រឿង ជ្រឹងនិងចាបជាប់ក្នុងទ្រុង
(បទពាក្យ ៧)
មានសត្វចាបមួយជាប់ក្នុងទ្រុង ដែលម្ចាស់តែងចងក្បែរបង្អួច
រៀងរាល់រាត្រីច្រៀងអង្កួច សំនៀងគ្រលួចពេញវេហាស៍ ។
ចាបច្រៀងបំពេម្ចាស់សំណព្វ ឲ្យដេកលក់ស្កប់ស្ងប់ចិន្តា
មិនដែលខកខានមួយយប់ណា សម្រាកកាយាតែពេលថ្ងៃ ។
ជួនជាយប់មួយមានសត្វជ្រឹង ហើរឆ្វែលក្រឡឹងរកចំណី
នៅក្បែរទ្រុងចាបចិត្តសង្ស័យ ចង់សួរសេចក្តីរកហេតុផល ។
ជ្រឹងបន្ទាបខ្លួនទំនៅក្បែរ សាកសួរហូរហែឲ្យអស់ឆ្ងល់
ថាឱ ! ចាបអើយខ្ញុំពិភាល់ ម្តេចអ្នកច្រៀងរាល់រាត្រីស្ងាត់ ។
មិនដែលឮអ្នកច្រៀងពេលថ្ងៃ តើមានរឿងអ្វីជាសម្ងាត់
ឬអ្នករងទុក្ខមានវិបត្តិ លុះរាត្រីស្ងាត់ទើបច្រៀងបាន ។
ចាបបានឮហើយឆ្លើយរ៉ាយរ៉ាប់ រៀបរាប់រឿងប្រាប់ជ្រឹងកល្យាណ
ថាបងជ្រឹងអើយខ្ញុំខកប្រាណ ដ្បិតគ្រាមួយបានច្រៀងពេលថ្ងៃ ។
ខ្ញុំច្រៀងសប្បាយនឹងមិត្តភក្តិ ត្រូវម្ចាស់ខ្ញុំទាក់ឥតប្រណី
ដាក់ទ្រុងរូបខ្ញុំដល់សព្វថ្ងៃ បាត់បង់សេរីលុះឥឡូវ ។
ចាប់តាំងពីពេលនោះមករ៉ា ខ្ញុំបានសច្ចាថាខ្លួនត្រូវ
ច្រៀងតែពេលយប់ងងឹតជ្រៅ ទើបផុតហ្មងសៅទាំងឡាយផង ។
ជ្រឹងស្តាប់យល់ហេតុអស់ចម្ងល់ គិតថាហេតុផលសមកន្លង
តែហួសពេលហើយគ្រានេះម្តង ចាបជាប់ចំណងរស់ក្នុងទ្រុង ៕
ការពារក្រោយឧប្បត្តិហេតុដែលបានកើតឡើងហើយ ជាទង្វើឥតប្រយោជន៍
No comments:
Post a Comment