Thursday, November 26, 2020

ចំណីខួរក្បាល

វិញ្ញាណ និង សុខភាពផ្លូវចិត្ត ធម្មបាល ខៀវ ជុំ មិនសូវមានឈ្មោះបោះសម្លេងនៅក្នុងរង្វង់សិក្សាក្នុងវិស័យអក្សរសាស្ត្រនិងសាសនានៃព្រះរាជាណាចក្រកម្ពុជាទេ ។ ក៏ប៉ុន្តែ ព្រះអង្គជាបុគ្គលមួយរូបដែលបញ្ញវន្តខ្មែរចម្រើននិយម (Progressive thinkers) មួយចំនួនគោរពបូជា ។ តាមការស្រាវជ្រាវរបស់ខ្ញុំពាក់ព័ន្ធនឹងធម្មបាល ខៀវ ជុំ ខ្ញុំសង្កេតឃើញនិងយល់ថា ព្រះអង្គជាអ្នកប្រាជ្ញខ្មែរមួយរូបប្រកបដោយទេពកោសល្យខ្ពស់ ។ យោងតាមសំណេររបស់ធម្មបាល ខៀវ ជុំ មួយចំនួនដែលខ្ញុំបានអាន ព្រះអង្គជាអ្នកស្រាវជ្រាវនិងវិភាគបកស្រាយទស្សនផ្សេៗប្រកបដោយភាពជាក់លាក់ ។ ទាំងផ្លូវលោក ទាំងផ្លូវធម៌ ព្រះអង្គពន្យល់បានច្បាស់លាស់ ។ របកគំហើញខ្លះ ដូចជា IQ (Intelligence Quotient) ឬរង្វាស់បញ្ញាមនុស្ស ព្រះអង្គបានលើកយកមកពន្យល់ខ្មែរតាំងតែពីសង្គមខ្មែរមិនទាន់ដឹងថា IQ ជាអ្វីនោះផង ។ ផ្នែកខាងវិទ្យាសាស្ត្រផ្សេងទៀតដូចជាទ្រឹស្តីពាក់ព័ន្ធនឹងជីវវិជ្ជា (ជីវិតសត្វនិងរុក្ខជាតិ) ព្រះអង្គបកស្រាយពន្យល់ប្រកបដោយការយល់ដឹងគួរឲ្យស្ញប់ស្ញែង ។ ផ្នែកខាងផ្លូវធម៌ ជាពិសេសទស្សនបដិច្ចសមុប្បាទនៅក្នុងព្រះពុទ្ធសាសនា ព្រះអង្គបានលើកយកបរមាធិប្បាយដែលមានសណ្ឋាន តូច ល្អិត ជ្រៅ ពិបាកយល់ជាទីបំផុត មកបំភ្លឺឲ្យឃើញរូបរាងហាក់ដូចជាបង្ហាញនូវផ្ទាំងគំនូរ ។ នៅក្នុងការបកស្រាយសំណួរអំពីជីវិតនិងវិញ្ញាណ តើមួយណាចាប់បដិសន្ធិមុន ធម្មបាលខៀវ ជុំ ពន្យល់ប្រកបដោយហេតុផលរឹងមាំថា អង្គភាពទាំងពីរចាប់បដិសន្ធិតំណាលគ្នា ។ ចំណែករុក្ខជាតិដែលមនុស្សទូទៅយល់ឃើញថា ជាប្រភេទពីជៈគ្មានវិញ្ញាណ ព្រះអង្គមិនយល់ស្របទេ ។ រុក្ខជាតិមានវិញ្ញាណដូចជាមនុស្សនិងសត្វដែរ ថ្វីត្បិតតែវាគ្មាន សសៃប្រសាទ ខួរក្បាល បេះដូង និង មនោ ។ ព្រះអង្គបានលើកយក វល្លិ និង ឈើនានាដែលចេះតោងឡើង ឬក៏លូតលាស់បត់បែនគេចពីឧបសគ្គដើម្បីស្វែងរកពន្លឺថ្ងៃដែលជាចំណីដ៏ចាំបាច់របស់វាមកធ្វើជាឧទាហរណ៍ ។ ពាក់ព័ន្ធនឹងពីជៈ ឬ រុក្ខជាតិ មានសំណួរមួយចោទឡើងថា តើរុក្ខជាតិអាចមានការឈឺចាប់ដែរទេនៅពេលដែលយើងកាប់ឬកាត់មែករបស់វា ។ មតិភាគច្រើនយល់ឃើញថា ដោយហេតុតែរុក្ខជាតិគ្មានប្រសាទនិងមនោ វាមិនអាចដឹងឬមានសេចក្តីឈឺចាប់ឡើយនៅពេលដែលយើងកាប់ឬកាត់ដើមរបស់វា ។ ប្រការនេះ ធម្មបាល ខៀវ ជុំ ហាក់ដូចជាមិនបានបញ្ជាក់ថា គួរយល់ស្របតាមមតិភាគច្រើនឬយ៉ាងណាទេ ។ ប៉ុន្តែ សម្រាប់ខ្ញុំ ខ្ញុំយល់ថារុក្ខជាតិក៏មានការឈឺចាប់ដែរ នៅពេលដែលយើងកាត់ កាប់ ឬបៀតបៀនវា ។ បើយើងទទួលស្គាល់ថា វិញ្ញាណជាសហស្ថាបនិកនៃជីវិត ដូច្នេះរាល់ជីវិតដែលមានវិញ្ញាណត្រូវតែមានការឈឺចាប់ដូចគ្នានៅពេលត្រូវបានគេបៀតបៀន (harmed) ។ ភាពខុសគ្នានៃការឈឺចាប់របស់មនុស្សនិងរុក្ខជាតិគឺស្ថិតត្រង់ថា មនុស្សដឹងការឈឺចាប់តាមរយៈ វិថីវិញ្ញាណ ។ ឯរុក្ខជាតិដឹងការឈឺចាប់នៅក្នុងក្របខណ្ឌ ភវង្គវិញ្ញាណ ។ វិថីវិញ្ញាណនិងភវង្គវិញ្ញាណប្រតិបត្តិនៅក្នុងក្របខណ្ឌពីរផ្សេងគ្នា ដែលភាសាអង់គ្លេសហៅថា៖ Conscious and Sub-Conscious ។ វិថីវិញ្ញាណសំដៅដល់វិញ្ញាណទាំង ៥ គឺ ចក្ខុ ឃានៈ សោតៈ ជីវ្ហា និង កាយវិញ្ញាណ ឬ ភ្នែក ច្រមុះ ត្រចៀក អណ្តាត និងកាយ ដែលជាភ្នាក់ងារផ្តល់ពត៌មានទៅឲ្យបេះដូងនិងខួរក្បាល ។ វិញ្ញាណទី៦ ដែលភាសាអង់គ្លេសហៅថា (The 6th Sense)នោះ គឺខួរក្បាល ។ ខួរក្បាលមានតួនាទីជាវិញ្ញាណផង ជាទីស្នាក់ការកណ្តាលឬទីបញ្ជាការកំពូលរបស់វិញ្ញាណផង និងជាស្ពានតភ្ជាប់វិថីវិញ្ញាណនិងភវង្គវិញ្ញាណផង ។ ភវង្គវិញ្ញាណ បើនិយាយឲ្យងាយយល់ គឺជាវិញ្ញាណនៅក្នុងវិញ្ញាណ ។ ការស្វែងយល់អំពីភវង្គវិញ្ញាណគឺមិនខុសគ្នាអំពីការសិក្សាអភិធម្ម Metaphysics ប៉ុន្មានទេ ។ ដើម្បីសម្រួលដល់ការពិចារណា យើងអាចលើកយកទស្សនពាក់ព័ន្ធចំនួនបីមកធ្វើជាគោល ។ អភិធម្មនិយាយអំពី រូបនៅក្នុងរូប ។ ចេតសិកនិយាយអំពីចិត្តនៅក្នុងចិត្ត ។ ភវង្គវិញ្ញាណនិយាយអំពីវិញ្ញាណនៅក្នុងវិញ្ញាណ ។ ចូរកត់សម្គាល់ពាក្យ "នៅក្នុង" (sub) ដែលសំដៅដល់ភាវៈមិនស្ថិតនៅក្រោមការគ្រុបគ្រងរបស់វិថីវិញ្ញាណ ។ ចិត្តនិងគំនិតដែលខ្មែរយើងនិយមនិយាយភ្ជាប់គ្នាថា ចិត្តគំនិត ប្រៀបដូចជាបងប្អូនភ្លោះ ។ រូបពីរផ្សេងគ្នា ធ្វើសកម្មភាពពីរផ្សេងគ្នា ក៏ប៉ុន្តែមានរូបកាយនិងទ្រង់ទ្រាយដូចគ្នា ។ យើងអាចបែងចែកចិត្តនិងគំនិតឲ្យស្ថិតនៅក្រោមការគ្រុបគ្រងរបស់សរីរាង្គ (Organs) ពីរផ្សេងគ្នា ។ ចិត្តគ្រុបគ្រងដោយបេះដូង ។ ឯគំនិតគ្រុបគ្រងដោយខួរក្បាល ។ សមត្ថភាពនិងតួនាទីរបស់បេះដូងនិងខួរក្បាលមិនដូចគ្នាទេ ។ ឯកម្មឬសកម្មភាពរបស់មនុស្សដែលកើតចេញមកពីប្រភពបេះដូងនិងខួរក្បាលក៏ខុសគ្នាដែរ ។ នៅពេលកម្លោះណាម្នាក់ទៅដណ្តឹងកូនក្រមុំគេ ចាស់ៗខ្មែរយើងនិយមសួរគ្នាថា តើអន្ទិតហ្នឹងវាមានចិត្តគំនិតដូចម្តេចដែរ ។ អ្នកដែលស្គាល់មាណពកំសត់ខ្លះក៏ឆ្លើយថា អន្ទិតហ្នឹងវានឹងលើ តែរង្គើក្រោម ។ បានន័យថាមនុស្សនោះនៅមិនទាន់មានសមត្ថភាពអប់រំគ្រុបគ្រងចិត្តឲ្យបានជាប់លាប់នៅឡើយទេ ។ ការអប់រំគ្រុបគ្រងចិត្តឬថែទាំសុខភាពផ្លូវចិត្តគឺជាអ្វីដែលខ្ញុំចង់លើកយកមកពិភាក្សានៅក្នុងអត្ថបទនេះ ។ មនុស្សទូទៅកម្រស្វែងយល់អំពីសុខភាពផ្លូវចិត្តណាស់ ។ នៅពេលយើងនិយាយអំពីសុខភាព គឺយើងគិតត្រឹមសុខភាពនៃរូបតែប៉ុណ្ណោះ ។ តាមពិតសុខភាពចិត្តនិងកាយ (Mental and Physical Health) មានសារសំខាន់ស្មើគ្នា ។ ព្យាបាលតែជំងឺផ្លូវកាយ មិនព្យាយាមព្យាបាលជំងឺផ្លូវចិត្តគឺប្រៀបដូចជាទុករូបយើងមួយចំហៀងឲ្យជំងឺរាតត្បាតដូច្នោះដែរ ។ សូមកុំភ្លេចថា ចិត្តនិងគំនិតគឺស្ថិតនៅក្នុងរូប ។ ហើយចិត្តក៏ចេះឈឺដែរ ។ ប្តីប្រពន្ធទាស់គ្នារឿងមិនជួយធ្វើកិច្ចការផ្ទះ ជាជំងឺផ្លូវចិត្តកំបុិកកំប៉ុកមួយប្រៀបដូចជាដើរជំពុបជើងនឹងដុំថ្មតូចមួយដែលជាជំងឺផ្លូវកាយ ។ ជំងឺផ្លូវចិត្តភាគច្រើនមិនចាំបាច់ទៅស្វែងរកគ្រូពេទ្យឲ្យជួយព្យាបាលនោះទេ ។ មនុស្សគ្រប់រូបមានសមត្ថភាពព្យាបាលជំងឺផ្លូវចិត្ត ប្រសិនបើយើងយល់អំពីទំនាក់ទំនងរវាងចិត្តនិងគំនិត ។ ជាបឋម យើងត្រូវដឹងថា សកម្មភាពឬក៏ប្រតិកម្មរបស់យើងពាក់ព័ន្ធនឹងវិថីវិញ្ញាណទាំង៥ ដែលជាភ្នាក់ងារផ្តល់ពត៌មានមកឲ្យបេះដូងឬក៏ចិត្តរបស់យើង ។ នៅពេលអ្នកផ្ទះខ្ញុំត្រឡប់មកពីទិញម្ហូបអាហារនៅផ្សារឃើញខ្ញុំកំពុងអង្គុយសរសេរអត្ថបទនេះ គាត់ស្រែកគំហកមកខ្ញុំថា៖ ខំប្រឹងណាស់ហ្ន! មានគេឡៃបន្តិចបន្តួចនៅក្នុងហ្វេសប៊ុកហ្នឹងខំប្រឹងសរសេរភ្លេចបាយភ្លេចទឹកតែម្តង ។ និយាយរួច គាត់ក៏ដើរមកឈ្ងោកមើលថាតើខ្ញុំសរសេរអំពីអ្វី ។ បន្ទាប់ពីមើលទៅឃើញថាអត្ថបទនេះអាចមានប្រយោជន៍ដល់អ្នកអាន ចិត្តគាត់ហាក់ដូចជាស្ងប់ឡើងវិញ ហើយខ្ញុំក៏អាចសរសេរអត្ថបទនេះបន្តទៅទៀត ។ នេះគឺជាឧទាហរណ៍ដ៏សាមញ្ញមួយអំពីទំនាក់ទំនងរវាងចិត្តនិងគំនិត ឬបេះដូងនិងខួរក្បាល ។ តាមរយៈវិថីវិញ្ញាណនៃកែវភ្នែករបស់គាត់ ភរិយាខ្ញុំមើលឃើញការអង្គុយសរសេររបស់ខ្ញុំថាជាការចំណាយពេលឥតប្រយោជន៍ ។ ឆ្លងកាត់តាម ផស្សៈ សញ្ញា ចេតនា និង ចេតសិក ប្រតិកម្មបឋមរបស់ភរិយាខ្ញុំគឺស្តីឲ្យខ្ញុំថាចំណាយពេលឥតប្រយោជន៍ ។ ខណៈដែលគាត់ស្តីឲ្យខ្ញុំនោះ ចិត្តគាត់ញាប់ញ័រ ។ ឯបេះដូងគាត់ក៏លោតញាប់ដែរដើម្បីបញ្ជូនឈាមទៅសព្វសារពាង្គកាយរក្សាកំដៅកុំឲ្យធ្លាក់ចុះខ្លាំង ។ លុះគាត់ចាប់ផ្តើមអានអត្ថបទនេះ ពត៌មាននានាក៏ចាប់ផ្តើមឆ្លងផុតពីចេតសិកតាមរយៈអាយតនៈ (Synapses) ទៅកាន់ខួរក្បាល ។ តួនាទីរបស់ខួរក្បាលគឺផ្ទៀងផ្ទាត់ពត៌មានជាមួយនឹងទិន្នន័យ(ចំណេះដឹង)ដែលភរិយាខ្ញុំផ្ទុកនៅទីនោះ ។ ការផ្ទៀងផ្ទាត់នេះយើងហៅថា គិត ។ ភវង្គវិញ្ញាណក៏ចេញមកធ្វើសកម្មភាពជាមួយនឹងការគិតនេះដែរ ។ បន្ទាប់មកយើងទទួលបានលទ្ធផលចុងក្រោយគឺ "គំនិត" ។ គឺគំនិតនេះហើយដែលផ្តល់ហេតុផលនិងណែនាំចិត្តភរិយាខ្ញុំឲ្យដើរចូលទៅក្នុងសភាវៈស្ងប់ ឬក៏ដំណាក់កាលចុងក្រោយបំផុតនៃប្រតិកម្មដែលជាបច្ច័យរបស់វិថីវិញ្ញាណ ។ ជួនកាល សកម្មភាពដែលកើតចេញពីចិត្តគំនិតមិនពាក់ព័ន្ធនឹងចំណេះដឹងទេ ។ ឧទាហរណ៍ បងប្រុសខ្ញុំម្នាក់គាត់ចាប់ផ្តើមជក់បារីនៅអំឡុងឆ្នាំ ១៩៧០ ។ សម័យនោះ គ្មានការផ្សព្វផ្សាយអំពីផលវិបាកនៃការជក់បារីទេ ។ បុរសខ្មែរជក់បារីស្ទើរតែគ្រប់គ្នា ។ បន្ទាប់ពីជក់បារីបានរយៈពេលប្រមាណជាពីរឆ្នាំ បងប្រុសខ្ញុំស្រាប់តែឈប់ជក់បារីដោយគ្មាននរណាបង្ខំឬក៏ណែនាំ ។ ពេលញាតិមិត្តសួរគាត់អំពីប្រការនេះ គាត់ឆ្លើយយ៉ាងខ្លីថា៖ គិតសព្វៗទៅជក់បារីគ្មានប្រយោជន៍អ្វីទេ ។ បើយើងពិនិត្យអំពីកត្តាឈប់ជក់បារីនេះ យើងអាចសន្និដ្ឋានបានថា វាជាទង្វើកើតចេញមកអំពីភវង្គវិញ្ញាណ ត្បិតគ្មានសម្ពាធតាមរយៈវិថីវិញ្ញាណទេ ។ ចាប់ពីពេលនោះមកទល់នឹងថ្ងៃនេះ បងប្រុសខ្ញុំមិនដែលមានបញ្ហាជាមួយនឹងការជក់បារីឡើយ ។ ចិត្តរបស់គាត់នឹងដូចភ្នំទោះបីមានបារីប្រភេទណានៅចំពោះមុខគាត់ ក៏គាត់គ្មានភាពរំភើបឬញាប់ញ័រដែរ ។ ចិត្តដែលមានសុខភាពល្អ គឺចិត្តដែលនឹងននេះឯង ។ តើយើងធ្វើដូចម្តេចទើបរកភាពនឹងនឲ្យចិត្តបាន? ចម្លើយគឺ៖ អប់រំគ្រុបគ្រង ។ ប៉ុន្តែត្រូវចងចាំថា យើងអាចអប់រំគ្រុបគ្រងចិត្តបានដោយលំបាកជាទីបំផុត ។ ទំនាក់ទំនងរវាងវិថីវិញ្ញាណជាមួយនឹងចិត្តនិងគំនិត ឬក៏ជាមួយនឹងបេះដូងនិងខួរក្បាលគឺកើតឡើងស្ទើរតែព្រមគ្នា ។ ក៏ប៉ុន្តែ ប្រសិនបើយើងសង្កេតមើលសកម្មភាពរបស់យើងដែលជាប្រតិកម្មឆ្លើយតបទៅនឹងពត៌មានទទួលបានតាមរយៈវិថីវិញ្ញាណទាំងប្រាំនោះ ភាគច្រើនគឺកើតចេញពីចិត្តរបស់យើង ។ វាហាក់ដូចជាធម្មជាតិបង្កើតបេះដូងនិងចិត្ត សម្រាប់ធ្វើសកម្មភាពបំពេញបំណងតណ្ហាតែប៉ុណ្ណោះ ។ ឯបញ្ញា គឺត្រូវការជំនួយពីខួរក្បាល ។ ការថែទាំសុខភាពផ្លូវចិត្តមិនអាចពឹងលើចិត្តឲ្យថែទាំខ្លួនឯងបានទេ ។ យើងចាំបាច់ត្រូវតែពឹងលើគំនិតនិងបញ្ញា ។ ដើម្បីបង្កើតគំនិតនិងបញ្ញា ពត៌មាននានាដែលទទួលបានតាមរយៈវិថីវិញ្ញាណទាំងប្រាំ ត្រូវតែឆ្លងទៅឲ្យដល់ខួរក្បាល ។ គួរកត់សម្គាល់ឡើងវិញថា ដំណើរប្រាស្រ័យទាក់ទង(Interactional processes)រវាងរូបឬវិញ្ញាណរបស់យើងនិងពិភពខាងក្រៅ (External Factors)គឺមានលំនាំដូចតទៅ៖ ផស្សៈ សញ្ញា ចេតនា មនសិការ ចេតសិក អាយតនៈ (ខួរក្បាល) ភវង្គវិញ្ញាណ ។ ដំណើរប្រាស្រ័យទាក់ទងដ៏វែងអន្លាយនេះកើតឡើង (Happen) លឿនជាងផ្លេកបន្ទោរទៅទៀត ។ គឺមានរយៈពេលត្រឹមតែមួយខណៈចិត្តតែប៉ុណ្ណោះ ។ ដូច្នេះ ដើម្បីអាចអប់រំគ្រុបគ្រងចិត្តបាន យើងគប្បីមានចំណេះនិងបញ្ញាផ្ទុកនៅក្នុងខួរក្បាលរបស់យើង ។ ចំណេះដឹងនិងបញ្ញាខ្លះ មិនចាំបាច់ទៅរៀនអំពីសាលាឬក៏គ្រូបាអាចារ្យណាទេ ។ វាស្ថិតនៅក្នុងបរិយាការ (Environment) ជុំវិញខ្លួនយើងស្រាប់ហើយ ។ គោលការណ៍តែមួយគត់សម្រាប់ស្រូបយកចំណេះដឹងនិងបញ្ញាទាំងនោះ គឺយល់អំពីដំណើរប្រាស្រ័យទាក់ទងរវាងរូបរបស់យើងនិងពិភពខាងក្រៅ ។ បន្ទាប់ពីយល់អំពីដំណើរនេះ យើងគប្បីហ្វឹកហាត់ចិត្តរបស់យើងឲ្យរុញពត៌មាននានាដែលទទួលបានតាមរយៈវិថីវិញ្ញាណទៅដល់ខួរក្បាលនិងភវង្គវិញ្ញាណសិនមុននឹងសាងកម្មឬធ្វើសកម្មភាព ។ ផ្អែកលើបទពិសោធផ្ទាល់ខ្លួនរបស់ខ្ញុំ កម្មទាំងឡាយណាដែលខ្ញុំសាងដោយឆ្លងកាត់ការត្រិះរិះពិចារណា(គិត)ល្អិតល្អន់ ចិត្តរបស់ខ្ញុំមិនសូវជាញាប់ញ័រឬក៏ឈឺចាប់ប៉ុន្មានទេនៅពេលផលដែលកើតចេញពីកម្មនោះទទួលបានជោគជ័យឬបរាជ័យ ។ គន្លឺះនៃការថែទាំសុខភាពផ្លូវចិត្ត គឺស្ថិតនៅត្រង់ទំហំនៃការញាប់ញ័រនិងឈឺចាប់នេះឯង ។ បើវាមានតិចឬក៏គ្មានសោះ បានសេចក្តីថាចិត្តយើងនឹងនហើយមានសុខភាពល្អជាទីបំផុត ។ មុននឹងបញ្ចប់ ខ្ញុំសូមនិយាយអំពីតួនាទីរបស់បេះដូងបន្តិច ។ ផ្អែកលើការវែកញែកខាងលើ បេះដូងហាក់ដូចជាគ្មានបានការអ្វីទេក្រៅតែអំពីនាំទុក្ខមកឲ្យរូប ។ តាមពិត បេះដូងមានតួនាទីនិងសារសំខាន់ជាងខួរក្បាលកាត់ថ្លៃមិនបានឡើយ ។ តួនាទីដ៏សំខាន់របស់បេះដូងគឺរក្សាការពាររូបនិងខួរក្បាល ។ នៅក្នុងភាសាអង់គ្លេស គេហៅតួនាទីនេះថា៖ Fight or Flight (តតាំង ឬ រត់គេច) ។ ឧទាហរណ៍៖ យើងកំពុងដើរលើភ្លឺស្រែស្រាប់តែមានពស់មួយលូនចេញពីគុម្ពស្មៅនៅក្បែរចុងជើងយើង ។ ប្រតិកម្មភ្លាមៗគឺយើងលោតចេញឲ្យឆ្ងាយពីពស់នោះសិន មុននឹងស្វែងយល់ថាតើពស់នោះមានពិសឬគ្មានពិស ហើយវាលូនគេចអំពីយើងឬក៏បម្រុងចឹកសម្លាប់យើង ។ ខណៈដែលយើងគេចចេញពីគ្រោះថ្នាក់យថាហេតុនេះ ដៃជើងយើងត្រជាក់ហើយចង្វាក់បេះដូងក៏លោតញាប់ដែរដើម្បីបញ្ជូនឈាមទៅឲ្យសារពាង្គកាយជាពិសេសខួរក្បាល ។ បន្ទាប់មក ខួរក្បាលផ្ទៀងផ្ទាត់រូបភាពពស់ជាមួយនឹងទិន្នន័យ (ចំណេះដឹងនិងបញ្ញា) ដែលផ្ទុកនៅទីនោះ រួចហើយសម្រេចថាតើត្រូវធ្វើដូចម្តេចបន្តទៅទៀត ។ ការលោតគេចអំពីសត្វពស់ មិនពាក់ព័ន្ធជាមួយខួរក្បាលទេ ។ បេះដូងជាអ្នកទទួលខុសត្រូវនិងគ្រុបគ្រងស្ថានការណ៍ រួចហើយទើបផ្តល់តួនាទីឲ្យខួរក្បាលជាអ្នកចាត់ការបន្ត ។ នេះហើយជាសារសំខាន់របស់បេះដូង ។ បើនៅរង់ចាំឲ្យខួរក្បាលផ្ទៀងផ្ទាត់ថាតើពស់នោះអាចនាំទុក្ខដល់រូបឬអត់ យើងអាចត្រូវពស់ចឹកស្លាប់បាត់ទៅហើយ ។ ហើយពូជពង្សមនុស្សក៏មិនអាចមានរូបរាងនៅលើភពផែនដីនេះដែរ ៕

No comments:

ចំណីខួរក្បាល

គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...