Sunday, December 20, 2020

ចំណីខួរក្បាល

អា អែង/អ្ងែង អញ ពាក្យខ្មែរបីម៉ាត់ អា អែង(ឯង) និង អញ សព្វថ្ងៃនេះត្រូវបានពលរដ្ឋខ្មែរភាគច្រើនជិនឆ្អន់មិនសូវប្រើប្រាស់នៅក្នុងការសន្ទនាគ្នាក៏ដូចជាការសរសេរដែរ ។ គេចាត់ទុកការប្រើប្រាស់ពាក្យបីម៉ាត់នេះថា ជាការបង្ហាញភាពមិនសុីវីល័យ ខ្វះការអប់រំ និង មិនថ្លៃថ្នូ ។ តាមការសង្កេតរបស់ខ្ញុំ នៅពេលពលដ្ឋខ្មែរឈប់ប្រើ ឬក៏អៀនប្រៀនអំពីការប្រើពាក្យបីម៉ាត់នេះ(Shy away from) ភាតរភាពនិងសាមគ្គីភាពនៅក្នុងសង្គមខ្មែរក៏ចាប់ផ្តើមវិនាសអន្តរាយទៅដែរ ។ ខ្ញុំមិនមែនជាអ្នកសិក្សាខាងភាសាវិទ្យានោះទេ ។ ប៉ុន្តែ ខ្ញុំគិតថាពាក្យពេចន៍ក្នុងភាសាដើរតួសំខាន់ណាស់ នៅក្នុងការតភ្ជាប់មនោសញ្ចេតនាមនុស្សនៅក្នុងសង្គមឲ្យចេះរួបរួមគ្នាជាធ្លុងមួយ ដើម្បីជួយសង្គ្រោះគ្នាទៅវិញទៅមកក៏ដូចជាទប់ទល់ជាមួយនឹងហានិភ័យនានាផងដែរ ។ ខ្ញុំមិនដឹងថា ពាក្យ អា អែង និង អញ ជាពាក្យកម្ចីពីបរទេសឬក៏ជាពាក្យខ្មែរសុទ្ធសាធនោះទេ ។ ប៉ុន្តែ ខ្ញុំធ្លាប់ឃើញអ្នកសិក្សាសីលាចារិកខ្មែរគេយកពាក្យ "កំម្រតេងអញ" មកចុះផ្សាយជាញឹកញាប់ ។ ដូច្នេះ ពាក្យ អា និង អែង អាចជាពាក្យខ្មែរដែលមានប្រើតាំងតែពីបុរមបុរាណមក ។ ផ្អែកលើបទពិសោធផ្ទាល់ខ្លួនរបស់ខ្ញុំ អា អែង និង អញ គឺយើងប្រើនៅក្នុងរង្វង់បងប្អូនបង្កើត ។ បងឬប្អូនដែលមានអាយុលើសខ្វះគ្នា២ ឬ៣ឆ្នាំគឺយើងប្រើពាក្យ អា អែង និងអញ ហៅគ្នាទៅវិញទៅមកគ្មានទើសទាស់អ្វីឡើយ ។ បងបង្អស់គាត់ផាត់សំបកហៅប្អូនៗ អា អែង ដោយរលូនគ្មានខ្វល់អំពីការប៉ះពាល់ភាពថ្លៃថ្នូឬមិនថ្លៃថ្នូសូម្បីបន្តិចសោះឡើយ ។ ថ្វីត្បិតតែពាក្យពេចន៍ដែលយើងប្រើសម្រាប់ហៅគ្នានេះ ស្តាប់ទៅដូចជាមិនសូវថ្លៃថ្នូក៏ពិតមែន ប៉ុន្តែវាហាក់ដូចជាមានឥទ្ធិពលខ្លាំងក្នុងការតភ្ជាប់ភក្តីភាពរបស់មនុស្សក្នុងសង្គម ។ កាលពីក្មេង មិត្តភក្តិរបស់ខ្ញុំដែលមានអាយុលើសខ្វះគ្នាពីរបីឆ្នាំ យើងហៅគ្នាទៅវិញទៅមកដោយប្រើពាក្យ អា អែង និង អញ ស្ទើរដាច់សាច់ ។ ពាក្យទាំងនេះនៅគ្រាបច្ចុប្បន្ន ស្តាប់ទៅហាក់ដូចជាមិនសុីវីល័យទេ ។ ក៏ប៉ុន្តែ នៅក្នុងសម័យកាលខ្ញុំចម្រើនវ័យនោះ វាគឺជាចំណងអរូបមួយដែលភ្ជាប់សន្តានចិត្តរបស់ពួកយើងឲ្យចេះជួយយកអាសាគ្នាដូចបងប្អូនបង្កើត ។ យើងតែងតែជួយធ្វើកិច្ចការគ្នាដោយមិនគិតអំពីផលប្រយោជន៍តបស្នងសូម្បីតែបន្តិចសោះឡើយ ។ អ្វីៗដែលយើងសហការគ្នាធ្វើដើម្បីផលប្រយោជន៍រួម យើងមិនដែលគិតអំពីពលកម្មលើសខ្វះគ្នាទេ ។ អនុស្សាវរីយ៍មួយដែលខ្ញុំធ្លាប់ជួបក្នុងប្រការនេះ គឺការសហការគ្នារវាងខ្ញុំនិងមិត្តភូមិផងរបងជាមួយម្នាក់ឈ្មោះ បូណា នៅទសវត្សឆ្នាំ ១៩៨០ ។ អាបូណានិងខ្ញុំបានមូលមតិគ្នាទៅកាប់ឫស្សីព្រៃយកមកពុះធ្វើរនាបលក់ ។ ឫស្សីព្រៃដុះនៅក្នុងព្រៃកុងក្រោយភូមិហើយមានបន្លាក្រាស់ណាស់នៅគុម្ពរបស់វា ។ ដើម្បីកាប់ដើមឫស្សីព្រៃ គេត្រូវប្រើឧបករណ៍ម៉្យាងហៅ ថ្វាង ដែលមានដងធ្វើអំពីដើមឫស្សីពីងពង់ប្រវែងប្រហែល៥ម៉ែត្រនិងផ្លែស្រដៀងគ្នានឹងផ្លែកណ្តៀវច្រូតស្រូវ ។ យើងប្រើថ្វាងកាវកាត់ដើមឫស្សីព្រៃកម្ពស់ប្រមាណជាបួនទៅប្រាំម៉ែត្រពីដី ហើយថ្ពក់ទាញដើមរបស់វាចេញពីក្នុងគុម្ពមកដើម្បីលស់សម្អាតមែកនិងបន្លាផងទាំងពួង ។ នៅក្នុងប្រតិបត្តិការកាប់ឫស្សីព្រៃនោះ ខ្ញុំសង្កេតឃើញថា អាបូណាវាធ្វើកិច្ចការបានលឿនជាងខ្ញុំពីរដង ។ ខ្ញុំកាប់ឬស្សីបានមួយដើម វាកាប់បានពីរដើម ។ នៅពេលយើងដឹកឫស្សីនោះមកពុះច្រៀកធ្វើរនាប វាក៏ធ្វើកិច្ចការនោះបានលឿនជាងខ្ញុំប្រមាណជាពីរដងដែរ ។ ថ្វីត្បិតតែវាធ្លាប់ដៀលខ្ញុំថា កាប់ឫស្សីយឺតនោះយឺត នៅពេលយើងលក់រនាបយកកម្រៃមកចែកគ្នា អាបូណាអត់រំលឹកអំពីការធ្វើពលកម្មលើសខ្វះគ្នានេះទេ ។ យើងចែកគ្នាស្មើដោយសុទ្ធចិត្ត ។ គួរកត់សម្គាល់ផងដែរថា នៅពេលដែលខ្ញុំវិលត្រឡប់ពីសហរដ្ឋអាមេរិកទៅលេងស្រុកកំណើតបន្ទាប់ពីបែកគ្នាជិត២០ឆ្នាំ អាបូណាជាមនុស្សម្នាក់ក្នុងចំណោមមនុស្សមួយចំនួនតូចដែលនៅប្រើពាក្យ អា អែង អញ ជាមួយនឹងខ្ញុំដោយគ្មានទើសទាល់ ។ ក្រៅអំពីការប្រើពាក្យអែង អញ នៅក្នុងចំណោមមិត្តភក្តិ ខ្ញុំក៏ធ្លាប់ជួបប្រទះការប្រើពាក្យនេះរវាងកូននិងម្តាយផងដែរ ។ កាលជំនាន់ ប៉ុល ពត គ្រួសារខ្ញុំត្រូវបានគេជម្លៀសឲ្យទៅនៅក្នុងភូមិមួយនៅក្នុងស្រុក ស្ទោង ខេត្តកំពង់ធំ ។ ភូមិនោះ នៅក្បែរតំបន់ប្រាសាទ ព្រះខ័នកំពង់ស្វាយ ។ ដូច្នេះ អ្នកស្រុកនោះ ប្រាកដជាពូជពង្សវង្សត្រកូលខ្មែរដែលសេសសល់តាំងតែពីសម័យអង្គរមក ។ ថ្ងៃមួយ ខ្ញុំឮមីងម្នាក់និយាយទៅកាន់ម្តាយគាត់ថា៖ "ម៉ែហ្អា! មើលអាង៉ាឲ្យអញមួយភ្លែត" (ម៉ែ! មើលកូនឲ្យខ្ញុំមួយភ្លែត) ។ ឃើញការនិយាយរកគ្នារបៀបនេះដំបូង ខ្ញុំភ្ញាក់ព្រើតហើយគិតក្នុងចិត្តថា អ្នកស្រុកនេះពិតជាអត់សុីវីល័យមែន ។ កូននិយាយជាមួយម្តាយប្រើសុទ្ធតែពាក្យ អែង អញ ។ ចំណេរក្រោយមកទើបខ្ញុំដឹងថា នេះគឺជាពាក្យដែលអ្នកស្រុកប្រើធម្មតា បន្ទាប់ពីស្តាប់យល់គ្រៀមភាសាជាច្រើនដែលអ្នកស្រុកប្រើប្រាស់ ។ ឧទាហរណ៍៖ ម៉ែហ្អា! ឃើញម្តុំអញនៅនោះទេ? មីគ្នេរ! អ្ងែងដិញថាអាផើងវានៅណាទេ? អញមិនដិញទេ (ខ្ញុំមិនដឹងទេ) ។ ថ្វីត្បិតតែប្រើពាក្យពេចន៍គ្រោតគ្រាតនៅក្នុងការប្រាស្រ័យទាក់ទងគ្នា អ្នកភូមិដែលខ្ញុំរស់នៅជាមួយកាលជំនាន់ប៉ុល ពត នោះ មានអធ្យាស្រ័យនឹងគ្នាហើយចេះជួយយកអាសាគ្នាស្អិតរមួតណាស់ ។ មិនខុសពីអាបូណានិងខ្ញុំឡើយ ។ ខ្ញុំធ្លាប់ចុះទៅនេសាទត្រីនៅស្រែក្រោម ឬមាត់បឹងទន្លេសាបជាមួយនឹងអ្នកស្រុកនោះម្តងពីរដែរ ។ ពេលអូសគនរុតត្រី អ្នកដែលរុតត្រីបានច្រើនតែងតែចែកត្រីធំៗឲ្យទៅអ្នកអូសកូនគនឲ្យបានសមរម្យ ទោះកិច្ចការអូសកូនគនមិនសូវលំបាកដូចការស្វែងរករុតត្រីក៏ដោយ ។ សព្វថ្ងៃ ពាក្យ អា អែង អញ នៅក្នុងតំបន់នោះ ប្រហែលជាត្រូវបានគេឈប់ប្រើដូចនៅក្នុងតំបន់ដទៃនៃប្រទេសកម្ពុជា ។ ចំណងភក្តីភាព មិត្តភាព ភាតរភាព និងភាវទ្រទ្រង់ផងទាំងពួងដែលជាសសៃឈាមនៃសុខមាលភាពសង្គមរបស់ខ្មែរក៏ប្រហែលជាសាបរលាបទៅតាមនោះដែរ ។ រឿងដែលគួរឲ្យព្រួយនោះគឺថា តើយុវជនខ្មែរបច្ចុប្បន្ន និងនៅថ្ងៃអនាគតអាចរក្សាចំណងសាមគ្គីភាព និងភាតរភាពសង្គម ឲ្យនៅរឹងមាំដូចយុគសម័យ៖ អា អែង អញ ដែរឬទេ ៕

No comments:

ចំណីខួរក្បាល

គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...