Wednesday, February 20, 2013

កំណាព្យមនោសញ្ចេតនា

ល្បើក ស្វាញីឈ្មោល (ត)
បន្ទាប់បានស្តាប់                ស្វាឈ្មោលរៀបរាប់ពីកម្ម
ដែលអាចដឹកនាំ                ស្នេហ៍ធ្លាក់ជ្រោះជ្រាំអវីចី ។
ស្វាញីពោលថា                 គិតទៅស្នេហាឈ្មោលញី
នៅក្នុងលោកីយ៍                ហាក់ស្មុគស្មាញក្រៃពេកណ៎ា ! ។
ខ្ញុំចង់សួរចិត្ត                      វរមិត្តឲ្យក្សាន្តចិន្តា
តើធ្វើយ៉ាងណា                 អាចរក្សាគ្នាដល់ក្ស័យ ។
ជីវិតសត្វលោក                 តែងយោកដូចឈើព្រឹក្សព្រៃ
ត្រូវខ្យល់បក់វាយ              រេបែររាល់ថ្ងៃមិនឈប់ ។
រីចិត្តសង្សារ                       ហាក់រេដូចគ្នាមិនស្កប់
តណ្ហាដឹកមុខ                    ងប់នឹងអ្វីៗគ្រប់យ៉ាង ។
ខ្លះងប់នឹងទ្រព្យ                 ខ្លះងប់នឹងល្បែងក្អេងក្អាង
ខ្លះគ្មានសំណាង               ងប់សហាយស្មន់អន្ធការ ។
ខ្ញុំសូមសួរបង                    ក្នុងនិក្ខេបបទនេះណ៎ា !
ពេលយើងក្លាយជា           ស្វាមីភរិយាហើយនោះ ។
តើធ្វើដូចម្តេច                    ជាកិច្ចអាចរំដោះគ្រោះ
រក្សាកិត្តិយស                     រស់មានសុភមង្គល ។
ដ្បិតភាពងល់ងប់               អាចមកសន្ធប់បុគ្គល
នាំចិត្តឲ្យខ្វល់                     អំពល់តែរឿងអភ័ព្វ ។
ស្វាឈ្មោលស្តាប់ហើយ     វាផ្តល់ចម្លើយរៀបរាប់
ថាបងសែនគាប់                ចិត្តជាប់នឹងអូនពេកក្រៃ ។
អូនលើកសំណួរ                មានឧទាហរណ៍ប្រពៃ
ប្រៀបធៀបព្រឹក្សព្រៃ         ត្រូវខ្យល់បក់វាយយោលយោក ។
ទៅនឹងចិត្តសត្វ                  ដែលនៅមិនស្ងាត់តោករខោក
រេទៅរេមក                          ជ្រកបរិយាការសង្គម ។
ការប្រៀបធៀបនេះ            ពិតនាំចំណេះឧត្តម
អាចឲ្យយើងខំ                    ស្វែងយល់ផ្សែផ្សំថែមទៀត ។
ធម្មជាតិសត្វលោក             កើតមកស្មោកគ្រោកចង្អៀត
ចរិយាមារយាទ                   ស្ថិតក្រោមសម្ពាធចំណង់ ។
ចង់មិនចេះចប់                    ចង់ភប់ប្រសព្វនឹងកម្ម
ដែលអាចពាំនាំ                   លទ្ធផលមុតមាំគ្រប់យ៉ាង ។
កម្មខ្លះនាំទុក្ខ                       កម្មខ្លះនាំសុខសំណាង
កម្មខ្លះពង្វាង                       នាំយើងឲ្យឃ្វាងមង្គល ។
លទ្ធផលម្តេចម្តា                 សត្វលោកគ្រប់គ្នាតែងខ្វល់
ប្រព្រឹត្តកម្មផល                   ប្រៀបខ្យល់បក់លើឈើព្រៃ ។
ទាំងយើងទាំងគេ                ចិត្តរមែងរេទីទៃ
ដូចចុងឈើព្រៃ                   ត្រូវព្រះពាយបក់យោកច្នោះ ។
ទោះបីច្នេះណា                    គង់នៅមានធម៌សង្គ្រោះ
អាចជួយរំដោះ                     ប្រោសសត្វលោកឲ្យផុតទុក្ខ ។
ធម៌នេះគឺចិត្ត                        ដែលវៀះគំនិតអបាយមុខ
សង្វាតរកសុខ                      មកទុកជាប់ខ្លួនជានិច្ច ។
សុខចិត្តសុខកាយ                បងសូមអធិប្បាយបន្តិច
យើងមិនអាចភ្លេច                ស្វែងរកឲ្យរូបយើងទេ ។
បើចិត្តនិងកាយ                     បានសុខស្ងប់ហើយមាសមេ
នោះពិតចិត្តស្នេហ៍                មិនងាកបែររេទេពៅ ។
ប្រៀបដូចគល់ឈើ               ដែលមិនរង្គើឈរនៅ
ទោះខ្យល់បក់ត្រូវ                 ក៏នៅឈរទ្រឹងរឹងមាំ ។
ស្លឹកមែកអាចរេ                     ឬបែរបាក់ធ្លាក់ខ្ទេចខ្ទាំ
តែគល់អាចទ្រាំ                     ឈរទ្រឹងរឹងមាំរហូត ។
គល់ឈើប្រៀបបាន              នឹងចិត្តដែលក្សាន្តប្រសូត
ចេញពីស្នេហ៍សុទ្ធ                 ប្រសិទ្ធដោយពុទ្ធឳវាទ ។
ក្រោយពេលបានស្តាប់          ស្វាឈ្មោលរៀបរាប់ក្បួនខ្នាត
ចរិយាមារយាទ                      លាតត្រដាងលក្ខណ៍រួចរាល់ ។
ស្វាញីវាចា                              ថាខ្ញុំនេះណ៎ា ! ទើបស្គាល់
បងឯងមិនដល់                       មួយថ្ងៃផងទេរៀមរ៉ា ។
តែខ្ញុំហាក់មាន                        និស្ស័យនៅក្នុងចិន្តា
ឈ្វេងយល់គិតថា                  បងពិតជាស្វាឈ្លាសវៃ ។
មានចិត្តសន្តោស                   ចេះរក្សាយសប្រពៃ
រស់ក្នុងលោកីយ៍                     មិនព្រួយខ្លាចក្តីទុក្ខា ។
បងមានចំណេះ                      ត្រិះរិះពីរឿងស្នេហា
ក្នុងវដ្តសង្សារ                          ដែលសត្វលោកាប្រឈម ។
លើសនេះទៅទៀត                បងមានមារយាទរមទម
គួរឲ្យប្រលោម                        ប្រឡែងលេងស្នេហ៍ទៀតផង ។
ដូច្នេះខ្ញុំសូម                             ប្រាប់បងក្នុងថ្ងៃនេះម្តង
ថាចិត្តខ្ញុំប៉ង                             ក្រងកម្រងស្នេហ៍ដែរពៅ ។
យើងនឹងរក្សា                          ទឹកចិត្តស្នេហាជាផ្លូវ
ពីថ្ងៃនេះទៅ                             ស្វែងយល់ជម្រៅចិត្តគ្នា ។
ឥឡូវនេះខ្ញុំ                              សុំចូលទ្រនំហើយណ៎ា !
អូនជំរាបលា                            ថ្ងៃក្រោយជួបគ្នាទៀតបង ។
ស្វាឈ្មោលពោលថា              អរគុណជីវ៉ានួនល្អង
ដែលស្ម័គ្រឲ្យបង                    ក្រងកម្រងស្នេហ៍នឹងអូន ។
ពោលចប់ពួកវា                       លាទៅជម្រករៀងខ្លួន
ចូលទៅដេកពួន                     ស្ងួនចិត្តជួបគ្នាជាថ្មី ។
ពីថ្ងៃនោះមក                           ពន្លកស្នេហ៍ស្វាឈ្មោលញី
លូតលាស់រាល់ថ្ងៃ                  ព្រោះក្តីព្យាយាមកើនទ្វេ ។
ស្ទើររាល់វេលា                        ឲ្យតែពួកវាទំនេរ
តែងតែរិះរេ                              សាសងក្រងស្នេហ៍ជានិច្ច ។
បើមិនបានជួប                        មុខផ្ទាល់ក៏វាមិនភ្លេច
ផ្ញើសារមេសេច្ច                      សួរសុខទុក្ខគ្នាផងដែរ ។
ជួនមានថ្ងៃខ្លះ                         ប៉ះទង្គិចពាក្យសាំញ៉ែ
លែបខាយស្និទ្ធស្នេហ៍            បែរមានជម្លោះទៅវិញ ។
តែទោះយ៉ាងណា                   ក៏ស្វាទាំងពីរខំវេញ
ច្នៃរឿងទោម្នេញ                     ឲ្យចេញជាធ្លុងស្នេហា ។
បរិសុទ្ធពិតមួយ                       មិនព្រួយពីរឿងប្រេះឆា
យកក្តីមេត្តា                             ធ្វើជាមូលដ្ឋានគ្រឹះស្នេហ៍ ។
កន្លងច្រើនថ្ងៃ                          បើគិតឲ្យខ្លីមួយខែ
ដែលស្វាទាំងទ្វេ                      កសាងក្តីស្នេហ៍ផ្តោះផ្តង ។
ស្វាញីឃើញថា                       កម្រងស្នេហាអូនបង
ក្លាយជាចំណង                       កួចចិត្តវាចងជាប់ហើយ ។
វាក៏ឆ្លាសឆ្លៀត                         ជួបសន្តានញាតិបង្កើយ
ពិគ្រោះឆ្លងឆ្លើយ                      ឲ្យដឹងហេតុការណ៍មធ្យ័ត ។
មានបានិងមេ                           ដែលវាតែងតែប្រណិប័តន៍
ថ្លែងប្រាប់ផ្ទាល់មាត់                ពីរឿងប្រតិព័ទ្ធខ្លឹមសារ ។
បាមេកូនសូម                          ប្រណមសុំក្តីមេត្តា
ប្រាប់រឿងស្នេហា                     ដែលកូនបានចារកន្លង ។
សូមលោកជួយរិះ                    គិតតាមចំណេះលោកផង
តើកូនគួរចង                            ចំណងស្នេហ៍ដែរឬទេ ។
ដ្បិតកូនបានស្គាល់                  ស្វាឈ្មោលមួយខ្វល់រឿងស្នេហ៍
គេបានតាមញ៉ែ                        សុំសាងស្នេហ៍ស្និទ្ធនិត្យខ្ញុំ ។
យើងបានចរចា                        សិក្សាចិត្តគ្នាសមរម្យ
គេហើយនិងខ្ញុំ                          ឃើញថាស័ក្តិសមឥតខ្ចោះ ។
ច្នេះកូនសូមសួរ                        គួរឬពុំគួរសន្តោស
តើលោកអាចប្រោស                ប្រណីអនុញ្ញាតឬទេ ។
បើកូនស្ម័គ្រយក                       ស្វាឈ្មោលនោះមកថ្នមថែ
ទុកជាគូស្នេហ៍                          ស្វាមីភរិយាតទៅ ។
មេបាស្វាញី                               សម្ភីស្តាប់ហើយចៅរ៉ៅ
ឆ្លើយថាកូនពៅ                         នាងនៅនឹងយើងយូរឆ្នាំ ។
ពីតូចដល់ធំ                               ម៉ុមខំរៀនជាប់ប្រចាំ
មិនមើលបំណាំ                         ចាំភ័ព្វព្រេងវាសនាឡើយ ។
ពេលនេះមាសម៉ុម                    វ័យពេញក្រមុំទៅហើយ
គួរកុំកន្តើយ                               ត្រាណត្រើយគិតរឿងជីវិត ។
បើកូនមានគេ                            ស្ម័គ្រស្នេហ៍ថែស្ងួនពិតៗ
នោះគួរវរមិត្ត                             លុះចិត្តស្និទ្ធស្នេហ៍គេចុះ ។
ចាប់ដៃគ្នាការ                            កសាងស្នេហាពេញយស
ដើម្បីរួមរស់                               នៅក្នុងសង្គមនៃយើង ។
មេបាគាំទ្រ                                កូនឲ្យបានល្អថ្កំថ្កើង
មិនឆ្មើងកន្ទ្រើង                         នាំរឿងឲ្យខ្វល់ខ្វាយទេ ។
បើកូនស្នេហ៍ស្មោះ                    នឹងស្វាឈ្មោលនោះឥតរេ
គួរតែប្រាប់គេ                            ឲ្យចូលដណ្តឹងកូនទៅ ។
បាមេអនុញ្ញាត                           តាមច្បាប់ក្បួនខ្នាតចែចូវ
ស្ម័គ្រជួយត្រាយផ្លូវ                    ឲ្យកូនពាលពៅជានិច្ច ។

                                                ( សូមរង់ចាំអានវគ្គបន្ត )

No comments:

ចំណីខួរក្បាល

គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...