Friday, March 20, 2020
ចំណីខួរក្បាល
ផលវិបាកនៃអាសន្នរោគ កូរ៉ូណា (Corona Dilemma)
អ្នកស្រាវជ្រាវសង្គមសាស្ត្រជាច្រើនរកឃើញថា នៅពេលដែលប្រទេសឬតំបន់ណាមួយមានគ្រោះភ័យដែលតម្រូវឲ្យពលរដ្ឋធ្វើចត្តាឡឺស័ក (Quarantine) ឬស្នាក់នៅក្នុងផ្ទះជាច្រើនថ្ងៃ លទ្ធផលឥតព្រៀងទុកមួយដែលផុសចេញពីគ្រោះភ័យនេះគឺ កំណើនសមាជិកគ្រួសារ ។ គេមិនដឹងជាក់លាក់ថាតើអ្វីទៅជាកត្តាជម្រុញឲ្យមានអព្ភូតហេតុកំណើនសមាជិកគ្រួសារនេះទេ ។ ប៉ុន្តែ យោងតាមពត៌មានក្រៅផ្លូវការ (Grapevine News) គេសង្ស័យថា ដើម្បីកាត់បន្ថយទុក្ខកង្វល់ ស្វាមីភាគច្រើនងើបផ្វាយបង្គំព្រះនារាត្រីស្ងាត់ ។ អ្នកស្រាវជ្រាវមួយចំនួនសន្និដ្ឋានថា ការងើបថ្វាយបង្គំព្រះរបស់ស្វាមីនេះហើយដែលបង្កឲ្យមានកំណើនសមាជិកគ្រួសារ ។
ប្រាំបួនខែខាងមុខនេះ ប្រសិនបើខ្ញុំមានកូនស្រី ខ្ញុំនឹងដាក់ឈ្មោះនាងថា៖ កូរ៉ូណា ។ បើខ្ញុំមានកូនប្រុស ខ្ញុំនឹងដាក់ឈ្មោះឲ្យគេថា៖ កូវីដ ។ ទុករឿងលេងសើចមួយកណ្តុប ។ សូមនិយាយអំពីពត៌មានពាក់ព័ន្ធនឹងអាសន្នរោគកូរ៉ូណាវិញម្តង ។
ប៉ុន្មានអាទិត្យនេះ ខ្ញុំតាមដានពត៌មានអំពី កូវីដ១៩ ជាប្រចាំ ។ អ្វីដែលជាកត្តាច្របូកច្របល់សម្រាប់ខ្ញុំគឺភាពសម្បូរបែបនៃពត៌មាន ។ អ្នកខ្លះថាដូច្នេះ ។ អ្នកខ្លះថាដូច្នោះ ។ អ្នកខ្លះថាប្រទេសដែលមានអាកាសធាតុក្តៅមិនសូវមានហានិភ័យខ្ពស់ដូចប្រទេសដែលមានអាកាសធាតុត្រជាក់ ។ អ្នកខ្លះហ៊ានរហូតដល់ទៅធ្វើក្រាហ្វិកអះអាងអំពីរយៈពេលដែលវីរ៉ុសកូរ៉ូណាអាចរស់រានមានជីវិតនៅលើក្រដាស លើដៃ លើដែក និងនៅលើវត្ថុធាតុនានាទៀតផង ។ តើយើងគួរជ្រើសរើសយកពត៌មានមួយណាដើម្បីអនុវត្តិកិច្ចការពារខ្លួនឲ្យបានត្រឹមត្រូវនិងសមស្របទៅតាមកាលៈទេសៈ ?
នៅក្នុងកាឡាមសូត្រ ព្រះពុទ្ធទ្រង់ទូន្មានថា៖ កុំអាលជឿលើអ្វីដែលមានកត់ត្រានៅក្នុងគម្ពីរ ។ កុំអាលជឿលើអ្វីដែលអ្នកប្រាជ្ញអះអាង ។ ជឿតែលើអ្វីដែលអ្នកបានពិនិត្យពិចារណាល្អិតល្អន់ដោយផ្អែកលើហេតុនិងផលហើយយល់ជាក់លាក់ថាវាជាកាពិត ។ ចំណុចនេះបានបង្វែរខ្ញុំឲ្យគិតដោយខ្លួនឯងជាជាងអង្គុយចាំស្តាប់និងជឿទៅលើពត៌មានដែលគេបង្ហោះពាសពេញហ្វេសប៊ុក ។
កូវីដ១៩ ជាប្រភេទវីរ៉ុសផ្លូវដង្ហើម (Acute Respiratory Syndrome) ។ នៅពេលយើងនិយាយអំពីផ្លូវដង្ហើម គឺយើងនិយាយអំពីសួត ។ សួតស្ថិតនៅក្នុងខ្លួនមនុស្សដែលមានស្បែក សាច់ដុំ និងឆ្អឹងការពារយ៉ាងមាំទាំ ។ អាវៈយវពីរដែលជាផ្លូវគមនាគមន៍តភ្ជាប់សួតជាមួយនឹងពិភពខាងក្រៅគឺច្រមុះនិងមាត់ ។ ដូច្នេះ ប្រភពឬផ្លូវដែលមេរោគវីរ៉ុសអាចចេញចូលនិងចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតបានគឺតាមរយៈ ច្រមុះ និង មាត់ ។ វីរ៉ុសជាអង្គជាតិតូចល្អិតបំផុតរស់នៅក្នុងបរិយាកាសបានដោយសារគេ ។ គេនោះអាចជាសត្វមានជីវិត ឬក៏កាកសំណល់របស់សត្វមានជីវិត ។ ឧទាហរណ៍ សំបោ ឬទឹកមាត់ ។ នៅពេលយើងនិយាយអំពីសំបោនិងទឹកមាត់ គឺយើងនិយាយអំពីច្រមុះនិងមាត់ ដែលជាច្រកចេញចូលរបស់សួត ។ ដូច្នេះ អ្នកដែលមានផ្ទុក កូវីដ១៩ នៅក្នុងខ្លួនអាចចម្លងវីរ៉ុសនេះទៅអ្នកដទៃតាមរយៈច្រមុះនិងមាត់នេះឯង ។ មធ្យោបាយធ្វើដំណើរដ៏សាមញ្ញរបស់កូវីដ១៩ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតអាចមានបីប្រភេទគឺកំទេចទឹកមាត់ ទឹកសំបោ និងអាចម៍ច្រមុះ ។ អ្វីដែលជាកត្តាគួរយកមកពិចារណាគឺកំទេចអាចម៍ច្រមុះ ។ វាប្រៀបដូចជាសុីមងត៍ដែលហ៊ុំព័ទ្ធពងមាន់ដូច្នោះដែរ ។ ដូច្នេះ វីរ៉ុសកូវីដ១៩ ដែលហ៊ុំព័ទ្ធពីក្រៅដោយកំទេចអាចម៍ច្រមុះមិនងាយស្លាប់ងាយៗទេ ។ បើវាស្ថិតនៅជាប់នឹងបង្កាន់ដៃ ឬប៊ូតុងជណ្តើរយន្តនៃអគារដែលមានម៉ាសុីនត្រជាក់ វាអាចមានជីវិតរស់នៅលើសពីអ្វីដែលយើងសន្និដ្ឋាន ។ នេះគឺជាការយល់ឃើញរបស់ខ្ញុំ ។ ទោះជាយ៉ាងណាក៏ដោយ មធ្យោបាយដ៏ប្រសើរបំផុតសម្រាប់ការពារការឆ្លងកូវីដ១៩ គឺគប្បីលាងដៃនិងមុខដោយទឹកស្អាតជាប្រចាំ ។ វាអាចកាត់បន្ថយហានិភ័យបានយ៉ាងច្រើនដោយមិនចាំបាច់ចំណាយប្រាក់កាក់ធំដុំឡើយ ៕ Stay safe!!
Subscribe to:
Post Comments (Atom)
ចំណីខួរក្បាល
គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...
-
រឿង តោនិងក្របីព្រៃ តោមួយបានដើរស្វែងរកអាហារ នៅក្បែរមាត់ព្រៃ ។ នៅពេលវាដើរ មកដល់ក្បែរមាត់បឹងមួយ វាបានឃើញក្របីព្រៃឈ្មោលចំនួនបួន កំពុង ឈរស៊ីស...
-
រឿង ក្មេងប្រុសនិងសត្វកង្កែប មានក្មេងប្រុសមួយក្រុម បាននាំគ្នាទៅរត់លេង នៅក្បែរមាត់ត្រពាំងមួយ ដែលមានសត្វកង្កែបជាច្រើនរស់នៅ ។ បន្ទាប់ពីពួកគេរត...
-
ឱកាសនៅក្នុងឧបស័គ្គ (Opportunity inside Obstacle) នៅក្នុងរង្វង់ជនអន្តោប្រវេសដែលទៅរស់នៅក្នុងប្រទេសថ្មី មានពាក្យមួយឃ្លាដែលគេតែងពោលថា៖ ជនអន្តោ...
No comments:
Post a Comment