Saturday, November 17, 2012

Fables and Folktales

រឿង តាចាស់និងសត្វស្វា

នៅសម័យមួយ មានតាចាស់ម្នាក់រស់នៅក្នុងខេត្តយូណាន ប្រទេស
ចិន ។ គាត់បានចិញ្ចឹមស្វាមួយហ្វូង ដើម្បីប្រើពួកវាឲ្យរកបេះផ្លែឈើ
ក្នុងព្រៃ ឲ្យគាត់ ។ រៀងរាល់ព្រឹក តាចាស់បានហៅស្វាទាំងអស់មក
ប្រជុំគ្នានៅមុខផ្ទះ និងចាត់ឲ្យស្វាដែលមានអាយុច្រើនជាងគេ ដឹកនាំ
ស្វាដទៃទៀតចូលក្នុងព្រៃ ដើម្បីបេះផ្លែឈើ ។ តាចាស់បានដាក់កំណត់
ថាៈ ក្នុងចំនួនផ្លែឈើដប់ដែលស្វានិមួយៗបេះបាន ត្រូវយកផ្លែឈើមួយ
មកឲ្យគាត់ ។ បើស្វាណាមួយមិនធ្វើតាមការកំណត់នោះទេ តាចាស់
នឹងដាក់ទណ្ឌកម្មដោយវាយស្វានោះជាច្រើនរំពាត់ ។ ពួកស្វាទាំងអស់
បានរងទុក្ខជាទម្ងន់ ។ ណាមួយត្រូវនឿយហត់ក្នុងការស្វែងរកផ្លែឈើ ណាមួយទៀតត្រូវតាចាស់វាយ នៅពេលដែលរកផ្លែឈើឲ្យគាត់មិន
បាន ។
ថ្ងៃមួយ មានស្វាតូចមួយបានសួរទៅស្វាដទៃទៀតថា៖ “តើតាចាស់ជា
អ្នកដាំដើមឈើនៅក្នុងព្រៃ ដែលយើងទៅរកបេះផ្លែរាល់ថ្ងៃនោះឬ?” ។
ស្វាដទៃទៀតឆ្លើយថា៖ “ទេ ! ដើមឈើទាំងនោះ បានដុះឡើងដោយ
ឯកឯង” ។ ស្វាតូចក៏សួរទៀតថា៖ “តើយើងអាចទៅបេះផ្លែឈើទាំងនោះ
 ដោយមិនចាំបាច់សុំការអនុញ្ញាតពីតាចាស់បានដែរឬទេ?” ។ ស្វាដទៃ
ឆ្លើយព្រមគ្នាថា៖ “បាន !” ។ “បើអញ្ចឹង” ស្វាតូចនិយាយបន្ត “ហេតុអ្វីក៏
យើង មិនទៅបេះផ្លែឈើទាំងនោះ ដោយខ្លួនឯង ? តើយើងត្រូវតែនៅ
ធ្វើបម្រើតាចាស់នោះឬ ?” ។ ស្វាតូចនិយាយប្រយោគចុងក្រោយស្ទើរ
តែមិនទាន់ចប់ស្រួលបួលផង ហ្វូងស្វាក៏នាំគ្នារត់ចូលព្រៃបាត់អស់
ទៅ ។ យប់នោះ នៅពេលដែលតាចាស់កំពុងដេកលក់ ពួកស្វាក៏នាំគ្នា
ចូលមកកាច់បំបាក់ទ្រុង ដែលគាត់បានធ្វើសម្រាប់ឃុំឃាំងពួកវា ព្រម
ទាំងជញ្ជូនយកផ្លែឈើ ដែលតាចាស់រឹបអូសយកពីពួកវាទាំងប៉ុន្មាន
ចូលទៅក្នុងព្រៃអស់ ។ បន្ទាប់ពីពួកស្វាចាកចោលគាត់ទៅ តាចាស់
ក៏លែងមានផ្លែឈើបរិភោគ ហើយនៅទីបំផុត គាត់ក៏បានស្លាប់ដោយ
សារការអត់ឃ្លាន ៕
"ការងងឹតងងល់មិនស្គាល់សិទ្ធិសេរីភាពរបស់ខ្លួន អាចឲ្យអ្នកដទៃ

ឆ្លៀតយកសារប្រយោជន៍ពីយើងបាន"

No comments:

ចំណីខួរក្បាល

គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...