Friday, May 6, 2022
ចំណីខួរក្បាល
ទម្លាប់
អ៊ំស្រីខ្ញុំម្នាក់ ជាមនុស្សអៀនប្រៀនមិនសូវចេះមាត់កទេ ។ កាលគាត់រស់នៅស្រុកខ្មែរ ផ្ទះគាត់មានអណ្តូងទឹកមួយ ។ នៅក្បែរអណ្តូងទឹកនោះ មានពាងទឹកដ៏ធំមួយសម្រាប់ស្តុកទឹកដែលដងចេញពីក្នុងអណ្តូងមកទុកងូតប្រចាំថ្ងៃ ។ មនុស្សប្រុសស្រីក្នុងគ្រួសារតែងតែផ្លាស់ក្រមាឬសារ៉ុងងូតទឹកក្បែរអណ្តូងនោះជាប្រចាំ ។ ចំណេរក្រោយមក អ៊ំខ្ញុំបានមករស់នៅស្រុកអាមេរិក ហើយក៏រៀនរស់ជាមួយនឹងរបៀបរបបនៃអារ្យប្រទេស ។ ទម្លាប់មួយដែលអ៊ំខ្ញុំមិនអាចផ្លាស់ប្តូរបានគឺការចងពុងក្រមាងូតទឹក ទោះបីជានៅក្នុងបន្ទប់ទឹកមានតែគាត់ម្នាក់ឯងក៏ដោយ ។ កូនៗគាត់បានដាស់តឿនគាត់ថានៅក្នុងបន្ទប់ទឹក គ្មាននរណាមើលគាត់ឃើញទេ ។ ដូច្នេះ មិនចាំបាច់ចងពុងក្រមានាំឲ្យទើសទែងពិបាកដុសក្អែលឡើយ ។ អ៊ំខ្ញុំតបទៅពួកគេវិញថា៖ "គ្មាននរណាមើលអញឃើញមែន ក៏ប៉ុន្តែ អញខ្មាសខ្លួនឯងណាស់" ។ បន្ទាប់ពីឮគាត់និយាយដូច្នោះ កូនៗរបស់គាត់ក៏ឈប់ដុកដាន់អំពីប្រការដែលអ៊ំខ្ញុំចងពុងក្រមាងូតទឹកក្នុងបន្ទប់ទឹក ។
ថាអ៊ំស្រីខ្ញុំចុះជាមនុស្សបុរាណមិនអាចប្រែប្រួលឲ្យទាន់សម័យកាល ។ អ្នកផ្ទះខ្ញុំដែលជាក្មេងកើតនៅទសវត្សឆ្នាំ ១៩៨០ ក៏ហាក់ដូចជាមិនអាចកែទម្លាប់បានដូចគ្នា ។ ភរិយាខ្ញុំចម្រើនវ័យនៅក្រៅទីក្រុង ។ ផ្ទះរបស់គាត់មានពាងទឹកធំៗមួយចំនួនសម្រាប់ស្តុកទឹកភ្លៀងឬក៏ទឹកទន្លេ ដែលបងប្អូនគាត់យករុឺម៉កធុងសាំងទៅអូសយកមកចាក់បំពេញ ។ នៅក្បែរពាងទឹកទាំងនោះ មានកូនកៅអីឈើទាបមួយសម្រាប់អង្គុយស្រដៀងអង្គុយចោងហោងដែរ ។ គឺកូនកៅអីឈើទាបនោះហើយ ដែលភរិយាខ្ញុំគាត់អង្គុយដុសធ្មេញនិងលុបមុខនៅក្បែរពាងទឹករៀងរាល់ថ្ងៃ ។ ទម្លាប់នោះ ភរិយាខ្ញុំនាំយកមករហូតដល់ស្រុកអាមេរិកដែរ ។ រៀងរាល់ថ្ងៃ អ្នកផ្ទះខ្ញុំគាត់តែងតែយកកូនកៅអីជ័រទាបមួយ ដែលខ្ញុំទិញយកមកដាក់ក្បែរ សុីង ឬបាសាំងលុបមុខសម្រាប់ឲ្យកូនក្មេងឈរទើតលើដើម្បីដុសធ្មេញ ទៅដាក់នៅក្នុង បាសថាប់ (Bathtub) ឬកន្លែងងូតទឹក ហើយអង្គុយដុសធ្មេញទៅតាមទម្លាប់ដែលគាត់ធ្លាប់ធ្វើនៅស្រុកខ្មែរ ។ ខ្ញុំសួរគាត់ថា ហេតុអ្វីក៏មិនឈរដុសធ្មេញនៅកន្លែងដែលគេធ្វើសម្រាប់ឲ្យយើងដុសធ្មេញនោះ? ភរិយាខ្ញុំតបថា ឈរដុសធ្មេញដូច្នឹងមានអារម្មណ៍ថាមិនមានផាសុកភាពដូចអង្គុយទេ ។
ករណីទាំងពីរខាងលើនេះជាទម្លាប់ដ៏សាមញ្ញនិងងាយស្រួលលះបង់ជាទីបំផុត ។ ប៉ុន្តែ សម្រាប់មនុស្សមួយចំនួន វាជាករណីមិនអាចកែប្រែបានទៅវិញ ។ និយាយអំពីប្រការនេះ ខ្ញុំនឹកទៅដល់លទ្ធិប្រជាធិបតេយ្យនិងសង្គមខ្មែរ ។ ផ្អែកលើប្រវត្តិសាស្ត្រ លទ្ធិប្រជាធិបតេយ្យត្រូវបាននាំយកមកអនុវត្តក្នុងស្រុកខ្មែរដំបូងបំផុតនៅចុងទសវត្សឆ្នាំ ១៩៤០ ។ អ្នកដែលផ្តួចផ្តើមបណ្តុះផ្នត់គំនិតប្រជាធិបតេយ្យនៅក្នុងសង្គមខ្មែរ ភាគច្រើនគឺជាអតីតនិស្សិតដែលត្រឡប់មកពីសិក្សានៅឯប្រទេសបារាំង ។ បើមើលតាមគោលការណ៍និងទ្រឹស្តី លទ្ធិប្រជាធិបតេយ្យអាចផ្តល់សារប្រយោជន៍ដល់ជីវិតពលរដ្ឋខ្មែរច្រើនណាស់ ។ ក៏ប៉ុន្តែ នៅពេលដែលយកវាមកអនុវត្ត ពលរដ្ឋខ្មែរហាក់ដូចជាគ្មានលទ្ធភាពអនុវត្តគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យទេ ។ ចរិតរណបបុគ្គលដែលមានសក្តិយសខ្ពស់ជាងខ្លួន គឺហាក់ដូចជាកប់យ៉ាងជ្រៅនៅក្នុងផ្នត់គំនិតពលរដ្ឋខ្មែរ ។ វាស្តែងចេញជាទង្វើស្ទើរតែគ្មាននរណាចាប់ភ្លឹកសោះឡើយ ។ ឧទាហរណ៍ នៅក្នុងជួរមន្ត្រីរាជការ កិច្ចការផងទាំងពួងដែលបុគ្គលម្នាក់ៗធ្វើ គេតែងតែផ្តល់កិត្តិយស (Credits) ជូនទៅថ្នាក់លើជានិច្ច ។ ចំណែកឯពលរដ្ឋក៏ដូចគ្នាដែរ ។ ពួកគេមិនដែល ឬមិនហ៊ានចាត់ទុកអាជ្ញាធរថាជាអ្នកបម្រើរបស់ខ្លួនឡើយ ។ មិនតែប៉ុណ្នោះ ពលរដ្ឋចាត់ទុកមន្ត្រីរាជការថាជាម៉ែឪទៅវិញ ។ ជាលទ្ធផល កម្រមាននរណាម្នាក់ហ៊ានចេញមុខបង្គាប់បញ្ជា ឲ្យមន្ត្រីរាជការធ្វើកិច្ចការងារសមប្រកបទៅនឹងបំណងរបស់ខ្លួនណាស់ ។
ភាពសាមញ្ញនៃគោលការណ៍ប្រជាធិបតេយ្យ គឺកិច្ចសន្យារវាងពលរដ្ឋនិងអាជ្ញាធរ ដែលភាសាអង់គ្លេសហៅថា Social Contract ។ នៅក្នុងកិច្ចសន្យានេះ អាជ្ញាធរគ្រប់ស្រទាប់ទាំងអស់ជាអ្នកបម្រើរបស់ពលរដ្ឋ ដែលភាសាអង់គ្លេសហៅថា Public Servants ។ ក្នុងន័យនេះ អាជ្ញាធរដែលមានតួនាទីជាអ្នកបម្រើគ្មានសិទ្ធិប្រព្រឹត្តអ្វីៗតាមតែអំពើចិត្តឡើយ ។ ប៉ុន្តែ នៅក្នុងការអនុវត្តជាក់ស្តែង ពលរដ្ឋកម្រហ៊ានក្អកណាស់ ចង់អាជ្ញាធរប្រព្រឹត្តកំហុសរាប់មិនអស់ក៏ដោយ ។ ឧទាហរណ៍ កៀបសង្កត់បក្សនយោបាយជំទាស់ ឬក៏ពលរដ្ឋដែលជំទាស់មិនគាំទ្រគោលនយោបាយរបស់អាជ្ញាធរ ឲ្យរងទុក្ខឥតល្ហែររាប់ខែឆ្នាំ ។ បើនិយាយអំពីកិច្ចសន្យាសង្គម (Social Contract) វាគឺជាកំហុសដែលមិនអាចលើកលែងឲ្យបាន ។ ក៏ប៉ុន្តែ សម្រាប់ពលរដ្ឋខ្មែរដែលជាចៅហ្វាយនាយរបស់អាជ្ញាធរនោះ វាគឺជារឿងធម្មតា ដ្បិតទម្លាប់របស់យើងតាំងតែពីដើមរៀងមក មិនដែលហ៊ានស្តីបន្ទោសឬក៏ចាប់ទោសអូសដំណើរអាជ្ញាធរម្តងណាឡើយ ។ ជាលទ្ធផល លទ្ធិប្រជាធិបតេយ្យដែលយើងកំពុងតែអនុវត្តសព្វថ្ងៃ បានក្លាយទៅជាកូនរលូតរស់នៅក្នុងកែវសម្ភព មិនដឹងពេលណានឹងបានឃើញពន្លឺថ្ងៃដូចគេដូចឯងទេ ។ សង្ឃឹមថា វាមិនស្លាប់នៅពាក់កណ្តាលទី ៕
Subscribe to:
Post Comments (Atom)
ចំណីខួរក្បាល
គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...
-
រឿង តោនិងក្របីព្រៃ តោមួយបានដើរស្វែងរកអាហារ នៅក្បែរមាត់ព្រៃ ។ នៅពេលវាដើរ មកដល់ក្បែរមាត់បឹងមួយ វាបានឃើញក្របីព្រៃឈ្មោលចំនួនបួន កំពុង ឈរស៊ីស...
-
រឿង ក្មេងប្រុសនិងសត្វកង្កែប មានក្មេងប្រុសមួយក្រុម បាននាំគ្នាទៅរត់លេង នៅក្បែរមាត់ត្រពាំងមួយ ដែលមានសត្វកង្កែបជាច្រើនរស់នៅ ។ បន្ទាប់ពីពួកគេរត...
-
ឱកាសនៅក្នុងឧបស័គ្គ (Opportunity inside Obstacle) នៅក្នុងរង្វង់ជនអន្តោប្រវេសដែលទៅរស់នៅក្នុងប្រទេសថ្មី មានពាក្យមួយឃ្លាដែលគេតែងពោលថា៖ ជនអន្តោ...
No comments:
Post a Comment