Tuesday, August 9, 2022
ចំណីខួរក្បាល
ទស្សនកិច្ចដ៏ព្រឺព្រួច
ខ្ញុំមិនមែនជាអ្នកវិភាគកិច្ចការទូត ក្រោយឆាក ដូចលោក ពុយ គា ហើយក៏មិនមែនជាអ្នកវិភាគក្រោមម្លប់ដើមអំពិលដែរ ដ្បិតកន្លែងដែលខ្ញុំរស់នៅគ្មានដើមអំពិលដុះឡើយ ។ ប៉ុន្តែ ខ្ញុំចូលចិត្តពិចារណាកិច្ចការនយោបាយ និងលេបខាយជាមួយនឹងដំណើរជីវិត ។ ព្រឹត្តិការណ៍ទស្សនកិច្ចរបស់អ្នកស្រី ណាន់សុី ប៉េឡូសុី (Nancy Pelosi) ដែលជាប្រធានរដ្ឋសភានៃសហរដ្ឋអាមេរិក ទៅកាន់កោះ តៃវ៉ាន់ បានធ្វើឲ្យមហាយក្សចិនខឹងសម្បារជាអតិបរមា ។ ជាការឆ្លើតតប ចិនបានធ្វើសមយុទ្ធយោធាបាញ់កាំជ្រួចស្ទើរតែរហែកមេឃនៅក្នុងមហាសមុទ្ទចិនជិតតំបន់នោះ ។ វាជារឿងរកាំរកូសនយោបាយដ៏ស្រៀវស្រួចមួយ ដែលអ្នកតាមដានព្រឹត្តិការណ៍នោះប្រហែលជាយល់ឃើញខុសៗគ្នា ។
មុននឹងចូលទៅដល់ការវិនិច្ឆ័យអំពីដំណើរទស្សនកិច្ចរបស់អ្នកស្រី ប៉េឡូសុី ទៅកាន់កោះតៃវ៉ាន់ ខ្ញុំសូមនិយាយអំពីការវិវឌ្ឃនៃសង្គមមនុស្សបន្តិច ។ សង្គមមនុស្សចែកចេញជាពីរជំរំគឺ ជំរំផ្តាច់ការ និង ជំរំសេរីភាព ។ កាលមនុស្សចាប់ផ្តើមបង្កើតសហគម យើងមានមេកន្ទ្រាញនិងទាសករ ។ បន្ទាប់មក ស្តេចនិងរាស្ត្រ ។ ក្រោយមកទៀត យើងបង្កើតមនោគមវិជ្ជាឲ្យមានលទ្ធិប្រជាធិបតេយ្យ និង លទ្ធិកុម្មុយនីស្ត ។ នៅចុងបញ្ចប់ សង្គមមនុស្សសព្វថ្ងៃបានស្ថិតនៅក្នុងស្ថានភាពចម្រុះនៃសភាវ មានសេរី និង អត់ ឬខ្សត់សេរី ។ ក៏ប៉ុន្តែ ខ្សែបន្ទាត់ដែលបែកចែកជំរំផ្តាច់ការនិងជំរំសេរីភាព អត់រលុបទៅណាទេ ។ ប្រទេសដែលមេដឹកនាំមាននិន្នាការរេទៅរកសេរីភាព ពួកគេចងក្រងគ្នាមួយក្រុម ។ ឯប្រទេសដែលមេដឹកនាំមាននិន្នាការរេទៅរកភាវផ្តាច់ការ ពួកគេក៏ចងក្រងគ្នាជាក្រុមដែរ ។
ជាទូទៅ ទំនាក់ទំនងការទូត មិនថារវាងប្រទេសសេរីនិងសេរី ឬក៏សេរីជាមួយនិងប្រទេសផ្តាច់ការទេ រមែងមានរបៀបវារៈសំខាន់ពីរនៅក្នុងបេសកកម្មគឺ វប្បធម៌ និង នយោបាយ ។ ផ្នែកវប្បធម៌ ទំនាក់ទំនងគឺស្ថិតក្នុងរូបភាពមិត្តភក្តិ ។ ឯផ្នែកនយោបាយ ទំនាក់ទំនងគឺផ្អៀងទៅរកការប្រកួតប្រជែងគ្នា ។ នៅក្នុងស្មារតីនៃពាក្យប្រកួតប្រជែង មានពាក្យពីរម៉ាត់ទៀតបង្កប់នៅក្នុងនោះគឺ បដិបក្ខ និង បច្ចាមិត្ត ។ និយាយរួម ភាពស្មុគស្មាញនៃនយោបាយនៅក្នុងទំនាក់ទំនងការទូតនេះ គឺមិនខុសអំពីពាក្យ វិបត្តិ (Crisis) នៅក្នុងភាសាចិនដែលយកពាក្យ ឧបស័គ្គ និង ឱកាស (Obstacle and Opportunity) មកផ្គុំគ្នានោះទេ ។
បេសកកម្មការទូតនិមួយៗរមែងមានគោលបំណងច្រើនស្រទាប់ ដែលភាសាអង់គ្លេសហៅថា៖ Multi-layers objectives ។ គោលបំណងចំហនៃទស្សនកិច្ចរបស់អ្នកស្រី ប៉េឡូសុី ទៅកាន់កោះតៃវ៉ាន់គឺដើម្បីផ្សព្វផ្សាយឲ្យពិភពលោក ជាពិសេសប្រទេសចិន បានដឹងថាសហរដ្ឋអាមេរិកនៅតែជាសម្ព័ន្ធមិត្តនិងបង្អែករបស់កោះតៃវ៉ាន់ ។ នេះគឺជារឿងលើគោក ដែលមិនចាំបាច់នរណានិយាយក៏យើងអាចដឹងបានដែរ ។ អ្វីដែលខ្ញុំចង់លើកយកមកពិចារណានៅក្នុងអត្ថបទនេះ គឺកត្តាដែលយើងពិបាកនឹងមើលយល់ពាល់ត្រូវ ។ សម្រាប់ខ្ញុំ ខ្ញុំយល់ថា ដំណើរទស្សនកិច្ចរបស់អ្នកស្រី ប៉េឡូសុី ទៅកាន់កោះតៃវ៉ាន់ គឺដើម្បីបំពេញកិច្ចឲ្យរបាយការណ៍សម្ងាត់ (Intelligence Reports) ច្រើនជាងទៅប្រាប់ក្រុង តាយបុិ ថាអាមេរិកនៅតែជាមិត្តរួមសុខរួមទុក្ខ ។ សារសំខាន់នៃទស្សនកិច្ចនោះ គឺដើម្បីផ្ញើសារទៅឲ្យក្រុង ប៉េកាំង ច្រើនជាងក្រុង តាយបុិ ។
នៅក្នុងភាសាអង់គ្លេស មានពាក្យមួយឃ្លាដែលពោលថា៖ Birds of a feather flock together (បក្សីដែលមានអម្បូរពណ៌សម្បុរដូចគ្នា វារកសុីជាមួយគ្នា) ។ ចិននិងរុស្សុី រកសុីជាមួយគ្នាជិតមួយសតវត្សហើយ ។ ក្រៅអំពីលទ្ធិកុម្មុយនីស្ត ចិននិងរុស្សុី មានមហិច្ឆតាពានពារគេឯងដូចគ្នា ។ នេះយើងមិនទាន់និយាយដល់កិច្ចសហការគ្នាដើម្បីផលិតយុទ្ធោបករណ៍សង្គ្រាមផងទេ ។ ក្រៅអំពីផ្នត់គំនិតនយោបាយរួម ចិននិងរុស្សុី ក៏កំពុងសហការគ្នាផលិតយន្តហោះដឹកអ្នកដំណើរ ដើម្បីប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុន អ៊ារបឺស និង បូអ៊ីង (Airbus and Boeing) ផងដែរ ដែលស្ថិតនៅក្នុងវិស័យសេដ្ឋកិច្ច ។
នៅពេលរុស្សុីឈ្លានពានប្រទេសអ៊ុយក្រេន ពិភពលោកស្ទើរតែទាំងមូលថ្កោលទោសរុស្សុី ។ ប៉ុន្តែ ប្រទេសចិនមិនមាត់មិនកអ្វីឡើយ ។ ខណៈសហគមអឺរ៉ុបនិងសហរដ្ឋអាមរិកដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសរុស្សុី ពីបទរំលោភបំពាននិងឈ្លានពានអធិបតេយ្យភាពនៃប្រទេសអ៊ុយក្រេន ចិនក៏នៅសម្ងំចឺនដដែល ។ មហាយក្សចិនធ្វើឫកហាក់ដូចជាខ្លួនហ្នឹង ជាប្រទេសគ្មានបក្សសម្ព័ន្ធ ។ ជាប្រទេសឥតលម្អៀងទៅរកភាគីខាងណា (Neutral) ថ្លៃថ្លាលើសគេឯង ។ ក៏ប៉ុន្តែ អ្វីដែលជាសំបកខាងក្រៅនោះ វាគ្រាន់តែជាសំបកក្រៅប៉ុណ្ណោះ ។ ដើម្បីស្វែងយល់អំពីគោលជំហររបស់ចិន ទាក់ទិននឹងសង្គ្រាមឈ្លានពានរបស់រុស្សុីលើប្រទេសអ៊ុយក្រេន យើងមិនអាចយកភ្នែកទៅមើល និងយកចិត្តទៅថ្លឹងថ្លែងពិចារណាឃើញឡើយ ។ បើមើលនឹងខួរក្បាល ប្រហែលជាអាចឃើញពន្លឺសច្ចភាពខ្លះៗ (Shed some light on the truth) ។
ប្រតិបត្តិការសឹករបស់រុស្សុីនៅក្នុងប្រទេសអ៊ុយក្រេន ត្រូវការយុទ្ធោបករណ៍ដ៏ច្រើនសន្ធឹកសន្ធាប់ ។ បន្ទាប់ពីរងទណ្ឌកម្មសេដ្ឋកិច្ច រុស្សុីមិនមានលទ្ធភាពផលិតអាវុធសម្រាប់ប្រើការឲ្យទាន់ចិត្តទេ ។ អាវុធក៏ដូចជារថយន្តនិងសម្ភារដទៃដែរ មិនមានប្រទេសណាមួយ មានគ្រឿងគ្រៅគ្រប់គ្រាន់ (Components) សម្រាប់ផលិតវាឡើយ ។ របស់ខ្លះ ចាំបាច់ត្រូវតែទិញអំពីប្រទេសដទៃ ។ គឺរបស់ចាំបាច់ដែលត្រូវតែទិញអំពីប្រទេសដទៃនេះហើយ ដែលនាំឲ្យប្រទេសចិនស្ថិតនៅក្រោមមីក្រូទស្សន៍ (Microscope) របស់ភ្នាក់ងារសម្ងាត់នានា ។ ក្រៅអំពីកិច្ចសហប្រតិបត្តិការផលិតយុទ្ធោបករណ៍ ចិននិងរ៉ុស្សីក៏មានព្រំដែនជាប់គ្នាដ៏វែងអន្លាយដែរ ។ ដូច្នេះ រឿងដែលគ្មាននរណាដឹងអំពីសហប្រតិបត្តិការរវាងចិននិងរុស្សុី អាចនឹងមានច្រើនជាងអ្វីដែលទស្សនកិច្ចរបស់អ្នកស្រី ប៉េឡូសុី ជះពន្លឺ (Shine the spotlight on) ។
បើយើងពិចារណាឲ្យបានមធ្យ័តបន្តិច សម្ព័ន្ធភាពរវាងចិននិងរុស្សុី ផ្តល់សុវត្ថិភាពនយោបាយ ទាំងក្នុងស្រុកនិងក្រៅស្រុក (Both, Domestic and International) ដល់ប្រទេសទាំងពីរធំលើសអ្វីៗទាំងអស់ ។ វាគ្មានហេតុផលណាមួយដែលចិនត្រូវដកឃ្លា ឬរក្សាគម្លាតអំពីសមមិត្តរុស្សុីទេ ។ បណ្តាប្រទេសលោកសេរី ជាពិសេសប្រទេសប្រជាធិបតេយ្យកម្រិតខ្ពស់ សុទ្ធតែជាមេក្រមីនាំគ្រោះមកឲ្យថ្នាក់ដឹកនាំនៃប្រទេសចិនច្រើនជាងលាភ ។ ដូច្នេះ ទោះពិភពលោកស្ថិតនៅក្នុងស្ថានភាពណាក៏ដោយ ដរាបណារុស្សុីមិនរុកគួនចិន ចំណងមិត្តភាពរបស់ចិននិងរុស្សុីមិនអាចរង្គោះរង្គើឡើយ ។ គឺនៅក្នុងប្រធានបទនេះហើយ ដែលយើងចាំបាច់ត្រូវពិចារណាអំពីរបាយការណ៍របស់ភ្នាក់ងារសម្ងាត់នៃសហរដ្ឋអាមេរិក ។ របាយការណ៍នេះ មានអត្ថិភាព ឬក៏គ្មាន (Exist or Not) យើងមិនអាចដឹងបានទេ ។ ក៏ប៉ុន្តែ ផ្អែកលើដំណើរទស្សនកិច្ចរបស់អ្នកស្រី ប៉េឡូសុី ទៅកាន់កោះតៃវ៉ាន់ វាគឺជាកាយវិការដ៏ជាក់លាក់មួយរបស់សហរដ្ឋអាមេរិក ក្នុងការថ្លែងសារទៅកាន់បច្ចាមិត្តចិនថា ការជួយជ្រោមជ្រែងរុស្សុីនៅក្នុងប្រតិបត្តិការឈ្លានពានប្រទេសអ៊ុយក្រេន ដោយលួចលាក់ក្តី ដោយចំហក្តី គឺវាផ្ទុយអំពីកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ជាពិសេសសហគមអឺរ៉ុប ដែលកំពុងតែព្យាយាមទប់ស្កាត់កុំឲ្យការឈ្លានពានរបស់រុស្សុី រីករាលដាលធំឡើងៗ ។ វាជាការដាស់តឿនរបស់បច្ចាមិត្តដែលមានចិត្តឈឺឆ្អាល ដ្បិតពាក្យបច្ចាមិត្ត ក៏មានពាក្យ "មិត្ត" ផ្គុំនៅជាមួយគ្នាដែរ ៕
Subscribe to:
Post Comments (Atom)
ចំណីខួរក្បាល
គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...
-
រឿង តោនិងក្របីព្រៃ តោមួយបានដើរស្វែងរកអាហារ នៅក្បែរមាត់ព្រៃ ។ នៅពេលវាដើរ មកដល់ក្បែរមាត់បឹងមួយ វាបានឃើញក្របីព្រៃឈ្មោលចំនួនបួន កំពុង ឈរស៊ីស...
-
រឿង ក្មេងប្រុសនិងសត្វកង្កែប មានក្មេងប្រុសមួយក្រុម បាននាំគ្នាទៅរត់លេង នៅក្បែរមាត់ត្រពាំងមួយ ដែលមានសត្វកង្កែបជាច្រើនរស់នៅ ។ បន្ទាប់ពីពួកគេរត...
-
ឱកាសនៅក្នុងឧបស័គ្គ (Opportunity inside Obstacle) នៅក្នុងរង្វង់ជនអន្តោប្រវេសដែលទៅរស់នៅក្នុងប្រទេសថ្មី មានពាក្យមួយឃ្លាដែលគេតែងពោលថា៖ ជនអន្តោ...
No comments:
Post a Comment