Sunday, December 9, 2012

Fables and Folktales

រឿង ស្ត្រីមេម៉ាយនិងកូនប្រុសប្រាំនាក់
ស្ត្រីមេម៉ាយម្នាក់ មានកូនប្រុសប្រាំនាក់ ។ នៅពេលដែលកូនគាត់ធំពេញ
វ័យ គាត់បានរៀបចំទុកដាក់ពួកគេ ឲ្យមានគ្រួសារ និងចែកថវិកាឲ្យកូន
ទាំងនោះ ទិញផ្ទះនៅរៀងៗខ្លួន ។ លុះស្ត្រីមេម៉ាយនោះ មានវ័យចាស់
បន្តិច កូនគាត់ទាំងប្រាំនាក់ តែងតែនាំគ្នា យកម្ហូបចំណីមកជូនគាត់
ស្ទើរតែរាល់ថ្ងៃ ។ ថ្ងៃមួយ ស្ត្រីមេម៉ាយនោះបានគិតថាៈ ខ្លួនគាត់ចាស់
ហើយ ឯការរស់នៅរបស់គាត់ ក៏ត្រូវបានកូនៗរបស់គាត់ផ្គត់ផ្គង់ មិនឲ្យ
មានខ្វះកន្លះបន្តិចសោះឡើយ ។ ដូច្នេះ គាត់គួរតែយកមាសប្រាក់ និង
ទ្រព្យសម្បត្តិរបស់គាត់ ដែលនៅសេសសល់ទាំងប៉ុន្មាន ឲ្យទៅកូនៗ
របស់គាត់ យកទៅធ្វើដើមទុនរកស៊ីវិញ ទើបប្រសើរ ។ លុះគិតឃើញ
ដូច្នោះហើយ ស្ត្រីមេម៉ាយក៏ហៅកូនគាត់ទាំងប្រាំនាក់ មកជួបជុំគ្នា រួច
ហើយ គាត់ក៏ចែកទ្រព្យសម្បត្តិរបស់គាត់ទាំងប៉ុន្មាន ឲ្យទៅពួកគេ
អស់ទៅ ។
បន្ទាប់ពីស្ត្រីមេម៉ាយ បានចែកទ្រព្យសម្បត្តិរបស់គាត់ ឲ្យទៅកូនទាំង
ប្រាំនាក់អស់ហើយ កូនទាំងនោះស្រាប់តែឈប់រវីរវល់ ក្នុងការទំនុក
បំរុងគាត់ ដូចកាលពីពេលមុន ។ មិនយូរប៉ុន្មាន គាត់ក៏បានឈ្វេង
យល់ អំពីគំនិតរបស់កូនគាត់ ។ ពួកគេខិតខំយកម្ហូបចំណី មកជូនគាត់
ស្ទើរតែរៀងរាល់ថ្ងៃ កាលពីពេលមុននោះ គឺគ្រាន់តែយកចិត្តគាត់ ដើម្បី
ឲ្យគាត់ចែកទ្រព្យសម្បត្តិរបស់គាត់ ដែលនៅសេសសល់ទាំងប៉ុន្មាន
ឲ្យទៅពួកគេតែប៉ុណ្ណោះ ។ លុះគិតមកដល់ត្រង់នេះ គាត់មានសេចក្តី
តូចចិត្តយ៉ាងខ្លាំង ព្រោះអំពើរល្អ ដែលកូនៗរបស់គាត់ បានធ្វើចំពោះ
គាត់ទាំងប៉ុន្មាន គឺជាទង្វើ “ហុតទឹក សម្លឹងកាក” សោះ ។ ប៉ុន្តែ គាត់
មិនបាននិយាយអ្វី ឲ្យកូនគាត់ដឹង ថាគាត់មានការអាក់អន់ចិត្ត នឹងពួក
គេឡើយ ។
ថ្ងៃមួយ មានម្រាក់ជិតស្និទ្ធម្នាក់ បានមកសួរសុខទុក្ខគាត់ ។ ក្រោយពី
បានសំណេះសំណាលគ្នាអស់មួយសន្ទុះ ស្ត្រីមេម៉ាយក៏បាននិយាយ
ប្រាប់ម្រាក់របស់គាត់ អំពីទឹកចិត្តប្រែប្រួល របស់កូនគាត់ទាំងប្រាំ
នាក់ ។ បន្ទាប់ពីបានស្តាប់ រឿងរ៉ាវរបស់ស្ត្រីមេម៉ាយរួច ម្រាក់របស់គាត់
ក៏និយាយទៅកាន់គាត់ថា៖ “សូមបងកុំព្រួយចិត្តពេក រឿងនេះ ខ្ញុំមាន
មធ្យោបាយមួយ ដែលអាចជួយបងបាន ។ ស្អែកនេះ សូមបងហៅ
កូនៗរបស់បង មកញ៉ាំបាយពេលល្ងាច ជួបជុំគ្នានៅផ្ទះបង ។ ពេល
នោះ ខ្ញុំនឹងនាំយកទូដែក និងកូនសោរមួយ មកប្រគល់ជូនបង ។ បង
ត្រូវចាំថា កូនសោរនោះ គប្បីដាក់ទុកជាប់នឹងខ្លួនបងជានិច្ច មិនឲ្យ
នរណាយកទៅបើកមើល របស់នៅក្នុងទូដែកនោះឡើយ ។ នៅពេល
ដែលកូនរបស់បងសួរថា ហេតុអ្វីបានជាខ្ញុំ យកទូដែកនេះមកជូនបង
បងត្រូវប្រាប់ពួកគេថាៈ វាជាមាសប្រាក់ ដែលខ្ញុំបានជំពាក់បង យូរយារ
ណាស់មកហើយ ហើយពេលនេះ ទើបនឹងយកមកសងបងវិញ” ។
លុះព្រមព្រៀងគ្នារួចហើយ ស្ត្រីទាំងពីរ ក៏ចាត់ចែងរៀបចំ ធ្វើតាម
គម្រោងការរបស់ខ្លួន ។ នៅពេលដែលបានដឹងថា ម្តាយរបស់ពួកគេ
នៅសល់មាសប្រាក់ចំនួនមួយទូដែកទៀត កូនប្រុសទាំងប្រាំនាក់
របស់ស្ត្រីមេម៉ាយនោះ ក៏នាំគ្នាយកម្ហូបចំណី មកផ្គាប់ផ្គុនគាត់សាឡើង
វិញ ។ ដើម្បីយកចិត្តស្ត្រីមេម៉ាយនោះ កូនៗរបស់គាត់ មិនត្រឹមតែយក
ម្ហូបចំណីមកជូនគាត់ទេ ពួកគេថែមទាំងយកឡាន មកដឹកគាត់ដើរ
កំសាន្តទៀតផង ។ មិនតែប៉ុណ្ណោះ នៅពេលដែលស្ត្រីមេម៉ាយ បាន
ទទួលអនិច្ចកម្មទៅ កូនប្រុសរបស់គាត់ទាំងប្រាំនាក់ ថែមទាំង
ចំណាយប្រាក់យ៉ាងច្រើន ដើម្បីធ្វើបុណ្យជូនគាត់ យ៉ាងអធិកអធម ។
បន្ទាប់ពីរៀបចំធ្វើបុណ្យ បញ្ចុះសពម្តាយរួចហើយ កូនប្រុសទាំងប្រាំ
នាក់ របស់ស្ត្រីមេម៉ាយនោះ ក៏នាំគ្នាយកកូនសោរទៅបើកទូដែក
ដើម្បីយកមាសប្រាក់មកចែកគ្នា ។ ប៉ុន្តែ នៅពេលដែលពួកគេ បើក
ទូដែកនោះឡើង ពួកគេមិនឃើញមានអ្វី ក្រៅពីគ្រាប់គ្រួសមួយស្បោង
និងក្រដាសមួយសន្លឹក ដែលមានសរសេរពាក្យដូចតទៅ៖

ឲ្យទានតាំងចិត្តស្មោះ           កុំអាឡោះអាល័យស្ងួន

ទ្រព្យនេះនឹងនាំខ្លួន              ទៅបរលោកពុំសោះសូន្យ ។

                                               (ច្បាប់កេរ្តិ៍កាល)

No comments:

ចំណីខួរក្បាល

គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...