Wednesday, October 14, 2020

ប្រវត្តិ

ជនចំណាកស្រុក កាលពីក្មេង ខ្ញុំឧស្សាហ៍ឮឪពុកខ្ញុំនិទានរឿងចិនជញ្ជក់តែជើងក្តាមប្រៃមួយទទួលទានជាមួយបរបធ្វើដំណើរតាមសំពៅពីស្រុកចិនរហូតដល់ស្រុកខ្មែរ ។ រឿងនិទាននោះ ឪពុកខ្ញុំច្រើនលើកយកមកនិយាយនៅពេលឃើញកូនៗញ៉ាំម្ហូបធំជាងបាយ ។ ឪពុកខ្ញុំនិយាយរឿងចិនជញ្ជក់ជើងក្តាមប្រៃនោះបានល្អឥតខ្ចោះ ប្រៀបដូចជារឿងនោះជារឿងប្រចាំត្រកូលរបស់ពួកយើង ។ ក្រៅអំពីភាពធុញទ្រាន់នឹងស្តាប់រឿងដដែលៗ ខ្ញុំគ្មានចាប់អារម្មណ៍នឹងរឿងចិនជញ្ជក់ជើងក្តាមប្រៃនោះប៉ុន្មានទេ ។ ប៉ុន្តែ នៅពេលខ្ញុំចម្រើនវ័យបន្តិច ខ្ញុំចាប់ផ្តើមឮញាតិមិត្តចាស់ៗនិយាយរឿងមួយទៀតដែលពាក់ព័ន្ធនឹងជីតាទួតរបស់ខ្ញុំ ។ យោងតាមការអះអាងរបស់ម្តាយមីងខ្ញុំនិងចាស់ៗក្នុងភូមិមួយចំនួន ជីតាទួតខ្ញុំមានងារជា អុងប៉ាង រស់នៅក្នុងតំបន់ ជប់-សួង ដែលជាទីរួមស្រុក ត្បូងឃ្មុំ ។ ខ្ញុំមិនដឹងថា អុងប៉ាង ជាអ្វីទេត្បិតវាជាងារដែលខ្មែរឈប់ប្រើយូរហើយ ។ បន្ទាប់ពីមករស់នៅឯនាយសមុទ្រអស់រយៈកាលជាច្រើនឆ្នាំ ខ្ញុំស្រាប់តែមានចំណាប់អារម្មណ៍ទៅលើរឿងនិទានដែលចាស់ៗធ្លាប់និយាយប្រាប់ខ្ញុំ ហើយក៏ចាប់ផ្តើមស្រាវជ្រាវស្វែងយល់ខ្លះៗ ។ អុងប៉ាង គឺជាងារមួយនៅក្នុងសម័យកម្ពុជាស្ថិតក្រោមអាណានិគមបារាំងក្នុងចន្លោះឆ្នាំ ១៨៦៣ ដល់ ១៩៥៤ ។ សហគមចិននានានៅកម្ពុជា ត្រូវបានបារាំងដាក់ឲ្យស្ថិតនៅក្រោមការគ្រុបគ្រងរបស់មនុស្សម្នាក់ដែលមានងារជាអុងប៉ាង ។ ភាគច្រើន អ្នកដែលត្រូវបានបារាំងជ្រើសរើសឲ្យធ្វើជាអុងប៉ាង គឺជាកូនចៅចិនដែលកើតនៅស្រុកខ្មែរនិងត្រូវចេះនិយាយភាសាបារាំង ចិន និងខ្មែរ ច្បាស់លាស់ត្បិតអុងប៉ាងទាំងនោះត្រូវដើរប្រមូលពន្ធពីសហគមចិនទៅប្រគល់ឲ្យអាជ្ញាធរបារាំង ។ ដូច្នេះ ជីតាទួតខ្ញុំប្រាកដជាកូនចិនជំនាន់ទីមួយដែលមានកំណើតនៅក្នុងស្រុកខ្មែរ ។ ខ្ញុំមិនដឹងថា ឪពុករបស់ជីតាទួតខ្ញុំឈ្មោះអ្វី និងមានដើមកំណើតនៅតំបន់ណានៅក្នុងស្រុកចិនទេ ។ ដោយហេតុតែខ្មែរយើងនៅក្នុងសម័យអាណានិគមបារាំង មិនមានកំណត់ត្រាអន្តោប្រវេសន៍សម្រាប់ស្រាវជ្រាវ ដំណើរពីស្រុកចិនមកស្រុងខ្មែររបស់ឪពុកជីតាទួតខ្ញុំគឺអាចសន្និដ្ឋានដោយផ្អែកលើព្រឹត្តិការណ៍ដែលកើតមាននៅស្រុកចិននាសម័យកាលនោះ ។ ស្រុងចិននៅចុងសតវត្សទី១៩ ចន្លោះឆ្នាំ ១៨៩៨ ដល់ឆ្នាំ ១៩០០ មានចលនាបដិវត្តន៍មួយដែលគេហៅថា៖ បដិវត្តន៍អ្នកគុននិយម (Boxers Rebellion) ។ គ្រានោះ ប្រទេសហូឡង់ដ៍ អល្លឺម៉ង់ អង់គ្លេស និង ព័រទុយហ្គេ បាននាំគ្នាមកឈ្លានពានបោះទីតាំងធ្វើជំនួញនៅក្នុងតំបន់បណ្តោយមាត់សមុទ្រនៃប្រទេសចិន ។ ពួកគេ ជាពិសេសចក្រភពអង់គ្លេសបានយកគ្រឿងញៀនអាភៀនមកលក់ឲ្យប្រជាជនចិនដែលបង្កឲ្យមានបញ្ហាយ៉ាងខ្លាំងនៅក្នុងប្រទេសចិន ។ ក្រុមអ្នកគុននិយមចិនបាននាំគ្នាបះបោរតតាំងប្រឆាំងនឹងពួកបរទេសដែលចូលមករុករានប្រទេសរបស់ខ្លួន ។ ដើមឡើយរាជនីមេម៉ាយ (Empress Dowager) ដែលជាម្តាយរបស់ស្តេចចុងក្រោយរបស់ចិន (Pu Yi) បានគាំទ្រចលនាបះបោរនោះ ។ ប៉ុន្តែ ដោយហេតុតែក្រុមអ្នកបះបោរមិនមានអាវុធទំនើបដើម្បីទប់ទល់ជាមួយនឹងកាំភ្លើងរបស់ពួកបរទេសឈ្លានពាន ពួកគេក៏ចាញ់ដៃហើយត្រូវបានបរទេសឈ្លានពានបង្ខំឲ្យអាជ្ញាធរចិនតាមចាប់យកមកកាត់ទោស ។ យើងដឹងហើយថា ចិននៅសម័យនោះក៏ដូចជាសម័យនេះដែរ ពិរុទ្ធជនភាគច្រើនគឺត្រូវបានកាត់ទោសប្រហារជីវិត ។ មនុស្សដែលបានចូលរួមជាមួយនឹងបដិវត្តន៍អ្នកគុននិយមជាច្រើនបានរត់ចេញពីប្រទេសចិន ។ ឪពុករបស់ជីតាទួតខ្ញុំ ប្រហែលជាមនុស្សម្នាក់ក្នុងចំណោមអ្នកគុននិយមចំណាកស្រុកទាំងនោះ ។ នៅក្នុងដំណើរតាមសំពៅរបស់គាត់មកកាន់ស្រុកខ្មែរ ឪពុករបស់ជីតាទួតខ្ញុំប្រហែលជាចុះសំចតនៅម្តុំព្រៃនគរក្នុងស្រុកមួយឈ្មោះថា ច្រឺឡឺង (Cholon) ។ មិនដឹងថាគាត់មានប្រពន្ធកូនមកជាមួយឬយ៉ាងណាទេ ។ ប៉ុន្តែ ផ្អែកលើភាពយន្តបុរាណចិននាសម័យកាលនោះ ក្រុមអ្នកបះបោរភាគច្រើជាយុវជនក្មេងៗ ។ ដូច្នេះ ឪពុករបស់ជីតាទួតខ្ញុំអាចមានភរិយាជាស្ត្រី យួន ខ្មែរក្រោម ឬក៏ ខ្មែរកណ្តាល នៅពេលដែលគាត់ចូលមករស់នៅក្នុងឧបទ្វីបឥណ្ឌូចិន ។ យើងក៏មិនដឹងថាឪពុករបស់ជីតាទួតខ្ញុំឬក៏ជីតាទួតខ្ញុំទេ ដែលជាអ្នកចូលមកតាំងទីលំនៅនៅតំបន់ ជុប-សួង ។ អ្វីដែលយើងអាចដឹងបានគឺសាច់សារលោហិតរបស់យើងជាច្រើនរស់នៅក្នុងតំបន់នេះ ។ ជីតាខ្ញុំមានផ្ទះមួយស្ថិតនៅកាច់ជ្រុងផ្លូវចំពីមុខច្រកចូលរោងច័ក្រផលិតជ័រកៅស៊ូរបស់បារាំងនៅជុប ។ ផ្ទះនោះ ជីដូនខ្ញុំឲ្យទៅកូនគាត់ម្នាក់ ហើយតំណក្រោយរបស់កូននោះបានរក្សាទុករហូតដល់ចុងទសវត្សឆ្នាំ ១៩៩០ ទើបលក់ឲ្យទៅអ្នកដទៃ ។ ដំណើរចំណាកស្រុករបស់ឪពុកជីតាទួតខ្ញុំ មិនបានបញ្ចប់ត្រឹមស្រុកខ្មែរទេ ។ បច្ចុប្បន្ន ខ្ញុំកំពុងបន្តដំណើរចំណាកស្រុកដ៏អាថ៌កំបាំងនោះទៅមុខទៀត ។ បើគិតពីឪពុករបស់ជីតាទួតខ្ញុំមកដល់រូបខ្ញុំ យើងស្នាក់នៅក្នុងស្រុកខ្មែរមានរយៈពេលប្រាំតំណមនុស្ស គឺជិត១០០ឆ្នាំ ។ ក្នុងរយៈពេលស្នាក់នៅនេះ យើងមិនដែលចាត់ទុកខ្លួនយើងថាជាជនជាតិអ្វីក្រៅពីខ្មែរឡើយ ។ យើងស្រឡាញ់ប្រទេសខ្មែរ វប្បធម៌ខ្មែរ អារ្យធម៌ខ្មែរ និងធ្វើពលិកម្មសព្វបែបយ៉ាងដែលយើងអាចធ្វើបានដើម្បីខ្មែរ ។ ឥឡូវនេះឈាមមួយដំណក់ដែលរសាត់ពីស្រុកចិនមកទើនៅស្រុកខ្មែរអស់រយៈពេលជិត១០០ឆ្នាំ ក៏បានបន្តដំណើរមកដល់សហរដ្ឋអាមេរិក ។ នៅថ្ងៃអនាគត យើងមិនដឹងថាដំណើរចំណាកស្រុកនេះនឹងបន្តទៅកាន់ទីណាទៀតឡើយ ។ នៅចុងបញ្ចប់នៃរឿងរ៉ាវចំណាកស្រុកនេះ ចំណុចមួយដែលឆ្កឹសការពិចារណារបស់ខ្ញុំគឺសកម្មភាពក្នុងនាម "ស្នេហាជាតិ" ។ ឪពុករបស់ជីតាទួតខ្ញុំរសាត់អណ្តែតមកដល់ស្រុកខ្មែរគឺដោយសារតែបុព្វហេតុស្នេហាជាតិ ។ កូនចៅជំនាន់ក្រោយរបស់គាត់ក៏សុទ្ធសឹងតែជាអ្នកស្នេហាជាតិ ។ ខ្លះចូលធ្វើជាយុទ្ធជនសាធារណរដ្ឋខ្មែរដើម្បីប្រយុទ្ធតទល់ជាមួយនឹងយៀងកុងយួនឈ្លានពាន ។ ឪពុកខ្ញុំមិនត្រឹមតែប្រឆាំងជាមួយនឹងពួកអ្នកឈ្លានពានស្រុកខ្មែរទេ គាត់ប្រឆាំងនឹងពួកគុម្មុយនីស្ត លទ្ធិគុម្មុយនីស្ត ប្រឆាំងរហូតដល់ទៅការជ្រៀតជ្រែករបស់ចិនគុម្មុយនីស្ត មកក្នុងនយោបាយស្រុកខ្មែរទៀតផង ។ ប្រការនេះបានធ្វើឲ្យយើងក្លាយជាជនចំណាកស្រុក(រត់ចោលភូមិករ)នៅក្នុងស្រុកខ្មែរអស់រយៈពេល៥ឆ្នាំនៅដើមទសវត្សឆ្នាំ១៩៧០ ។ នៅទសវត្សឆ្នាំ ១៩៨០ តំណក្រោយរបស់គាត់មួយចំនួនបានមកតស៊ូនៅតាមបណ្តោយព្រុំដែនខ្មែរ-ថៃ ដើម្បីដេញកងទ័ពយួនឈ្លានពានឲ្យចេញពីស្រុកខ្មែរ ។ ឥឡូវនេះកូនចៅមួយចំនួន បានរសាត់មកដល់សហរដ្ឋអាមេរិក ។ ទៅថ្ងៃអនាគត ខ្ញុំជឿជាក់ថាតំណក្រោយនៃអ្នកដែលមករស់នៅសហរដ្ឋអាមេរិកនេះ នឹងជ្រោងទង់ស្នេហាជាតិក្នុងនាមប្រទេសដែលខ្លួនរស់នៅបន្តទៅទៀត ។ គិតសព្វៗទៅ ទឹកចិត្តស្នេហាជាតិពិតជាមានឥទ្ធិពលខ្ពស់ហួសពីការស្មាន ។ វាដិតដាមតាមជាមួយខួរក្បាលមនុស្សឆ្លងពីស្រុកមួយទៅស្រុកមួយ ៕

No comments:

ចំណីខួរក្បាល

គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...