Wednesday, July 4, 2012

រឿងល្បើកនិងរឿងនិទាន

រឿង កញ្ជ្រោង ចចក និង លា

កញ្ជ្រោងមួយ បានដើរទៅជួបនឹងសត្វលា ដែលមានប្រឡាក់ផេះនិងធ្យូង
ពាសពេញខ្លួន ។ ដោយមិនទុកចិត្ត ថាតើលាជាសត្វកាចឬស្លូត កញ្ជ្រោង
បានរត់គេចយ៉ាងតក់ក្រហល់ ហើយក៏ទៅជួបនឹងចចក ។ គ្រានោះ
កញ្ជ្រោងនិយាយប្រាប់ចចកថាៈ វាបានឃើញសត្វចម្លែកដ៏ធំមួយ មិនដឹង
ជាសត្វអ្វីទេ ។ ចចកឮដូច្នោះ វាក៏និយាយទៅកាន់កញ្ជ្រោងវិញថា៖
“បើអញ្ចឹង ឯងនាំយើងទៅមើលៗ តើសត្វនោះមានរាងដូចម្តេចដែរ” ។
នៅពេលបានទៅឃើញលា ចចកក៏យល់ថា សត្វនោះពិតជាចម្លែក
មែន ។ ខណៈនោះ កញ្ជ្រោងក៏សួរលា ថាតើវាមានឈ្មោះជាសត្វអ្វី ។
នៅពេលដែលបានឃើញ ចចកនិងកញ្ជ្រោងនៅចំពោះមុខដូច្នេះ លា
គិតក្នុងចិត្តថាៈ បើនឹងឆ្លើយប្រាប់ថា វាជាសត្វលា ចចកនិងកញ្ជ្រោង
ប្រាកដជាព្រួតគ្នា ខាំវាស៊ីជាអាហារជាមិនខាន ។ លុះគិតឃើញដូច្នោះ
ហើយ លាក៏ឆ្លើយតបទៅកញ្ជ្រោងថា៖ “សុំទោស យើងមិនចាំថា តើ
មនុស្សហៅយើង ជាសត្វអ្វីនោះទេ ។ ក៏ប៉ុន្តែ បើសិនជាឯងចេះអានអក្សរ ឯងអាចមើលស្គាល់ឈ្មោះយើង ដែលគេបានចារ នៅខាងក្រោមក្រចក
ជើងស្តាំរបស់យើង” ។ ឮដូច្នោះ កញ្ជ្រោងក៏និយាយទាំងអឹមអៀមថា៖
“ខ្ញុំរៀនបានតិចតួចណាស់ មិនសូវចេះអានអក្សរ ស្ទាត់ជំនាញប៉ុន្មាន
ទេ” ។ ពេលនោះ ចចកក៏ពោលអះអាងថា៖ “ទុកឲ្យយើងវិញ ព្រោះយើង
ចេះអានអក្សរ យ៉ាងស្ទាត់ជំនាញ” ។ បន្ទាប់ពីបានឮចចកអះអាងថា វាចេះអានអក្សរយ៉ាងស្ទាត់ជំនាញ លាក៏បានលើកជើងក្រោយផ្នែកខាង
ស្តាំរបស់វា បង្ហាញឲ្យចចកមើល ។ ចចកចូលទៅមើលក្រចកជើងលា
ក៏ប៉ុន្តែ វាមើលមិនឃើញមានអ្វី សរសេរនៅលើក្រចកនោះឡើយ ។ វាក៏
សួរទៅលាថា៖ “ឯងថា មានអក្សរសរសេរនៅលើក្រចកជើងរបស់ឯង
ប៉ុន្តែ យើងមើលមិនឃើញមានអក្សរមួយតួផង” ។ ពេលនោះ លាឆ្លើយ
តបថា៖ “តួអក្សរតូចៗណាស់ ទាល់តែឯងចូលមើលឲ្យជិតបន្តិច ទើប
មើលឃើញ” ។ លុះឮលាប្រាប់ដូច្នោះ ចចកក៏ដើរចូលទៅកាន់តែជិត
ដើម្បីមើលឲ្យបានច្បាស់ ។ រំពេចនោះ លាក៏ធាក់មួយជើងយ៉ាងខ្លាំង
ត្រូវចំកណ្តាលក្បាលចចក បែកលលាដ៍ស្លាប់ទៅ ។ បន្ទាប់ពីបានឃើញ
អព្ភូតហេតុដូច្នោះ កញ្ជ្រោងក៏លាន់មាត់ថា៖

គិតទៅ អ្នកដែលចេះអានអក្សរ មិនមែនសុទ្ធតែឆ្លាតវៀងវៃឯណា !!

No comments:

ចំណីខួរក្បាល

គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...