Friday, March 6, 2020
ចំណីខួរក្បាល
វង្វេងវប្បធម៌ (Culture Shock)
ជនជាតិខ្មែរអន្តោប្រវេសន៍ជាច្រើនដែលទៅរស់នៅបស្ចឹមប្រទេសយល់ច្រឡំថា កូនចៅរបស់ខ្លួនដែលកើតនៅក្នុងបស្ចឹមប្រទេសទាំងនោះ ជាកូនខ្មែរ ។ ធាតុពិតក្មេងៗដែលកើតនៅក្នុងប្រទេស បារាំងក្តី កាណាដាក្តី សហរដ្ឋអាមេរិកក្តី កម្រចាត់ទុកខ្លួនគេជាខ្មែរណាស់ ថ្វីត្បិតតែពួកគេមានឈាមជ័រជាខ្មែរក៏ដោយ ។ ការយល់ច្រឡំនេះបានធ្វីឲ្យមានក្តីទោមនស្សយ៉ាងច្រើន ។ និយាយរួម កុមារដែលទៅរស់នៅបស្ចឹមប្រទេសក្រោមអាយុ ១០ឆ្នាំ គួរចាត់ទុកថាជាក្មេងដែលមានកំណើតនៅទីនោះ ត្បិតពួកគេនឹងចាប់យកវប្បធម៌បស្ចឹមប្រទេសលឿនជាងផ្លេកបន្ទោរទៅទៀត ។
វង្វេងវប្បធម៌ ឬ Culture Shock សំដៅដល់អារម្មណ៍តក់ស្លុតទៅលើភាពក្រឡាប់ចាក់នៃទំនាក់ទំនងក៏ដូចជាអត្តចរិតរបស់មនុស្ស ។ ឧទាហរណ៍ កុមារខ្មែរមិនត្រូវហៅមនុស្សចាស់ចំឈ្មោះឡើយ គឺហៅត្រឹមតែ លោកតា លោកយាយ ឬ លោកគ្រូ អ្នកគ្រូប៉ុណ្ណោះ ។ ប៉ុន្តែ នៅសហរដ្ឋអាមេរិក គេតម្រូវឲ្យកុមារហៅមនុស្សចាស់ចំឈ្មោះដូចជា តាសុខ យាយសៅ ឬ លោកគ្រូចក់ អ្នកគ្រូចែមជាដើម ព្រមទាំងត្រូវចងចាំឈ្មោះរបស់គេឲ្យបានជាប់លាប់ទៀតផង ។ គេចាត់ទុកថា ក្មេងដែលមិនហៅមនុស្សដែលខ្លួនស្គាល់ចំឈ្មោះ ជាក្មេងឈ្លើយ ឬខ្វះសុជីវធម៌ ។
ដំណោះស្រាយលើភាពវង្វេងវប្បធម៌តម្រូវឲ្យមានការផ្លាស់ប្តូរអត្តចរិតជាមូលដ្ឋាន ។ យល់ដឹងតាមរយៈការសិក្សាគឺមិនទាន់គ្រប់គ្រាន់ឡើយ ។ ជាបឋម យើងត្រូវទទួលស្គាល់ថា អ្នកដែលវង្វេងវប្បធម៌មិនមែនពួកក្មេងៗទេ គឺមនុស្សចាស់ ។ បន្ទាប់មក យើងត្រូវដឹងថា សង្គមអាមេរិកាំងជាសង្គមស្មើភាព (Egalitarianism) ។ នេះមិនមែនមានន័យថា ក្មេងៗអាមេរិកាំងមិនចេះអោនលំទោនចម្ពោះចាស់ទុំនោះទេ ។ គេគោរពចាស់ទុំទៅតាមរបៀបរបស់គេ ។ និយាយឲ្យងាយយល់ ការគោរពនោះគឺ មានទៅមានមក (បដិការ ឬ Reciprocal) ។ ចំណុចមួយទៀតដែលជាកត្តាសំខាន់សម្រាប់ដោះស្រាយបញ្ហាវង្វេងវប្បធម៌គឺ សិទ្ធិសេរីភាព ។ សិទ្ធិសេរីភាពក៏ដូចជាការគោរពដែរ គឺមានទៅមានមក ។ ប្រសិនបើប្រការនេះមានភាពលម្អៀងឬបាត់បង់តុល្យភាព ទំនាស់នឹងកើតមាន ដែលនាំទៅរកការរកាំរកូសនៅក្នុងទំនាក់ទំនងរបស់មនុស្ស ។ នៅក្នុងភាសាអង់គ្លេស គេហៅភាពរកាំរកូសនេះថា Culture Clash ឬ ទំនាស់វប្បធម៌ ។
កាលពីជាង២៥ឆ្នាំមុន ខ្ញុំបានជួបនឹងទំនាស់វប្បធម៌ដ៏ស្រួចស្រាល់មួយ ។ កាលនោះ ខ្ញុំកំពុងរៀនអំពីទំនាក់ទំនងអន្តរវប្បធម៌ (Intercultural Communication) នៅសាកលវិទ្យាល័យ និងធ្វើការងារពាក់កណ្តាលម៉ោងនៅក្នុងហាងលក់សំលៀកបំពាក់មួយ ។ ក្នុងនាមជាអ្នកត្រួតពិនិត្យ (Supervisor) បុគ្គលិករយៈពេលប្រមាណជា ៥ឆ្នាំ នៅក្នុងហាងលក់សំលៀកបំពាក់នោះ ខ្ញុំមានឱកាសបានប្រស្រ័យ (Interact) ជាមួយមនុស្សជាច្រើនដែលមានវប្បធម៌ប្លែកៗពីគ្នា ។ គ្រាមួយនោះ យើងបានទទួលបុគ្គលិកថ្មី ៥នាក់ដែលជាយុវជនទើបនឹងរៀនចប់វិទ្យាល័យ (High School) ។ ក្នុងចំណោមបុគ្គលិកក្មេងៗទាំងនោះ បីនាក់ជាយុវតីដែលមានអប្បូរដើមជាវៀតណាម ។ ពួកគេមានអាយុស្របាលគ្នាព្រមទាំងជាមិត្តជិតដិតនឹងគ្នាផង ។ ផ្អែកលើសម្តីសំដៅរបស់ពួកគេ ខ្ញុំអាចសន្និដ្ឋានបានថា ពួកគេកើតនៅសហរដ្ឋអាមេរិកឬក៏ចូលមករស់នៅស្រុកអាមេរិកតាំងតែពីនៅតូចៗម្លេះ ។ បន្ទាប់ពីធ្វើការជាមួយគ្នាបានមួយរយៈ ខ្ញុំសង្កេតឃើញថា យុវតីម្នាក់ឈ្មោះ វីណា មានអត្តចរិតច្រឡើសបើសជាងគេ (Assertive/Arrogant) ។ នាងដើរតួជាបងធំក្នុងចំណោមមិត្តភក្តិនាង ។ ថ្វីត្បិតតែនាងមិនបានធ្វើអ្វីដែលជាកត្តាឲ្យខ្ញុំព្រួយបារម្ភក៏ពិតមែន ខ្ញុំតែងតែយកចិត្តទុកដាក់ប្រស្រ័យទាក់ទងនឹងនាងច្រើន ដើម្បីស្វែងយល់អំពីនាងក៏ដូចជាទប់ស្កាត់កុំឲ្យនាងជះឥទ្ធិពលអាក្រក់ដល់បុគ្គលិកក្មេងៗដទៃទៀត ។
ថ្ងៃមួយ វីណា មានទំនាស់ជាមួយនឹងអតិថិជនរហូតឈានដល់បបួលគ្នាចេញទៅក្រៅហាងដើម្បីវាយតប់គ្នា ។ ខ្ញុំតក់ស្លុតយ៉ាងខ្លាំង នៅពេលបានឮពាក្យសម្តីរបស់នាង ។ បន្ទាប់ពីបញ្ជូននាងឲ្យទៅសម្រាកនៅបន្ទប់បុគ្គលិក (Employees Lounge) ខ្ញុំសុំទោសអតិថិជនពាក់ព័ន្ធដើម្បីបញ្ជប់រឿង ហើយសម្រេចមិនសួរដេញដោលវីណាអំពីហេតុផលជុំវិញរឿងរ៉ាវនោះទេ ត្បិតខ្ញុំគិតថា វាទាល់តែមានហេតុ ទើបមានផល ។ មួយរយៈក្រោយមក នៅអំឡុងពេលបុណ្យណូអែលដែលជារដូវកាលរវល់បំផុតនៅក្នុងការលក់ដូរ វីណា មានរឿងជាមួយនឹងអតិថិជនម្តងទៀត ។ ខ្ញុំមិនដឹងថាមានទំនាស់អ្វីកើតឡើងទេ ប៉ុន្តែវីណាហាក់ដូចជាខឹងដាច់ក្បាលដាច់កន្ទុយ ។ នាងសម្រេចមិនគិតលុយលក់ឥវ៉ាន់ឲ្យអតិថិជនដែលទាស់នឹងនាងនោះទេ ហើយក៏ដើរចេញទៅអង្គុយនៅក្នុងបន្ទប់បុគ្គលិក ដើម្បីរង់ចាំឲ្យខ្ញុំទៅទេសនាអប់រំនាង ឬក៏យកក្រដាសបណ្តេញបុគ្គលិកទៅឲ្យនាង ។ ជាថ្មីម្តងទៀត ខ្ញុំសម្រេចមិនស្តីបន្ទោសនាងទេ ដោយសម្អាងលើហេតុផលដែលខ្ញុំបានលើកឡើងរួចមកហើយ ។ បន្ទាប់ពីគិតលុយលក់ឥវ៉ាន់ជំនួសនាង ខ្ញុំដើរទៅប្រាប់នាងឲ្យវិលទៅធ្វើកិច្ចការវិញ នៅពេលដែលនាងស្ងប់ចិត្ត ត្បិតមនុស្សដែលនាងទាស់ជាមួយនោះបានចាកចេញទៅហើយ ។
វីណាបន្តធ្វើការងារជាមួយនឹងខ្ញុំអស់រយៈពេលប្រមាណមួយឆ្នាំ ។ អំឡុងពេលនោះ ខ្ញុំសង្កេតឃើញនាងនៅតែជាមនុស្សត្របាំងបះ និងមានចរិតអញនិយមដដែល ។ ថ្វីត្បិតតែខ្ញុំរក្សាភាតរភាពជាមួយនឹងនាងជាធម្មតា នៅក្នុងចិត្តរបស់ខ្ញុំ ខ្ញុំបានលួចវាយតម្លៃនាងរួចហើយថា ក្មេងស្រីដែលមានចរិតច្រឡើសបើសនោះ មិនអាចមានអនាគតល្អទេ (She has no future) ។ កន្លងទៅអស់រយៈពេលប្រមាណជា ២៥ឆ្នាំក្រោយមក វីណានិងខ្ញុំបានជួបគ្នាម្តងទៀតនៅក្នុងហាងសំលៀកបំពាក់ដែលយើងធ្លាប់ធ្វើការជាមួយគ្នានោះ ។ ខណៈខ្ញុំកំពុងស្វែងរកសំលៀបពាក់និងសម្ភារៈខ្លះៗឲ្យកូនរបស់ខ្ញុំ ស្ត្រីវ័យកណ្តាលម្នាក់បានហៅខ្ញុំចំឈ្មោះ ។ គាត់សួរខ្ញុំថា នៅចាំគាត់ទេ ។ គាត់ឈ្មោះ វីណា ជាអតីតយុវតីកំពូលកូរធ្វើការជាមួយខ្ញុំនៅទីនេះកាលពីជាងម្ភៃឆ្នាំមុន ។ ខ្ញុំភ្ញាក់ផ្អើលលាយឡំនិងក្តីរំភើប បន្ទាប់ពីបានឃើញក្មេងស្រីម្នាក់ដែលខ្ញុំធ្លាប់គិតថានឹងក្លាយទៅជាសំណល់មនុស្ស (Waste) សម្តែងបដិសណ្ឋារកិច្ចចំពោះខ្ញុំប្រកបដោយភាពថ្លៃថ្នូរ ។ នាងមានកូនពីរនាក់ប្រកបដោយរូបឆោមគួរឲ្យស្រឡាញ់ ។ ផ្អែកលើសំដីសំដៅ និងភាពរមទមរបស់នាង វីណាដែលជាក្មេងត្របាំងបះកាលពីជាង២៥ឆ្នាំមុននោះ ឥឡូវនេះបានក្លាយទៅជាមាតាដែលមានព្រហ្មវិហាធម៌និងជាមនុស្សដែលមានសុភមង្គលមួយរូប ។ យើងជជែកគ្នាប្រមាណជាប្រាំនាទីមុនពេលបែកគ្នាទៅផ្ទះរៀងខ្លួន ។
រឿងរ៉ាវរបស់វីណាគឺជាឧទាហរណ៍មួយនៃការវង្វេងវប្បធម៌នៅក្នុងចំណោមពលរដ្ឋខ្មែរក៏ដូចជាពលរដ្ឋដទៃដែលជាអន្តោប្រវេសជនរស់នៅសហរដ្ឋអាមេរិក ។ បន្ទាប់ពីគិតសាឡើងវិញយ៉ាងយូរ ខ្ញុំចាប់ផ្តើមយល់ថា អ្នកដែលវង្វេងវប្បធម៌មិនមែនយុវតីវីណាទេ គឺរូបខ្ញុំ ។ ក្នុងនាមជាជនជាតិអាសុីម្នាក់ដែលចម្រើនវ័យនៅក្នុងវប្បធម៌អាសុី ខ្ញុំទាមទារ (Expect) ចង់ឃើញវីណារក្សាភាពថ្នៃថ្នូរតាមរបៀបនារីអាសុី គឺសុភាពរាបសា អោនលំទោន និង រមទម ។ ធាតុពិត វីណាជាយុវតីអាសុីតែសំបកក្រៅប៉ុណ្ណោះ ។ ផ្នត់គំនិតរបស់នាងមិនដើរតាមបែបបទវប្បធម៌អាសុីទេ គឺតាមទំនៀមទម្លាប់អាមេរិកាំង ។ យុវតីអាមេរិកាំងគេបង្រៀន ឲ្យហ៊ានប្រឈមនឹងទង្វើអសមភាព ។ ឲ្យហ៊ានងើបតតាំងជាមួយនឹងការមាក់ងាយនានា ជាពិសេសគឺការរើសអើងជាតិសាសន៍ (Discrimination) ។ ថ្វីត្បិតតែខ្ញុំមិនបានសួរនាំនាងអំពីរឿងរ៉ាវដែលកើតឡើងកាលពីអតីតក៏ពិតមែន ខ្ញុំជឿជាក់ថាប្រតិកម្មរបស់វីណាជាមួយនិងអតិថិជនកាលពីជាង ២៥ឆ្នាំមុននោះប្រាកដជាផុសចេញអំពីទឹកចិត្តតតាំងដ៏មោះមុតមួយ ប្រឆាំងនឹងការមាក់ងាយមកលើស្ត្រីភេទ ៕
Subscribe to:
Post Comments (Atom)
ចំណីខួរក្បាល
គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...
-
រឿង តោនិងក្របីព្រៃ តោមួយបានដើរស្វែងរកអាហារ នៅក្បែរមាត់ព្រៃ ។ នៅពេលវាដើរ មកដល់ក្បែរមាត់បឹងមួយ វាបានឃើញក្របីព្រៃឈ្មោលចំនួនបួន កំពុង ឈរស៊ីស...
-
រឿង ក្មេងប្រុសនិងសត្វកង្កែប មានក្មេងប្រុសមួយក្រុម បាននាំគ្នាទៅរត់លេង នៅក្បែរមាត់ត្រពាំងមួយ ដែលមានសត្វកង្កែបជាច្រើនរស់នៅ ។ បន្ទាប់ពីពួកគេរត...
-
ឱកាសនៅក្នុងឧបស័គ្គ (Opportunity inside Obstacle) នៅក្នុងរង្វង់ជនអន្តោប្រវេសដែលទៅរស់នៅក្នុងប្រទេសថ្មី មានពាក្យមួយឃ្លាដែលគេតែងពោលថា៖ ជនអន្តោ...
No comments:
Post a Comment