Wednesday, October 19, 2022
ចំណីខួរក្បាល
រៀនសូត្រ
មាតាបិតាស្ទើរតែគ្រប់រូបនៅក្នុងពិភពលោក រមែងគិតថាការព្យាយាមជម្រុញកូនៗឲ្យប្រឹងរៀនបន្ថែមនៅផ្ទះ គឺជាកត្តាបង្កឲ្យកូនរបស់ខ្លួនរៀនមិនចាញ់គេ ។ ជំនឿនេះ មិនដឹងជាកើតឡើងពីពេលណាមកទេ ។ តាំងតែពីខ្ញុំដឹងក្តីមក ខ្ញុំសង្កេតឃើញអ្នកអាណាព្យាបាលគ្រប់រូប បង្ខំកូនចៅឲ្យរៀនបន្ថែមនៅផ្ទះជាប្រចាំ ទោះបីជាកូនចៅទាំងនោះបានចំណាយពេលរៀននៅក្នុងសាលាប្រហែលជា ៦ម៉ោង ក្នុងមួយថ្ងៃរួចហើយក៏ដោយ ។ ខ្ញុំប្រើពាក្យ "បង្ខំ" នៅទីនេះគឺចង់បញ្ជាក់ថា កុមារដែលបានចំណាយពេល ៦ម៉ោង រៀននៅក្នុងសាលារួចហើយ ជាទូទៅមិនចង់បន្ថែមពេលវេលារៀនសូត្រប្រចាំថ្ងៃទៀតទេ ។ វាមិនខុសអ្វីអំពីកម្មកររោងចក្រកាត់ដេរដែលត្រូវបានគេបង្ខំឲ្យធ្វើការថែមម៉ោងឡើយ ។ មូលហេតុគឺនឿយហត់និងធុញទ្រាន់ ។ ក៏ប៉ុន្តែ អាណាព្យាបាលក្មេងស្ទើរតែគ្រប់រូប កម្រគិតអំពីប្រការនឿយហត់នេះណាស់ ។ យើងខ្វល់ខ្វាយខ្លាចតែកូនចៅរៀនចាញ់គេ ។ តាមការយល់ឃើញរបស់ខ្ញុំ កុមារដែលរៀនចាញ់គេ មិនប្រាកដថានឹងបរាជ័យនៅក្នុងជីវិតឡើយ ។ ហើយកុមារដែលរៀនឈ្នះគេ ក៏មិនប្រាកដថានឹងទទួលបានជោគជ័យនៅក្នុងដំណើរជីវិតដែរ ។ កូនសិស្សនៅក្នុងថ្នាក់រៀននិមួយៗមានចន្លោះពី ២០ ទៅ ៣០នាក់ ។ បើយើងចាត់ទុកអ្នកដែលបានលេខ ១ ដល់លេខ ៣ ជាអ្នកឈ្នះដូចនៅក្នុងការប្រកួតកីឡាអូឡាំពិក កូនសិស្សដទៃសុទ្ធតែជាអ្នកចាញ់ ។ តើនេះហើយឬជាអ្វីដែលយើងចង់បាន នៅក្នុងដំណើរលើកទឹកចិត្តក្មេងឲ្យប្រឹងប្រែងស្វែងរកពុទ្ធិ ឬក៏បណ្តុះបណ្តាលពលរដ្ឋរបស់សង្គម? ឲ្យតែកូនចៅអញឈ្នះគេ ចង់អាណាធ្លាក់ដល់ឋានបាតាលណាក៏ធ្លាក់ទៅ! និយាយមួយបែបទៀត៖ ឲ្យតែកូនចៅអញទទួលបានអំណាចនិងឱកាសហួងហែងការងាររកសុីផងទាំងពួង ចង់អាណាល្ហាមដល់កម្រិតណាក៏មិនឈឺក្បាលវិលមុខដែរ! ទុកគតិនយោបាយនេះមួយឡែក ។ អ្វីដែលខ្ញុំចង់យកមកពិភាក្សានៅក្នុងអត្ថបទនេះ គឺការរៀនសូត្រដោយគ្មានសម្ពាធ និងការរៀនសូត្រដែលមានសម្ពាធ ។ និយាយឲ្យងាយយល់គឺ រៀនសូត្រដោយអនុលោមតាមឆន្ទៈខ្លួន និងរៀនសូត្រដោយអនុលោមតាមឆន្ទៈរបស់អ្នកដទៃ ។
ខ្ញុំជាក្មេងមានសំណាងម្នាក់ពាក់ព័ន្ធនឹងការរៀនសូត្រនៅផ្ទះ ។ គឺថាមិនដែលឈឺក្បាលវិលមុខនឹងម៉ែឪដាស់តឿន ឬបង្ខំឲ្យរៀនឡើយ ។ មូលហេតុគឺ ម៉ែខ្ញុំមិនសូវចេះអក្សរ ។ ឯឪពុកខ្ញុំ គាត់ជាមនុស្សខ្ជិលរវីរវល់នឹងការរៀនសូត្ររបស់កូន ។ និយាយថាឪខ្ជិលដូចជាតិះដៀលគាត់ជ្រុលពេក ។ សូមចាត់ទុកគាត់ថាជាមនុស្សស្រឡាញ់សេរីភាពទៅចុះ ដ្បិតឪពុកខ្ញុំផ្តល់សេរីភាពឲ្យខ្ញុំច្រើនពាក់ព័ន្ធនឹងការរៀនសូត្រ ក៏ដូចជាការអភិវឌ្ឃអាកប្បកិរិយាដែរ (Character development) ។ តាំងតែពីខ្ញុំដឹងក្តីមក ឪពុកខ្ញុំមិនដែលលូកលាន់ជាមួយនឹងការរៀនសូត្ររបស់ខ្ញុំទេ ។ គាត់ផ្តល់ឲ្យខ្ញុំត្រឹមតែពាក្យមួយឃ្លាតែប៉ុណ្ណោះសម្រាប់ទុកជាឱវាទប្រចាំជីវិត៖ "ធ្វើជាមនុស្ស កុំចាំឲ្យគេឆ្កឹះដូចចន្លុះ" ។ That's it! ឪពុកខ្ញុំបណ្តុះបណ្តាលខ្ញុំជាមួយនឹងពាក្យតែពីរបីម៉ាត់នេះឯង ។ វាប្រៀបបាននឹងចាប់កូនក្មេងបោះចូលទៅក្នុងទឹកឲ្យហែល ។ បើឯងមិនហែលគឺលង់ស្លាប់ (Sink or swim!) ។ សម្រាប់ក្មេងជំនាន់ក្រោយដែលមិនស្គាល់ចន្លុះ វាជាវត្ថុសម្រាប់ដុតបំភ្លឺនៅពេលយប់ ។ គេធ្វើចន្លុះដោយយកស្លឹកព្រាលស្ងួតទៅជ្រលក់ក្នុងជ័រទឹក ហើយយកទៅចងរុំក្នុងស្រទបធាងស្លា ស្រទបចេក ឬក៏ស្លឹកត្នោត ដែលមានទំហំប៉ុនកដៃ ។ ដើម្បីកុំឲ្យភ្លើងចន្លុះរលត់ គេត្រូវយកមែកឈើឬមែកឫស្សីប៉ុនកូនដៃឆ្កឹះក្រញមធ្យូងចេញជារឿយៗ ។ ពាក្យ កុំចាំឲ្យគេឆ្កឹះដូចចន្លុះ គឺមានន័យថា កើតមកជាមនុស្ស គឺត្រូវភ្លឺស្វាង និងដឹងយល់អំពីកាតព្វកិច្ចរបស់ខ្លួន ។
ការបណ្តោយឲ្យក្មេងចាត់ចែងជោគវាសនាខ្លួន ពាក់ព័ន្ធនឹងការរៀនសូត្រ វាជារឿងប្រថុយប្រថានខ្លាំងណាស់ ។ ម៉ែឪដែលប្រថុយឲ្យកុមារចាត់ចែងកិច្ចការរៀនសូត្រដោយខ្លួនឯង គឺមានដោយកម្រ ។ ដូច្នេះ ទិន្នន័យកុមាររៀនសូត្រដោយសារឆន្ទៈរបស់ខ្លួន ក៏ប្រហែលជាក្រដែរ ។ នៅក្នុងបទពិសោធផ្ទាល់ខ្លួនរបស់ខ្ញុំ ខ្ញុំចាំថាខ្ញុំចាប់ផ្តើមអានសៀវភៅនៅថ្នាក់ទី ២ ឬថ្នាក់ទី ១១ នៅសម័យមុន ។ មិនមាននរណាណែនាំខ្ញុំទេ ។ គឺខ្ញុំជ្រើសរើសការរៀនអានដោយខ្លួនឯង ។ ទង្វើរបស់ខ្ញុំនោះ អាចជាការព្យាយាមពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីទប់ទល់ជាមួយនឹងការហៅឲ្យឡើងអានអក្សរនៅលើក្តារខៀន ពីសំណាក់គ្រូបង្រៀន ។ សម័យនោះ បើអានអក្សរមិនដាច់ អាចនឹងត្រូវគ្រូវាយនឹងរំពាត់ ។ ឯលេខនព្វន្តនិងសូត្រមេលេខ ក្រៅអំពីរៀននៅក្នុងសាលា ខ្ញុំរៀនតែជាមួយនឹងបងប្អូននិងមិត្តភក្តិ (Peers study) ។ ឃ្លាមួយដែលខ្ញុំនៅចាំរហូតដល់សព្វថ្ងៃអំពីអនុស្សាវរីយ៍រៀនអានដំបូងៗនោះគឺ៖ អណ្តើកមួយ វា រ គើម ៗ ។ ពាក្យនេះគេប្រកប វារ គើមៗ ។ ប៉ុន្តែ ដោយហេតុតែខ្ញុំមិនទាន់យល់ដឹងអំពីពាក្យមាន រ និងគ្មាន រ ខ្ញុំក៏ប្រកបវាមិនឲ្យបាត់តួអក្សរឡើយ ។
រៀនសូត្រដោយអនុលោមតាមឆន្ទៈរបស់ខ្លួន អាចផ្តល់នូវគុណសម្បត្តិច្រើន ។ ជាបឋម វាបណ្តុះឲ្យមានផ្នត់គំនិតឯករាជ្យនៅក្នុងអត្តចរិតមនុស្ស ។ ជាមួយគ្នានេះដែរ វាក៏បង្វែរកាតព្វកិច្ចរៀនសូត្រឲ្យក្លាយមកជាបន្ទុករបស់បុគ្គល ។ កាលរស់នៅក្នុងរបបខ្មែរក្រហម ខ្ញុំធ្លាប់ឮពាក្យមួយឃ្លាដែលគេនិយាយថា៖ "ឯករាជ្យម្ចាស់ការ" ។ ពាក្យនេះ បើយើងគិតឲ្យជ្រៅបន្តិច វាមានសារសំខាន់ណាស់នៅក្នុងការ "កសាងគោលជំហរ" មនុស្ស ។ អៃយ៉ា! ពិចារណាចុះឡើងទៅលើកតម្កើងគំនិតខ្មែរក្រហមឯណាឯនោះឆ្កុយទៅវិញ ។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំគិតថាកត្តាដ៏ធំបំផុតនៅក្នុងការរៀនសូត្រ គឺបណ្តុះឲ្យមានទំនុកចិត្តលើខ្លួនឯង ដែលភាសាអង់គ្លេសហៅថា (Self-esteem) ។ ទំនុកចិត្តលើខ្លួនឯងនឹងនាំឲ្យមាន ភាពជឿជាក់លើសមត្ថភាពរបស់ខ្លួនបន្តទៅទៀត (Self-confidence) ។
ជីវិតគឺជាដំណើរការស្វែងយល់និងគំហើញ (Life is an exploration and discovery) ។ ការរៀនសូត្រក៏ដូចគ្នាដែរ ។ នៅក្នុងដំណើរស្វែងយល់និងគំហើញនេះ យើងចាំបាច់ត្រូវតែមានទំនុកចិត្តនិងជំនឿលើខ្លួនឯង ។ ថ្វីដ្បិតតែមនុស្សទាំងអស់ដែលបានឆ្លងកាត់ឬក៏កំពុងតែរៀនសូត្រ មិនដែលមាននរណាមានទំនុកចិត្តឬជំនឿលើសមត្ថភាពរបស់ខ្លួន ១០០% អ្នកដែលមានទំនុកចិត្តនិងជំនឿលើខ្លួនឯងរឹងមាំ ហាក់ដូចជាមិនសូវតក់ស្លុត ជាមួយនឹងការប្រឈមនឹងឧបសគ្គផងទាំងពួង នៅក្នុងការរៀនសូត្រ ក៏ដូចជានៅក្នុងដំណើរជីវិត ។ សម្រាប់ខ្ញុំ ខ្ញុំដឹងថាជីវិតខ្ញុំនេះកើតមកគ្មានស្ពាយទេពកោលស្យអ្វីមកជាមួយទេ ។ ខ្ញុំរៀនមិនសូវចេះមិនសូវចាំដូចមនុស្សភាគច្រើនដែរ ។ អ្វីដែលជាកត្តាជំនួយដល់ការរៀនសូត្ររបស់ខ្ញុំ គឺខ្ញុំមានទំនុកចិត្តនិងជំនឿលើសមត្ថភាពរបស់ខ្លួន ។ មិនដឹងថាទំនុកចិត្តនិងជំនឿនេះ វាកើតមានមកពីកំណើត ឬក៏ដោយសារតែឪពុកម្តាយខ្ញុំបណ្តោយឲ្យខ្ញុំ រៀនសូត្រទៅតាមក្បាលវ៉ាល់របស់ខ្ញុំនោះទេ ។ ប៉ុន្តែ ខ្ញុំចូលចិត្តជឿថា ទំនុកចិត្តនិងភាពជឿជាក់លើសមត្ថភាពរបស់ខ្លួន កើតចេញមកអំពីការប្រឈមនិងដោះស្រាយបញ្ហាដោយខ្លួនឯងជាប្រចាំ ច្រើនជាងឧបនិស្ស័យពីកំណើត ។
កាលរៀននៅសាកលវិទ្យាល័យ ខ្ញុំតែងតែកោតស្ញប់ស្ញែងនិស្សិតអាមេរិកាំង ដែលហាក់ដូចជាគ្មានភាពញញើតញញើម នៅក្នុងការជជែកវែកញែកជាមួយនឹងសាស្ត្រាចារ្យ ក៏ដូចជាជាមួយនឹងនិស្សិតគ្នាឯង ។ ភាពស្ញប់ស្ញែងនេះ បានញ៉ាំងឲ្យខ្ញុំព្យាយាមស្វែងយល់អំពីប្រវត្តិនៃការរៀនសូត្ររបស់ពួកគេ ពីសំណាក់មិត្តភក្តិអាមេរិកាំងមួយចំនួន ។ យោងតាមអ្វីដែលខ្ញុំបានដឹង អាមេរិកាំងបណ្តុះបណ្តាលកូនក្នុងវិស័យសិក្សា ដោយផ្អែកលើគោលគំនិតទូទៅមួយ ដែលភាសាអង់គ្លេសហៅថា៖ Hands off ឬ ហូតកន្លុះលែង ។ គួរបញ្ជាក់ថា ហូតកន្លុះលែងនៅទីនេះ មិនមែនលែងចោលទេ ។ អ្វីៗស្ថិតនៅក្រោមការគ្រប់គ្រងដូចគ្នា គ្រាន់តែគេមិនដឹកច្រមុះ ។ បើគិតឲ្យសុីជម្រៅបន្តិច មាតាបិតាអាមេរិកាំងផ្ទុកផ្តាក់កាតព្វកិច្ចរៀនសូត្រឲ្យកូនចាត់ចែងដោយខ្លួនឯង ច្រើនជាងចាត់ចែងជំនួសកូន ។ ប្រការមួយទៀតគឺពិន្ទុនិងការប្រកួតប្រជែងគ្នា ។ និស្សិតអាមេរិកាំងភាគច្រើន មិនសូវនិយាយឬគិតអំពីរឿងឈ្នះចាញ់នៅក្នុងការរៀនសូត្រឡើយ ។ យើងផ្តោតតែទៅលើរឿងជាប់និងធ្លាក់ពិន្ទុតែប៉ុណ្ណោះ ។ ឈ្នះនិងចាញ់ មិនមែនសម្រេចនៅក្នុងថ្នាក់រៀន ឬក៏ពិន្ទុខ្ពស់ទាបទេ ។ អ្នកណាឈ្នះ អ្នកណាចាញ់ គឺសម្រេចនៅពេលដែលយើងចេញទៅប្រកបការងារចិញ្ចឹមជីវិត ។
រឿងផ្តល់សេរីភាពឲ្យកុមាររៀនសូត្រដោយអនុលោមតាមចំណង់ ដោយគ្មានសម្ពាធឬការបង្ខិតបង្ខំ ប្រហែលជាត្រូវការជជែកវែកញែកវែងឆ្ងាយ ។ មុននឹងបញ្ចប់អត្ថបទនេះ ខ្ញុំសូមលើកយកគំនិតមួយទៀតមកពិចារណា ។ ចំណេះដឹង មិនថារៀនចេញពីសាលា ឬក៏រៀងអំពីមិត្តភក្តិអ្នកស្រុកភូមិផងរបងជាមួយទេ គឺអាស្រ័យលើការចងចាំជាក់លាក់យូរអង្វែង ។ នៅពេលការចងចាំនោះបាត់បង់ ចំណេះដឹងក៏វាបាត់បង់ទៅជាមួយដែរ ។ អ្នកសិក្សាអំពីប្រវត្តិសាស្ត្រ នៅពេលភ្លេចប្រវត្តិសាស្ត្រ ពួកគេនឹងដើជាន់ដានប្រវត្តិសាស្ត្រ មិនខុសអំពីមនុស្សដែលជុះអាចម៍រួចហើយ ងើបដើរត្រឡប់ក្រោយទៅជាន់អាចម៍ខ្លួនឯងនោះទេ ។ អ្វីដែលខ្ញុំចង់និយាយនៅទីនេះគឺ គុណសម្បត្តិនៃការរៀនសូត្រដោយផ្អែកលើឆន្ទៈ ។ ខ្ញុំមានជំនឿថា ការរៀនសូត្រដោយផ្អែកលើឆន្ទៈរបស់ខ្លួន ផ្តល់លទ្ធភាពឲ្យយើងចងចាំអ្វីដែលយើងរៀន បានយូរអង្វែង ។ និយាយអំពីរឿងយូរអង្វែងនេះ មានកំណាព្យពីរនៅក្នុងសៀវភៅ យើងអាន ថ្នាក់កុមារដ្ឋានដែលខ្ញុំនៅចងចាំទាំងស្រុង ។ ថ្វីដ្បិតតែខ្ញុំភ្លេចចំណងជើងកំណាព្យទាំងពីរ ។ ក៏ប៉ុន្តែ ខ្ញុំអាចសូត្រកំណាព្យទាំងពីរ អត់មានភ្លេចពាក្យមួយឃ្លាឡើយ ។ កំណាព្យទីមួយចាប់ផ្តើមដោយពាក្យ៖ ម៉ាក់សុខញ៉ាំបាយ សុខឃើញពីឆ្ងាយ ដើរមកក្រឡឹង ដល់ជិតក្អកឃុះ ឲ្យម៉ាក់វាដឹង ម្តាយយល់ដំណឹង សុខមករកញ៉ាំ ។ កំណាព្យទីពីរ៖ រាល់ល្ងាចម៉ោងប្រាំ តាមខ្ញុំចំណាំ ប៉ាចូលក្នុងច្បារ ស្រោចទឹកបោចស្មៅ ដង្កូវនានា បេះចេញពីផ្កា មិនឲ្យសល់មួយ ។ កំណាព្យទាំងពីរនេះ ខ្ញុំបានអាននៅគ្រាចុងក្រោយបំផុតក្នុងអំឡុងឆ្នាំ ១៩៧៤ ។ ចាប់តាំងពីឆ្នាំ ១៩៧៤ មកដល់បច្ចុប្បន្ន ជីវិតខ្ញុំបានជួបនឹងព្រឹត្តិការណ៍ជាច្រើន ។ ប្រការដែលខ្ញុំអាចចងចាំកំណាព្យទាំងពីរនេះតាំងពីដើមដល់ចប់ វាគឺជារឿងមិនធម្មតាមួយ ។ រឿងមួយទៀតគឺកាលពីជាង ៣០ឆ្នាំកន្លងទៅនេះ ខ្ញុំបានទៅចុះឈ្មោះរៀននៅមហាវិទ្យាល័យ ដោយជ្រើសរើសយកមុខវិជ្ជាសរសេរសារពត៌មានជាអាជីព (Major) ។ លោកគ្រូទីប្រឹក្សាដែលមានភារៈណែនាំនិងចុះហត្ថលេខាទទួលស្គាល់ ឬអនុញាតិឲ្យខ្ញុំរៀនក្នុងមុខវិជ្ជានានា បានព្យាយាមឲ្យខ្ញុំប្តូរយកមុខវិជ្ជាផ្សេង ។ គាត់មើលឃើញថា ជនអន្តោប្រវេសន៍ដែលមិនសូវចេះភាសាអង់គ្លេសជ្រៅជ្រះដូចខ្ញុំ មិនអាចឬក៏លំបាកនឹងរៀនបានជោគជ័យក្នុងមុខវិជ្ជាសរសេរសារពត៌មាននេះណាស់ ។ បើខ្ញុំអាចពុះពារទៅរួច ខ្ញុំក៏លំបាកនឹងស្វែងរកអាជីពជាអ្នកសារពត៌មាននៅក្នុងស្រុកអាមេរិក ដែលពោរពេញទៅដោយការប្រកួតប្រជែងស្រួចស្រាល់នោះដែរ ។ ខ្ញុំព្យាយាមរកគ្រប់មធ្យោបាយដើម្បីឲ្យគាត់អនុញាតិឲ្យខ្ញុំរៀនមុខវិជ្ជាសារពត៌មាន ។ នៅទីបំផុត ខ្ញុំក៏ទទួលបានការអនុញាតនិងទទួលបានជោគជ័យនៅក្នុងការសិក្សា ។ ក៏ប៉ុន្តែ ដូចដែលលោកគ្រូទីប្រឹក្សាបានព្យាករណ៍ ខ្ញុំមិនអាចរកការងារធ្វើក្នុងអាជីពជាអ្នកកាសែតបានឡើយ ។ ខ្ញុំក៏បានបោះបង់និងបំភ្លេចការរៀនសូត្រនោះចោលរហូតមកដល់ថ្ងៃនេះ ។ បើគិតជាពេលវេលា វាមានរយៈពេលជាង ៣០ឆ្នាំហើយ ។ ក៏ប៉ុន្តែ ថ្វីដ្បិតតែត្រូវបានខ្ញុំបោះបង់និងបំភ្លេចចោល គោលការណ៍និងបច្ចេកទេសនានាអំពីការសរសេរសារពត៌មាន វានៅតែដក់ជាប់ក្នុងខួរក្បាលខ្ញុំច្បាស់ដូចពន្លឺថ្ងៃ ។ ខ្ញុំហ៊ានអះអាងថា ខ្ញុំអាចធ្មេចភ្នែកពន្យល់ ឬបង្រៀនអំពីបច្ចេកទេសសរសេរសារពត៌មានដោយមិនចាំបាច់មានសៀវភៅមេរៀនឡើយ ។ ប្រការដែលមនុស្សអាចចងចាំចំណេះដឹងច្បាស់លាស់ និងយូរអង្វែងនេះ ខ្ញុំគិតថាវាមានទំនាក់ទំនងជាមួយនឹងការរៀនសូត្រដោយអនុលោមទៅតាមឆន្ទៈរបស់បុគ្គលម្នាក់ៗ ។ គុណសម្បត្តិនេះ វាក៏ទាក់ទិននឹងគុណភាពនៃចំណេះដឹងរបស់បុគ្គលដែរ ៕
Subscribe to:
Post Comments (Atom)
ចំណីខួរក្បាល
បោះឆ្នោតនៅស្រុកអាមេរិក ឆ្នាំនេះ ខ្ញុំទៅបោះឆ្នោតមុនថ្ងៃកំណត់ ដ្បិតសម្រាប់ខ្ញុំជម្រើសបេក្ខជនដឹកនាំប្រទេសគឺមានតែពីរប្រភេទតែប៉ុណ្ណោះ៖ បេក្ខជនដ...
-
រឿង តោនិងក្របីព្រៃ តោមួយបានដើរស្វែងរកអាហារ នៅក្បែរមាត់ព្រៃ ។ នៅពេលវាដើរ មកដល់ក្បែរមាត់បឹងមួយ វាបានឃើញក្របីព្រៃឈ្មោលចំនួនបួន កំពុង ឈរស៊ីស...
-
ឱកាសនៅក្នុងឧបស័គ្គ (Opportunity inside Obstacle) នៅក្នុងរង្វង់ជនអន្តោប្រវេសដែលទៅរស់នៅក្នុងប្រទេសថ្មី មានពាក្យមួយឃ្លាដែលគេតែងពោលថា៖ ជនអន្តោ...
-
រឿង ក្មេងប្រុសនិងសត្វកង្កែប មានក្មេងប្រុសមួយក្រុម បាននាំគ្នាទៅរត់លេង នៅក្បែរមាត់ត្រពាំងមួយ ដែលមានសត្វកង្កែបជាច្រើនរស់នៅ ។ បន្ទាប់ពីពួកគេរត...
No comments:
Post a Comment