Sunday, September 9, 2012

រឿងល្បើកនិងរឿងនិទាន

រឿង កណ្តុរពាក់កណ្តឹងឲ្យឆ្មា

កណ្តុរមួយហ្វូង បានបើកសម័យប្រជុំមួយ ដើម្បីរិះរកមធ្យោបាយ ទប់ទល់
នឹងឆ្មា ដែលតាមយាយីពួកវាគ្មានឈប់ឈរ ។ នៅក្នុងសម័យប្រជុំ កណ្តុរ
ខ្លះនិយាយថាដូច្នេះ ខ្លះថាដូច្នោះ ប៉ុន្តែមិនមានកណ្តុរណាមួយ រកឃើញ
នូវដំណោះស្រាយ ដែលមានប្រសិទ្ធិភាពនោះឡើយ ។ នៅទីបំផុត
កណ្តុរតូចមួយបានងើបឈរឡើង ហើយនិយាយថា៖ “ខ្ញុំមានយោបល់
មួយ ដែលខ្ញុំជឿថា អាចរំដោះពួកយើង ឲ្យរួចផុតពីការគំរាមកំហែង
របស់ឆ្មាបាន” ។ ឮដូច្នោះ កណ្តុរដទៃក៏នាំគ្នាមកឈរជុំវិញកណ្តុរតូច
ដើម្បីស្តាប់យោបល់របស់វា ។ “អ្នកទាំងអស់គ្នាដឹងហើយថា” កណ្តុរតូច
ចាប់ផ្តើមនិយាយ “ឆ្មាវាបានប្រើល្បិច លបសម្លាប់ពួកយើងពីក្រោយខ្នង
ឬក៏នៅពេលណា ដែលយើងមិនបានប្រុងប្រយ័ត្ន ។ ដូច្នេះ ខ្ញុំគិតថា បើ
យើងយកកណ្តឹងតូចមួយ ទៅពាក់លើ ក ឆ្មានោះ យើងនឹងបានដឹងមុន នៅពេលដែលវាដើរមកជិតពួកយើង ព្រោះសម្លេងកណ្តឹងនៅនឹងកឆ្មា
វាជាសញ្ញា សម្រាប់ឲ្យយើងរត់គេចខ្លួន បានយ៉ាងងាយ” ។ បន្ទាប់ពី
កណ្តុរតូចនិយាយចប់ សមាជិកអង្គប្រជុំជាច្រើន បាននាំគ្នាទះដៃ គាំទ្រ
យោបល់វាយ៉ាងកុះករ ។ រំពេចនោះ កណ្តុរចាស់មួយបានងើបឈរឡើង ហើយនិយាយទៅកាន់អង្គប្រជុំថា៖ “គំនិត ដែលប្អូននិយាយអម្បាញ់
មិញនេះល្អណាស់ ខ្ញុំសូមគាំទ្រ ក៏ប៉ុន្តែ ខ្ញុំសូមសួរថា ក្នុងចំណោមពួក
យើងទាំងអស់គ្នា តើមាននរណាម្នាក់ស្ម័គ្រចិត្តយកកណ្តឹងទៅពាក់
នៅលើ ក ឆ្មាដែរឬទេ ?” ។ កណ្តុរទាំងអស់បាត់មាត់ដូចគេចុក ។
ម្នាក់ៗមើលមុខគ្នាទៅវិញទៅមក ដោយគ្មាននរណាម្នាក់ និយាយស្តី
អ្វីឡើយ ។ “វាងាយបំផុតក្នុងការនិយាយ” កណ្តុរចាស់ពោលបន្ត “ប៉ុន្តែ
អ្វីៗ វាមិនងាយដូចមាត់យើងថានោះទេ” ៕
អ្នកថា មិនដូចអ្នកធ្វើ

No comments:

ចំណីខួរក្បាល

គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...