(បទ កាកគតិ)
ទន្សាយមួយឆោត ដេកក្រោមដើមត្នោត នៅក្បែរគល់ជ្រៃ
ជួនផ្លែត្នោតទុំ ជ្រុះធ្លាក់មកដី រញ្ជួយប្រថពី
វាភ័យស្ទុះរត់ ។
ស្រែកប្រាប់គ្នីគ្នា ថាគ្រោះមរណា មកដល់ប្រាកដ
ផែនដីរញ្ជួយ កក្រើកបាក់ស្រុត ច្នេះយើងឆាប់រត់
គេចចេញឲ្យឆ្ងាយ ។
សត្វផងនានា ឮទន្សាយថា មានគ្រោះមហន្តរាយ
នាំគ្នាស្ទុះរត់ ជាន់គ្នាពេញព្រៃ ខ្លះបាក់ជើងដៃ
ដល់ក្តីមរណា ។
ក្សិណនោះដំរី ជាសត្វឈ្លាសវៃ គិតពិចារណា
ថាបើផែនដី រញ្ជួយមែនណា ម្តេចឈើនានា
នៅឈរនឹងថ្កល់ ។
ដើម្បីបញ្ជាក់ ឲ្យឃើញជាក់លាក់ ផុតក្តីពិភាល់
ដំរីសួរថា នរណាឃើញផ្ទាល់ នាំយើងទៅដល់
កន្លែងកើតហេតុ ។
ទន្សាយឆ្លើយថា គឺខ្ញុំនេះណា ឃើញអព្ភូតហេតុ
ផែនដីរញ្ជួយ ក៏ស្ទុះរត់ភ្លែត ស្រែកប្រាប់មូលហេតុ
ដល់សត្វគ្រប់គ្នា ។
ដំរីពោលថា បើដូច្នេះណា ឯងឆាប់ម្នីម្នា
នាំពួកយើងទៅ កន្លែងនោះណា ដើម្បីទស្សនា
ឲ្យឃើញប្រត្យក្ស ។
ពេលដើរទៅដល់ ក្រោមដើមត្នោតគល់ ផ្លែទុំជ្រុះធ្លាក់
មិនឃើញមានអ្វី គួរឲ្យផ្អើលភ្ញាក់ ផែនដីអត់បាក់
ស្រុតបន្តិចឡើយ ។
ពេលនោះដំរី ប្រាប់អស់ម្រឹគី ម្រឹគាទាំងឡាយ
ថាផ្លែត្នោតនេះ ធ្លាក់ក្បែរទន្សាយ វាភ័យរត់ផាយ
ថាផែនដីបាក់ ៕
មុននឹងប្រកាសអាសន្ន ត្រូវពិនិត្យមើលគ្រោះអាសន្ន
ឲ្យឃើញច្បាស់លាស់សិន
No comments:
Post a Comment