Friday, September 2, 2022
ចំណីខួរក្បាល
អាមេរិកាំង
ចាប់តាំងពីថ្ងៃចូលមករស់នៅក្នុងស្រុកអាមេរិកកាលពីជាង ៣០ឆ្នាំកន្លងទៅ គោលដៅមួយរបស់ខ្ញុំគឺស្វែងយល់អំពីរបៀបរបបរស់នៅ និងអត្តចរិតរបស់ជនជាតិអាមេរិកាំង ។ ប៉ុន្តែ អ្វីដែលខ្ញុំធ្លាប់គិតមុនពេលមករស់នៅក្នុងស្រុកនេះ គឺខុសស្ទើរតែទាំងអស់ ។ ជនជាតិអាមេរិកាំងមានពូជអម្បូរនិងដើមកំណើត ចេញមកអំពីតំបន់ជាច្រើននៅលើពិភពលោក ។ ប្រការនេះបានធ្វើឲ្យវប្បធម៌នៃការរស់នៅរបស់ពលរដ្ឋអាមេរិកាំង មានសភាពជាពហុវប្បធម៌និយម (Multi-culturalism) ។ រឿងដែលគួរឲ្យភ្ញាក់ផ្អើលមួយសម្រាប់ខ្ញុំគឺ អាមេរិកអត់មានវប្បធម៌ជាតិ និង ភាសាជាតិទេ ។ គេជ្រើសយកភាសាអង់គ្លេសមកប្រើជាផ្លូវការ គឺដោយសារតែមនុស្សភាគច្រើននិយមប្រើភាសានេះ ។ ក្រសួងវប្បធម៌ក៏គ្មាន ។ ក្រសួងពត៌មានក៏គ្មាន ។ ភាសាជាតិក៏គ្មាន ។ ឯក្រសួងអប់រំជាតិ មានតែឈ្មោះ ប៉ុន្តែគ្មានតួនាទីអ្វីធំដុំក្នុងវិស័យអប់រំពលរដ្ឋឡើយ ។ វាជារឿងគួរឲ្យឆ្ងល់ពន់ពេកណាស់ ថាតើប្រទេសមួយអាចរីកចម្រើនទៅមុខដូចម្តេចទៅ បើគ្មានសារធាតុ"ជាតិ"សំខាន់ៗមួយចំនួនខាងលើ ។
បើយើងសង្កេតឲ្យបានសុីជម្រៅបន្តិច ជនជាតិអាមេរិកាំងមាននិន្នាការទោរទៅរកឧត្តមគិតិនិយម (Idealism) ។ គេផ្តល់អាទិភាពឲ្យគំនិត ឬឧត្តមគតិ ខ្ពស់ជាងជាតិ ។ នៅក្នុងផ្នត់គំនិតពលរដ្ឋអាមេរិកាំង ឧត្តមគតិផ្តល់កំណើតឲ្យជាតិ (Ideal precedes national existence) ។ បើគេការពារឧត្តមគតិបាន ជាតិនឹងមានអត្ថិភាព ។ ប្រការនេះ យើងអាចមើលឃើញនៅក្នុងពាក្យពេចន៍សច្ចាប្រណិធាន របស់មន្ត្រីរដ្ឋការគ្រប់ជាន់ថ្នាក់ចាប់តាំងពីប្រធានាធិបតីរហូតដល់កូនទាហាន ដែលមានខ្លឹមសារយ៉ាងខ្លីថា៖ ការពាររដ្ឋធម្មនុញ្ញ ។ ការពាររដ្ឋធម្មនុញ្ញ ឬគំនិត ជាជាងការពារជាតិ បើយើងគិតឲ្យល្អិតបន្តិច វាហាក់ដូចជាសមហេតុផល ពីព្រោះមានតែជាតិតែគ្មានគំនិត ជាតិនោះប្រហែលជាមិនអាចគង់វង្សយូរឡើយ ។
នៅក្នុងវិស័យការពារជាតិ ក្រៅអំពីការឲ្យអាទិភាពទៅលើឧត្តមគតិនិយម អាមេរិកាំងមិនសូវផ្តោតលើគំនិតជាតិនិយមទេ (Nationalism) ។ កាលពួកភេរវករ អាល់កៃដា បើកការវាយប្រហារលើសហរដ្ឋអាមេរិកនៅឆ្នាំ ២០០១ ប្រធានាធិបតីអាមេរិកាំងគឺលោក ចច្ច ប៊ុស្ស ប្រកាសថា៖ "សេរីភាពត្រូវបានគេវាយប្រហារ" (Freedom has been attacked) ។ គាត់អត់និយាយថា ប្រទេសជាតិ ត្រូវបានគេវាយប្រហារឡើយ ។ ប្រការចម្លែកមួយទៀត គឺការបង្វែរគំនិតមាក់ងាយរបស់បច្ចាមិត្តឲ្យក្លាយទៅជាស្មារតីតស៊ូដើម្បីបុព្វហេតុជាតិ ។ នៅក្នុងការតស៊ូរបស់កងឈ្លបរខេករខាកអាមេរិកាំង (Ragtag Guerrilla) ដើម្បីរំដោះខ្លួនចេញអំពីនឹមអាណានិគមចក្រភពអង់គ្លេស កងឈ្លបទាំងនោះត្រូវបានកងទ័ពអង់គ្លេសដេញបាញ់រត់កំប៉ាងជើងចូលទៅក្នុងព្រៃវិញជាញឹកញាប់ ។ កងទ័ពអង់គ្លេសបានសរសេរទំនុកច្រៀងឡកឡាយមួយ រៀបរាប់អំពីទុក្ខវេទនារបស់កងឈ្លបអាមេរិកាំងទាំងនោះ ដោយដាក់ចំណងជើងថា៖ Yankee Doodle ។ ពាក្យ Yankee ទៀតសោតក៏ជាពាក្យមាក់ងាយមើលថោកដែរ ។ ប៉ុន្តែ ពលរដ្ឋអាមេរិកាំង បង្វិលទាំងពាក្យ Yankee ទាំងទំនុកច្រៀង Yankee Doodle ឲ្យក្លាយទៅជានិមិត្តរូបនៃជាតិ ។ វាជាការបង្កើតមោទនភាពជាតិ ចេញអំពីសំរាមនៅក្នុងកែវភ្នែករបស់បច្ចាមិត្ត ។
នៅក្នុងការអន្តរាគម ឬក៏ជ្រៀតជ្រែកចូលទៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ អាមេរិកាំងក៏ផ្តោតតែទៅលើគោលការណ៍សេរីភាពដែរ ។ មានប្រទេសជាច្រើន ដែលបានភពប្រសព្វជាមួយនឹងអាមេរិកាំងនៅក្នុងកិច្ចការនេះ ។ ប៉ុន្តែ មិនមានប្រទេសច្រើនទេ ដែលទទួលបានជោគជ័យក្នុងការបណ្តុះគោលការណ៍សេរីភាព នៅក្នុងសង្គមរបស់ខ្លួន ។ ជាលទ្ធផល អាមេរិកាំងត្រូវបានគេតេះដៀលតជំនាន់ ប្រៀបដូចជាឪពុកម្តាយដៀលគ្រូបង្រៀន នៅពេលដែលកូនរបស់ខ្លួនរៀនមិនបានជោគជ័យ ។ ហេតុផលដែលធ្វើឲ្យបេសកកម្មបណ្តុះដាំសេរីភាពរបស់អាមេរិកាំងបរាជ័យមានច្រើន ។ ក៏ប៉ុន្តែ ដំណាំមិនលូតលាស់ វាមិនអាស្រ័យលើអ្នកដាំទាំងស្រុងឡើយ ។
បន្ទាប់ពីសង្គ្រាមលោកលើកទី ២ ត្រូវបានបញ្ចប់ អាមេរិកាំងទទួលភារកិច្ចកែច្នៃប្រទេសពីរគឺ អាល្លឺម៉ង់ និង ជប៉ុន ដែលជាមេក្រមីបង្កឲ្យមានសង្គ្រាមនេះកើតឡើង ។ ក្រៅអំពីផ្តល់ជំនួយសេដ្ឋកិច្ច និង ដាក់កំហិតដែនកំណត់មួយចំនួននៅក្នុងរដ្ឋធម្មនុញ្ញនៃប្រទេសទាំងពីរ អាមេរិកទុកឲ្យពលរដ្ឋនៃប្រទេសទាំងពីរប្រឹងប្រែងដោយខ្លួនឯងដើម្បីថែរទាំសេរីភាពរបស់ខ្លួន ក៏ដូចជាទប់ស្កាត់កុំឲ្យអំណាចប្រមូលផ្តុំវិលត្រឡប់មកវិញ ។ បច្ចុប្បន្ន ពលរដ្ឋនៃប្រទេសអាល្លឺម៉ង់និងជប៉ុន រស់នៅក្នុងស្ថានភាពមួយដែលមានសេរីភាពប្រហាក់ប្រហែលនឹងអាមេរិកដែរ ។ មានប្រទេសមួយទៀតដែលបានទទួលវិភាគទានសេរីភាព ជាពិសេសនិតិរដ្ឋ ពីសហរដ្ឋអាមេរិកហើយលើកកម្ពស់វាស្ទើរតែមិនមាននរណាធ្វើដូច ។ កូរ៉េខាងត្បូង ។
នៅក្នុងទសវត្សរ៍ឆ្នាំ ១៩៥០ ប្រទេសកូរ៉េខាងត្បូងរងការឈ្លានពានពីសំណាក់កូរ៉េខាងជើងដែលជាកូនជឹងកុម្មុយនីស្ត ។ កូរ៉េខាងត្បូងស្ទើរតែបាត់បង់អត្ថិភាពរបស់ខ្លួនទៅហើយ នៅពេលអាមេរិកាំង ក្រោមរូបភាពអង្គការសហប្រជាជាតិ ទៅជួយស្រោចស្រង់ ។ បន្ទាប់ពីកិច្ចព្រមព្រៀងឈប់បាញ់គ្នា (Armistice) អាមេរិកផ្តល់ឲ្យកូរ៉េខាងត្បូងត្រឹមតែប្រព័ន្ធការពារខ្លួនពីសំណាក់ការឈ្លានពានរបស់សត្រូវ ។ ឯការដឹកនាំប្រទេសតាមគោលការណ៍ប្រជាធិបតេយ្យ ដោយមានសេរីភាពកម្រិតណា គឺពលរដ្ឋកូរ៉េខាងត្បូងជាអ្នកសម្រេច ។ លោក ប៉ាក់ ជុងហ៊ី ដែលជាប្រធានាធិបតីកូរ៉េខាងត្បូងនៅទសវត្សរ៍ឆ្នាំ ១៩៨០ បានកៀបសង្កត់និងរឹតត្បិតសេរីភាពពលរដ្ឋកូរ៉េខាងត្បូងយ៉ាងខ្លាំងនាគ្រានោះ ។ ក៏ប៉ុន្តែ ពលរដ្ឋកូរ៉េខាងត្បូងបានតស៊ូយ៉ាងស្វិតស្វាញមិនអនុញាតិឲ្យលោក ប៉ាក់ ជុងហ៊ី មានឱកាសបង្កើតអំណាចប្រមូលផ្តុំបានឡើយ ។ និតិរដ្ឋនៅក្នុងប្រទេសកូរ៉េខាងត្បូង ត្រូវបានពង្រឹងបន្តិចម្តងៗរហូតដល់សព្វថ្ងៃ ដែលសូម្បីតែអតីតប្រធានាធិបតីប្រព្រឹត្តិបទល្មើសបន្តិចបន្តួចនៅក្នុងតួនាទីរបស់ខ្លួន ក៏ត្រូវបានតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារដែរ ។ ចំណុចនេះ កូរ៉េខាងត្បូងសម្រេចបានគុណភាពនិតិរដ្ឋខ្ពស់ហួសពីសហរដ្ឋអាមេរិក ដែលជាអ្នកបង្ហាត់បង្ហាញ ។
បើនិយាយអំពីយុទ្ធោបករណ៍សម្រាប់ធ្វើសឹកសង្គ្រាម អាមេរិកាំងផ្តោតទៅលើកិច្ចការពារខ្លួនច្រើនជាងវាយប្រហារ (Defensive rather than offensive) ។ ជាលទ្ធផល យុទ្ធោបករណ៍អាមេរិកាំងច្រើនមានគុណភាពខ្ពស់ ពីព្រោះធម្មជាតិនៃយុទ្ធោបករណ៍ការពារ ត្រូវតែមានលទ្ធភាពរារាំងនិងបំផ្លាញគូប្រកួត ។ ប្រការនេះប្រហែលជាពាក់ព័ន្ធនឹងកត្តាមួយដែលថា យុទ្ធោបករណ៍យោធាអាមេរិកាំងស្ទើរតែទាំងអស់គឺផលិតដោយក្រុមហ៊ុនឯកជន ។ ដូចជារបស់ប្រើប្រាស់ប្រចាំថ្ងៃដែរ ការប្រកួតគ្នាដើម្បីដណ្តើមទីផ្សារ ឬទទួលបានសិទ្ធិផលិតអាវុធឲ្យសហរដ្ឋអាមេរិក បង្កឲ្យមានការជម្រុះចោលនូវយុទ្ធោបករណ៍អន់ មិនសូវមានប្រសិទ្ធភាព ។ បើនិយាយអំពីយោធាវិញ ទាហានអាមេរិកាំងអត់ចេះរាំជាក្រុម និងដើរបង្ហាញម៉ូដទេ ។ គេកម្រឃើញទាហានអាមេរិកាំងធ្វើព្យុះហយាត្រាបង្ហាញសាច់ដុំណាស់ ។ ខ្ញុំធ្លាប់ឃើញទាហានអាមេរិកាំងដើរដេហ្វីឡេ តែម្តងគត់នៅក្នុងទសវត្សឆ្នាំ ១៩៩០ បន្ទាប់ពីប្រតិបត្តិការវាយបណ្តេញកងទ័ព អ៊ីរ៉ាក់ ចេញពីប្រទេសគុយវ៉េត ។ ការដើរដេហ្វីឡេនោះ គឺគេដើរបង់បោយធម្មតា ដោយដាក់ទាហានខ្ពស់ជាងគេនៅផ្នែកខាងមុខ និងទុកទាហានទាបជាងគេឲ្យដើរនៅផ្នែកខាងក្រោយបំផុត ដើម្បីងាយស្រួលដល់ពួកគេចាកចេញពីជួរទៅសម្រាកបើហត់ខ្លាំង ។ ទង្វើនេះមិនមែនមានន័យថា ទាហានអាមេរិកាំងទន់ជ្រាយនោះទេ ។ វាគ្រាន់តែគេមិនឲ្យអាទិភាពទៅលើការបង្ហាញម៉ូដនៅក្នុងវិស័យយោធាតែប៉ុណ្ណោះ ។
និយាយអំពីយុទ្ធោបករណ៍សឹកសង្គ្រាម យើងក៏គួររំលឹកអំពីការប្រណាំងប្រជែងសព្វាវុធផងដែរ ។ ថ្វីដ្បិតតែបច្ចុប្បន្នយើងមិនសូវនិយាយអំពីការប្រណាំងប្រជែងសព្វាវុធរវាងប្រទេសលោកសេរីនិងប្រទេសកុម្មុយនីស្ត ឬប្រទេសផ្តាច់ការក្តី ការប្រណាំងប្រជែងនេះ នៅតែបន្តក្តៅគគុកដដែល ។ ទោះជាយ៉ាងណាក៏ដោយ លទ្ធផលចុងក្រោយបំផុតដែលយើងអាចមើលឃើញនៅក្នុងសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រេនបានបង្ហាញថា សព្វាវុធដែលផលិតដោយអតីតសហភាពសូវៀត មិនសូវមានប្រសិទ្ធភាពទេ ។ ប្រការនេះ ប្រហែលជាទាក់ទិនទៅនឹងការផ្តោតលើគុណភាព និងបរិមាណ ។
នៅក្នុងទសវត្សឆ្នាំ ១៩៨០ ក៏ដូចជាបច្ចុប្បន្ន អតីតសហភាពសូវៀត ឬប្រទេសរុស្សុីសព្វថ្ងៃមានកាំជ្រួចបរមាណូច្រើនជាងសហរដ្ឋអាមេរិកប្រហែលពីរដង ។ ទោះបីជាមានច្រើនជាងពីរដងក៏ដោយ ក៏សហភាពសូវៀតកើតទុក្ខមិនសុខចិត្តជាមួយនឹងការប្រណាំងប្រជែងសព្វាវុធនេះដែរ ។ បន្ទាប់ពីប្រធានាធិបតីនៃសហរដ្ឋអាមេរិកគឺលោក រូណាល់ រេហ្គិន ប្រកាសបង្កើតប្រព័ន្ធការពារនៅក្នុងលំហដែលភាសាអង់គ្លេសហៅថា Star War សហភាពសូវៀតបានប្រតិកម្មយ៉ាងខ្លាំង ។ ប្រការនេះបាននាំឲ្យប្រទេសទាំងពីរឈានទៅកាន់កិច្ចព្រមព្រៀងកាត់បន្ថយសព្វាវុធដែលហៅកាត់ថា"អំបិល" SALT ។ ការជម្រុញឲ្យមានការកាត់បន្ថយអាវុធប្រល័យលោកនេះ មិនមែនសហភាពសូវៀតគិតអំពីមនុស្សធម៌ទេ ។ កត្តាតែមួយគត់គឺសហភាពសូវៀតមិនមានទំនុកចិត្តលើសមត្ថភាពកាំជ្រូចឆ្លងទ្វីបរបស់ខ្លួន ថាអាចគេចផុតអំពីការបាញ់កម្ទេចចោលនៅលើអាកាសពីសំណាក់កាំជ្រួចអាមេរិកាំង ។ ការមិនទុកចិត្តនេះ បានស្តែងចេញមកនៅអំឡុងពេលសង្គ្រាមបណ្តេញកងទ័ពអ៊ីរ៉ាក់ចេញពីប្រទេសគុយវ៉េត ខណៈដែលកាំជ្រួចស្កុត (Scud Missiles) ដែលផលិតដោយសហភាពសូវៀត ត្រូវបានបាញ់កម្ទេចចោលនៅលើអាកាសអស់យ៉ាងច្រើន ដោយប្រព័ន្ធកាំជ្រួចអ្នកការពារជាតិ (Patriot Missiles) របស់អាមេរិកាំង ។ បើកាំជ្រួចបាញ់ឆ្លងប្រទេសតូចៗ គេអាចបាញ់កម្ទេចចោលនៅលើអាកាសបាន កាំជ្រួចបាញ់ឆ្លងទ្វីបដែលមានទំហំធំៗនោះ វាប្រាកដជាមិនពិបាកក្នុងការបាញ់កម្ទេចវាចោលនៅលើអាកាសឡើយ ។
ការប្រណាំងប្រជែងសព្វាវុធរបស់ប្រទេសមហាអំណាច ជាអាវុធមុខពីរ ។ វាធ្វើឲ្យប្រទេសធំៗទាំងនោះរឹងមាំផ្នែកយោធា ហើយក៏ធ្វើឲ្យប្រទេសតូចតាចមានលទ្ធភាពការពារខ្លួនពីសំណាក់ការរុកគួនរបស់ប្រទេសអនុត្តរភាពធំៗដែរ ។ ការបង្វែរបច្ចេកវិជ្ជាសំខាន់ៗដូចជា ប្រព័ន្ធ អ៊ីនថឺណិត ជីភីអេស និង ផ្កាយរណប ។ល។ (Internet, GPS, and Satellites, etc.) ពីវិស័យយោធាឲ្យឆ្លងទៅកាន់វិស័យពាណិជ្ជកម្ម បានធ្វើឲ្យការធ្វើសឹកសង្គ្រាមងាកចេញពីយុទ្ធោបករណ៍ មករកការច្នៃប្រតិឌ្ឋនិងភាពឆ្លាតវៃវិញម្តង ។ ឯការប្រយុទ្ធតតាំងគ្នាក៏លែងផ្អែកលើការវាយដណ្តើមយកទឹកដីមកគ្រុបគ្រងដែរ ។ សង្គ្រាមនៅក្នុងសម័យទំនើបនេះ គឺផ្តោតលើការបង្ហូរឈាមនិងច្បិចយកជីវិត ដែលភាសាអង់គ្លេសហៅថា៖ Attrition ។ វាជាប្រភេទសង្គ្រាមអាធំសំពងអាតូច អាតូចលួចធ្វើទុក្ខបុកម្នេញអាធំ ប្រៀបបាននឹងកុនតុក្កតាឆ្មានិងកណ្តុរ (Tom and Jerry) ។ ការប្រយុទ្ធគ្នាប្រភេទនេះ គ្មានអ្នកចាញ់ ហើយក៏គ្មានអ្នកឈ្នះដែរ ។ មានតែអ្នករងគ្រោះតែប៉ុណ្ណោះ ។ សង្គ្រាមរបស់រុស្សុីនៅក្នុងប្រទេសអ៊ុយក្រេនបច្ចុប្បន្ន គឺកំពុងស្ថិតនៅក្នុងស្ថានភាពនេះ ។ ថ្វីដ្បិតតែយើងមិនទាន់ដឹងថាលទ្ធផលនឹងទៅជាយ៉ាងណា យើងអាចរំពឹងទុករួចទៅហើយថា ប្រទេសតូចតាចជាច្រើនកំពុងសិក្សាអំពីយុទ្ធោបករណ៍សឹកសង្គ្រាម ជាពិសេសឧបករណ៍ហោះហើរតូចៗដែលភាសាអង់គ្លេសហៅថា ដ្រូន Drone, or UAV (Unmanned Aerial Vehicle) ។
និយាយអំពី ដ្រូន ឬ (UAV) អាមេរិកាំងក៏ប្រហែលជាមេក្រមីបង្កលក្ខណៈឲ្យឧបករណ៍នេះ រីករាលដាលពីវិស័យយោធាទៅកាន់វិស័យពាណិជ្ជកម្មដែរ ។ តាមពិត ឧបករណ៍ ដ្រូន នេះត្រូវបានគេប្រើនៅក្នុងសឹកសង្គ្រាមតាំងតែពីដើមសតវត្សទី ២០ម្លេះ ។ ក៏ប៉ុន្តែ ទើបតែនៅក្នុងរយៈពេលជាង ២០ឆ្នាំកន្លងទៅនេះទេ ដែលឧបករណ៍ដ្រូនត្រូវបានមនុស្សទូទាំងពិភពលោកចាប់អារម្មណ៍ បន្ទាប់ពីឃើញសហរដ្ឋអាមេរិកប្រើវានៅក្នុងការតាមប្រមាញ់និងវាយប្រហារពួកភេរវករ អាល់កៃដា ដោយមិនចាំបាច់បញ្ជូនកងទ័ពឲ្យទៅកាន់ទីតាំងរបស់សត្រូវ ។ សព្វថ្ងៃ ដ្រូន បានក្លាយទៅជាឧបករណ៍ធ្វើសឹកសង្គ្រាមដ៏មានប្រជាប្រីយ៍ជាទីបំផុត ។ បើប្រៀបធៀបឧបករណ៍នេះទៅនឹងលទ្ធិប្រជាធិបតេយ្យ វាហាក់ដូចជាមិនខុសគ្នាទេ ។ ទាំងដ្រូន ទាំងលទ្ធិប្រជាធិបតេយ្យ សុទ្ធតែជាឧបករណ៍ដែលត្រូវបានបាត់បង់ចំណាប់អារម្មណ៍អស់កាលយ៉ាងយូរ ។ ប៉ុន្តែ បន្ទាប់ពីអាមេរិកាំងយកវាមកច្នៃប្រតិឌ្ឋឲ្យក្លាយទៅជារបស់មានសារប្រយោជន៍ខ្ពស់ មនុស្សម្នាក៏ចាប់ផ្តើមឲ្យតម្លៃវាឡើងវិញ ។
អត្តចរិតចម្លែកៗរបស់ជនជាតិអាមេរិកាំង ទោះចំណាយពេលមួយជីវិតក៏សរសេរមិនអស់ដែរ ។ មុននឹងបញ្ចប់អត្ថបទនេះ ខ្ញុំសូមវិលទៅនិយាយអំពីការឲ្យតម្លៃលើឧត្តមគតិ ឬគំនិត (Ideas) បន្តិចវិញ ។ ការបណ្តុះបណ្តាលឬលើកទឹកចិត្តពលរដ្ឋ ឲ្យមានទំនោរទៅរកការគិត ឬត្រិះរិះពិចារណា ជាជាងធ្វើតាមឬដើរតាមអ្វីដែលជាទម្លាប់ធ្លាប់មានពីមុនមក វាជាចំណុចស្លាប់រស់របស់មនុស្សជាតិ ក៏ដូចជាពលរដ្ឋម្នាក់ៗដែរ ។ មនុស្សដែលមានផ្នត់គំនិតដើរតាម ឬក៏ធ្វើតាម គឺមិនខុសអំពីសត្វដែលជាប់នៅក្នុងទ្រុង ។ វិបត្តិដែលលោក ខឹម វាសនា បានបង្កឡើងនៅជើងភ្នំ គូលែន រយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ វាគឺជាឧទាហរណ៍ដ៏គួរឲ្យសង្វេគមួយ ។ ពលរដ្ឋខ្មែរដ៏ច្រើនសន្ធឹកសន្ធាប់ ដែលជឿលើការអះអាងរបស់លោក ខឹម វាសនា ថានឹងមានទឹកលិចភពផែនដី វាបានបង្ហាញថាខ្មែរជាច្រើន មិនត្រឹមតែបាត់បង់សមត្ថភាពគិតទេ សូម្បីតែព្រលឹងនិងវិញ្ញាណ ក៏ឈានចាកឆ្ងាយអំពីរូបដែរ ។ ប្រទេសមួយ ដែលសម្បូរទៅដោយអ្នកជឿច្រើនជាងអ្នកគិត វាប្រាកដជាគេចមិនផុត អំពីគ្រោះមហន្តរាយឡើយ ៕
Subscribe to:
Post Comments (Atom)
ចំណីខួរក្បាល
គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...
-
រឿង តោនិងក្របីព្រៃ តោមួយបានដើរស្វែងរកអាហារ នៅក្បែរមាត់ព្រៃ ។ នៅពេលវាដើរ មកដល់ក្បែរមាត់បឹងមួយ វាបានឃើញក្របីព្រៃឈ្មោលចំនួនបួន កំពុង ឈរស៊ីស...
-
រឿង ក្មេងប្រុសនិងសត្វកង្កែប មានក្មេងប្រុសមួយក្រុម បាននាំគ្នាទៅរត់លេង នៅក្បែរមាត់ត្រពាំងមួយ ដែលមានសត្វកង្កែបជាច្រើនរស់នៅ ។ បន្ទាប់ពីពួកគេរត...
-
ឱកាសនៅក្នុងឧបស័គ្គ (Opportunity inside Obstacle) នៅក្នុងរង្វង់ជនអន្តោប្រវេសដែលទៅរស់នៅក្នុងប្រទេសថ្មី មានពាក្យមួយឃ្លាដែលគេតែងពោលថា៖ ជនអន្តោ...
No comments:
Post a Comment