(បទពាក្យ ៧)
កាលពីព្រេងនាយនិទានថា មានអ្នកឧកញ៉ាចិញ្ចឹមសត្វ
សេកនិងសារិកាឈ្លាសវៃឆ្លាត បង្ហាត់ឲ្យចេះនិយាយស្តី ។
ថ្ងៃមួយឧកញ៉ាចាកចេញចរ ទៅរកជួញដូរនៅស្រុកឆ្ងាយ
ហៅសេកសារិកាមកជិតកាយ លែបខាយផ្តែផ្តាំពួកវាថា ។
នៅពេលយើងចេញទៅរកស៊ី ចូរឯងទាំងពីរជួយរក្សា
មើលការខុសត្រូវក្នុងគ្រឹហា ថែទាំការពារជួសយើងផង ។
សេកនិងសារិកាឆ្លើយតបស្តី ថាលោកកុំភ័យបារម្ភហ្មង
ពួកយើងនឹងមើលមិនឲ្យឆ្គង ខុសពីបំណងលោកម្ចាស់ទេ ។
ពេលអ្នកឧកញ៉ាទៅបាត់ឆ្ងាយ អស់គ្រាច្រើនថ្ងៃចូលដល់ខែ
ភរិយាគាត់មានចិត្តប្រួលប្រែ លួចនាំគូស្នេហ៌មកក្នុងផ្ទះ ។
សារិកាឃើញច្នោះក៏ពោលថា អុះឱ ! មាតាម្តេចផ្តេសផ្តាស
លួចមានសហាយឥតអៀនខ្មាស់
ទោសនេះធ្ងន់ណាស់ស្អុយកេរ្តិ៍ឈ្មោះ ។
លុះបានឮពាក្យសារិកាប្រាប់ ស្ត្រីសាវាឆាប់ចាប់យល់គ្រោះ
គាត់ធ្វើពុតយំស្តាយកំហុស សុំក្តីអនុគ្រោះពីសារិកា ។
ឱ ! សារិកាកូនមាសម្តាយអើយ ខ្លួនម៉ែខុសហើយមិនគួរណា
ផិតចិត្តស្វាមីមានស្នេហា អាស្រូវកាយាអសោចកេរ្តិ៍ ។
បាបកម្មនេះធ្ងន់ពន់ពេកក្រៃ ទោះធ្លាក់អវិចីក៏នៅតែ
មិនអាចលុបលាងទោសបានដែរ ជាតិនេះគ្មានទេក្តីសុខសាន្ត ។
ពោលចប់ស្ត្រីនោះអង្គុយយំ ខ្សឹកខ្សួលអួលងំមុខចង្ក្រាន
សារិកាឃើញស្ត្រីយំបោកប្រាណ គិតស្មានថាគាត់កើតទុក្ខពិត ។
វាក៏ហើរទៅទំលើស្មា ស្ត្រីនោះដោយចិន្តាអាណិត
ពេលសារិកាចុះមកកៀកកិត ស្ត្រីផិតប្រែចិត្តប្រើល្បិចថ្មី ។
ចាប់ជើងសារិកាហើយពោលថា នែ៎ ! អាសារិកាសត្វចង្រៃ
ឯងដឹងរឿងយើងច្រើនពេកក្រៃ ច្នេះឯងត្រូវក្ស័យថ្ងៃនេះម្តង ។
ពោលចប់ហើយចាប់មួលកបត់ សារិកាកំសត់ផុតជន្មបង់
បោះចូលក្នុងភ្លើងឆេះជាផង់ រលាយបាត់អង្គសូន្យសុងទៅ ។
ពេលអ្នកឧកញ៉ាវិលមកដល់ ផ្ទះវិញគាត់ឆ្ងល់ពន់ពេកកូវ
ដ្បិតឃើញតែសេកចាំលំនៅ គាត់ក៏ចៅរ៉ៅសួរសេកថា ។
សេកអើយសេកសោមឆោមនិមល ចូរអ្នកជួយផ្តល់របាយការណ៍
ពេលយើងទៅជួញឆ្ងាយគ្រឹហា តើមានព្រឹត្តិការណ៍អ្វីកើតទេ ? ។
សេកតបថា ឱ ! លោកម្ចាស់អើយ ពាក្យនេះខ្ញុំឆ្លើយដោយគ្នាន់គ្នេរ
ខ្ញុំមិនដឹងឮឃើញអ្វីទេ គ្រាន់តែដឹងថាបាត់សារិកា ។
មិនដឹងថាវាមានរឿងអ្វី ឬវាមានញីគូសង្សារ
លួចទៅរួមរ័កកៀកកើយគ្នា ក្នុងព្រៃព្រឹក្សាឆ្ងាយភូមិឋាន ។
រឿងនេះខ្ញុំក៏មិនដឹងច្បាស់ សូមទានប្រុសម្ចាស់ស្តាប់ឲ្យបាន
ទាល់តែសារិកាវិលវិញថ្កាន ទើបអាចប្រាប់បាននូវការពិត ៕
រស់នៅក្រោមអំណាចមនុស្សអន្យតិរ្ថីយ៍ គប្បីចេះធ្វើគធ្វើថ្លង់
No comments:
Post a Comment