Tuesday, February 19, 2013

រឿងល្បើកនិងរឿងនិទាន

រឿង ទន្សាយនិងខ្លា

(បទ បន្ទោលកាក)
ថ្លែងដោយទំនង            ដំណើរដើមទងសត្វម្រឹគ
រស់នៅវរវឹក                   យប់ថ្ងៃល្ងាចព្រឹកព្រួយភ័យ ។
ព្រោះមានសត្វខ្លា          មួយកាចឫស្យាចង្រៃ
ដេញខាំរាល់ថ្ងៃ             ចាប់ធ្វើចំណីឥតក្រែង ។
ម្រឹគទាំងអស់គ្នា            រស់រែងវេទនាក្រៃលែង
ក្នុងចិត្តចំបែង                ខ្លាចក្រែងត្រូវខ្លាប្រហារ ។
ថ្ងៃមួយពួកម្រឹគ             ហៅសមាជិកគ្រប់គ្នា
មកពិភាក្សា                   ដោះស្រាយរឿងខ្លាយាយី ។
ក្រោយពិគ្រោះគ្នា          ម្រឹគីម្រឹគាមូលមី
ស្ម័គ្រចិត្តរាល់ថ្ងៃ            ផ្តល់ខ្លួនជាចំណីខ្លា ។
ដោយការជ្រើសរើស     មិនឲ្យមានឃ្នើសឡើយណា
ចាប់ឆ្នោតគ្រប់គ្នា           ចំលើម្រឹគណាម្រឹគនោះ ។
ចូលខ្លួនឲ្យខ្លា                 ធ្វើជាអាហារសង្គ្រោះ
ដើម្បីរំដោះ                      ហ្វូងម្រឹគទាំងអស់រាល់ថ្ងៃ ។
ឲ្យរួចផុតទុក្ខ                   ពីការអុកឡុកយាយី
នៃខ្លាចង្រៃ                      សាហាវព្រៃផ្សៃយង់ឃ្នង ។
ពេលបានជួបខ្លា             ម្រឹគទាំងអស់គ្នាសាសង
ប្រាប់ពីបំណង                 ឲ្យខ្លាដឹងផងបរិយាយ ។
ថានែ៎ ! បងខ្លា                  ពួកយើងគ្រប់គ្នាព្រមក្លាយ
ខ្លួនជាចំណី                      ជូនបងរាល់ថ្ងៃពិសា ។
ឲ្យតែរូបបង                      យល់ព្រមចុះកិច្ចសន្យា
ឈប់ដេញប្រហារ           ពួកយើងរាល់គ្នាពេញព្រៃ ។
ខ្លាថាបើពិត                      ម្រឹគមានគំនិតលកលៃ
ផ្តល់ខ្លួនឲ្យឆី                     នោះក៏មិនថ្វីឡើយណា ។
ដ្បិតអីគំនិត                       នេះល្អល្អិតឥតមុសា
ខ្ញុំជាសត្វខ្លា                       យល់ថាគ្មានការសៅហ្មង ។
រាល់ថ្ងៃពួកម្រឹគ                 ហៅសមាជិកគ្រប់គ្រង
ចាប់ឆ្នោតម្នាក់ម្តង             តាមដោយគន្លងមាត្រា ។
ម្រឹគដែលមានឈ្មោះ        ជាអ្នករងគ្រោះយាត្រា
ចូលទៅឲ្យខ្លា                    ស៊ីជាអាហាររាល់ថ្ងៃ ។
លុះដល់ថ្ងៃមួយ                 ហេតុតែថ្លោះធ្លោយរាសី
ត្រូវលើទន្សាយ                  ក្លាយខ្លួនជាចំណីខ្លា ។
ទន្សាយនឹកគិត                  ថាឱ ! ជីវិតអាត្មា
នឹងត្រូវសត្វខ្លា                    ស៊ីជាអាហារថ្ងៃនេះ ។
តែមុននឹងស្លាប់                   គួរតែអញឆាប់ត្រិះរិះ
ប្រើល្បិចចំណេះ                 គេចវេះពីខ្លាចង្រៃ ។
លុះគិតរួចហើយ                 ទន្សាយដើរងើយមើលព្រៃ
រង់ចាំដល់ថ្ងៃ                        រសៀលទើបលៃជួបខ្លា ។
ពេលឃើញទន្សាយ            ខ្លាស្រែកជេរម៉្រាយឡូឡា
ថាម្តេចក៏អា                          មកយឺតវេលាពេកកូវ ។
ដឹងទេថាអញ                       ឃ្លានហើយសែនក្នាញ់នឹងចៅ
ម្តេចក៏ឯងនៅ                       ដល់ពេលឥឡូវទើបមក ។
ទន្សាយថាសុំ                       ទានកុំច្រឡំនឹកភ្នក
ថាខ្ញុំនេះមក                          យឺតពេលវេលាទានឆី ។
តាមពិតបងខ្ញុំ                        មានមាឌធាត់ធំនោះអី
ជាប់ឈ្មោះត្រូវក្ស័យ              ក្លាយជាចំណីលោកម្ចាស់ ។
តែគួរឲ្យស្តាយ                        ពេលគាត់រត់ផាយពីផ្ទះ
មកជួបលោកម្ចាស់                ត្រូវខ្លាចំណាស់ចាប់គាត់ ។
បងខ្ញុំប្រាប់ថា                          គាត់ត្រូវដីការទូទាត់
ឲ្យលោកចក្រពត្តិ                    ស៊ីជាអាហាររួចហើយ ។
ខ្លានោះតបថា                         នែ៎ ! វើយអាវ៉ាកុំឈ្លើយ
រូបយើងនេះហើយ                  គឺជាចក្រពត្តិនៃខ្លា ។
ក្រោយពេលបានស្តាប់           ទន្សាយរៀបរាប់ពិស្តារ
ខ្លាស្រែកឡូឡា                       ថាតើនរណាព្រហើន ។
ហ៊ានមកចាប់យក                   ចំណីយើងទុកហើយផ្គើន
ឯងត្រូវក្រវើន                          នាំយើងទៅជួបវាម្តង ។
យើងនឹងសម្លាប់                      វានោះឲ្យស្លាប់តៃហោង
សមតាមបំណង                      នៃក្តីក្រេវក្រោធអង្គអញ ។
ទន្សាយនាំខ្លា                           ចរចាកយាត្រាត្របាញ់
ដើម្បីផ្ចាលផ្ចាញ់                      សត្រូវនៅចំពោះមុខ ។
ដើរដល់ទីមួយ                         ដែលមានព្រៃដុះស៊ុបទ្រុប
ទន្សាយក៏ឈប់                        ងាកមករ៉ាយរ៉ាប់ប្រាប់ខ្លា ។
ថាលោកម្ចាស់អើយ                 ទីនេះឯងហើយគឺជា
ជម្រកនៃខ្លា                               ចិត្តពាលឫស្យាយង់ឃ្នង ។
បើលោកចូលទៅ                      អាណិតលើកខ្ញុំត្រកង
ក្នុងដៃលោកផង                       ព្រោះខ្ញុំខ្លាចវាប្រហារ ។
ចំណែកបងខ្ញុំ                           ស្ថិតក្នុងដៃខ្លានោះណា
សូមលោកមេត្តា                       ជួយសង្គ្រោះវាមកផង ។
ពេលខ្លាចូលទៅ                       យល់ជ្រោះមួយជ្រៅកន្លង
មានទឹកថ្លាខ្យង                         ឆ្លុះឃើញស្រមោលព្រាលៗ ។
ខ្លាក៏យល់ថា                              ស្រមោលនោះណាជាម្នាល
សត្វខ្លាអន្ធពាល                        ដែលបានចាប់ទន្សាយវា ។
លុះយល់ដូច្នោះ                        ខ្លាល្ងង់ទុរយសលេលា
ប្រាប់ទន្សាយថា                        ឯងចាំយើងនៅទីនេះ ។
យើងនឹងលោតទៅ                    វាយប្រៀនប្រដៅសំឡេះ
សម្លាប់អានេះ                             ឲ្យក្ស័យជីពជន្មអន្តរាយ ។
ពោលចប់សត្វខ្លា                       លោតយ៉ាងក្លៀវក្លាចូលវាយ
សត្រូវក្លែងក្លាយ                         ដែលទន្សាយបញ្ឆោតវា ។
ធ្លាក់ដល់បាតជ្រោះ                    ខ្លាត្រូវរងគ្រោះមហិមា
ឈ្លក់ទឹករងា                               ស្វែងរកអាហារក៏គ្មាន ។
កន្លងច្រើនថ្ងៃ                              សត្វខ្លាចង្រៃក៏បាន
ស្លាប់ដោយអត់ឃ្លាន                 នៅក្នុងបាតជ្រោះនោះទៅ ៕
មិនត្រូវបណ្តោយឲ្យអភ័ព្វព្រេងវាសនា
ចារលិខិតលើជីវិតយើងឡើយ

No comments:

ចំណីខួរក្បាល

គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...