Wednesday, February 10, 2021

ចំណីខួរក្បាល

ជូតទឹកភ្នែក ហើយបន្តដំណើរទៅមុខទៀត! មុនពេលដែលគាត់ត្រូវបានគេធ្វើឃាត លោកបណ្ឌិត កែម ឡី បានបន្សល់នូវទស្សនជាច្រើនដើម្បីឲ្យពលរដ្ឋខ្មែរយកមកពិចារណា ។ "ជូតទឹកភ្នែក ហើយបន្តដំណើរទៅមុខទៀត" ជាពាក្យមួយឃ្លាដែលមានប្រជាប្រីយ៍និងពេញនិយម ទាំងផ្នែកនយោបាយ ទាំងផ្នែកយុត្តិធម៌សង្គម ក៏ដូចជាការតស៊ូដើម្បីស្វែងរកសុភមង្គលនៅក្នុងដំណើរជីវិត ។ សូម្បីតែខ្ញុំ ក៏បានរក្សាទុករូបថតរបស់លោកបណ្ឌិតកែមឡី ដែលមានសរសេរពាក្យពេចន៍ដ៏គួរឲ្យចាប់អារម្មណ៍នោះផងដែរ ។ បើមើលតែមួយត្រួស "ជូតទឹកភ្នែក ហើយបន្តដំណើរទៅមុខទៀត" គឺជាពាក្យលើកទឹកចិត្តនិងបណ្តុះឆន្ទៈខ្ពង់ខ្ពស់ល្អណាស់ ។ ក៏ប៉ុន្តែ នៅពេលដែលលើកយកពាក្យនេះមកពិចារណាឲ្យយូរបន្តិច យើងហាក់ដូចជាមើលឃើញថា វាមានចន្លោះប្រហោងច្រើន ។ សំណួរមួយដែលយើងគួរលើកយកមកពិចារណាគឺថា តើការបន្តដំណើរនោះ មានសង្ឃឹមបានជោគជ័យកម្រិតណា? មនុស្សដែលស្រក់ទឹកភ្នែក ជាទូទៅគឺដោយសារកត្តាពីរយ៉ាង៖ ទីមួយ បរាជ័យ ។ ទីពីរ ជួបឧបសគ្គធ្ងន់ធ្ងរដោះស្រាយមិនចេញ ។ សម្រាប់ខ្ញុំ នៅពេលដែលមនុស្សជួបបញ្ហានេះ យើងមិនគួរបន្តដំណើរទៅមុខទៀតទេ ។ គឹត្រូវបង្ហូរទឹកភ្នែក ហើយអង្គុយពិចារណឬភាវនាសិន ។ បើពិចារណារកផ្លូវទៅកាន់ជោគជ័យមិនទាន់ឃើញទេ មិនត្រូវធ្វើសកម្មភាពឡើយ ។ អង្គុយពិចារណារហូតទាល់តែរកឃើញឬមានឱកាស ។ បើរកមិនឃើញឬក៏គ្មានឱកាសហុចឲ្យទេ ព្យាយាមភាវនាពិចារណរហូតដល់ថ្ងៃស្លាប់ក៏មិនថ្វីដែរ ។ ចិនមានភាសិតបុរាណមួយដែលចែងថា៖ "ស្គាល់គេស្គាល់ខ្លួនឯង ធ្វើសង្គ្រាមមិនចេះចាញ់" (Know youself, know your enemies; a hundred battles, a hundred victories.) ។ ពាក្យមួយឃ្លានេះ មានន័យជ្រៅនិងទូលំទូលាយណាស់ ទាំងផ្នែកសឹកសង្គ្រាម ទាំងផ្នែកនយោបាយ ជំនួញ និង ជីវិតរស់នៅ ។ និយាយឲ្យខ្លីងាយយល់ គឺយើងគប្បីស្គាល់សមត្ថភាពខ្លួននិងស្ថានភាពជីវិតឲ្យប្រាកដប្រជា ។ បន្ទាប់មកគឺត្រូវស្វែងយល់អំពីឧបសគ្គនានាដែលយើងត្រូវប្រឈមនៅក្នុងដំណើរតស៊ូរបស់យើង មិនថាការតស៊ូនោះនៅក្នុងសឹកសង្គ្រាម នយោបាយ ជំនួញ ឬក៏ដំណើរជីវិតឡើយ ។ បច្ចុប្បន្ននេះ ខ្ញុំឃើញពលរដ្ឋខ្មែរជាច្រើននិយមលើកយកពាក្យ "តស៊ូ!ៗ" មកកម្លាចិត្តដើម្បីប្រឹងជម្នះឧបសគ្គនានា ។ វាគ្មានអ្វីខុសជាមួយនឹងឆន្ទៈតស៊ូនោះទេ ។ អ្វីដែលខ្ញុំចង់លើកយកមកពិចារណាគឺថា តើឧបសគ្គដែលស្ថិតនៅចំពោះមុខការតស៊ូរបស់យើងនោះ វាមានទំហំប៉ុនណា ។ តើយើងមានសង្ឃឹមទទួលបានជោគជ័យនៅក្នុងការតស៊ូរបស់យើងដែរទេ ។ បើគ្មានសង្ឃឹមធំដុំទេ អង្គុយពិចារណារង់ចាំឱកាសនៅក្នុងផ្ទះរហូតដល់ថ្ងៃស្លាប់ ប្រហែលជាប្រសើរជាងទៅអង្គុយពិចារណានៅទីកន្លែងដែលយើងមិនគួរទៅ ។ ខ្ញុំនិយាយនេះគឺសំដៅដល់សកម្មជនបក្សនយោបាយនិងសង្គមមួយចំនួន ដែលកំពុងតែរងគ្រោះដោយសារតែគំនិត "ជូតទឹកភ្នែក ហើយបន្តដំណើរទៅមុខទៀត" នេះឯង ។ ការទទួលយកនិងរស់នៅជាមួយនឹងស្ថានភាពបរាជ័យ គឺគ្មានអ្វីគួរឲ្យខ្មាសអៀនឡើយ ។ អ្វីដែលគួរឲ្យខ្មាសអៀននោះ គឺប្រឹងតស៊ូនៅក្នុងភពបរាជ័យ ។ អ្វីទៅជាភពបរាជ័យ? ភពបរាជ័យគឺជាស្ថានភាពមួយ ដែលផ្តល់ឱកាសជោគជ័យឲ្យការតស៊ូរបស់យើងទាបបំផុត ឬក៏គ្មានទាល់តែសោះ ។ ខ្ញុំសូមលើកយកឧទាហរណ៍ផ្ទាល់ខ្លួនមួយមកពិចារណា ។ បន្ទាប់ពីអាជ្ញាធរខ្មែរក្រហមត្រូវបានកងទ័ពយួនវាយផ្តួលរំលំនៅឆ្នាំ ១៩៧៩ ខ្ញុំនិងពលរដ្ឋខ្មែរដទៃប្រឈមនិងបញ្ហាធ្ងន់ធ្ងររាប់មិនអស់ ។ បញ្ហាមួយដែលខ្ញុំប្រឈមនាគ្រានោះគឺការវិលត្រឡប់ទៅរៀនវិញ បន្ទាប់ពីខកខានអស់រយៈពេល៤ឆ្នាំ ។ នៅសម័យនោះ គ្រូបង្រៀនត្រូវបានពួកខ្មែរក្រហមសម្លាប់ចោលឡើងពាយ ។ សូម្បីតែសាលារៀនក៏ត្រូវបានបំផ្លាញស្ទើរគ្មានសល់ដែរ ។ នៅភូមិដែលខ្ញុំរស់នៅ អ្នកស្រុករៀបចំឲ្យមានសាលារៀនត្រឹមថ្នាក់ទី ៣ ។ ចំណែកខ្ញុំត្រូវចូលរៀនបន្តនៅថ្នាក់ទី ៥ ។ ដូច្នេះ បើខ្ញុំចង់បន្តដំណើរទៅមុខទៀត គឺខ្ញុំត្រូវចាកចេញពីម្តាយមេម៉ាយ ទៅរៀននិងស្នាក់នៅទីរួមស្រុង ត្បូងឃ្មុំ ឬក៏ទីក្រុងកំពង់ចាម ។ គួរបញ្ជាក់ថា គ្រានោះស្រុកខ្មែរជាប្រទេសកុម្មុយនីស្ត ។ យើងគ្មានរូបិយប័ណ្ណសម្រាប់ចាយវាយ ហើយក៏មិនអាចដើរហើរពីស្រុកមួយទៅស្រុកមួយ ដោយគ្មានលិខិតអនុញាតពីអាជ្ញាធរផងដែរ ។ នេះមិនទាន់និយាយអំពីកងទ័ពយួនដែលត្រួតពីលើក្បាលយើងមួយជាន់ទៀតផង ។ សម័យនោះ កូនសិស្សជំនាន់ខ្ញុំដែលអាចទៅរៀនបន្តរយៈពេលបួនឬប្រាំឆ្នាំទៀត មានឱកាសទទួលអាហារូបករណ៍ទៅរៀននៅសហភាពសូវៀត និងទ្វីបអឺរ៉ុបខាងកើតព្រោងព្រាត ។ មន្ត្រីរាជការខ្មែរសព្វថ្ងៃមួយចំនួនធំ គឺជាអតីតនិស្សិតជំនាន់នោះឯង ។ ខ្ញុំគឺជាមនុស្សបរាជ័យម្នាក់ចេញពីជំនាន់នោះ ។ ការសម្រេចចិត្តមិនជូតទឹកភ្នែក ហើយមិនបន្តដំណើរទៅមុខរបស់ខ្ញុំនាគ្រានោះ មានហេតុផលច្រើន ។ ហេតុផលដ៏ធំបំផុតគឺខ្ញុំមិនដាច់ចិត្តទុកម្តាយខ្ញុំឲ្យប្រឈមនឹងទុក្ខវេទនាធ្ងន់ធ្ងរបន្តទៅទៀត បន្ទាប់ពីទើបនឹងឆ្លងផុតពីការធ្វើទុក្ខបុកម្នេញរបស់អាជ្ញាធរខ្មែរក្រហម ។ គួរកត់សម្គាល់ថា អាជ្ញាធរថ្មីដែលចូលមកសង្គ្រោះជីវិតយើងនាគ្រានោះ ក៏មិនល្អប្រសើរណាស់ណាដែរ ។ ជម្រើសរបស់ខ្ញុំជាមួយនឹងបញ្ហានេះមានពីរ៖ បន្តការសិក្សាដើម្បីអនាគត ឬក៏ព្យាយាមកាត់បន្ថយកុំឲ្យជីវិតរងទុក្ខវេទនាខ្លាំងបន្តទៅទៀត ។ ខ្ញុំសម្រេចមិនទៅបន្តការសិក្សាទេ ។ ក្នុងស្ថានភាពជីវិតនាគ្រានោះ ខ្ញុំត្រូវរស់នៅជាមួយនឹងអ្វីដែលភាសាអង់គ្លេសហៅថា Survival mode (រស់កំដរពេលលវេលា) សិន ។ ទោះជាយ៉ាងណាក៏ដោយ ការផ្អាកការតស៊ូដោយកម្លាំកាយ មិនមានន័យថាខ្ញុំផ្អាកការតស៊ូដោយកម្លាំងចិត្តឡើយ ។ ខ្ញុំនៅតែត្រិះរិះ នៅតែពិចារណា រកច្រកចេញអំពីភាពទាល់ច្រកជាប្រចាំ ។ សូមចងចាំថា ភាពទាល់ច្រកនៅក្នុងដំណើរជីវិត មិនដូចភាពទាល់ច្រកនៅក្នុងដំណើរថ្មើជើងឡើយ ។ ផ្លូវចេញរមែងមាន ។ បើមិនមានដោយសារការត្រិះរិះពិចារណារបស់ខួរក្បាលយើងទេ ក៏មានដោយសារកត្តាខាងក្រៅដែរ ដែលភាសាអង់គ្លេសហៅថា Divine Intervention (ព្រហ្មលិខិត) ។ ឱកាសដែលអនុញាតឲ្យខ្ញុំជូតទឹកភ្នែក ហើយបន្តដំណើរទៅមុខទៀត កើតមាននៅរយៈពេលប្រាំឆ្នាំក្រោយមក ។ វាមិនមែនជាឱកាសដែលខ្ញុំរកឃើញដោយកម្លាំងប្រាជ្ញាឬក៏ជ្រើសរើសដោយស្ម័គ្រចិត្តឡើយ ។ វាជាឱកាសដែលអាជ្ញាធរយួននិងខ្មែរបង្ខំឲ្យខ្ញុំជ្រើសរើសធ្វើសកម្មភាព ។ នៅចុងឆ្នាំ ១៩៨៤ ដំណើរជីវិតកំដរពេលវេលារបស់ខ្ញុំបានជួបនឹងព្រឹត្តិការណ៍បី ។ ទីមួយ ខ្ញុំបានទទួលលិខិតមួយច្បាប់ពីបងប្រុសខ្ញុំដែលកំពុងរស់នៅសហរដ្ឋអាមេរិក ។ គាត់គឺជាអតីតភ្នាក់ងារសម្ងាត់របស់ក្រុមខ្មែរតស៊ូប្រឆាំងនឹងយួន ។ នៅពេលអាជ្ញាធរយួនស្វែងរកចាប់ខ្លួនបណ្តាញអ្នកតស៊ូនៅភ្នំពេញ បងខ្ញុំក៏ភៀសខ្លួនទៅជាយដែនខ្មែរថៃ ហើយបាត់ដំណឹងតាំងតែពីឆ្នាំ ១៩៨០ មក ។ ទីពីរ ខ្ញុំត្រូវជាប់កំណែន ក៥ ទៅកាប់ឆ្កាព្រៃនៅទល់ដែនខ្មែរ-ថៃ នៅដើមឆ្នាំ ១៩៨៥ ។ និងទីបី មិត្តក្នុងភូមិម្នាក់ដែលជាប់សែស្រឡាយនឹងខ្ញុំបន្តិចបន្តួចបានខ្សឹបប្រាប់ខ្ញុំថា ក្រុមគ្រួសារគាត់មានគម្រោងរត់ចេញពីប្រទេសកម្ពុជា ទៅរស់នៅក្នុងជំរំជនភៀសខ្លួនខ្មែរក្នុងប្រទេសថៃ ។ កំណែន ក៥ គឺជាបញ្ហាមួយដែលធ្វើឲ្យម្តាយខ្ញុំកើតទុក្ខព្រួយជាច្រើនខែថ្ងៃ ។ តាមដំណឹងចេញពីអ្នកដែលបានឆ្លងកាត់យុទ្ធនាការ ក៥ នោះ ពលករមួយចំនួនបានរងគ្រោះរហូតដល់បាត់បង់ជីវិតដោយប្រការផ្សេងៗ ។ អ្នកដែលជាប់កំណែនត្រូវចំណាយពេលពី ៣ទៅ៦ ខែ ឬក៏យូរជាងនេះផងក៏មិនដឹងអាស្រ័យលើអុងឡឺងគាត់សម្រេច ។ ខ្ញុំយកដំណឹងអំពីគម្រោងរត់ភៀសខ្លួនទៅស្រុកថៃរបស់មិត្តខ្ញុំទៅប្រាប់ម្តាយខ្ញុំ ។ ម្តាយខ្ញុំនិងខ្ញុំជាមួយនឹងជីដូនខ្ញុំបានពិគ្រោះគ្នាមួយកំណាត់យប់ រួចហើយក៏សម្រេចចិត្តឲ្យខ្ញុំរត់ភៀសខ្លួនទៅប្រទេសថៃជាមួយនឹងមិត្តខ្ញុំ ។ ម្តាយនិងជីដូនខ្ញុំមិនចង់ឲ្យខ្ញុំយកជីវិតទៅប្រឈមនឹងសេចក្តីស្លាប់ក្នុងកំណែន ក៥ ឡើយ ។ ខ្ញុំបង្ខំចិត្តបន្តដំណើរទាំងទឹកភ្នែក ។ បន្ទាប់ពីសម្រេចចិត្តបន្តការតស៊ូជម្នះឧបសគ្គនៅក្នុងដំណើរជីវិត ខ្ញុំរៀបចំមហិច្ឆតាតូចៗពីរនៅក្នុងគោលដៅជិវិតខ្ញុំ ។ ទីមួយ បើខ្ញុំអាចឆ្លងទៅដល់ជំរំជនភៀសខ្លួនខ្មែរនៅក្នុងប្រទេសថៃដោយសុវត្ថិភាព ប៉ុន្តែមិនអាចទៅដល់សហរដ្ឋអាមេរិកដូចបងប្រុសខ្ញុំ ខ្ញុំនឹងប្រឹងប្រែងរៀនភាសាអង់គ្លេសឲ្យចេះស្ទាត់ដើម្បីប្រកបរបរជាគ្រូបង្រៀនភាសានេះ ។ ទីពីរ បើខ្ញុំមានវាសនាទៅដល់សហរដ្ឋអាមេរិក ខ្ញុំនឹងរៀនជំនាញរៀបចំប្រព័ន្ធផ្សាយសំឡេងដូចជាអ្នកចាក់មីក្រូនៅក្នុងពិធីបុណ្យឬមង្គលការសព្វថ្ងៃ ។ វាជាមហិច្ឆតាសមស្របមួយដែលខ្ញុំគិតថា សមត្ថភាពខ្ញុំអាចជម្នះឧបសគ្គបាន ។ ខ្ញុំទៅដល់ជំរំជនភៀសខ្លួនខ្មែរនៅក្នុងប្រទេសថៃនៅថ្ងៃទី ៣១ ខែមករា ឆ្នាំ ១៩៨៥ បន្ទាប់ពីជំរំទាំងនោះត្រូវបានកងទ័ពយួនវាយបំបែករប៉ាត់រប៉ាយនៅថ្ងៃទី ៧មករា ។ មួយខែក្រោយមក ខ្ញុំទទួលបានជោគជ័យក្នុងការភ្ជាប់ទំនាក់ទំនងជាមួយនឹងបងខ្ញុំនៅសហរដ្ឋអាមេរិក ដែលជាប្រភពគាំពារជីវិតខ្ញុំ (Lifeline) ។ នៅថ្ងៃទី ១៣ ខែមេសា អង្គការសហប្រជាជាតិសម្រេចដឹកជញ្ជូនពលរដ្ឋខ្មែរដែលរស់នៅរាយប៉ាយតាមជំរំជនភៀសសឹកទាំងអស់ ទៅដាក់នៅក្នុងជំរំដ៏ធំមួយដែលមានឈ្មោះថា សាយធូ (Site 2) ។ គឺនៅទីនោះហើយដែលខ្ញុំស្វែងរកឱកាស ឬក៏បង្កើតឱកាសបន្តការតស៊ូនៅក្នុងជីវិតសិក្សារបស់ខ្ញុំ ។ ឧបសគ្គនៅមានច្រើនតទៅទៀត ។ ក៏ប៉ុន្តែ ខ្ញុំចង់បញ្ជាក់ថាខ្ញុំមិនត្រឹមតែអាចរៀនភាសាអង់គ្លេសទេ គឺខ្ញុំរៀនទាំងភាសានិងអក្សរសាស្ត្រខ្មែរថែមទៀត បន្ទាប់ពីខកខានអស់រយៈពេល ១០ឆ្នាំ ។ រឿងខ្ញុំត្រឡប់ចូលទៅរៀនវិញដូចម្តេចបន្ទាប់ពីខកខានអស់រយៈពេល១០ឆ្នាំ វាជារឿងមួយផ្សេងទៀត ។ បើអ្នកគិតថាអត្ថបទនេះសរសេរបានល្អដូចអ្នកមានចំណេះដឹងជ្រៅជ្រះ វាកើតចេញពីការប្រឹងប្រែងដោយមិនប្រក្រតីនោះ ។ បួនឆ្នាំក្រោយមកគឺនៅឆ្នាំ ១៩៨៩ ខ្ញុំទៅដល់សហរដ្ឋអាមេរិក ។ គម្រោងដែលខ្ញុំបានគិតពេលចាកចេញពីស្រុកខ្មែរមកនោះ ត្រូវបានប្រែប្រួលដោយសារដំណាក់កាលទីមួយដែលខ្ញុំឆ្លងកាត់នៅក្នុងជំរំជនភៀសខ្លួនក្នុងប្រទេសថៃ ។ ទៅដល់ស្រុកអាមេរិក ខ្ញុំមានអាយុ២៥ឆ្នាំគត់ ។ ខ្ញុំអាចទៅធ្វើការនៅរោងចក្រឬក៏សហគ្រាសនានា ហើយសន្សំប្រាក់ទិញផ្ទះរកភរិយាបង្កើតគ្រួសាររស់នៅយ៉ាងងាយស្រួលនៅលើទឹកដីថ្មីនេះ ។ ទន្ទឹមគ្នានេះដែរ ខ្ញុំក៏សន្សំបានចំណេះដឹងខ្លះៗកាលរស់នៅក្នុងជំរំជនភៀសខ្លួនឯប្រទេសថៃ ។ ជម្រើសរបស់ខ្ញុំមានពីរ ។ ធ្វើការងារបង្កើតគ្រួសាររស់តាមសម្មាជីវោ ឬក៏ប្រថុយនឹងរឿងរៀនសូត្របន្តម្តងទៀត ។ ការប្រឈមរបស់ខ្ញុំរវាងឆ្នាំ ១៩៨៩ និងឆ្នាំ ១៩៧៩ ថ្វីដ្បិតតែមានស្ថានភាពខុសគ្នា ក៏ប៉ុន្តែផលវិបាកគឺមិនធូស្រាលជាងគ្នាប៉ុន្មានទេ ។ នៅឆ្នាំ ១៩៧៩ បើខ្ញុំទៅរៀន ខ្ញុំនាំទុក្ខឲ្យម្តាយខ្ញុំ ។ ឆ្នាំ ១៩៨៩ បើខ្ញុំទៅរៀន ខ្ញុំត្រូវចំណាយពេលពី ៥ទៅ១០ឆ្នាំ ។ បើខ្ញុំបរាជ័យ ជីវិតនិងអនាគតខ្ញុំបើមិនចប់ក៏ខាតបង់ខ្ទេចខ្ទីដែរ (Ruin) ។ ខ្ញុំសម្រេចទៅបន្តការសិក្សាឡើងវិញ ថ្វីត្បិតតែនៅក្នុងជម្រៅចិត្តខ្ញុំ ខ្ញុំដឹងថាសមត្ថភាពខ្ញុំអាចទទួលបានជោគជ័យត្រឹម ២០ភាគរយប៉ុណ្ណោះ ។ មូលហេតុតែមួយគត់ដែលខ្ញុំសម្រេចចិត្តតស៊ូប្រឈមនឹងហានិភ័យនោះ គឺអ្នករងគ្រោះមានតែខ្ញុំម្នាក់គត់ ។ មិនពាក់ព័ន្ធនឹងអ្នកដទៃឡើយ ។ មិននាំទុក្ខដល់អ្នកដទៃ គឺជាអ្វីដែលបង្កប់នៅក្នុងអត្ថបទដ៏វែងអន្លាយនេះ ។ មុននឹងយើងធ្វើសកម្មភាព មុននឹងយើងងើបតស៊ូឬតតាំងជាមួយនឹងព្រហ្មលិខិត មិនថាជាការស្វែងរកទ្រព្យ (ចំណេះដឹងនិងសម្ភារៈ) ឬក៏ការតវាប្រឆាំងនឹងអំពើអយុត្តិធម៌នានានៅក្នុងសង្គម យើងគប្បីគិតអំពីប្រការ ថាតើការតស៊ូរបស់យើងអាចនាំទុក្ខដល់អ្នកដទៃ ជាពិសេសមនុស្សដែលយើងស្រឡាញ់ដែរទេ ។ ការតស៊ូ ការជូតទឹកភ្នែក និងការក្រោកឈរតតាំងជាមួយនឹងឧបស័គ្គ គឺមាននៅក្នុងអត្តចរិតរបស់មនុស្សគ្រប់ៗរូបរួចទៅហើយ ។ គ្មាននរណាមួយដែលកើតមក មិនមានឆន្ទៈតស៊ូនៅក្នុងជីវិតនោះទេ ។ អ្វីដែលយើងគួរដឹង គឺត្រូវពិចារណាជាប្រចាំ ថាតើការតស៊ូនោះវាសមស្របទៅតាមកាលៈទេសៈ និងអាចទទួលបានជោគជ័យកម្រិតណា ។ ស្ថានភាពនៃជីវិតមនុស្សម្នាក់ៗ មិនដូចគ្នាទេ ។ ដូច្នេះ និយមន័យនៃភាពជោគជ័យក៏មិនដូចគ្នាដែរ ។ ខ្ញុំទទួលបរាជ័យរាប់មិនអស់ទេ នៅក្នុងដំណើរជីវិត ។ ក៏ប៉ុន្តែ បរាជ័យខ្លះ បើគិតឲ្យសព្វជ្រុងជ្រោយទៅ វាក៏ជាជោគជ័យផងដែរ ។ ឧទាហរណ៍ នៅក្នុងវិបត្តិសេដ្ឋកិច្ចកូវិដ១៩រយៈពេលជាងមួយឆ្នាំនេះ ខ្ញុំបាត់បង់ប្រាក់ចំណូលស្ទើរតែទាំងស្រុង ។ ទាំងខ្ញុំ ទាំងកូនៗ រស់នៅដោយសារកម្លាំងញើសឈាមរបស់ភរិយាខ្ញុំ ។ នៅក្នុងកែវភ្នែករបស់អ្នកដទៃ ខ្ញុំជាមនុស្សបរាជ័យដ៏អាមាសជាទីបំផុត ។ ប៉ុន្តែ នៅក្នុងកែវភ្នែកខ្ញុំ ខ្ញុំជាមនុស្សដែលមានជោគជ័យដ៏ត្រចះត្រចង់ ដ្បិតខ្ញុំរកបានភរិយាដែលមានសមត្ថភាពចិញ្ចឹមខ្ញុំរស់បានយ៉ាងស្រួល ។ ជោគជ័យនិងបរាជ័យនៅក្នុងដំណើរជីវិត វាគឺជាផ្ទៃមុខទាំងសងខាងនៃកាក់តែមួយ (Two sides of the same coin) ។ បន្តការតស៊ូ ឬក៏ផ្អាកការតស៊ូនៅក្នុងដំណើរជីវិត វាក៏មានសណ្ឋានដូចគ្នាដែរ ។ ការលះបង់មិនតស៊ូជម្នះឧបសគ្គដែលធំហួសមាឌ ឬក៏ដែលផ្តល់ឱកាសឲ្យយើងឈ្នះតិចតួចពេកនោះ មិនមែនជាបរាជ័យទេ ដរាបណាយើងមិនបោះបង់ការតស៊ូនៅក្នុងចិត្ត ។ វាគ្រាន់តែជាការទទួលស្គាល់ដែនកំណត់នៃសមត្ថភាព និងលទ្ធភាពក្នុងការយកឈ្នះឧបសគ្គនៅចំពោះមុខប៉ុណ្ណោះ ។ នៅក្នុងភាសាអង់គ្លេសមានពាក្យមួយឃ្លាដែលពោលថា៖ Patience is the mother of all virtues (ការអត់ធ្មត់មិនធ្វើសកម្មភាពគឺជាមាតានៃជ័យជម្នះគ្រប់ប្រការ) ៕

No comments:

ចំណីខួរក្បាល

បោះឆ្នោតនៅស្រុកអាមេរិក ឆ្នាំនេះ ខ្ញុំទៅបោះឆ្នោតមុនថ្ងៃកំណត់ ដ្បិតសម្រាប់ខ្ញុំជម្រើសបេក្ខជនដឹកនាំប្រទេសគឺមានតែពីរប្រភេទតែប៉ុណ្ណោះ៖ បេក្ខជនដ...