រឿង តោនិងទន្សាយ
(បទ ភុជង្គលីលា)
តោមួយស្វែងរកចំណី នៅក្បែរមាត់ព្រៃ រំពៃសម្លឹង ។
ឃើញទន្សាយមួយដេកស្តឹង វាគិតរំពឹង លោតទៅចាប់ឆី ។
ក្សិណនោះមានឈ្លូសក្មេងវ័យ ដើរចេញពីព្រៃ ជួបវាក់នឹងតោ ។
តោឃើញឈ្លូសធាត់ធំល្អ វារេរត់មក៍ ដេញចាប់ឈ្លូសវិញ ។
ពេលឃើញតោស្ទុះមកដេញ ឈ្លូសក៏រត់ចេញ គេចយ៉ាងរហ័ស ។
ស្នូរជើងរត់ឮព្រូសប្រះ ដូចគេស្រែកដាស់ ទន្សាយឲ្យភ្ញាក់ ។
ទន្សាយភ័យស្លន់ញ័រញាក់ ស្ទុះរត់កន្ទ្រាក់ ចូលព្រៃបាត់ទៅ ។
ឯតោរត់ហត់ពេកកូវ ប្រឹងណាស់តែនៅ ដេញឈ្លូសមិនទាន់ ។
វាក៏ប្រញាប់រួសរាន់ វិលជាបន្ទាន់ មករកទន្សាយ ។
ប៉ុន្តែគួរឲ្យសោកស្តាយ ដ្បិតអីទន្សាយ បានរត់ទៅបាត់ ។
តោអង្គុយធ្មឹងស្ងៀមស្ងាត់ នឹកដល់ឧប្បត្តិ- ហេតុដែលកន្លង ។
ក្នុងចិត្តតោសែនមួហ្មង ព្រោះតែបំណង មិនបានសម្រេច ។
ប្រាក់ក៏បង់ថង់ក៏ដាច គ្មានអ្វីដែលអាច ស្រោចស្រង់វិញបាន ។
ស្តាយណាស់ស្តាយហួសប្រមាណ តោស្រែកទូន្មាន ខ្លួនវាឲ្យចាំ ។
ថាកុំលោភហួសបំណាំ ក្រែងលោជួបកម្ម បាត់លាភភោជនីយ ៕
អ្នកដែលលោភលន់ខុសច្បាប់ក្បួន ច្រើនតែផុងខ្លួនបាត់
ផលប្រយោជន៍ ។
“មានចាបមួយនៅក្នុងដៃ ប្រសើរជាងចាបពីរនៅក្នុងព្រៃគុម្ពោត”
(សុភាសិតជប៉ុន) ។
Subscribe to:
Post Comments (Atom)
ចំណីខួរក្បាល
គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...
-
រឿង តោនិងក្របីព្រៃ តោមួយបានដើរស្វែងរកអាហារ នៅក្បែរមាត់ព្រៃ ។ នៅពេលវាដើរ មកដល់ក្បែរមាត់បឹងមួយ វាបានឃើញក្របីព្រៃឈ្មោលចំនួនបួន កំពុង ឈរស៊ីស...
-
រឿង ក្មេងប្រុសនិងសត្វកង្កែប មានក្មេងប្រុសមួយក្រុម បាននាំគ្នាទៅរត់លេង នៅក្បែរមាត់ត្រពាំងមួយ ដែលមានសត្វកង្កែបជាច្រើនរស់នៅ ។ បន្ទាប់ពីពួកគេរត...
-
ឱកាសនៅក្នុងឧបស័គ្គ (Opportunity inside Obstacle) នៅក្នុងរង្វង់ជនអន្តោប្រវេសដែលទៅរស់នៅក្នុងប្រទេសថ្មី មានពាក្យមួយឃ្លាដែលគេតែងពោលថា៖ ជនអន្តោ...
No comments:
Post a Comment