Monday, July 2, 2012

រឿងល្បើកនិងរឿងនិទាន

រឿង ហ៊ីងនិងគោ

(បទ ភុជង្គលីលា)
នាពេលរដូវរំហើយ        ខ្យល់បក់រំភើយ           សែនត្រជាក់ក្រៃ ។
កូនហ៊ីងមួយរកចំណី      កៀនគុម្ពោតព្រៃ         នៅក្បែរដងអូរ ។
ជួនជាជួបនឹងសត្វគោ     កំពុងតែឈរ              ឱនស៊ីស្មៅខ្ចី ។
ឃើញគោមានមាឌធំក្រៃ កូនហ៊ីងភិតភ័យ         វិលវៃទ្រនំ ។
ជួបមេវាក៏ស្រែកយំ           ថាម៉ែអើយខ្ញុំ              អម្បាញ់មិញណា ។
បានឃើញសត្វមួយនោះណា ខ្លួនធំអស្ចារ្យ       គួរឲ្យខ្លាចភ័យ ។
មិនដឹងថាជាសត្វអ្វី          ខ្ញុំក៏រត់ផាយ                គេចមកផ្ទះឆាប់ ។
មេហ៊ីងឮកូនរ៉ាយរ៉ាប់        វាក៏ប្រញាប់               សួរកូនវិញថា ។
តើសត្វនោះធំប៉ុណ្ណា         បំប៉ោងខ្លួនវា              ឲ្យរីកធំទ្វេ ។
រួចហើយសួរកូនថាម៉ែ        ធំស្មើវាទេ                  ចូរប្រាប់ម្តាយថ្លៃ ។
កូនហ៊ីងភ្លាត់មាត់ថាប៉ៃ !   សត្វនោះធំក្រៃ         ប្រៀបមិនបានឡើយ ។
មេហ៊ីងឮកូនតបឆ្លើយ        វាមិនកន្តើយ              ប្រឹងបំប៉ោងប្រាណ ។
ពេលនោះកូនហ៊ីងក៏បាន   ស្រែកថាខ្លួនប្រាណ   ម៉ែតូចខ្លាំងណាស់ ។
ម៉ែអើយស្តាប់ខ្ញុំឲ្យច្បាស់     សត្វនោះធំណាស់     សូមម៉ែគ្នាន់គ្នេរ ។
តែមេហ៊ីងមិនស្តាប់ទេ        ខំប្រឹងទាល់តែ        បែកពោះក្សិណក្ស័យ ។
វិនាសខ្លួនពីលោកី              ព្រោះគំនិតខ្លី               មិនយល់រាក់ជ្រៅ ។
រឿងហ៊ីងនិងគោឥឡូវ        សូមស្លេះទុកនៅ        ត្រឹមនេះឯងហោង ៕

មុននឹងប្រៀបធៀបខ្លួនយើងជាមួយអ្នកដទៃ គប្បីស្វែងយល់ភាព
ខុសគ្នារវាងយើងនិងគេ ឲ្យបានច្បាស់លាស់ ។

No comments:

ចំណីខួរក្បាល

គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...