Thursday, December 20, 2012

Fables and Folktales

រឿង ទន្សាយនិងអណ្តើក

ទន្សាយមួយបានឃើញអណ្តើកវារគើមៗ នៅលើវាលស្មៅក្បែរមាត់
បឹង ។ វាក៏ដើរទៅជិត ហើយនិយាយចំអកឡកឡាយឲ្យអណ្តើកថា៖
“នែ៎ ! បងអណ្តើក នៅលើលោកនេះ ប្រហែលជាគ្មានសត្វជើងបួនណា
ដើរយឺតជាងបងឯងទេ” ។ អណ្តើកឮទន្សាយនិយាយបង្អាប់វាដូច្នោះ
វាក៏ឆ្លើយឌឺដងដាក់ទន្សាយវិញថា៖ “ប្រាកដជាមាន ! សត្វនោះគឺ
ទន្សាយ” ។ ទន្សាយឮអណ្តើកនិយាយដូច្នោះ វាអស់សំណើចយ៉ាងខ្លាំង
ហើយក៏តបទៅវិញថា៖ “បើអញ្ចឹង យើងគួរតែភ្នាល់គ្នារត់ប្រណាំងសាក
មើល តើអ្នកណាលឿនជាងអ្នកណា ?” ។ “ល្អ !” អណ្តើកឆ្លើយតប
“យើងនឹងរត់ប្រណាំងគ្នា ឲ្យឃើញសខ្មៅម្តង ព្រោះខ្ញុំចង់ដឹងថា តើសត្វ
ទន្សាយ ដែលល្បីថារត់លឿនដូចផ្លេកបន្ទោរនោះ អាចយកជ័យជម្នះ
លើខ្ញុំ បានដែរឬទេ ?” ។
លុះព្រមព្រៀងគ្នាហើយ ទន្សាយនិងអណ្តើកក៏ទៅពឹងខ្លែង ឲ្យជួយធ្វើ
ជាអជ្ញាកណ្តាល ។ បន្ទាប់ពីបានជ្រើសរើសទិសដៅ និងទីកំណត់ក្នុង
ការរត់ប្រណាំងរួច ខ្លែងក៏បានពាំស្លឹកឈើក្រៀម យកមកតម្រៀបគ្នាជា
ជួរ ដើម្បីធ្វើជាខ្សែបន្ទាត់សម្រាប់ចាប់ផ្តើម ។ ខ្លែងបានប្រាប់ទន្សាយនិង
អណ្តើកថា៖ “នៅពេលដែលខ្ញុំរាប់ដល់បី អ្នកទាំងពីរត្រូវចាប់ផ្តើមរត់
ភ្លាម” ។ ប្រាប់រួច ខ្លែងក៏ចាប់ផ្តើមរាប់ៈ “មួយ ! ពីរ ! បី !” ។
បន្ទាប់ពីខ្លែងរាប់ដល់បី ទន្សាយនិងអណ្តើកក៏ចាប់ផ្តើមរត់ប្រណាំងគ្នា
យ៉ាងលឿន ។ គ្រាន់តែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ ទន្សាយបានរត់ទៅមុន
អណ្តើក ឆ្ងាយផុតកន្ទុយភ្នែក ។ ដល់ពាក់កណ្តាលទី ទន្សាយក៏ឈប់
ហើយក្រឡេកមើលមកក្រោយ ដើម្បីរកមើលថាតើអណ្តើក បានរត់មក
ដល់ត្រឹមណាហើយ ។ ប៉ុន្តែ វារកមើលមិនឃើញស្រមោលអណ្តើក
ឡើយ ។ ពេលនោះ ទន្សាយគិតក្នុងចិត្តថាៈ ទោះជាអណ្តើករត់មួយថ្ងៃ
ទល់ល្ងាច ក៏មិនអាចមកទាន់វាដែរ ។ លុះគិតឃើញដូច្នោះហើយ
ទន្សាយក៏ចូលទៅដេក នៅក្រោមម្លប់ឈើមួយដើម ។ ភ្លេចៗខ្លួន ទន្សាយក៏ដេកលក់យ៉ាងស្កប់ស្កល់ ។ ពេលភ្ញាក់ដឹងខ្លួនឡើង វាក៏រត់
សំដៅទៅកាន់ទីកំណត់ ។ លុះទៅដល់ទីកំណត់ ទន្សាយស្រាប់តែ
ឃើញអណ្តើក នៅអង្គុយចាំវានៅទីនោះធ្វើព្រងើយ ៕
មិនត្រូវប្រមាទមាក់ងាយ គូបដិបក្ខរបស់ខ្លួនឡើយ

No comments:

ចំណីខួរក្បាល

គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...