ល្បើក ស្វាញីឈ្មោល (តចប់)
លុះបានស្តែងស្តាប់ មេបាវាប្រាប់ស្រេចបាច់
ស្វាញីមិនភ្លេច រំលេចវាចាអរគុណ ។
វាពោលថ្លែងថា មាតាបិតាចិត្តបុណ្យ
កូនលើកករពន្ទ បន្ទន់កាយគោរពអ្នក ។
ដែលបានយល់ព្រម អនុលោមជ្រោមជ្រែងប្រត្យក្ស
យកចិត្តទុកដាក់ បញ្ជាក់អនាគតកូន ។
គុណធម៌បាមេ ប្រៀបដូចទន្លេនិងក្បូន
ជួយរុញបញ្ជូន កូនឲ្យដល់ត្រើយមង្គល ។
សូមឲ្យទឹកចិត្ត ដែលមានទសពិធកុសល
នាំកូនឲ្យដល់ សុផលស្នេហាកុំឃ្លាត ។
ពោលចប់ស្វាញី សម្ភីវន្ទាលាញាតិ
រួចហើយឈ្លបឆ្លៀត រកស្នៀតប្រាប់គូសង្សារ ។
អំពីលទ្ធផល ឲ្យអស់កង្វល់គ្រប់គ្នា
រឿងរ៉ាវស្នេហា ដែលវាប្រាថ្នាកសាង ។
ថ្ងៃមួយបានជួប ស្វាឈ្មោលលើដើមកោងកាង
វាក៏ដើរឆៀង កៀងគ្នាសន្ទនាជាថ្មី ។
ថាបងស្វាឈ្មោល ចូលមកនេះរ៉ាចរណៃ
ស្តាប់ខ្ញុំស្រដី អំពីរឿងស្នេហាយើង ។
កន្លងច្រើនថ្ងៃ ដែលយើងទាំងពីរបានផ្តើម
សាងស្នេហ៍មួយឡើង ក្នុងភាពថ្កំថ្កើងស៊ីវីល័យ ។
ឥឡូវនេះដល់ ពេលដឹងលទ្ធផលហើយថ្លៃ
តើបងមានអ្វី ស្រដីមុនខ្ញុំប្រុងប្រាប់ ។
ស្វាឈ្មោលចូលជិត វរមិត្តសង្សារសាសព្ទ
ថាបងចាំស្តាប់ មេត្តាអូនប្រាប់ឆាប់មក ។
បងអន្ទះសា ស្ទើរសូន្យសង្ខារពន្លក
តាំងពីមានជោគ ចងស្នេហ៍អូនមកបងចាំ ។
ចម្លើយពីអូន ដូចក្បូនចាំអ្នកចែវនាំ
រុញដោលរេរាំ នាំយកទៅកាន់ត្រើយនាយ ។
ទោះបីអូនចោល ក្បូនស្នេហ៍តែលតោលរោយរាយ
ក៏បងមិនស្តាយ ចំណាយចិត្តស្នេហ៍ដែរពៅ ។
ព្រោះអូនបានផ្តល់ ឱកាសមួយដល់ឥឡូវ
ឲ្យបងមានផ្លូវ ចែចូវចងស្នេហ៍ថែស្ងួន ។
ប្រាប់បងត្រង់មក ពន្លកកុំភ័យអីអូន
បងមិនរុកកួន ឲ្យស្ងួនពិបាកចិត្តទេ ។
ដោយឬមិនដោយ បងផ្តល់សិទ្ធិឲ្យមាសមេ
សម្រេចរឿងស្នេហ៍ ដែលយើងទាំងទ្វេគួរសាង ។
ស្វាញីខ្សឹបថា បងពិតជាមានសំណាង
កម្មដែលបងសាង លទ្ធផលរុងរឿងផ្តល់ហើយ ។
អូនមានកិត្តិយស ប្រាប់បងដោយស្មោះត្រាណត្រើយ
ថាអូនស្ម័គ្រដោយ ឲ្យខ្លួនប្រាណចិត្តនិត្យនៅ ។
នែបនឹងនួនអ្នក ជាក់តាមលក្ខណៈចែចូវ
ច្នេះបងអាចទៅ បើកផ្លូវដណ្តឹងអូនចុះ ។
មេបាអូនព្រម ចិត្តគាត់ក៏ល្មមស្រួលស្រុះ
អូនបានពិគ្រោះ ផ្តល់កិត្តិយសជូនគាត់ផ្ទាល់ ។
ក្រោយពេលរៀបការ លោកមេបាទទួលស្គាល់
នោះស្នេហ៍យើងដល់ គោលដៅលទ្ធផលហើយណ៎ា ! ។
យើងនឹងចាប់ដៃ គ្នាជាស្វាមីភរិយា
រួមរក្សសម្ភារ កសាងគ្រួសារមួយឡើង ។
ក្រោយពីបានស្តាប់ ស្វាញីរៀបរាប់រឿងថ្កើង
ស្វាឈ្មោលហក់ប៉ើង តោងមែកឈើឡើងអបអរ ។
វាលោតដាំទីង រាំឡកកញ្ឆេងសាទរ
នឹងដំណឹងល្អ ដែលសង្សារយក៍មកប្រាប់ ។
មាត់វាស្រែកច្រៀង សំនៀងគ្រលួចកួចសព្ទ
ថ្លាថ្លែងរៀបរាប់ ប្រាប់ចិត្តរំភើបនៃវា ។
រាំច្រៀងអស់ចិត្ត ស្វាឈ្មោលចូលកិតសង្សារ
ពោលពាក្យវាចា ថាបងពិតជាអរណាស់ ។
បានអូនយល់ព្រម ដោយបងឥតប្រែក្រឡាស់
បញ្ជាក់ចិត្តច្បាស់ ប្រាប់មេបាចាស់ទុំផង ។
បងនឹងម្នីម្នា ពឹងពាក់មីងមាប្អូនបង
មេបាគ្រប់គ្រង ចូលចងភ្ជាប់ពាក្យអ្នកថ្លៃ ។
រួចរើសវេលា រៀបមង្គលការចងដៃ
តាមប្រពៃណី ឲ្យយើងទាំងពីរបានគ្នា ។
ជាប្តីប្រពន្ធ ប្រកបដោយបុណ្យវាសនា
រស់មានសុខា តាមក្តីប្រាថ្នានៃយើង ។
ពោលចប់ស្វាឈ្មោល ឈោងបេះផ្កាព្កុលមួយថ្កើង
បានហើយលើកឡើង ហុចទៅស្វាញីសង្សារ ។
ថាបងសូមជូន ផ្កានេះឲ្យអូនទុកជា
បន្ទាល់ស្នេហា បងនិងពុំងាទងវង ។
ផ្កាជានិមិត្ត នៃចិត្តស្មោះស្ម័គ្រទាក់ទង
អូនហើយនិងបង សម្រេចចិត្តចងស្នេហា ។
សន្យារួមរឹត ស្នេហ៍ស្និទ្ធនិត្យជាសង្សារ
ក្នុងវដ្តសង្សារ លុះខ្លួនមរណាឃ្លាតឃ្លា ។
ស្វាញីទទួល ផ្កាព្កុលដាក់ផ្ទាល់ហត្ថា
ហើយបួងសួងថា អូនសូមសច្ចាបន់ផ្សង ។
ឲ្យក្តីស្នេហ៍យើង យល់ភាពរុងរឿងគ្មានហ្មង
មានជោគជ័យឆ្លង ផុតពីគន្លងគ្រោតគ្រាត ។
ជីវិតមានន័យ រស់ក្នុងលោកីយ៍មួយជាតិ
បានសុខកុំឃ្លាត ជ្រកក្រោមធម្មជាតិពុទ្ធពរ ។
អាយុវណ្ណៈ សុខៈពលៈបវរ
តែងនៅកំដរ ចិត្តអរសាទររៀងរាប ។
រឿងល្បើកសត្វស្វា កសាងស្នេហាប្រៀបធៀប
សូមលោកអ្នកជ្រាប ដល់ទីបញ្ចប់ត្រឹមនេះ ។
បើមានខុសឆ្គង ឬចង់ផ្តោះផ្តងចំណេះ
ដៀលដេញគន់រិះ សូមផ្ញើតម្រិះតាមសារ ។
អេឡិចត្រូនិក មកស្មេរនាម ឆៃ ចិន្តា
កវីខេមរា ដូចពាក្យកត់ត្រាខាងក្រោម ៕
ផ្ញើសារទៅអ្នកនិពន្ធ: khemara_kakvey@yahoo.com
Subscribe to:
Post Comments (Atom)
ចំណីខួរក្បាល
គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...
-
រឿង តោនិងក្របីព្រៃ តោមួយបានដើរស្វែងរកអាហារ នៅក្បែរមាត់ព្រៃ ។ នៅពេលវាដើរ មកដល់ក្បែរមាត់បឹងមួយ វាបានឃើញក្របីព្រៃឈ្មោលចំនួនបួន កំពុង ឈរស៊ីស...
-
រឿង ក្មេងប្រុសនិងសត្វកង្កែប មានក្មេងប្រុសមួយក្រុម បាននាំគ្នាទៅរត់លេង នៅក្បែរមាត់ត្រពាំងមួយ ដែលមានសត្វកង្កែបជាច្រើនរស់នៅ ។ បន្ទាប់ពីពួកគេរត...
-
ឱកាសនៅក្នុងឧបស័គ្គ (Opportunity inside Obstacle) នៅក្នុងរង្វង់ជនអន្តោប្រវេសដែលទៅរស់នៅក្នុងប្រទេសថ្មី មានពាក្យមួយឃ្លាដែលគេតែងពោលថា៖ ជនអន្តោ...
No comments:
Post a Comment