Wednesday, January 2, 2019
ចំណីខួរក្បាល
ឈ្នះ-ឈ្នះ (Win-Win)
ថ្មីៗនេះ ប្រទេសកម្ពុជាទើបនឹងសម្ពោធវិមាន ឈ្នះ-ឈ្នះ (Win-Win Monument) ដែលមានតែមួយគ្មានពីរក្នុងលោក ។ មិនដឹងថា អ្នកដែលផ្តួចផ្តើមគំនិតកសាងវិមាននេះ យល់អំពីអត្ថន័យនិងស្មារតីនៃពាក្យ ឈ្នះ-ឈ្នះ នេះជាក់លាក់ដែរឬទេ ។ ក្នុងនាមខ្ញុំជាអតីតនិស្សិតម្នាក់ដែលធ្លាប់រៀនអំពីអត្ថន័យនៃពាក្យ ឈ្នះ-ឈ្នះនេះ ខ្ញុំសូមលើកយកចំណេះដឹងខ្លះៗមកពណ៌នាដើម្បីជាប្រយោជន៍ដល់សាធារណជន ។
ជាបឋម ពាក្យឈ្នះ-ឈ្នះ មិនដែលមាននៅក្នុងវាក្យសព្ទខ្មែរទេ ។ វាជាពាក្យបរទេសហើយមានប្រភពនិងគោលគំនិតនៅបរទេសដែរ ។ ពាក្យនេះទើបនឹងត្រូវបានបង្កើតឡើងមិនទាន់បានកន្លះសតវត្សផង ។ វាមានប្រភពចេញមកពីវិទ្យាស្ថានមួយដែលមានឈ្មោះថា Institute for Conflict Analysis and Resolution ។ វិទ្យាស្ថាននេះហ្វឹកហ្វឺននិស្សិតឲ្យចេះដោះស្រាយទំនាស់ចាប់ពីទំនាស់គ្រួសាររហូតដល់ទំនាស់ការទូតនិងសង្គ្រាមរាំងជល់ ។ ពាក្យឈ្នះ-ឈ្នះ ដើមឡើយគេប្រើតែនៅក្នុងការដោះស្រាយទំនាស់រវាងប្តីប្រពន្ធតែប៉ុណ្ណោះ ព្រោះយុទ្ធសាស្ត្រឈ្នះ-ឈ្នះនេះ អត់ពាក់ព័ន្ធនឹងការធ្វើសម្បទាន (Compromise) ធំដុំទេ ។ ហើយវាក៏មិនធ្វើឲ្យភាគីណាមួយបាត់បង់អត្ថប្រយោជន៍ដែរ ។ ភាគីពាក់ព័ន្ធរក្សាបាននូវអ្វីៗដែលជាកម្មសិទ្ធិរបស់ខ្លួន ។ ឧទាហរណ៍ ការចំណាយប្រាក់កាក់ដែលជាទំនាស់ប្រចាំត្រកូលរបស់ប្តីប្រពន្ធនោះ គេអាចប្រើយុទ្ធសាស្ត្រតម្លាភាព ដោយដាក់ថវិកាដែលរកបាននៅក្នុងធនាគាររួមគ្នាហើយប្រើក្រេឌីកកាតសម្រាប់ការចំណាយសព្វសារពើ ។ ធ្វើរបៀបនេះភាគីទាំងសង្ខាងអាចត្រួតពិនិត្យរាល់ការចំណាយនានារបស់ភាគីម្ខាងទៀត ។ ប្តីប្រពន្ធក៏អាចដាក់ប្រាក់ក្នុងធនាគារផ្សេងគ្នាហើយបែងចែកកាតព្វកិច្ចទទួលខុសត្រូវការចំណាយនៅក្នុងគ្រួសារផងដែរ ។ ឧទាហរណ៍មួយទៀត ឧប្បមារថា ប្តីប្រពន្ធមួយគូរស់នៅឆ្ងាយអំពីឪពុកម្តាយ ហើយប្តីត្រូវការផ្ញើប្រាក់មកចិញ្ចឹមឪពុកម្តាយនៅឯនាយសមុទ្ររៀងរាល់ខែ ។ ប្រពន្ធអាចជំទាស់នឹងការចំណាយថវិកានេះ ប៉ុន្តែ ប្តីអាចធានាថាភរិយាគាត់មានសិទ្ធិផ្ញើប្រាក់ទៅចញ្ចឹមឪពុកម្តាយនាងដែរនៅពេលដែលកាលៈទេសៈតម្រូវឲ្យនាងធ្វើដូច្នោះ ។ បើភាគីទាំងសង្ខាងយល់ព្រម ដំណោះស្រាយនេះនឹងក្លាយទៅជាដំណោះស្រាយឈ្នះ-ឈ្នះ ។
ឥឡូវនេះ សូមបង្វែអារម្មណ៍មិត្តអ្នកអានមកមើលខ្លឹមសារនានានៅពីក្រោយការស្ថាបនាវិមានឈ្នះ-ឈ្នះរបស់កម្ពុជាវិញម្តង ។ បើតាមការអះអាងរបស់ថ្នាក់ដឹកនាំកម្ពុជា វាតំណាងឲ្យសន្តិភាពនិងការវិនាសអន្តរាយរបស់ក្រុមខ្មែរក្រហម ។ ឈប់! ពាក្យឈ្នះ-ឈ្នះ ឬដំណោះស្រាយឈ្នះ-ឈ្នះ មិនអាចធ្វើឲ្យភាគីពាក់ព័ន្ធណាមួយបាត់បង់អត្ថប្រយោជន៍ ឬរលាយបាត់បង់ទេ ។ នៅពេលដែលភាគីណាមួយមិនទទួលបាននូវអ្វីដែលភាគីឈ្នះទទួលបាននោះ គេមិនអាចយកពាក្យឈ្នះ-ឈ្នះមកប្រើឡើយ ។ បើមើលតាមភស្តុតាងជាក់ស្តែង វិមានឈ្នះ-ឈ្នះរបស់កម្ពុជាគឺតំណាងឲ្យត្រឹមជ័យជម្នះតែប៉ុណ្ណោះ ។ មិនអាចឈានជើងទៅដល់ឈ្នះ-ឈ្នះទេ ។ វាខ្ពស់ហួសពេកហើយ ។ ជនបរទេស ដែលយល់និងស្គាល់អត្ថន័យនិងស្មារតីនៃពាក្យឈ្នះ-ឈ្នះនេះ គេនឹងសើចចំអកឲ្យខ្មែរ ដែលចេះតែប្រើពាក្យពេចន៍ប៉ាតណាប៉ាតណីមិនដឹងមិនយល់អំពីអត្ថន័យរបស់វា ៕
Subscribe to:
Post Comments (Atom)
ចំណីខួរក្បាល
គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...
-
រឿង តោនិងក្របីព្រៃ តោមួយបានដើរស្វែងរកអាហារ នៅក្បែរមាត់ព្រៃ ។ នៅពេលវាដើរ មកដល់ក្បែរមាត់បឹងមួយ វាបានឃើញក្របីព្រៃឈ្មោលចំនួនបួន កំពុង ឈរស៊ីស...
-
រឿង ក្មេងប្រុសនិងសត្វកង្កែប មានក្មេងប្រុសមួយក្រុម បាននាំគ្នាទៅរត់លេង នៅក្បែរមាត់ត្រពាំងមួយ ដែលមានសត្វកង្កែបជាច្រើនរស់នៅ ។ បន្ទាប់ពីពួកគេរត...
-
ឱកាសនៅក្នុងឧបស័គ្គ (Opportunity inside Obstacle) នៅក្នុងរង្វង់ជនអន្តោប្រវេសដែលទៅរស់នៅក្នុងប្រទេសថ្មី មានពាក្យមួយឃ្លាដែលគេតែងពោលថា៖ ជនអន្តោ...
No comments:
Post a Comment