ល្បើក ស្វាញីឈ្មោល (ត)
ឆន្ទាគតិ វិនិច្ឆ័យសេចក្តីបរិយាយ
ចរិតរាយមាយ លម្អៀងដោយសារស្រឡាញ់ ។
ទោសាគតិ មានចិត្តបដិឃៈគ្នាន់ក្នាញ់
ផ្ទុយពីស្រឡាញ់ លម្អៀងដោយសារខឹងស្អប់ ។
មោហៈគតិ មិនចេះត្រិះរិះសព្វគ្រប់
ខឹងស្អប់ជីកកប់ ខុសជាប់ដោយក្តីល្ងង់ខ្លៅ ។
ភយាគតិ លម្អៀងព្រោះខ្លាចពេកកូវ
ក្នាញ់ខឹងខ្លាចខ្លៅ នាំមកនូវក្តីប្រេះឆា ។
ច្នេះបើយើងគេ ដែលជាគូស្នេហ៍សង្សារ
បដិបត្តិដូចគ្នា តាមមាគ៌ាខាងលើនេះ ។
នោះបងយល់ថា ចំណងស្នេហាមិនប្រេះ
បែកបាក់របេះ រលាតរលេះឡើយហ្ន៎ា ! ។
ក្រោយពីបានស្តាប់ ស្វាឈ្មោលរៀបរាប់ពិស្តារ
យុទ្ធសាស្ត្រការពារ ថែស្នេហាឲ្យគង់វង្ស ។
ស្វាញីឆ្លាតឆ្លៀត សួរទៀតដោយក្តីផ្ចិតផ្ចង់
ថាខ្ញុំនេះចង់ ដឹងពីចរិតរៀមរ៉ា ។
បងបានរៀបរាប់ ប្រាប់ពីមាគ៌ាតម្រា
សម្រាប់រក្សា ជីវិតស្នេហាឲ្យគង់ ។
ស្វាមីភរិយា អាចរស់ជុំគ្នាយូរលង់
លុះក្សិណក្ស័យបង់ សង្ខារលាចាកលោកទៅ ។
ខ្ញុំមិនប្រឌិត ប្រាប់បងថាពិតជាត្រូវ
តម្រាពាលពៅ លើកមកប្រដៅខាងលើ ។
តែខ្ញុំនៅគិត ដ្បិតចិត្តជំពាក់ស្ទាក់ស្ទើរ
ដូច្នេះសុំស្នើ សួរពីចរិតបងម្តង ។
បងថាស្នេហា យើងអាចរក្សាឥតហ្មង
បើយើងចងក្រង តាមដានគន្លងមាត្រា ។
ឳវាទពុទ្ធអង្គ ផ្ចង់ដោយធម៌បួនប្រការ
មេត្តាករុណា មុទិតាឧបេក្ខាទៀត ។
មានទាំងចិត្តល្អៀង ដែលត្រូវចៀសវាងកុំបៀត
ចិត្តដែលចោលម្សៀត នាំខ្លួនឲ្យឃ្លាតសច្ចៈ ។
ឆន្ទាគតិ ទោសាគតិអបល័ក្ខណ៍
មោហៈភយា ជាធ្នាក់ទាក់ស្នេហ៍ឲ្យក្ស័យ ។
ធម្មតាសត្វលោក កើតមកខ្វះជោគអាល័យ
ពីតូចដល់ក្ស័យ រួបរឹតដោយកាមរាគា ។
តណ្ហាដឹកមុខ មោហ៍បាំងស្ទើរគ្រប់ៗគ្នា
ពិបាកក្រៃណ៎ា ! រក្សាឫកពានឹងន៏ ។
បងយកទ្រឹស្តី ព្រះពុទ្ធអង្គច្នៃបវរ
ប្រាប់ខ្ញុំថាល្អ គួរយើងបដិបត្តិកុំឃ្លាត ។
ដើម្បីរក្សា ជីវិតស្នេហាមួយជាតិ
កុំឲ្យរវាត បែកបាក់ព្រាត់ឃ្លាតគ្នាឡើយ ។
ខ្ញុំខ្វល់ខ្វាយពិត ពីចិត្តចរិយាត្រាណត្រើយ
យល់ដឹងម្លឹងហើយ ម្តេចឡើយនៅបរាជ័យ ។
បងថាស្នេហ៍មុន ស៊ុនធ្លាក់នរកអវីចី
តើមូលហេតុអ្វី ទើបស្នេហ៍បងក្ស័យដូច្នេះ ។
ឬមួយក៏បង ចេះត្រឹមទ្រឹស្តីមិនផេះ
មិនយកចំណេះ មកអនុវត្តឲ្យខ្ជាប់ ។
ស្វាឈ្មោលស្តាប់ហើយ វាក៏ឆ្លាសឆ្លើយរៀបរាប់
ថាឱ ! គូគាប់ ទ្រនាប់ចិន្តាបងអើយ ។
អូនសង្ស័យបង ថាជាសត្វអន់កន្តើយ
យល់ដឹងម្លឹងហើយ ម្តេចឡើយមិនអាចការពារ ។
ថែស្នេហាមុន ឲ្យផុតទុក្ខទណ្ឌវេទនា
គ្មានកម្មវេរា វៀរចាកការព្រាត់ប្រាសឃ្លាត ។
បងសូមប្រាប់ថា ក្បួនថែស្នេហាគ្រប់ស្នៀត
មិនអាចរវាត ឃ្លាតចិត្តយើងរាល់គ្នាទេ ។
បើប្តីប្រពន្ធ ប្រកាន់យកបុណ្យឥតរេ
រក្សាការថែ ស្នេហាឲ្យគង់វង្សនៅ ។
តាមដោយគន្លង ឳវាទពុទ្ធអង្គនោះពៅ
ស្នេហ៍ពិតឋិតនៅ មិនបាត់បង់ទៅណាទេ ។
តែបើមានស៊ុន ប្តីឬប្រពន្ធឥតគ្នេរ
គិតតែងាករេ តាមតែតណ្ហាដឹកមុខ ។
ភ្លេចកាតព្វកិច្ច ភ្លេចធម៌ពុទ្ធអង្គចារទុក
ពឺតតែសម្រុក យកឈ្នះតែម្នាក់ឯងអង្គ ។
នោះពិតស្នេហា មិនអាចរក្សាយូរលង់
ច្បាស់ជាបាត់បង់ ក្នុងថ្ងៃណាមួយមិនខាន ។
រឿងស្នេហាបង កាលពីអតីតនោះមាន
ករណីខកខាន ប្រណិប័តន៍តាមពុទ្ធឳវាទ ។
តែរឿងនរណា ជាអ្នកពាធាខុសខ្នាត
ធ្វើឲ្យរវាត នាំស្នេហ៍ឲ្យឃ្លាតព្រាត់ប្រាស ។
បងសូមត្រាណត្រើយ ត្រិះរិះគិតឲ្យបានច្បាស់
តើមានអ្វីខ្លះ ជាកត្តាទុក្ខកង្វល់ ។
បើស្វាពីររូប មួយរូបយល់ធម៌កិច្ចកល
ដោះទុក្ខកង្វល់ ក្នុងវដ្តសង្សារជីវិត ។
ឯស្វាមួយទៀត មានចិត្តចង្អៀតវិបរិត
ខ្វះការរិះគិត ស្វែងយល់ពីចិត្តសង្សារ ។
នោះចិត្តអប្រីយ៍ នឹងកាត់ប្រល័យសង្ខារ
ជីវិតស្នេហា ដល់ក្តីមរណាមិនខាន ។
នេះគឺរឿងបង កាលគ្រាកន្លងកល្យាណ
ស្នេហ៍ដែលក្ស័យបាន ដោយសារខ្វះការយល់ដឹង ។
បងសូមឆ្លាស់ឆ្លៀត ប្រាប់អូនថែមទៀតត្រង់ហ្នឹង
ថាយើងគួរប្រឹង ស្វែងយល់ឲ្យដឹងច្បាស់ការ ។
ជីវិតស្វាមី ភរិយាជាគូសង្សារ
ទោះជាយ៉ាងណា មិនអាចប្រេះឆាងាយទេ ។
បើយើងទាំងពីរ សម្ភីបដិបត្តិឥតរេ
ថែរក្សាស្នេហ៍ តាមតែឳវាទព្រះពុទ្ធ ។
ប្រាកដបានសុខ គ្មានរឿងអែអុកស្មុតទ្រុឌ
ស្នេហ៍ក៏បរិសុទ្ធ រួចផុតអស់រឿងសោកសៅ ។
តែបើមានម្នាក់ ធ្លាក់ក្នុងអគតិភពផ្លូវ
ច្បាស់ជាស្នេហ៍ត្រូវ ដល់នូវអហោសិកម្ម ។
( សូមរង់ចាំអានវគ្គបន្ត )
Subscribe to:
Post Comments (Atom)
ចំណីខួរក្បាល
គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...
-
រឿង តោនិងក្របីព្រៃ តោមួយបានដើរស្វែងរកអាហារ នៅក្បែរមាត់ព្រៃ ។ នៅពេលវាដើរ មកដល់ក្បែរមាត់បឹងមួយ វាបានឃើញក្របីព្រៃឈ្មោលចំនួនបួន កំពុង ឈរស៊ីស...
-
រឿង ក្មេងប្រុសនិងសត្វកង្កែប មានក្មេងប្រុសមួយក្រុម បាននាំគ្នាទៅរត់លេង នៅក្បែរមាត់ត្រពាំងមួយ ដែលមានសត្វកង្កែបជាច្រើនរស់នៅ ។ បន្ទាប់ពីពួកគេរត...
-
ឱកាសនៅក្នុងឧបស័គ្គ (Opportunity inside Obstacle) នៅក្នុងរង្វង់ជនអន្តោប្រវេសដែលទៅរស់នៅក្នុងប្រទេសថ្មី មានពាក្យមួយឃ្លាដែលគេតែងពោលថា៖ ជនអន្តោ...
No comments:
Post a Comment