Friday, February 19, 2021

ចំណីខួរក្បាល

កុសល (Merit) កាលពីប៉ុន្មានឆ្នាំមុន ខ្ញុំដាក់ទោសខ្លួនឯងឲ្យសរសេរអត្ថបទមួយស្តីអំពីពុទ្ធសាសនាមហាយាន ។ នៅក្នុងការស្រាវជ្រាវគោលគំនិតសរសេរអត្ថបទនោះ ខ្ញុំជួបនឹងការអះអាងមួយដែលថ្លែងថា៖ ការចំណាយកុសលនឹងនាំឲ្យកើនកុសល ។ ពេលឃើញការអះអាងនោះ ខ្ញុំហាក់ដូចជាវង្វេងវង្វាន់ដែលក្មេងៗសម័យបច្ចុប្បន្នចូលចិត្តនិយាយថា "ក្រញាញ់ខួរ" ។ តាំងតែពីតូចក្រូចឆ្មារមក ខ្ញុំតែងតែទទួលការអប់រំពីចាស់ទុំឲ្យចេះសន្សំកុសល ។ រឿងចំណាយកុសល ដូចជាមិនដែលឮសោះ ។ សូម្បីតែវត្តមួយនៅភ្នំពេញក៏មានឈ្មោះថា វត្តសន្សំកុសល ដែរ ។ ហេតុអ្វីក៏ព្រះពុទ្ធសាសនាតែមួយមានគោលគំនិតពីរផ្ទុយគ្នាដូច្នេះ? នៅពេលខ្ញុំមើលការពន្យល់ពិស្តារ ខ្ញុំឃើញថាគោលដៅនៃការសន្សំកុសលនិងចំណាយកុសល គឺដើម្បីធ្វើដំណើរទៅកាន់និព្វានដូចគ្នា ។ ក៏ប៉ុន្តែ ការធ្វើដំណើរនៅលើដងផ្លូវពីរដែលផ្ទុយគ្នាដូច្នេះ ច្បាស់ជាមានភាគីមួយវង្វេងហើយ ។ បើមិនវង្វេងទេ យ៉ាងហោចណាស់ក៏ត្រូវដើរវាងឆ្ងាយអនេកកប្បការដែរ ។ ខ្ញុំមិនដែលសាងភ្នួស ហើយក៏មិនសូវទៅវត្តដើម្បីរៀនព្រះធម៌របស់ព្រះពុទ្ធញឹកញាប់ដែរ ។ អ្វីដែលជាការយល់ដឹងរបស់ខ្ញុំអំពីព្រះពុទ្ធសាសនា គឺតាមរយៈការអានសៀវភៅផ្សេងៗ ។ ជារួម យើងអាចបំបែកពុទ្ធសាសនាជាពីរផ្នែកគឺ៖ មហាយាន និងហិនយាន ឬថេរវាទ(ថេរឱវាទ?) ។ នៅក្នុងនិកាយទាំងពីរនេះ ឮថាមានការខ្វែងគំនិតគ្នាខ្លះៗស្តីអំពីការអនុវត្តន៍នានា ។ ចំណាយកុសលនិងសន្សំកុសលប្រហែលជាការខ្វែងមតិគ្នានោះហើយមើលទៅ ។ ទោះជាយ៉ាងណាក៏ដោយ តាមការសង្កេតរបស់ខ្ញុំ ពុទ្ធសាសនាមហាយានហាក់ផ្តោតការអនុវត្តន៍ទៅលើព្រហ្មវិហារធម៌ទាំងបួន ដែលមានមេត្តា ករុណា មុទិតា និង ឧបេក្ខាជាគោល ។ ឯពុទ្ធសាសនាហិនយានគឺអនុវត្តន៍តាមចតុរារិយសច្ច ដែលមានការស្វែងយល់អំពី ទុក្ខ សមុទយ និរោធ និង មគ្គ ជាមធ្យោបាយធ្វើដំណើរទៅរកនិព្វាន ។ ទុក្ខ សមុទយ និរោធ និង មគ្គ គឺជាសមីការនិងរូបមន្តសម្រាប់ដោះស្រាយបញ្ហានានាដែលជីវិតជួបប្រទះ ក៏ដូចជាមធ្យោបាយធ្វើដំណើរឆ្ពោះទៅកាន់និព្វានដែរ ។ នៅក្នុងមធ្យោបាយដោះស្រាយសមីការនេះ យើងត្រូវស្វែងយល់ឫសគល់និងទំនាក់ទំនងរបស់កត្តានីមួយៗឲ្យបានជាក់លាក់ ទើបរកចម្លើយឃើញ ឬក៏ដើរទៅដល់គោលដៅ ។ ដំណាក់កាលចុងក្រោយនៃដំណោះស្រាយសមីការនិព្វាននេះគឺ មគ្គ ឬមាគ៌ាទាំង៨ ឬក៏ អដ្ឋង្គិគមគ្គ ។ សន្សំកុសលគឺស្ថិតនៅក្នុងមាគ៌ាទាំង៨នេះឯង ដែលមានពាក្យ "សម្មា" ឬភាពត្រឹមត្រូវជាប្រមុខ ។ ព្រះពុទ្ធមិនបានដាក់និយាម (Standard) ឬក៏សរសេរចារទុកថាទង្វើ ឬកម្មប្រភេទណាដែលចាត់ទុកថាជា សម្មា ឬភាពត្រឹមត្រូវឡើយ ។ អ្វីៗគឺស្ថិតនៅលើបុគ្គលមនុស្សម្នាក់ៗជាអ្នកអនុមតិ ។ ជាលទ្ធផល មនុស្សដែលស្វែងរកនិងសន្សំកុសល ប្រព្រឹត្តិកម្មផលរាប់រយរាប់ពាន់ជំពូក ដើម្បីឲ្យជីវិតសង្ខារអាចធ្វើដំណើរទៅដល់និព្វានភព ។ អ្នកខ្លះទៅបន់ព្រះសំពះទេវតាសុំបវរណាឲ្យសង្ខារបានរួចរដោះទៅដល់និព្វាន ។ អ្នកខ្លះក៏ចំណាយប្រាក់បរិច្ចាគទ្រព្យធ្វើបុណ្យដាក់ទានគ្មានត្រាប្រណី ដើម្បីសន្សំកុសលឲ្យដល់កម្រិតស្ថិតនៅក្នុងផ្លូវឆ្ពោះទៅកាន់និព្វាន ។ ខ្លះទៀតក៏អនុវត្តយុទ្ធសាស្ត្រ "បុណ្យក៏ធ្វើ ឈើក៏កាប់" ដើម្បីធ្វើដំណើរទៅរកនិព្វានដូចគ្នា ។ នៅមានកម្មជាច្រើនផ្សេងទៀត ដែលមនុស្សសាងដើម្បីសន្សំកុសល ។ ភាពត្រឹមត្រូវ "សម្មា" នៅក្នុងអដ្ឋង្គិគមគ្គ គឺជាបញ្ហាដ៏ស្មុគស្មាញមួយដែលខ្ញុំពិបាកនឹងស្វែងយល់ជាទីបំផុត ។ តើភាពត្រឹមត្រូវស្ថិតនៅត្រង់ណា បើមនុស្សគ្រប់ៗរូបនៅលើលោកនេះសុទ្ធតែត្រូវបានគ្រុបគ្រងដោយភាពអាត្មានិយម (Self-interest) ។ មានន័យថាយើងម្នាក់ៗ ឲ្យអាទិភាពនិងគិតអំពីសុខមាលភាពនិងសន្តិភាព របស់រូបនិងគ្រួសារយើងមុនអ្នកដទៃ ។ នៅពេលប្រឈមនឹងហានិភ័យឬសេចក្តីស្លាប់ យើងសង្គ្រោះខ្លួនឯងមុនអ្នកដទៃជានិច្ច ។ ការបូជាជីវិតខ្លួនឯងដើម្បីសង្គ្រោះជីវិតអ្នកដទៃគឺកើតមានដោយកម្រ ។ រឿងសន្សំកុសលក៏ដូចគ្នាដែរ ។ ទីមួយយើងរក្សាអ្វីដែលយើងមាន ។ ទីពីរយើងស្វែងរកនិងសន្សំកុសលទុកឲ្យបានច្រើនថែមទៀត ។ កំណើនកុសលដែលចេញមកពីការសន្សំនេះគឺជាឋាមពល សម្រាប់បាញ់បង្ហោះវិញ្ញាណរបស់យើងទៅកាន់និព្វាន ប្រៀបដូចជាឋាមពលអាតូមិកសម្រាប់បាញ់បង្ហោះផ្កាយរណបដូច្នោះដែរ ។ ចំណាយកុសលផ្ទុយអំពីសន្សំកុសល ។ នៅក្នុងគោលគំនិត មេត្តា ករុណា មុទិតា និង ឧបេក្ខា មនុស្សគ្រប់ៗរូប មិនថាអ្នកមានឬអ្នកក្រ ស្តេចឬក៏ទាសករ សុទ្ធតែមានកុសលពេញលេញសម្រាប់ចំណាយ ។ យើងមិនចាំបាច់ទៅស្វែងរកឬក៏សន្សំកុសលអ្វីឡើយ ។ មានន័យថា ដើម្បីបង្កើនកុសលយើងគ្រាន់តែចំណាយកុសល តាមរយៈកម្មរបស់យើងគឺគ្រប់គ្រាន់ ។ គួរកត់សម្គាល់ថា កម្មមានពីរប្រភេទគឺ៖ កុសលកម្ម និងអកុសលកម្ម ។ កុសលកម្មគឺជាកម្មដែលស្ថិតនៅក្នុងក្របខណ្ឌ មេត្តា ករុណា មុទិតា និង ឧបេក្ខា ។ អកុសលកម្មមិនស្ថិតនៅក្នុងក្របខណ្ឌនេះទេ ។ ឯយន្តការ (Mechanism) សម្រាប់ដឹកនាំកម្មមានបីប្រភេទគឺដោយ៖ កាយ វាចា និង ចិត្ត ។ ដំណើរចំណាយកុសលដើម្បីបង្កើនកុសល មិនមានអ្វីលំបាកនឹងស្វែងយល់ឬក៏ត្រិះរិះពិចារណាជាដុំកំភួនឡើយ ។ មនុស្សគ្រប់រូបគ្រាន់តែអនុវត្តតាមគោលការណ៍ មេត្តា ករុណា មុទិតា និង ឧបេក្ខា គឺអាចពង្រីកកុសលបានដោយងាយ ។ ដោយហេតុតែពាក្យបួនម៉ាត់នេះជាភាសាបាលី ខ្ញុំសូមអនុញាតអធិប្បាយនិយមន័យត្រួសៗ ។ មេត្តា បានដល់ទំនាក់ទំនងមិត្តភាពរវាង មនុស្សនិងមនុស្ស មនុស្សនិងសត្វ និង មនុស្សនិងរុក្ខជាតិឬធម្មជាតិ ដែលមានសណ្ឋានជាសមមិត្តភាពនៃជីវិត ។ សមមិត្តភាព មិនមានភាពទាបខ្ពស់ទេ ។ យើងទទួលស្គាល់គ្នានិងជួយគាំពារគ្នាទៅវិញទៅមកដោយឥតរើសអើង និងមិនចង់បានឬក៏ស្វែងរកគុណស្រ័យតបស្នងឡើយ ។ យើងផ្តល់សិទ្ធិសេរីភាព ឲ្យគ្នាទៅវិញទៅមកនៅក្នុងការរស់នៅតាមលំអានធម្មជាតិ ឬសម្មាជីវោ ។ ឧទាហរណ៍ បើមនុស្សចងមិត្តជាមួយនឹងឆ្កែ យើងគប្បីអនុញាតិឲ្យឆ្កែរស់ទៅតាមសភាវជាឆ្កែ ។ បើឆ្កែចង់ព្រុស ឲ្យវាព្រុស ។ បើឆ្កែចង់សុីអាចម៍ ឬក៏កំហាកដែលគេស្តោះចោលតាមចិញ្ចើមផ្លូវ អនុញាតិឲ្យវាសុីទៅ ។ មិនត្រូវមួម៉ៅចាប់ទោសអូសដំណើរគ្នាឡើយ ដ្បិតធម្មជាតិរបស់ឆ្កែដែលធ្លាប់ជាសត្វព្រៃអម្បូរចចកនោះ ចំណីអាហាររបស់វាមិនជាទីគាប់ចិត្តរបស់មនុស្សឡើយ ។ ទំនាក់ទំនងមិត្តភាពរវាងមនុស្សនិងមនុស្សក៏ស្រដៀងគ្នាដែរ ។ យើងគប្បីជួយយកអាសាគ្នា ហើយផ្តល់សេរីភាពឲ្យគ្នាទៅវិញទៅមក ។ និយាយឲ្យខ្លី គ្មានចិត្តទើសទាស់នឹងគ្នាទេ ។ ករុណា បានដល់ការថែទាំគាំពារដោយក្តីអាណិតអាសូ ។ "អាណិតអាសូ" គឺជាពាក្យគន្លឺះនៅក្នុងករុណា ។ ឧទាហរណ៍ដ៏សាមញ្ញមួយ គឺទង្វើរបស់មាតាទៅកាន់ទារកដែលទើបនឹងកើតមក ។ ទាំងមនុស្សទាំងសត្វ សុទ្ធតែបីបមថ្នាក់ថ្នមថែរក្សាជីវិតកូនដែលទើបនឹងកើតមក ដោយប្រុងប្រយ័ត្នជាទីបំផុត ។ យើងធ្វើពលិកម្មខ្ពស់ហួសអ្វីៗទាំងអស់ ដើម្បីបំពេញកាតព្វកិច្ចករុណាក្នុងនាមជាមាតាបិតា ។ សត្វពាហនៈសុីសុករបស់វាដើម្បីគាំពារកូនង៉ា ។ ឆ្កែនិងឆ្មាលិឍនិងសុីអាចម៍កូនរបស់វា ដើម្បីគាំពារជីវិតកូនខ្ចីទាំងនោះ ។ ឯមនុស្សក៏ដុសលាងនោមជុះរបស់ទារកដោយគ្មានរង្គៀសចិត្តបន្តិចសោះឡើយ ។ ប្រការនេះ មាតាគ្រប់រូបយល់ច្បាស់ជាងនរណាទាំងអស់ ។ និយាយឲ្យខ្លី ករុណាគឺការថែទាំថ្នាក់ថ្នមដោយទឹកចិត្តអាណិតអាសូ មិនថាទារក មនុស្សពេញវ័យ ឬក៏សត្វផងទាំងពួងឡើយ ។ មុទិតា បានដល់ការមិនច្រណែននិន្ទាឈ្នានីស ។ និយាយឲ្យចំគឺទឹកចិត្តសោមនស្សចំពោះភាពជោគជ័យរបស់អ្នកដទៃ ឬក៏មានបសាទចិត្តចំពោះទុក្ខព្រួយនៅក្នុងជិវិតអ្នកដទៃ ។ មនុស្សគ្រប់រូបមានកម្លាំងកាយប្រាជ្ញានិងស្មារតីមិនស្មើគ្នាទេ ។ ដូច្នេះ ការទទួលស្គាល់អបអរសមត្ថភាព ឬក៏សម្តែងនូវបសាទចិត្តចំពោះទុក្ខព្រួយរបស់អ្នកដទៃ នឹងធ្វើឲ្យភាគីពាក់ព័ន្ធទទួលបានកុសលដូចៗគ្នា ។ បើគិតជាកំណើនកុសលគឺមានទ្វេដង ។ ទាំងអ្នកទទួលបានសមិទ្ធផល និងមិនទទួលបានសមិទ្ធផល សុទ្ធតែទទួលបានកុសលដូចៗគ្នា ដោយគ្រាន់តែបង្ហាញទឹកចិត្តនិងកាយវិការមុទិតា ។ ឧបេក្ខា គឺការទទួលស្គាល់និងឲ្យតម្លៃជីវិតទាំងអស់ ទាំងមនុស្ស ទាំងសត្វស្មើគ្នា ។ ជីវិតមនុស្សនិងសត្វផ្គុំឡើងដោយធាតុ ដី ទឹក ភ្លើង ខ្យល់ និងមានវិញ្ញាណប្រាំដូចៗគ្នា ។ ដូច្នេះ ការទទួលស្គាល់អត្ថិភាពនិងឲ្យតម្លៃជីវិតនីមួយៗទៅតាមសភាវរបស់វា គឺជាការអនុវត្តន៍តាមលំអានឧបេក្ខា ។ និយាយរួម ឧបេក្ខា បានដល់ការឈ្វេងយល់សច្ចភាពនៅក្នុងសភាវនៃជីវិត ។ ឆ្កែរស់តាមសម្មាជីវោ (ភាពត្រឹមត្រូវនៃជីវិត) របស់ឆ្កែ ។ មនុស្សរស់តាមសម្មាជីវោរបស់មនុស្ស ។ តម្លៃនៃជីវិតគឺស្មើគ្នានៅចំពោះមុខច្បាប់ធម្មជាតិដែលមាន កើត ចាស់ ឈឺ ស្លាប់ ជាប្រធាន ។ សរុបសេចក្តីទៅ មេត្តា ករុណា មុទិតា និង ឧបេក្ខា គឺជាការចំណាយកុសលដើម្បីបង្កើនកុសល ។ ទង្វើ ឬកុសលកម្មនៅក្នុងព្រហ្មវិហារធម៌ទាំងបួននេះ មានសណ្ឋានវិជ្ជមានគ្រប់កាលៈទេសៈទាំងអស់ ទោះបីស្ថិតនៅក្នុងស្ថានភាពណាក៏ដោយ ។ ទាំងស្តេច ទាំងទាសករ ទាំងអ្នកមាន ទាំងអ្នកក្រ សុទ្ធតែមានលទ្ធភាពបង្កើនកុសលដូចៗគ្នា ។ មនុស្សគ្រប់ៗរូបមិនចាំបាច់មានអ្វីច្រើនឡើយ មានត្រឹមតែស្នាមញញឹមក៏អាចនាំឲ្យចម្រើនកុសលច្រើនអនេកកប្បការ ។ ចំណុចដ៏សាមញ្ញតែមួយគត់ដែលត្រូវចងចាំគឺថា៖ សន្សំកុសលមាន "សម្មា" ជាគោល ។ ឯចំណាយកុសលដើម្បីបង្កើនកុសលមាន "វិជ្ជមាន" ជាគោល ។ គិតវិជ្ជមាន និយាយវិជ្ជមាន និង ធ្វើទង្វើវិជ្ជមាន (The Power of Positivism) ៕ (កំណត់៖ សេចក្តីពន្យល់ពាក្យ មេត្តា ករុណា មុទិតា និង ឧបេក្ខា សង្ខេបចេញពីសំណេររបស់អ្នកគ្រូ ប៉ែន សេដ្ឋារិន ។ សូមឧទិសកុសលជូនដល់អ្នកគ្រូដោយភក្តីភាព) ។

No comments:

ចំណីខួរក្បាល

គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...