Sunday, November 25, 2012

Fables and Folktales

រឿង តោជរា

កាលពីព្រេងនាយ មានតោចាស់មួយរស់នៅឯកោម្នាក់ឯង នៅលើវាល
ស្មៅសាវ៉ាណា ។ ដោយហេតុតែតោនោះ មានអាយុច្រើនហើយជរាផង
វាមិនអាចដេញចាប់សត្វ យកមកធ្វើជាអាហារបានឡើយ ។ បន្ទាប់ពី
អត់ចំណីអាហារស៊ីអស់រយៈពេលជាច្រើនថ្ងៃ តោចាស់ក៏នឹកឃើញ
ល្បិចមួយ ដោយធ្វើពុតជាឈឺ ហើយចូលទៅដេកនៅក្នុងរូងភ្នំ ។ នៅ
ពេលសត្វម្រឹគដែលរស់នៅជិតខាង បានឮថាតោចាស់មានជម្ងឺ ពួកវាក៏
មានចិត្តអាណិតអាសូរ ហើយក៏ចូលមកសួរសុខទុក្ខតោ ម្នាក់ម្តងៗ ។
រៀងរាល់ថ្ងៃ តោតែងតែលួចចាប់សត្វម្រឹគ ដែលមកសួរសុខទុក្ខវានោះ
ស៊ីជាប្រចាំ ។ ថ្ងៃមួយ កញ្ជ្រោង ដែលរស់នៅក្បែររូងភ្នំនោះដែរ បាន
សង្កេតឃើញថា សត្វម្រឹគដែលបានចូលទៅសួរសុខទុក្ខតោនៅក្នុងរូងភ្នំ មិនដែលឃើញមានសត្វណាមួយ ដើរចេញមកវិញឡើយ ។ ខណៈនោះ
កញ្ជ្រោងក៏ឈ្វេងយល់ អំពីកលល្បិចរបស់តោ ។ វាបានដើរមកក្បែររូង
ភ្នំ ហើយស្រែកសួរទៅតោថា៖ “បងតោ ! តើជម្ងឺរបស់បង បានធូស្រាល
ខ្លះទេ ?” ។ តោតបវិញថា៖ “បានធូស្រាលគ្រាន់បើហើយប្អូនកញ្ជ្រោង ។
ចុះហេតុអ្វីបានជាប្អូន មិនចូលមកជជែកលេងនឹងបងសិន ?” ។ “សុំទោស
បង” កញ្ជ្រោងឆ្លើយ “ខ្ញុំចង់ចូលទៅជជែកលេងនឹងបងដែរ តែជើងរបស់ខ្ញុំ
មិនយល់ព្រមតាមចិត្តរបស់ខ្ញុំសោះ ព្រោះពួកវាបានឃើញស្នាមជើងសត្វ
ឯទៀត ដែលចូលទៅសួរសុខទុក្ខបងនោះ មិនឃើញមានសត្វណាមួយ
ដើរចេញមកវិញឡើយ” ។ ពោលចប់ កញ្ជ្រោងក៏រត់ចេញយ៉ាងឆ្ងាយពីរូងភ្នំ
ព្រមទាំងផ្សព្វផ្សាយនូវល្បិចកលរបស់តោ ឲ្យសត្វដទៃទៀតបានដឹងឮ ។
បន្ទាប់ពីកញ្ជ្រោងបានរកឃើញកលល្បិចរបស់តោ តោចាស់នោះក៏អត់
ចំណីស៊ី ហើយឃ្លានដាច់ពោះស្លាប់ទៅ ៕
មនុស្សឈ្លាសវៃ គប្បីចេះរៀនសូត្រ អំពីកំហុសអ្នកដទៃ

No comments:

ចំណីខួរក្បាល

គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...