Monday, August 13, 2012

រឿងល្បើកនិងរឿងនិទាន

រឿង កង្កែបនិងក្តាម

(បទ កាកគតិ)
ភ្លៀងធ្លាក់ចុងឆ្នាំ       ផ្គរគ្រហឹមផ្តាំ          ថាជិតផុតហើយ
រដូវវស្សា                  ខ្យល់បក់រំភើយ      នៅឯនាយត្រើយ
                                 សត្វច្រៀងសប្បាយ ។
កង្កែបអរណាស់       ក្រោមមេឃស្រឡះ     វាសើចក្អាកក្អាយ
ដើររកគូរាំ                តែសត្វទាំងឡាយ        មានគូគ្រប់កាយ
                                 វាខកចិន្តា ។
ពេលនោះឃើញក្តាម   មួយឈរនៅស្ងៀម      វាបបួលថា
រាំជាមួយខ្ញុំ                សប្បាយអស្ចារ្យ           កុំអាលទៅណា
                                  រាំលេងនឹងគេ ។
ក្តាមឮហើយឆ្លើយ    បងកង្កែបអើយ !          ឮផ្គរលាន់ទេ ?
មកជួយកាយរន្ធ       ទាន់យើងទំនេរ            មុនពេលថ្ងៃជ្រេ
                                   មានជម្រកថ្មី ។
កង្កែបឆ្ងល់ណាស់      សួរក្តាមឲ្យច្បាស់        តើប្អូនខ្លាចអ្វី ?
ឬខ្លាចផ្គរលាន់           ទើបខំឃ្មាតខ្មី               កាយរន្ធក្នុងដី
                                   លាក់ពួនអាត្មា ។
ក្តាមក៏ឆ្លើយប្រាប់       កង្កែបបងស្តាប់            ផ្គរលាន់នេះណា
ប្រាប់ឲ្យយើងដឹង       ទុកជាសញ្ញា                ថាខែវស្សា
                                   ជិតផុតទៅហើយ ។
ច្នេះបងជួយខ្ញុំ             យើងតោងខិតខំ          កុំនៅកន្តើយ
ទាន់ដីនៅទន់             កាយរន្ធឲ្យហើយ         យើងនឹងបានស្បើយ
                                   នៅរដូវក្តៅ ។
កង្កែបឆ្លើយថា           រដូវវស្សា                       មិនទាន់ផុតនៅ --
ឡើយទេណាប្អូន       ក្នុងគ្រាឥឡូវ                 រាំលេងសិនទៅ
                                   ជាមួយគេឯង ។
កន្លងច្រើនថ្ងៃ             មេឃរាំងបើកថ្ងៃ            ដីស្ងួតហួតហែង
ត្រពាំងបឹងបួ              រីងបែកក្រហែង              កង្កែបស្វះស្វែង
                                   រកកន្លែងជ្រក ។
វាឃើញរន្ធមួយ         តែចិត្តគិតព្រួយ              ខ្លាចប៉ះជម្រក
កន្លែងពស់នៅ           ដើរទៅដើរមក               មិនហ៊ានចូលជ្រក
                                   ក្រែងក្ស័យសង្ខារ ។
ក្តាមឃើញដូច្នោះ       មានចិត្តសន្តោស           ក៏ស្រែកសួរថា
បងរកទីជ្រក               ឬមួយយ៉ាងណា ?          ចូលមកនេះរ៉ា
                                    ជ្រកជាមួយខ្ញុំ ។
កង្កែបត្រេកអរ             វាថ្លែងអំណរ                  គុណដ៏ឧត្តម
ប្រាប់ទៅក្តាមថា         ឆ្នាំក្រោយនឹងខំ              ស្វែងរកទ្រនំ
                                   លែងប្រហែសហើយ ៕
មិត្តល្អ គឺមិត្តដែលចេះជួយគ្នាក្នុងគ្រាក្រ

No comments:

ចំណីខួរក្បាល

គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...