Wednesday, August 8, 2012

រឿងល្បើកនិងរឿងនិទាន

រឿង កណ្តុរមានល្បិច

កណ្តុរចាស់មួយឈ្មោះ ស្កាន់ដា បានចូលទៅស្វែងរកចំណីស៊ី នៅ
ក្រោមជង្រុកស្រូវរបស់អ្នកស្រែម្នាក់ នៅក្នុងភូមិ ពន្លាជ័យ ។ នៅពេល
ដែលវា កំពុងដើរស្វែងរកចំណី នៅក្រោមជង្រុកស្រូវនោះ ស្កាន់ដា
បានជួបនឹងកណ្តុរជំទង់មួយឈ្មោះ មោក្សា ដែលកំពុងតែដេកគងអន្ទាក់
ខ្លា នៅលើគ្រាប់ស្រូវមួយគំនរ ។ ឃើញដូច្នោះ កណ្តុរឈ្មោះស្កាន់ដា ក៏និយាយទៅកាន់កណ្តុរឈ្មោះមោក្សាថា៖ “នែ៎ ! អាច្រម៉ក់ ឯងមិនគិត
គូរ ចេញទៅរកចំណីស៊ីទេឬ បានជាមកដេកនៅក្រោមជង្រុកស្រូវ ធ្វើ
ព្រងើយដូច្នេះ ?” ។ “ខ្ញុំមិនចង់ចេញទៅណាទេ” កណ្តុរឈ្មោះមោក្សា
ឆ្លើយ ។ “ព្រោះខ្ញុំខ្លាចឆ្មាវាខាំខ្ញុំស្លាប់ ។ ម្យ៉ាងទៀត ស្រូវដែលនៅក្នុង
ជង្រុក លើក្បាលខ្ញុំនេះ ខ្ញុំស៊ី ១០ឆ្នាំទៀត ក៏មិនទាន់អស់ផង” ។ ឮ
ដូច្នោះ កណ្តុរឈ្មោះស្កាន់ដា ក៏និយាយទៅកាន់មោក្សាបន្តទៀតថា៖
“ឯងនេះល្ងង់ណាស់ ! នៅក្នុងផ្ទះបាយរបស់អ្នកស្រែ យើងអាចរក
បានត្រី ឬក៏សាច់ យកមកស៊ីឆ្ងាញ់ជាងស្រូវ នៅក្នុងជង្រុកនេះទៅ
ទៀត” ។ លុះឮស្កាន់ដានិយាយថា មានត្រីនិងសាច់ នៅក្នុងផ្ទះបាយ
អ្នកស្រែ កណ្តុរឈ្មោះមោក្សា ក៏ចេញទៅស្វែងរកចំណី នៅក្នុងផ្ទះ
បាយ ជាមួយនឹងស្កាន់ដាដែរ ។ នៅពេលដែលកណ្តុរទាំងពីរ កំពុង
ដើររកចំណី នៅក្នុងផ្ទះបាយ ស្កាន់ដាបានឃើញសាច់អាំងមួយដុំ
ដែលគេដាក់ធ្វើជានុយ នៅក្នុងអង្គប់ ។ ដោយដឹងថា កណ្តុរឈ្មោះ
មោក្សា មិនដែលស្គាល់អង្គប់ ស្កាន់ដាក៏បាននិយាយបញ្ឆោតមោក្សា
ឲ្យចូលទៅស៊ីសាច់ក្នុងអង្គប់ ដោយពាក្យដូច្នេះថា៖ “ឯងមើលហ្ន៎ !
ម្ចាស់ផ្ទះបានជ្រុះសាច់អាំងមួយដុំ នៅគៀនជញ្ជាំង ។ ដោយហេតុ
តែឯង មិនធ្លាប់បានស៊ីសាច់អាំង ដូច្នេះ ឯងចូលទៅស៊ីសាច់នោះ
មុនយើងចុះ ។ យើងនឹងដើររកសាច់ផ្សេងទៀត” ។ បន្ទាប់ពីបានឃើញ
សាច់អាំង នៅគៀនជញ្ជាំង កណ្តុរឈ្មោះមោក្សា ក៏ថ្លែងអំណរគុណ
ដល់ស្កាន់ដា ហើយស្ទុះចូលទៅខាំសាច់អាំង ស៊ីជាអាហារ ។ ប៉ុន្តែ
នៅពេលដែលវា ចូលទៅជិតសាច់អាំង ដែលគេដាក់ធ្វើជានុយនោះ
មោក្សាបានជាន់ចំគន្លឹះអង្គប់ ហើយក៏ត្រូវអង្គប់វាយបាក់ក ស្លាប់
យ៉ាងទាន់ហន់ ។ នៅពេលដែលគន្លឹះអង្គប់ ត្រូវបានគន្លាស់ ដោយ
សារភាពល្ងង់ខ្លៅរបស់មោក្សារួចហើយ ស្កាន់ដាក៏ចូលទៅពាំយក
សាច់អាំង ដែលជានុយនោះ ទៅពួនសម្ងំស៊ី នៅក្រោមជង្រុកស្រូវតែ
ម្នាក់ឯង យ៉ាងឆ្ងាញ់មាត់ ៕

No comments:

ចំណីខួរក្បាល

បោះឆ្នោតនៅស្រុកអាមេរិក ឆ្នាំនេះ ខ្ញុំទៅបោះឆ្នោតមុនថ្ងៃកំណត់ ដ្បិតសម្រាប់ខ្ញុំជម្រើសបេក្ខជនដឹកនាំប្រទេសគឺមានតែពីរប្រភេទតែប៉ុណ្ណោះ៖ បេក្ខជនដ...