Monday, March 14, 2022
ចំណីខួរក្បាល
ពូទីន និងជំនួញស្បែកគោទទឹក
ខ្ញុំមិនប្រាកដថា ខ្ញុំយល់អំពីអ្វីដែលហៅថាជំនួញស្បែកគោទទឹកនោះទេ ។ ប៉ុន្តែ បើតាមការសង្កេតនូវអ្វីដែលចាស់ទុំខ្មែរតែងយកពាក្យនេះមកនិយាយ គឺគាត់សំដៅដល់ទង្វើណាដែលនាំឲ្យខូចខាតប្រយោជន៍ខ្លួនឯង ។
សង្គ្រាមរវាងប្រទេសរុស្សីនិងអ៊ុយក្រេនបានឈានចូលដល់អាទិត្យទីបីហើយ ។ មហន្តរាយនិងការបាត់បង់ជីវិតមនុស្សក៏បានកើនឡើងរឹតតែច្រើនដែរ ។ ជាទស្សនផ្ទាល់ខ្លួន ខ្ញុំស្អប់និងថ្កោលទោសសង្គ្រាមគ្រប់រូបភាពទាំងអស់ ។ សម្រាប់ខ្ញុំ នៅក្នុងសង្គ្រាម គ្មានភាគីចាញ់ឬឈ្នះទេ ។ មានតែជនរងគ្រោះតែប៉ុណ្ណោះ ។ ទោះជាយ៉ាងណាក៏ដោយ រាល់សង្គ្រាមទាំងអស់រមែងមានទីបញ្ចប់របស់វា ។ ហើយនៅទីបញ្ចប់នោះ លទ្ធផលនឹងស្តែងចេញមកអំពីការខាតបង់នៃភាគីនីមួយៗ ។
ពូទីនជាអ្នកផ្តួចផ្តើសង្គ្រាមនៅអ៊ុយក្រេន ។ អ្នកដែលតាមដានពត៌មានពិភពលោក ជាពិសេសអំឡុងពេលបីខែកន្លងទៅនេះ ប្រហែលជានៅចាំថា ពូទីន គាត់កើតទុក្ខមិនសុខចិត្តជាមួយប្រទេសអ៊ុយក្រេន ដែលហាក់ដូចជាមានភក្តីភាពជាមួយនឹងប្រទេសលោកសេរីច្រើនជាងរបបផ្តាច់ការនៅរុស្សី ។ នៅក្នុងគំនិតគាត់ ពូទីនគិតថា បើប្រទេសអ៊ុយក្រេនក្លាយជាសមាជិកសហគមអឺរ៉ុបដែលមានអង្គការណាតូនៅពីក្រោយ វានឹងធ្វើឲ្យប្រទេសរុស្សីបាត់បង់សុវត្ថិភាព ។ ដោយយកសុវត្ថិភាពប្រទេសរុស្សីមកធ្វើជាលេស ពូទីនក៏ចាប់ផ្តើមរករឿងប្រទេសអ៊ុយក្រេនដោយប្រការផ្សេងៗ រហូតដល់យកកងទ័ពរាប់មុឺននាក់មករាយនិងធ្វើសមយុទ្ធតាមបន្ទាត់ព្រុំដែនប្រទេសអ៊ុយក្រេន ។ នៅក្នុងការធ្វើសមយុទ្ធនោះ ភ្នាក់ងារស៊ើបការនៃប្រទេសលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិក បានប្រកាសឲ្យពិភពលោកដឹងថា ពូទីនរៀបចំឈ្លានពានប្រទេសអ៊ុយក្រេន ។ ទោះបីគម្រោងរបស់គាត់ត្រូវបែកធ្លាយក៏ដោយ ក៏ពូទីនមិនព្រមទទួលស្គាល់ការពិតឡើយ ។ គាត់ខំរកពាក្យភូតកុហកនានាដើម្បីបង្វែងដាន ដោយនិយាយថាគាត់គ្មានបំណងចូលលុកលុយប្រទេសអ៊ុយក្រេនឡើយ ។ ប៉ុន្តែ ការភូតកុហកនោះ គឺគាត់កុហកបានតែខ្លួនឯងប៉ុណ្ណោះ ។ មេដឹកនាំនៃប្រទេសលោកខាងលិច ជាពិសេសប្រទេសអ៊ុយក្រេន មិនបានជឿពាក្យភូតកុហកគាត់នោះឡើយ ។ ពួកគេរៀបចំជើងព្រួលទុកជាមុនរួចស្រេច ។ ដូច្នេះ នៅពេលពូទីនគាត់លេបពាក្យសម្តីខ្លួនឯង ដោយចូលលុកលុយប្រទេសអ៊ុយក្រេនទាំងកម្រោល (Naked Invasion) គ្មាននរណាមួយភ្ញាក់ផ្អើលឡើយ ។ គឺមានតែពូទីនម្នាក់គត់ដែលភ្ញាក់ផ្អើល ។
កត្តាដ៏ធំបំផុតដែលធ្វើឲ្យពូទីនភ្ញាក់ផ្អើល គឺភាពស្វិតស្វាញនៅក្នុងការតស៊ូរបស់កងទ័ពអ៊ុយក្រេន ។ ពូទីនគាត់មិននឹងស្មានថា កងទ័ពអ៊ុយក្រេន អាចទប់ទល់ជាមួយនឹងកងកម្លាំងពិសេសរបស់រុស្សី ដែលគាត់បញ្ជូនតាមឧទ្ធមភាគចក្រមកវាយលុកកាន់កាប់ទីក្រុង គ្យីវ ឡើយ ។ កងកម្លាំងពិសេសទាំងនោះមិនត្រឹមតែមិនអាចចូលលុកក្នុងទីក្រុង គ្យីវ បានទេ ថែមទាំងស្លាប់អស់ជាច្រើនាក់ថែមទៀត ។
ការធ្វើសង្គ្រាម គេត្រូវប្រើយុទ្ធសាស្ត្រដ៏សំខាន់មួយ ដែលភាសាអង់គ្លេសហៅថា Element of Surprise (វាយប្រហារចំនុចខ្សោយ) ។ នៅពេលដែលពូទីន បញ្ចេញសាច់ដុំក្នុងរូបភាពសមយុទ្ធរយៈពេលប្រមាណជាមួយខែ តាមបណ្តោយព្រុំដែលអ៊ុយក្រេននោះ ប្រទេសអ៊ុយក្រេនបានត្រៀមអាវុធសំខាន់ៗមួយចំនួន ដូចជាកាំជ្រួចសម្រាប់បាញ់រថក្រោះនិងយន្តហោះ ព្រមទាំងយន្តហោះចម្បាំងស្វ័យប្រវត្តិ (Drones) ផងដែរ ។ ក្នុងចំណោមយន្តហោះចម្បាំងស្វ័យប្រវត្តិទាំងនេះ មានយន្តហោះម៉្យាងឈ្មោះបេរ៉ាក់តា (Bayrakta) ដែលផលិតដោយប្រទេសទួគី ផ្តល់សារប្រយោជន៍ឲ្យកងទ័ពអ៊ុក្រេនខ្ពស់ជាងគេ ។ មុនពេលកងទ័ពរុស្សីចូលឈ្លានពាន ប្រទេសអ៊ុយក្រេនបានទិញដ្រូនប្រភេទ បេរ៉ាក់តា ចំនួន២០គ្រឿងដើម្បីទុកការពារប្រទេស ។ គឺដ្រូនបេរ៉ាក់តានេះហើយដែលបានទប់ក្បួនរថក្រោះនិងរថពាសដែករបស់កងទ័ពរុស្សីដែលមានប្រវែងប្រមាណជា ៤០គីឡូម៉ែត្រនោះ ឲ្យនៅទ្រឹងមួយរយៈ ។ សព្វថ្ងៃនេះ គេមិនដឹងថាប្រទេសអ៊ុយក្រេនទិញដ្រូន បេរ៉ាក់តា នេះប៉ុន្មានគ្រឿងថែមទៀតទេ ។
ការចូលលុកលុយត្រួតត្រាប្រទេសមួយ ដែលពលរដ្ឋគេមិនស្វាគម ទោះបីប្រទេសនោះតូចនិងខ្សត់ខ្សោយយ៉ាងណាក៏ដោយ គឺមិនដែលទទួលបានលទ្ធផលល្អទេ ។ សង្គ្រាមរបស់សហរដ្ឋអាមេរិកនៅប្រទេស វៀតណាម ក្នុងទសវស្សឆ្នាំ ១៩៦០ គឺជាមេរៀនមួយ ។ មេរៀនមួយទៀតគឺការលុកលុយរបស់អតីតសហភាពសូវៀតចូលកាន់កាប់ប្រទេសអាហ្វហ្គានីស្ថាន នៅទសវត្សឆ្នាំ ១៩៨០ ។ សហរដ្ឋអាមេរិកនិងសហភាពសូវៀតកាលនោះ មានរដ្ឋាភិបាលអាយ៉ងជួយសម្របសម្រួលឲ្យឈរជើងនៅក្នុងប្រទេសពួកគេផងដែរ ។ ប៉ុន្តែ នៅទីបំផុតសហរដ្ឋអាមេរិកនិងសហភាពសូវៀតត្រូវបង្ខំចិត្តដកកងទ័ពចេញពីប្រទេស វៀតណាមនិងអាហ្វហ្គានីស្ថាន យ៉ាងអាម៉ាសមុខ ។
បច្ចុប្បន្ន ប្រទេសអ៊ុយក្រេនហាក់ដូចជាគ្មានក្រុមអាយ៉ងចាំទទួលកងទ័ពរុស្សីទេ ។ ដូច្នេះ ការលុកលុយកាន់កាប់ប្រទេសអ៊ុយក្រេន គឺជាការផ្សងព្រេងមួយដែលមានពាក្យ "បរាជ័យ" សរសេរទុកនៅលើជញ្ជាំងរួចទៅហើយ ។ រុស្សីអាចបន្តបាញ់កាំជ្រួចនិងទម្លាក់គ្រាប់បែកលើប្រទេស អ៊ុយក្រេន ឲ្យក្លាយទៅជាផេះ ក៏ប៉ុន្តែកងទ័ពរុស្សីមិនអាចឈរជើងនៅទីនោះបានឡើយ ។ ពួកគេនៅទីនោះកាន់តែយូរ ជីវិតមនុស្សទាំងសងខាងនឹងបាត់បង់កាន់តែច្រើន ។ បើគិតជាកត្តាយុទ្ធសាស្ត្រ ប្រទេសរុស្សីបានចាញ់និងបាត់បង់សារប្រយោជន៍យ៉ាងធ្ងន់ធ្ងររួចទៅហើយ ។
ទីមួយ ផ្នែកសេដ្ឋកិច្ចដែលប្រទេសរុស្សីអភិវឌ្ឃរយៈពេល៣០ឆ្នាំកន្លងទៅនេះ ត្រូវវិនាសហិនហោចស្ទើរតែទាំងស្រុង ។
ទីពីរ នៅក្នុងវិស័យយោធា ប្រទេសនៅក្នុងសម្ព័ន្ធមិត្តណាតូ មិនត្រឹមតែរឹតចំណងសាមគ្គីគ្នារឹងមាំជាងមុនទេ ពួកគេថែមទាំងបង្កើនថវិកាពង្រឹងពង្រីកកងទ័ពនិងយុទ្ធោប្បករណ៍សង្គ្រាមថែមទៀត ។ មិនតែប៉ុណ្ណោះ ពូទីន បានបង្ហាញគេឃើញនូវភាពកម្សោយផ្នែកសឹកសង្គ្រាមរបស់គាត់ផងដែរ ។ វាមិនខុសអំពីជ្រុះសំពត់ឲ្យគេមើលឃើញកេរ្ត៍ខ្មាសនោះឡើយ ។
បើនិយាយអំពីយុទ្ធសាស្ត្រសង្គ្រាមរបស់កងទ័ពអ៊ុយក្រេនវិញ ពួកគេមិនតតាំងជាមួយកងទ័ពរុស្សីនៅចំពោះមុខទេ ។ យុទ្ធសាស្ត្រចម្បងគឺកាត់ផ្តាច់ទំនាក់ទំនងនិងបណ្តាញផ្គត់ផ្គង់ស្បៀងនិងយុទ្ធោប្បករណ៍សម្រាប់កងទ័ពនៅជួរមុខ (Frontline Forces) របស់រុស្សី ។ បន្ទាប់ពីបង្កឧបសគ្គនិងបង្អាក់ដំណើរ កងទ័ពអ៊ុយក្រេនវាយឆ្មក់ក្បួនទ័ពរុស្សីត្រង់នេះបន្តិច ត្រង់នោះបន្តិច ប្រៀបដូចជាត្រីចង្វាចឹកប្រហុក ។ ការធ្វើសង្គ្រាមប្រភេទនេះ ទោះបីជាប្រទេសរុស្សីមានកងទ័ពនិងអាវុធយុទ្ធភ័ណ្ឌរាប់មិនអស់ ក៏មិនអាចស៊ូទ្រាំបានដែរ ។ ក្រឡាអុកសម្រាប់រុស្សីដើរមានតែមួយទេ៖ ចរចាបញ្ចប់សង្គ្រាមរឹតតែឆាប់ រឹតតែល្អ ៕
Subscribe to:
Post Comments (Atom)
ចំណីខួរក្បាល
គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...
-
រឿង តោនិងក្របីព្រៃ តោមួយបានដើរស្វែងរកអាហារ នៅក្បែរមាត់ព្រៃ ។ នៅពេលវាដើរ មកដល់ក្បែរមាត់បឹងមួយ វាបានឃើញក្របីព្រៃឈ្មោលចំនួនបួន កំពុង ឈរស៊ីស...
-
រឿង ក្មេងប្រុសនិងសត្វកង្កែប មានក្មេងប្រុសមួយក្រុម បាននាំគ្នាទៅរត់លេង នៅក្បែរមាត់ត្រពាំងមួយ ដែលមានសត្វកង្កែបជាច្រើនរស់នៅ ។ បន្ទាប់ពីពួកគេរត...
-
ឱកាសនៅក្នុងឧបស័គ្គ (Opportunity inside Obstacle) នៅក្នុងរង្វង់ជនអន្តោប្រវេសដែលទៅរស់នៅក្នុងប្រទេសថ្មី មានពាក្យមួយឃ្លាដែលគេតែងពោលថា៖ ជនអន្តោ...
No comments:
Post a Comment