Sunday, February 14, 2021

ចំណីខួរក្បាល

ភូមិវប្បធម៌ដែលខ្ញុំស្រឡាញ់ ភូមិវប្បធម៌ដែលខ្ញុំស្រឡាញ់ មានតែរូបរាង មិនទាន់កកើត តែត្រូវបានគេបំផ្លាញចោលអស់បាត់ទៅហើយ ។ ភូមិនោះ នៅមិនឆ្ងាយពីទីក្រុងសៀមរាបប៉ុន្មានទេ ។ អ្នកស្រុកសៀមរាបដែលចម្រើនវ័យនៅមុនឆ្នាំ២០០០ អាចនៅចងចាំភូមិដែលខ្ញុំនឹងរៀបរាប់នៅក្នុងអត្ថបទនេះ ។ នៅឆ្នាំ ១៩៩៨ ខ្ញុំបានទៅទស្សនកិច្ចនៅស្រុកខ្មែរលើកទី១ បន្ទាប់ពីឃ្លាតឆ្ងាយអស់រយៈពេល១៤ឆ្នាំ ។ វាក៏ជាលើកទី១ដែរនៅក្នុងជីវិតខ្ញុំ ដែលខ្ញុំមានឱកាសបានទៅទស្សនាប្រាសាទអង្គរវត្ត ។ កាលនោះ ឧទ្យានអង្គរស្ថិតនៅក្រោមការគ្រុបគ្រងរបស់ក្រសួងទេសចរណ៍នៅឡើយ ។ ដោយសារតែបងរបស់ខ្ញុំជាមន្ត្រីថ្នាក់កណ្តាលម្នាក់នៅក្នុងក្រសួងទេសចរណ៍ សាខាក្រសួងនៅខេត្តសៀមរាប បានចាត់ចែងរៀបចំដំណើរទេសចរណ៍របស់ពួកយើងជាលក្ខណៈ វីអាយភី តូចមួយ ។ កាលនោះ មិនសូវមានទេសចរច្រើនទេ ។ ហើយក៏មិនសូវមានហេដ្ឋរចនាសម្ព័ន្ធស្អេកស្កះដូចសព្វថ្ងៃនេះដែរ ។ បន្ទាប់ពីទៅទស្សនាប្រាសាទសំខាន់ៗមួយចំនួន ពួកយើក៏សម្រេចចិត្តទៅមើលបារាយខាងលិច ដើម្បីបំពេញតម្រូវការរបស់ខ្ញុំដែលកំពុងតែស្រាវជ្រាវសិក្សាអំពីទ្រង់ទ្រាយនិងវិសាលភាពនៃទីក្រុងអង្គរ ។ យើងធ្វើដំណើរតាមដងផ្លូវជាតិលេខ៦ ឆ្ពោះទៅកាន់ខេត្តបាត់ដំបង ។ ចេញផុតពីក្រុងសៀមរាបបានបន្តិច យើងឈប់រថយន្តនៅក្រោមម្លប់ឈើធំមួយ ។ ខ្ញុំមិនចាំថាយើងឈប់ដោយសារមូលហេតុអ្វីទេ ។ ប៉ុន្តែ ខ្ញុំបានចុះពីលើឡានហើយដើរមើលភូមិករបស់អ្នកស្រុក ដែលស្ថិតនៅតាមដងផ្លូវផ្នែកខាងឆ្វេងដៃ ។ ភូមិនេះ ថ្វីដ្បិតតែអ្នកស្រុករស់នៅស្ថិតក្នុងសភាពសាមញ្ញក៏ដោយ ក៏ទិដ្ឋភាពនិងសោភ័ណ្ឌរំលេចចេញមកមានសណ្ឋានល្អប្រណិត ។ នៅតាមបណ្តោយផ្លូវស្ថិតនៅខាងមុខភូមិ មានប្រឡាយទឹកមួយទទឹងប្រមាណជាបួនម៉ែត្រលាតសន្ធឹងពីជើងទៅត្បូងមើលឃើញដាច់កន្ទុយភ្នែក ។ នៅសងខាងមាត់ប្រឡាយ មានដើមរំចេកដុះជាជួរ ហើយក៏មានស្ពានឆ្លងប្រឡាយមួយៗផងដែរ ។ ខ្ញុំសង្ស័យថា ទឹកដែលហូរនៅក្នុងប្រឡាយនោះ មានប្រភពចេញមកពីបារាយខាងលិចដែលខ្ញុំកំពុងតែធ្វើដំណើរទៅទស្សនានោះឯង ។ ខ្ញុំឈរស្ទង់មើលសណ្ឋានដី (Survey) ទម្រង់ភូមិក ហើយគិតក្នុងចិត្តថា៖ ទីនេះល្អពន់ពេកណាស់ បើឆ្នៃឲ្យទៅជាភូមិវប្បធម៌ មិនដឹងជាល្អយ៉ាងណាទេ ។ ភូមិវប្បធម៌ដែលខ្ញុំសាងសង់នៅក្នុងក្តីស្រមៃរបស់ខ្ញុំនាថ្ងៃនោះ គឺចាប់ផ្តើមពីការជំរឿនឈ្មោះពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងភូមិតាមបណ្តោយមាត់ប្រឡាយ ។ បន្ទាប់មក ជីកប្រឡាយស្របមួយទៀតនៅភាគខាងកើត ដែលមានចម្ងាយមួយរយម៉ែត្រគត់ (១០០ម) ពីប្រឡាយមេនៅតាមដងផ្លូវ ។ ពុះដីនៅចន្លោះប្រឡាយទាំងពីរជាឡូតិ៍ដែលមានប្រវែង៥០ម៉ែត្រស្មើៗគ្នា រួចហើយជីកប្រឡាយតភ្ជាប់ប្រឡាយទាំងពីរ បង្កើតបានជាកូនកោះដែលមានទំហំកន្លះហិចតាមួយ (៥០mX១០០m) ។ នៅតាមមាត់ប្រឡាយជុំវិញកូនកោះនោះ យើងដាំដើមឈើដែលដុះនៅក្នុងស្រុកខ្មែរ (Native trees) ដែលមានឈ្មោះចាប់ផ្តើមពីអក្សរ ក ដល់ អ ។ នៅតាមបណ្តោយជួរដើមឈើឃ្លាតពីគល់វាប្រហែលមួយម៉ែត្រ យើងសាងផ្លូវដើរបេតុង (Sidewalk) ដែលមានទទឺងមួយម៉ែត្រដែរ ។ ចន្លោះដើមឈើនីមួយៗ យើងដាំដើមផ្កាព្រៃដូចជា ក្រវ៉ាន់និងរំដួលជាដើម ហើយដាំវល្លិ៍ព្រៃ ដូចជាទ្រៀលនិងគុយ ឲ្យវារឡើងដើមឈើទាំងនោះ ។ នៅចំកណ្តាលដីភូមិចម្ងាយ១០ម៉ែត្រពីមាត់ប្រឡាយស្របផ្លូវជាតិ សង់ផ្ទះបុរាណខ្មែរប្រភេទរោងដោលឬរោងឌឿងនិងទម្រង់បុរាណដទៃទៀតដែលមានតឹកតាងនៅក្នុងចម្លាក់តាមប្រាសាទនានា ដោយប្រើឈើប្រណិតនៅក្នុងប្រទេសកម្ពុជា ។ នៅជុំវិញផ្ទះក្នុងភូមិករនិមួយៗ យើងដាំដំណាំហូបផ្លែសព្វសារពើមាន ចេក ដូង ល្ហុង ខ្នុរ ស្រកានាគ ជាដើម ។ល។ បន្ទាប់ពីសាងសង់ផ្ទះនិងភូមិករ ដែលមានទ្រង់ទ្រាយជាឧទ្យានប្រាសាទនេះរួចរាល់ ផ្តល់ភូមិវប្បធម៌នេះទៅឲ្យអ្នកស្រុក (Original villagers) រស់នៅនិងថែទាំអាស្រ័យផលទៅតាមតម្រូវការរបស់គ្រសារនីមួយៗ ។ ពួកគេអាចរស់នៅក្នុងភូមិវប្បធម៌នេះក្នុងនាមជាអ្នកថែទាំ (Caretakers) តជំនាន់ ប៉ុន្តែគ្មានសិទ្ធលក់ដូរឬក៏ផ្ទេរកម្មសិទ្ធិឲ្យបុគ្គលណាឡើយ ។ នៅពេលឪពុកម្តាយស្លាប់អស់ អាជ្ញាធរជាអ្នករៀបចំឲ្យកូនៗចាប់ឆ្នោតដើម្បីថែទាំបន្ត ។ គ្រួសារដែលជាប់ឆ្នោតទទួលបានសិទ្ធិថែទាំភូមិក គឺត្រូវរស់នៅទីនោះតែមួយគ្រួសារគត់ (Immediate family only) ។ សាច់ញាតិដទៃត្រូវតែចាកចេញ ។ នៅឆ្នាំ ១៩៩៨ អ្នកស្រុកដែលរស់នៅក្នុងភូមិតាមបណ្តោយមាត់ប្រឡាយនោះ មានចំនួនចន្លោះពី ១០០ទៅ២០០គ្រួសារប៉ុណ្ណោះ ។ ដូច្នេះ ការរៀបចំបង្កើតឧទ្យានភូមិកនោះ អាចធ្វើត្រឹមតែ២០០ប្លង់ គឺគ្រប់គ្រាន់ ។ យើងត្រូវការដីតាមមាត់ប្រឡាយបណ្តោយផ្លូវជាតិលេខ៦ខាងត្បូងទីក្រុងសៀមរាប ចម្ងាយប្រហែលជា ១០០០០ម៉ែត្រ ឬ១០គីឡូម៉ែត្រ ដើម្បីបង្កើតភូមិវប្បធម៌ចំនួន២០០ផ្ទះនេះ ។ នៅខាងស្តាំដៃតាមបណ្តោយផ្លូវនោះ យើងបង្កើតជាតំបន់សណ្ឋាគារសម្រាប់ទេសចរស្នាក់នៅ ។ ការបង្កើតឲ្យមានភូមិវប្បធម៌របៀបនេះ វាជាការអភិវឌ្ឃន៍តាមបែបផែនពហុវិស័យ ឬពហុគោលដៅ ។ ទីមួយគឺយើងបង្កើតឲ្យមានគំរូនៃការរស់នៅរបស់ជនជាតិខ្មែរ និងអភិវឌ្ឃន៍ប្រកបដោយចីរភាពមួយ ។ ទីពីរគឺយើងបង្កើតឲ្យមានឧទ្យានពាក់កណ្តាលសាធារណៈ (Semi-public park) ដែលមានទំហំ១០០ម៉ែត្រគុណនឹង១០គីឡូម៉ែត្រ ។ ទីបីពលរដ្ឋដែលរស់នៅក្នុងភូមិវប្បធម៌នេះ អាចចងក្រងជាសហគមន័ដែលមានក្រុមប្រឹក្សាសម្រេចកិច្ចការនានា ក៏ដូចជាផ្តល់កម្រៃការងារដល់អ្នកស្ម័គ្រចិត្តចូលមកជួយថែទាំ និងផ្តល់សេវានៅក្នុងសហគមន៍ ។ ទីបួនប្រព័ន្ធប្រឡាយទឹក (កសិន្ធុ) អាចជាកន្លែងចិញ្ចឹមត្រីធម្មជាតិ សម្រាប់ផ្គត់ផ្គងតម្រូវការរបស់អ្នកភូមិ ក៏ដូចជាសម្រាប់ទេសចរស្ទូចលេងលំហែរផងដែរ ។ នៅមានសក្តានុពលនិងសារប្រយោជន៍ជាច្រើនផ្សេងទៀត ដែលយើងអាចទាញយកពីភូមិវប្បធម៌ដ៏សាមញ្ញមួយនេះ ។ បើនិយាយអំពីទំនាក់ទំនងរវាងតំបន់សណ្ឋាគារនិងភូមិវប្បធម៌ ទេសចរទាំងក្នុងស្រុកនិងក្រៅស្រុកគ្រាន់តែដើរឆ្លងផ្លូវពីកន្លែងស្នាក់នៅ ក៏អាចទស្សនារបៀបរបបរស់នៅរបស់រាស្ត្រខ្មែរដោយផ្ទាល់តែម្តង ។ មិនតែប៉ុណ្ណោះ ពួកគេអាចទិញផ្លែឈើដែលបេះពីដើមថ្មីៗមកទទួលទានដោយមិនចាំបាច់ទៅទិញពីផ្សារឡើយ ។ បើមើលទិដ្ឋភាពនៃភូមិវប្បធម៌នោះពីបង្អួចសណ្ឋាគារទៅ វាមិនខុសពីទស្សនាទម្រង់ប្រាសាទអង្គរវត្តតូចៗ ដែលគេយកមកដាក់តម្រៀបគ្នាឡើយ ។ តើមានអ្វីដែលល្អជាងនេះទៅទៀត ដែលកូនចៅអ្នកកសាងអង្គរ រស់នៅក្នុងភូមិកដែលមានសោភ័ណ្ឌ និងសម្ភស្សស្រដៀងនឹងប្រាសាទអង្គរដែរ ។ ក៏ប៉ុន្តែ អ្វីៗបានវិនាសអន្តរាយបាត់អស់ទៅហើយ ។ ភូមិវប្បធម៌ដែលស្ថិតនៅក្នុងអត្ថបទនេះ វានៅសល់ត្រឹមតែរូបភាពដែលស្ថិតនៅក្នុងដួងចិត្តខ្ញុំប៉ុណ្ណោះ ៕

No comments:

ចំណីខួរក្បាល

គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...