(បទ កាកគតិ)
មានអ្នកនេសាទ ខិតខំសង្វាត រកចាប់មឆ្ឆា
យកមកធ្វើម្ហូប ស្ងោរចៀនអាំងឆា ផ្គត់ផ្គង់គ្រួសារ
ជាប្រក្រតី ។
នៅនាថ្ងៃមួយ អ្នកនេសាទព្រួយ រកមិនបានអ្វី
ខំបង់សំណាញ់ អស់ពេញមួយថ្ងៃ បានតែកូនត្រី
តូចមួយគួរក្នាញ់ ។
កូនត្រីភ័យណាស់ ប្រឹងរើបម្រះ មិនចង់ចុះចាញ់
តែឥតប្រយោជន៍ ក្រឡាសំណាញ់ តូចឆ្មារត្របាញ់
រុំជាប់ស្រកី ។
ពេលដឹងខ្លួនថា មានគ្រោះមរណា ជីវិតត្រូវក្ស័យ
កូនត្រីអង្វរ អ្នកនេសាទត្រី ឲ្យអធ្យាស្រ័យ
ដោះលែងវាម្តង ។
ខ្ញុំនៅតូចណាស់ ខ្លួនស្គមសែនខ្មាស់ មិនសមបំណង
ស្បែកដណ្តប់ឆ្អឹង តូចពេកកន្លង ធ្វើម្ហូបសោតផង
មិនឆ្ងាញ់ពិសា ។
បើលោកលែងខ្ញុំ ថ្ងៃក្រោយធាត់ធំ មាំមួនកាយា
មានសាច់មានឈាម ជូនជាអាហារ ឆ្ងុយឆ្ងាញ់ពិសា
មិនខុសបំណង ។
ទេៗ ! មិនលែង អ្នកនេសាទថ្លែង ប្រាប់ត្រីវិញម្តង
បើលែងឯងទៅ ពិតខកបំណង ថ្ងៃក្រោយកន្លង
ចាប់ឯងពុំបាន ៕
"មានត្រីមួយនៅក្នុងដៃ ប្រសើជាងត្រីម្ភៃនៅក្នុបឹង"
No comments:
Post a Comment