Saturday, January 23, 2021
ចំណីខួរក្បាល
ទទួលទាន (Eat)
ពាក្យខ្មែរមួយម៉ាត់ដែលមានអត្ថន័យធំធេងដូចមហាសមុទ្រគឺ ទទួលទាន ។ ប៉ុន្តែ ខ្មែរយើងមិនសូវនិយមប្រើពាក្យនេះឡើយ ។ យើងសុខចិត្តយកពាក្យស្ទើរតែរាប់រយមកប្រើជំនួសឲ្យពាក្យមួយម៉ាត់នេះ ។ ខ្ញុំមិនដឹងថា ពាក្យនេះមានប្រភពឫសគល់ចេញមកពីណាទេ ។ ក៏ប៉ុន្តែ តាមការពិនិត្យរបស់ខ្ញុំ ពាក្យនេះមានអត្ថន័យ អត្ថរស និងអត្ថរូប ល្អវិសេសវិសាលពន់ពេកណាស់ ។ យើងអាចយកវាមកប្រើសម្រាប់មនុស្ស សត្វ និងរុក្ខជាតិ ។ គឺអត់មានទើសទាស់ត្រង់ណាបន្តិចឡើយ ។ ឧទាហរណ៍ ស្តេចទទួលទានក្រយា ។ ព្រះសង្ឃទទួលទានអាហារ ឬចង្ហាន់ ។ មនុស្សទូទៅទទួលទានបាយឬទឹក ។ សម្រាប់សត្វនិងរុក្ខជាតិ យើងអាចប្រើពាក្យទទួលទានបានដូចគ្នា ។ ជ្រូកមាន់ទាគោក្របីនិងត្រី ទទួលទានចំណី ។ រុក្ខជាតិនានាទទួលទានពន្លឺថ្ងៃនិងជី ។ នៅមានករណីជាច្រើនទៀតដែលយើងអាចប្រើពាក្យទទួលទានដូចជា៖ ទទួលទានដំណេក ទទួលទានបញ្ញា ទទួលទានទស្សន ។ល។
បើយើងញែកពាក្យទទួលទាននេះជាពីរ យើងឃើញថាវាជាការផ្គុំគ្នារវាងពាក្យ ទទួល និង ទាន ។ ទានគឺជារបស់ដែលនរណាម្នាក់ ឬក៏រូបធាតុអ្វីមួយបរិច្ចាគដើម្បីទ្រទ្រង់ជីវិតអ្នកដទៃ ឬក៏រូបធាតុដទៃ ។ ឧទាហរណ៍ ស្មៅបរិច្ចាគដើមនិងស្លឹករបស់វាដើម្បីទ្រទ្រង់ជីវិតគោក្របី ។ គោក្របីបរិច្ចាគទឹកដោះរបស់វាឲ្យមនុស្សយកទៅឆ្នៃធ្វើម្ហូបដើម្បីទ្រទ្រង់ជីវិត ។ រុក្ខជាតិនានាដូចជាកំប្លោក ចេក ដូង ដំឡូង ស្រូវ ពោត ក៏បរិច្ចាគផ្កា ផ្លែ គ្រាប់ ដើម និងជីវិតរបស់វាដើម្បីទ្រទ្រង់ជីវិតមនុស្សនិងសត្វផងដែរ ។ បើយើងពិនិត្យឲ្យល្អិតល្អន់បន្តិច យើងឃើញថាពាក្យទទួលទាននេះ បង្កប់នូវអត្ថន័យនៃទំនាក់ទំនងនៅក្នុងធម្មជាតិ ។
ទាន ក្នុងន័យបរិច្ចាគ គឺជាសភាវទ្រទ្រង់ជីវិត ។ ដូច្នេះ អ្នកដែលទទួលទានគឺទទួលបាននូវសភាវទ្រទ្រង់ជីវិត ។ នៅពេលយើងភ្ជាប់សភាវទ្រទ្រង់ជីវិតទៅនឹងសុភាវធម៌ យើងនឹងបង្កើតបានគុណធម៌នៅក្នុងទំនាក់ទំនងនេះ ។ បង្វិលពាក្យគុណធម៌ទៅភ្ជាប់ជាមួយនឹងទានវិញ យើងនឹងបង្កើតបានពាក្យគុណធម៌ទាន ឬទានដែលមានគុណ ។ គុណគឺជាអ្វីដែលខ្ញុំចង់លើកយកមកនិយាយនៅក្នុងអត្ថបទនេះ ។
ពេលមនុស្សនិងសត្វទទួលទាន យើងរមែងមានសោមនស្សនៅក្នុងជម្រៅដួងចិត្តនិងសតិអារម្មណ៍ ។ ចិត្តនិងអារម្មណ៍សោមនស្សនេះគឺគ្មានអ្វីក្រៅអំពីការដឹងគុណឡើយ ។ ក៏ប៉ុន្តែ យើងកម្រស្វែងយល់អំពីគុណូបការរបស់វត្ថុដែលធ្វើឲ្យយើងសោមនស្សនេះណាស់ ។ និយាយឲ្យចំ ទានគុណដែលធ្វើឲ្យចិត្តយើងសោមនស្សជាប្រចាំនោះ គឺពាក់ព័ន្ធនឹងការបរិច្ចាគរបស់វត្ថុធាតុជាច្រើន ។ ការបរិច្ចាគខ្លះគឺតម្រូវឲ្យមានការបូជាជីវិតមួយដើម្បីទ្រទ្រង់ជីវិតមួយទៀត ។ ខ្ញុំសូមលើកយកអាហារមួយពេលមកលាតត្រដាងដើម្បីបង្ហាញអំពីការបរិច្ចាគនេះ ។ បាយមួយចានដែលស្ថិតនៅនឹងមុខយើង គឺមានគ្រាប់ស្រូវជាច្រើនគ្រាប់ដែលយើងយកទៅស្រិតធ្វើជាអង្ករ ។ សូមកុំភ្លេចថា ពីជៈឬគ្រាប់ស្រូវមួយគ្រាប់ៗតំណាងឲ្យជីវិតមួយ ។ ពងទាចៀនមួយដែលយើងយកមកធ្វើម្ហូប ដើម្បីទទួលទានជាមួយនឹងបាយនោះ ក៏តំណាងឲ្យជីវិតមួយដែរ ។ បើមានសម្លរម្ជូរដើមចេកនិងកូនក្តាមរួមផ្សំជាមួយផង ដើមចេកនិងកូនក្តាមក៏បានបរិច្ចាគជីវិតវាដើម្បីទ្រទ្រងជីវិតយើងដែរ ។ ស្វាយទុំដែលយើងយកមកទទួលទានជាបង្អែមលាងមាត់ ក៏ជាការបរិច្ចាគរបស់ដើមស្វាយ ។ នេះគ្រាន់តែជាឧទាហរណ៍តូចមួយអំពីគុណូបការគុណ របស់ធម្មជាតិមកលើជីវិតមនុស្ស ។ បើយើងសម្លឹងមើលឲ្យហួសពីអាហារមួយពេលនេះ យើងនឹងឃើញមានគុណូបការជាច្រើនផ្សេងទៀតដែលជាសភាវទ្រទ្រង់ជីវិតមនុស្ស សត្វ និងរុក្ខជាតិ ។
ទំនាក់ទនងរវាងធម្មជាតិនិងជីវិតមនុស្សហាក់ដូចជាមិនពិបាកយល់ទេ ។ ដីទឹកភ្លើងខ្យល់(អាកាសធាតុ)ជាសភាវទ្រទ្រង់ជីវិតរុក្ខជាតិ ។ រុក្ខជាតិទ្រទ្រង់ជីវិតសត្វ ។ សត្វ រុក្ខជាតិ និងអាកាសធាតុ ទ្រទ្រង់ជីវិតមនុស្ស ។ នៅក្នុងទំនាក់ទំនងនេះ មនុស្សគឺជាភាគីតែមួយគត់ ដែលមានអំណាចបំផ្លាញភាពសុខដុមរមនា(Harmony)នៅក្នុងសហអត្ថិភាពធម្មជាតិ (Nature's Co-Existence) ។ ដូច្នេះ នៅពេលដែលមនុស្សវង្វេងមិនដឹងថាអ្វីជាគុណ និងអ្វីជាទោស ពិភពរបស់យើងនឹងរងគ្រោះជៀសមិនរួចឡើយ ។ សព្វថ្ងៃ យើងកំពុងតែវង្វេងមិនដឹងថា តើអ្វីទៅនៅក្នុងធម្មជាតិជុំវិញខ្លួនយើង មានគុណខ្ពស់បំផុតនោះទេ ។ នៅពេលយើងគិតអំពីគុណូបការគុណ យើងគិតត្រឹមតែម៉ែឪរបស់យើងប៉ុណ្ណោះ ។ មិនសូវមានមនុស្សគិតទៅដល់គុណបំណាច់ធម្មធាតុនានាឡើយ ។ ជាលទ្ធផល យើងបំផ្លាញធម្មធាតុទ្រទ្រង់ជីវិតរបស់យើងឥតត្រាប្រណី ។ ទន្លេស្ទឹងបឹងបួ យើងទប់លុបយកតែពីឈ្នះដៃ ។ ត្រីព្រៃឈើនិងសម្បត្តិធម្មជាតិនានា យើងទាញយកភោគផលមិនចេះស្កប់ ។ សម្បត្តិធម្មជាតិខ្លះ យើងបំផ្លិចបំផ្លាញរហូតទាល់តែវិនាសសាបសូន្យ ។ សំណួរមួយដែលយើងគួរលើកយកមកពិចារណាគឺថា នៅពេលដែលវត្ថុធាតុទ្រទ្រង់ជីវិតយើងវិនាសឬហិនហោចអស់ទៅ តើជីវិតយើងអាចស្ថិតនៅបានដែរទេ? ប្រការនេះ អ្នកដែលបំផ្លាញភាពសុខដុមរមនារបស់មនុស្ស គឺគ្មាននរណាក្រៅអំពីមនុស្សខ្លួនឯងឡើយ ។
ខ្ញុំឧស្សាហរណ៍មើលកម្មវិធីទូរទស្ស NHK របស់ជប៉ុន ។ តាមការសង្កេតរបស់ខ្ញុំ ជនជាតិយីពុនហាក់ដូចជាគោរពបូជាធម្មជាតិខ្ពង់ខ្ពស់ណាស់ ។ សម្បត្តិធម្មជាតិជាច្រើនដែលយីពុនទាញយកមកធ្វើជាចំណីអាហារទ្រទ្រង់ជីវិត រមែងទទួលបាននូវការគោរពបូជាប្រៀបដូចជាអាទិទេព ។ ខ្ញុំមិនដឹងថាពាក្យទទួលទាននៅក្នុងភាសាយីពុន មានអត្ថន័យ អត្ថរស និងអត្ថរូបដូចម្តេចទេ ។ ប៉ុន្តែ តាមការគូសវាសបញ្ជាក់នានានៅក្នុងកម្មវិធីវប្បធម៌របស់យីពុនទាំងនោះ ពិធីកម្ម(Rituals)គោរពបូជាចំពោះធម្មជាតិទាំងអម្បាលម៉ាន គឺសុទ្ធសឹងតែសម្តែងអំពីការដឹងគុណ ឬអំណរគុណ ។
ត្រឡប់ទៅពាក្យទទួលទានវិញ ។ វាហាក់ដូចជាប្រធានបទដែលគ្មានខ្លឹមសារអត្ថន័យអ្វីធំដុំឡើយ ។ ប៉ុន្តែ បើយើងពិនិត្យឲ្យល្អិតល្អន់ ទទួលទានមិនត្រឹមតែមានអត្ថន័យទូលំទូលាយប៉ុណ្ណោះទេ វាថែមទាំងបង្កប់នូវទំនាក់ទំនងទ្រទ្រង់រវាង មនុស្ស សត្វ រុក្ខជាតិ និងធម្មធាតុផងទាំងពួងក្នុងពិភពលោកទៀតផង ៕
Subscribe to:
Post Comments (Atom)
ចំណីខួរក្បាល
បោះឆ្នោតនៅស្រុកអាមេរិក ឆ្នាំនេះ ខ្ញុំទៅបោះឆ្នោតមុនថ្ងៃកំណត់ ដ្បិតសម្រាប់ខ្ញុំជម្រើសបេក្ខជនដឹកនាំប្រទេសគឺមានតែពីរប្រភេទតែប៉ុណ្ណោះ៖ បេក្ខជនដ...
-
រឿង តោនិងក្របីព្រៃ តោមួយបានដើរស្វែងរកអាហារ នៅក្បែរមាត់ព្រៃ ។ នៅពេលវាដើរ មកដល់ក្បែរមាត់បឹងមួយ វាបានឃើញក្របីព្រៃឈ្មោលចំនួនបួន កំពុង ឈរស៊ីស...
-
ឱកាសនៅក្នុងឧបស័គ្គ (Opportunity inside Obstacle) នៅក្នុងរង្វង់ជនអន្តោប្រវេសដែលទៅរស់នៅក្នុងប្រទេសថ្មី មានពាក្យមួយឃ្លាដែលគេតែងពោលថា៖ ជនអន្តោ...
-
រឿង ក្មេងប្រុសនិងសត្វកង្កែប មានក្មេងប្រុសមួយក្រុម បាននាំគ្នាទៅរត់លេង នៅក្បែរមាត់ត្រពាំងមួយ ដែលមានសត្វកង្កែបជាច្រើនរស់នៅ ។ បន្ទាប់ពីពួកគេរត...
No comments:
Post a Comment