយឹតយោងគ្នាទៅដល់ត្រើយនាយ ។ ដើម្បីស្វែងរកពន្លឺខ្លះៗមកបំភ្លឺប្អូនជីដូនមួយខ្ញុំ ខ្ញុំបានសួរនាងថាតើនាងធ្លាប់បានគួចគិតអំពីកត្តាដែលថាឪពុកនាងគ្រាន់តែជាឡប់ឡែនៅពីមុខការសម្រេចចិត្តនានានៅក្នុងគ្រួសារដែរទេ? នាងឆ្លើយថា មិនធ្លាប់គិតទេព្រោះគ្មានអ្វីត្រូវសង្ស័យអំពីសមត្ថភាពពុកឡើយ ។ ខ្ញុំប្រាប់នាងថា នៅក្នុងរង្វង់គ្រួសារខ្ញុំ ម្តាយខ្ញុំជាអ្នកជ្រោងទង់គ្រួសារថ្វីត្បិតកិច្ចការជាច្រើនដែលគាត់ធ្វើហាក់ដូចជាគ្មានអ្វីធំដុំគួរឲ្យកត់សម្គាល់ក៏ដោយ ។ តាំងតែពីតូចក្រូចឆ្មារមក បងប្អូនខ្ញុំទៅរៀនគឺត្រូវបានលើកទឹកចិត្តដោយម្តាយខ្ញុំទាំងអស់ ។ រៀងរាល់ថ្ងៃ ម្តាយខ្ញុំគឺជាអ្នកចែកលុយនិងចាត់ចែងរៀបចំឲ្យយើងស្លៀកពាក់ទៅរៀន ។ ឪពុកខ្ញុំកម្រនឹងធ្វើកិច្ចការនេះណាស់ ។ នេះគ្រាន់តែជាឧទាហរណ៍កំបុិកកំប៉ុកមួយប៉ុណ្ណោះ ។ កិច្ចការធំដុំផ្សេងទៀត អាចជាការចាត់ចែងរបស់ម្តាយខ្ញុំដែរ គ្រាន់តែនៅក្នុងទំនៀមទម្លាប់ខ្មែរយើង គេច្រើនឲ្យប្តីជាអ្នកនាំមុខ (Take leadership role) ។ ជាលទ្ធផល កិត្តិយស (Credits) ផងទាំងពួងគឺប្តីជាអ្នកទទួលបាន ។ ប្អូនជីដូនមួយខ្ញុំតវាថា ប្រការនេះខ្ញុំមិនអាចទទួលយកបានទេ ត្បិតឪពុកខ្ញុំជាអ្នកសម្រេចឲ្យពួកយើងរៀនយកមុខជំនាញនានាប្រកបដោយជោគជ័យ គឺផ្អែកលើការយល់ឃើញរបស់គាត់ ។ ម្តាយខ្ញុំគ្រាន់តែជាអ្នកគាំទ្រគំនិតឪពុកខ្ញុំប៉ុណ្ណោះ ។ ខ្ញុំសួរប្អូនជីដូនមួយខ្ញុំថា អ្វីដែលឯងអះអាងថាជាគំនិតរបស់ឪពុកឯងនោះ តើមាននរណាធ្វើជាសាក្សីទេ? អត់ទេ! វាគ្រាន់តែជាជំនឿដែលផ្អែកលើការមើលឃើញនូវសំបកខាងក្រៅរបស់ឯងប៉ុណ្ណោះ ។ ខ្ញុំសួរនាងបន្តទៀតថា តើឯងធ្លាប់អានរឿង គង់ហ៊ាន ទេ? នាងឆ្លើយថា ធ្លាប់ ។ គង់ហ៊ាន បានទទួលជោគជ័យរហូតដល់បានធ្វើជាមន្ត្រីរាជការគឺដោយសារប្រពន្ធគាត់ជាអ្នកជួយបិទបាំងអសមត្ថភាពរបស់គាត់ ។ បើប្រពន្ធគង់ហ៊ានជាអ្នកនៅពីក្រោយភាពអស្ចារ្យនៃសមត្ថភាពរបស់គង់ហ៊ាន ហេតុអ្វីក៏ឯងមិនអាច ឬក៏មិនហ៊ានគិតសូម្បីតែបន្តិចអំពីតួនាទីរបស់ម្តាយឯង? តើម្តាយឯងមិនអាចដើរតួជាប្រពន្ធគង់ហ៊ានបានទេឬ? ហាក់ដូចជាមានអ្វីមកដាស់សតិនាងឲ្យគិត ប្អូនជីដូនមួយខ្ញុំអង្គុយធ្វើមុខស្មើ ។ ឃើញដូច្នោះ ខ្ញុំដាក់ឲ្យនាងមួយផ្លែទៀត ។ ឯងជាស្រី ម្តាយឯងក៏ជាស្រី ហេតុអ្វីក៏ឯងមើលមិនឃើញសមត្ថភាពរបស់មនុស្សស្រី? (សម្គាល់៖ ដាក់មួយផ្លែមិនមែននិយាយផ្លែផ្កាទេ ។ ស្មេរនិយាយក្នុងន័យ បន្ថែមហេតុផលសង្កត់ន័យដើម្បីឲ្យគូសន្ទនារន្ធត់តក់ស្លុតដោយមិនចង់ឃើញអ្វីដែលខ្លួនកំពុងពិចារណាក្លាយទៅជាការពិត) ។ បន្ទាប់ពីឮពាក្យចុងក្រោយនេះ ទឹកមុខប្អូនជីដូនមួយខ្ញុំប្រែស្លេកបន្តិច ។ នាងអង្គុយសញ្ជប់សញ្ជឹងហាក់ដូចជាព្យាយាមជញ្ជត់ព្រលឹងនាងឲ្យមកជួយជម្នះ(Trying to overcome)ឧបសគ្គអ្វីមួយដែលកំពុងរារាំងការគិតពិចារណារបស់នាងកុំឲ្យធ្វើដំណើរទៅមុខរួច ៕ (ឧទិសជូនស្ត្រីទាំងឡាយដែលបានធ្វើពលីកម្មបូជាសព្វបែបយ៉ាងដើម្បីកិត្តិយសនិងកេរ្ត៍ឈ្មោះរបស់ស្វាមី)

No comments:

ចំណីខួរក្បាល

គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...