Monday, July 30, 2012

រឿងល្បើកនិងរឿងនិទាន

រឿង ក្តាន់ជរា

នៅក្បែរជើងភ្នំក្រវ៉ាញ មានក្តាន់ចាស់មួយឈ្មោះ ចតុស្តម្ភ រស់នៅឯកោ
តែម្នាក់ឯង ។ ថ្ងៃមួយ នៅពេលដែលចតុស្តម្ភងើបពីដេក វាមានអារម្មណ៍
ថា ជើងនិងដងខ្លួនរបស់វា ហាក់ដូចជាគ្មានភាពរឹងមាំ ដូចសព្វមួយដង
ឡើយ ។ ខណៈនោះ វាបានឈ្វេងយល់ថាៈ ភាពចាស់ជរានិងសេចក្តី
ស្លាប់ ជិតឈានចូលមកដល់ហើយ ។ លុះគិតឃើញដូច្នោះហើយ ចតុស្តម្ភក៏បានដើរប្រមូលស្មៅនិងចំបើង យកមកគរទុកនៅក្នុងជម្រក
របស់វា សម្រាប់ធ្វើចំណី នៅពេលដែលវាដើរលែងរួច ។ មិនយូរប៉ុន្មាន
ភាពជរាពាធ ក៏បានឈានមកដល់ ។ ចតុស្តម្ភមិនអាចងើបឈរ ដើម្បី
ដើររកចំណីស៊ី តទៅទៀតបានឡើយ ។ វាក៏ដេកនៅក្បែរគំនរស្មៅនិង
ចំបើង ដែលវាបានប្រមូលយកមកគរទុក សម្រាប់ធ្វើជាស្បៀង ។
នៅពេលបានដឹងថា ចតុស្តម្ភជរាដើរលែងរួច ពួកសត្វចតុប្បាទផងទាំង
ពួង ដែលជាមិត្តភក្តិរបស់វា បានចូលមកសួរសុខទុក្ខចតុស្តម្ភ រៀងរាល់
ថ្ងៃ ។ ខណៈដែលមិត្តភក្តិចតុស្តម្ភ មកសួរសុខទុក្ខនិងជជែកលេងជា
មួយវា ពួកគេតែងតែបោចស្មៅនិងចំបើង ដែលចតុស្តម្ភបានប្រមូលយក
មកគរទុកយ៉ាងច្រើនហូរហៀរនោះ ស៊ីលេងម្នាក់មួយម៉ាត់ៗជារឿយៗ ។
បន្ទាប់ពីមិត្តភក្តិរបស់ចតុស្តម្ភ ចេញស៊ីចូលស៊ី ស្មៅនិងចំបើងរបស់វា
អស់រយៈពេលជាច្រើនថ្ងៃ ស្មៅនិងចំបើង ដែលវាបានប្រមូលយកមកគរ
ទុក ក្នុងជម្រកវានោះ ក៏បានរលោះបន្តិចម្តងៗអស់ទៅ ។ នៅទីបំផុត
ចតុស្តម្ភក៏បានស្លាប់ ដោយសារការស្រេកឃ្លានអាហារ មិនមែនស្លាប់
ដោយសារភាពចាស់ជរា របស់វាឡើយ ៕
ការគប់មិត្តដែលមិនចេះគិតវែងឆ្ងាយ អាចនាំមកនូវក្តីវិនាសអន្តរាយដល់ខ្លួន

No comments:

ចំណីខួរក្បាល

គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...