Monday, September 10, 2012

រឿងល្បើកនិងរឿងនិទាន

រឿង អ្នកបើកបរម៉ូតូតាក់ស៊ីនិងទេសចរ

មានអ្នកបើកបរម៉ូតូតាក់ស៊ីម្នាក់ឈ្មោះ ចម រស់នៅក្នុងខេត្តសៀមរាប
នៃប្រទេសកម្ពុជា ។ ថ្ងែមួយ ចមបានបរម៉ូតូតាក់ស៊ីរបស់គាត់ ទៅរក
ដឹកភ្ញៀវទេសចរ នៅកំពង់ផែភ្នំក្រោម ។ ចមបានទៅស្វែងរក ដឹកភ្ញៀវ
ទេសចរនៅទីនោះ អស់រយៈពេលមួយព្រឹក ប៉ុន្តែ គាត់រកមិនបានភ្ញៀវ
ម្នាក់ឡើយ ព្រោះធាតុអាកាសក្តៅពេក ដែលជាហេតុនាំឲ្យពួកទេសចរ
នាំគ្នាជិះឡានតាក់ស៊ី ដែលមានម៉ាស៊ីនត្រជាក់វិញ ។ បន្ទាប់ពីរកដឹក
អ្នកដំណើរ នៅកំពង់ផែភ្នំក្រោមមិនបាន ចមក៏សម្រេចចិត្តបរម៉ូតូតាក់ស៊ី
របស់គាត់ ទៅកាន់ទីក្រុងសៀមរាបម្តង ដើម្បីស្វែងរកដឹកអ្នកដំណើរ
ដទៃទៀត ។ ខណៈដែលគាត់ ហៀបចាកចេញពីកំពង់ផែភ្នំក្រោម ចម
បានឃើញកូនកាបូបតូចមួយ ដែលអ្នកដំណើរជ្រុះ នៅក្បែរមាត់ទឹក ។
គាត់ក៏ចុះទៅរើសយកកូនកាបូបនោះមកមើល ។ នៅពេលដែលចម
បើកមាត់កាបូបនោះមើល គាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះនៅ
ក្នុងកាបូបនោះ មានលុយចំនួន ៥០០ ដុល្លារអាមេរិក ។ ក្រៅពីប្រាក់
៥០០ដុល្លារនោះ នៅមានអត្តសញ្ញាណប័ណ្ណមួយ ដែលមានតួអក្សរ
បរទេស សរសេរនៅលើនោះផង ។
ចមមិនចេះអានអក្សរ នៅលើអត្តសញ្ញាណប័ណ្ណនោះទេ ។ បន្ទាប់ពី
ដើរមើលនៅជុំវិញកំពង់ផែ ហើយមិនឃើញមាន ជនបរទេសណាម្នាក់
នៅទីនោះ ចមក៏យកអត្តសញ្ញាណប័ណ្ណ និងកាបូបដែលគាត់រើសបាន
ទៅបង្ហាញពូចែម ដែលជាអ្នកលក់ម្ហូបនៅក្បែរកំពង់ផែ និងមិត្តភក្តិអ្នក
បើកបរម៉ូតូតាក់ស៊ីមួយចំនួន ក្រែងលោមាននរណាម្នាក់ ចេះអានអក្សរ
ដែលគេសរសេរ នៅលើអត្តសញ្ញាណប័ណ្ណនោះ ដើម្បីស្វែងរកម្ចាស់
កាបូប ។ ប៉ុន្តែ គ្មាននរណម្នាក់អាចអានអក្សរ នៅលើអត្តសញ្ញាណ
ប័ណ្ណនោះឡើយ ។ មានមនុស្សមួយចំនួន បានឲ្យយោបល់ថាៈ ចមគួរ
តែយកលុយ ដែលគាត់រើសបាននោះ ទៅទុកចាយវាយ ដោះស្រាយ
ជីវភាពគ្រួសារទៅ ព្រោះម្ចាស់កាបូប ប្រហែលជាបានវិលត្រឡប់ ទៅ
ប្រទេសខ្លួនវិញហើយ ។ បើសិនជាចម ចង់រកម្ចាស់កាបូបនោះ ក៏មិន
ដឹងជាទៅរកនៅទីណាដែរ ។ ប៉ុន្តែ ចមមិនដាច់ចិត្តធ្វើដូច្នោះឡើយ ។
គាត់ក៏សមេ្រចចិត្ត បរម៉ូតូតាក់ស៊ីរបស់គាត់ ទៅកាន់ទីប្រជុំប្រាសាទ
បុរាណ នៅម្តុំអង្គរវត្ត ដើម្បីស្វែងរកម្ចាស់កាបូប ព្រោះថា បើម្ចាស់
កាបូបនោះ មិនទាន់វិលត្រឡប់ទៅកាន់ប្រទេសគាត់វិញទេ គាត់
ប្រាកដជាទៅទស្សនាប្រាសាទនានា នៅម្តុំអង្គរវត្តជាមិនខាន ។ នៅ
ពេលមកដល់ ទីប្រជុំប្រាសាទនៅអង្គរវត្ត ចមបានយកអត្តសញ្ញាណ
ប័ណ្ណ របស់ម្ចាស់កាបូប ដែលមានរូបថតនៅលើនោះមើល ដើម្បី
ផ្ទៀងផ្ទាត់រកមនុស្ស ដែលមានភិនភាគដូចរូបថតនោះ ។ ចមបាន
ចំណាយពេល ដើររកម្ចាស់កាបូប អស់រយៈពេលមួយថ្ងៃរសៀល ប៉ុន្តែ
គាត់រកមិនឃើញម្ចាស់កាបូបនោះឡើយ ។ លុះថ្ងៃរៀបលិច ចមក៏ចូល
ទៅអង្គុយសម្រាក នៅលើថែវក្បែរមាត់ច្រក ចូលទៅប្រាសាទអង្គរវត្ត ។
រំពេចនោះ គាត់បានឃើញបុរសម្នាក់ ដែលមានភិនភាគ ដូចរូបថតនៅ
លើអត្តសញ្ញាណប័ណ្ណ កំពុងដើរចេញពីប្រាសាទអង្គរវត្តមក ។ បន្ទាប់
ពីឃើញអត្តសញ្ញាណប័ណ្ណ ដែលចមបានយកទៅបង្ហាញគាត់ បុរស
នោះបានប្រាប់ចមថា គាត់ឈ្មោះ គីម ជុងហ៊ី ជាជនជាតិកូរ៉េខាងត្បូង និងជាម្ចាស់នៃអត្តសញ្ញាណប័ណ្ណនោះ ។ ចមបានយកកាបូប និង
ប្រាក់៥០០ដុល្លារ ដែលគាត់រើសបាននោះ មកប្រគល់ឲ្យលោក គីម
ជុងហ៊ី វិញ ។ បន្ទាប់ពីបានទទួលកាបូបនិងប្រាក់ ដែលគាត់ជ្រុះបាត់
នោះមកវិញ លោកគីម ជុងហ៊ី មានសេចក្តីសោមនស្ស និងកោត
សរសើរ នូវទឹកចិត្តស្មោះត្រង់របស់ចមយ៉ាងខ្លាំង ។ គាត់បានយក
ប្រាក់៥០០ដុល្លារ នៅក្នុងកាបូបគាត់នោះឲ្យទៅចម ដើម្បីជារង្វាន់ដល់
ភាពសុចរិតរបស់គាត់ ។ ក៏ប៉ុន្តែ ចមមិនបានទទួលយកប្រាក់នោះទេ ។
គាត់បានប្រាប់លោកគីម ជុងហ៊ីថា៖ “ខ្ញុំអរគុណជាអតិបរមា ចំពោះ
ទឹកចិត្តរបស់លោក ប៉ុន្តែ សូមលោកទុកប្រាក់នេះ សម្រាប់ការចំណាយ
នៅក្នុងដំណើរទស្សនកិច្ចរបស់លោកចុះ ។ ការដែលខ្ញុំបានរកលោក
ឃើញ និងប្រគល់កាបូបនេះ ជូនលោកវិញនោះ ខ្ញុំត្រេកអរ ជាងបាន
ទទួលប្រាក់នេះទៅទៀត” ។ បន្ទាប់ពីបានស្តាប់នូវសម្តីរបស់ចម លោក
គីម ជុងហ៊ី មានអារម្មណ៍រំជើបរំជួលក្នុងចិត្តយ៉ាងខ្លាំង ។ គាត់បានសុំ
យកឈ្មោះ និងអាសយដ្ឋានរបស់ចមទុក ដើម្បីរាប់អានគ្នាទៅថ្ងៃមុខ ។
កន្លងមកបានប្រមាណជាពីរខែ មានបុរសម្នាក់ បានបើកឡានម៉ាក
តូយូតា ដែលមានដឹកម៉ូតូមួយគ្រឿង មកឈប់នៅមុខផ្ទះចម ។ បន្ទាប់
ពីបានសួរបញ្ជាក់អំពីអាសយដ្ឋាន និងមើលអត្តសញ្ញាណប័ណ្ណរបស់ចម
រួច បុរសនោះក៏យកម៉ូតូថ្មី ដែលគាត់ដឹកនៅលើឡាននោះ និងសំបុត្រ
មួយមកប្រគល់ឲ្យចម ។ នៅក្នុងសំបុត្រមានសេចក្តីជាអាទ៍ថា៖ “ម៉ូតូនេះ ជាអំណោយរបស់ខ្ញុំចំពោះអ្នក ។ សូមអរគុណម្តងទៀត ចំពោះទឹកចិត្ត
ស្មោះត្រង់របស់អ្នក ។ ហត្ថលេខាៈ គីម ជុងហ៊ី” ៕
ទង្វើល្អ រមែងទទួលផលល្អ

No comments:

ចំណីខួរក្បាល

គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...