Wednesday, January 30, 2019
ចំណីខួរក្បាល
ពុទ្ធសាសនា មហាយាន
កាលរៀនប្រវត្តិសាស្ត្រនៅវិទ្យាល័យភ្នំដងរែក លោកគ្រូបានលើកយករឿងមនុស្សខ្វាក់ប្រាំមួយនាក់និងសត្វដំរីមកធ្វើជាឧទាហរណ៍បង្ហាញថា ការសិក្សាអំពីប្រវត្តិសាស្ត្រគឺមិនខុសអំពីមនុស្សខ្វាក់ទៅស្ទាបសត្វដំរីឡើយ ។ ម្នាក់ៗគិតថាសត្វដំរីមានរូបរាងដូចជាអ្វីដែលខ្លួនពាល់ត្រូវ ។ ធាតុពិតវាមិនមែនដូច្នោះឡើយ ។ នេះគឺជាសច្ចៈភាពមួយសម្រាប់អ្នកសិក្សាមុខវិជ្ជានានាពិចារណា ។
នៅទសវត្សឆ្នាំ២០០០ ខ្ញុំបានបកប្រែនិងសរសេរពង្សាវតាខ្មែរ ជាភាសាអង់គ្លេសដើម្បីប្រមូលឯកសារនានាពាក់ព័ន្ធនឹងការឡើងគ្រងរាជរបស់ស្តេចខ្មែរ មកដាក់នៅក្នុងសៀវភៅតែមួយដើម្បីងាយស្រួលដល់ការស្រាវជ្រាវ ។ នៅក្នុងសៀវភៅនោះ ខ្ញុំបានសរសេរសារណាមួយ (Essay) ពណ៌នាអំពីការវិត្តន៍នៃសង្គមខ្មែរ ។ ខ្ញុំបានយកសមតិកម្មជាច្រើនមកអះអាងនៅក្នុងសារណានោះ រួមបញ្ចូលទាំងសមតិកម្មមួយដែលអះអាងថា មូលហេតុដែលខ្មែរនៅសម័យអង្គរអាចពង្រីកទឹកដីនិងឥទ្ធិពលបានធំទូលាយ គឺដោយសារជំនួយចេញអំពីផ្នត់គំនិតនៅក្នុងទំនៀមទម្លាប់នៃសាសនាហិណ្ឌុ ។ ចំណុចនេះ ខ្ញុំខុស ទោះបីមិនខុសទាំងស្រុងក៏ដោយ ព្រោះស្តេចជ័យវរម្ម័នទី៧ ទ្រង់ដើរតាមគោលគំនិតព្រះពុទ្ធសាសនាមហាយាន ។ ដូច្នេះ ដើម្បីពិន័យខ្លួនខ្ញុំនូវកំហុសមួយនេះ ខ្ញុំគិតថាគួរស្វែងយល់ខ្លះៗអំពីពុទ្ធសាសនាមហាយាន ។
ក្នុងពុទ្ធប្រវត្តិ ព្រះពុទ្ធសាសនាមានមូលដ្ឋានចេញអំពីគម្ពីរចំនួនបីដែលពុទ្ធសាសនិកហៅថា៖ ព្រះត្រៃបិដកគឺ វិនយ សុត្តន្ត និង អភិធម្ម ។ បើប្រៀបធៀបគម្ពីរទាំងបីទៅនឹងកំរិតសិក្សា គឺប្រៀបដូចជា បឋមសិក្សា មធ្យមសិក្សា និងឧត្តមសិក្សា ។ អភិធម្មគឺស្ថិតនៅក្នុងឧត្តមសិក្សា ។ ឯព្រះពុទ្ធសាសនាមហាយាន គឺផ្អែកលើការបដិបត្តិដោយផ្តោតលើអភិធម្មបិដកនេះឯង ។ ដើមចមដែលនាំឲ្យព្រះពុទ្ធសាសនាមានសាខាមហាយាន គឺដោយសារសាវ័ក(កូនសិស្ស)មួយចំនួនមិនដើរតាមដំបូន្មានរបស់ព្រះពុទ្ធបរមគ្រូ ។ ព្រះពុទ្ធទ្រង់ឈ្វេងយល់ថា អភិធម្មមានអាថ៌ជ្រៅណាស់មិនអាចឲ្យមនុស្សទូទៅយល់បានងាយៗទេ ។ ការស្វែងយល់អំពីទស្សនៈនៅក្នុងអភិធម្ម ត្រូវការចំណេះដឹងខ្ពស់និងពេលវេលាវែង ។ ដូច្នះ គួរផ្តោតការគិតនិងរកដំណោះស្រាយឲ្យបញ្ហា ទុក្ខ នៅក្នុងជីវិតមនុស្សវិញ ទើបប្រសើរ ។ នៅពេលសាវ័ករបស់ទ្រង់សួរអំពីមូលហេតុមិនឲ្យព្យាយាមយករបកគំហើញនៅក្នុងអភិធម្មមកពន្យល់បុថុជ្ជន ព្រះពុទ្ធទ្រង់មិនឆ្លើយទេ ដោយគ្រាន់តែលើកយករឿងមនុស្សដែលត្រូវរបួសជាមួយនឹងព្រួញពិសមកនិទានប្រាប់ទុកជាឧទាហរណ៍សម្រាប់ពិចារណា ។ លុះព្រះពុទ្ធទ្រង់ចូលបរិនិព្វាន សាវ័ករបស់ទ្រង់ខ្លះបានយកចំណុចស្មុគស្មាញជាច្រើននៅក្នុងអភិធម្មមកបកស្រាយ ដែលជាហេតុនាំឲ្យមានទំនាស់ក្នុងការយល់ឃើញអំពីគោលគំនិតនានា ។ ទំនាស់នេះនាំឲ្យកើតមានសង្គាយនា (ការផ្ទៀងផ្ទាត់) ពុទ្ធវចនៈធំៗចំនួនប្រាំលើក ។ គេមិនដឹងថាពុទ្ធសាសនាមហាយានចាប់បដិសន្ធិនៅឆ្នាំណាទេ ប៉ុន្តែក្រោយព្រះពុទ្ធទ្រង់បរិនិព្វានទៅ ព្រះពុទ្ធសាសនាចែកចេញជាបីនិកាយធំៗគឺ ហិនយា មហាយាន និង មជ្ឈឹមមគ្គ ឬ មាគ៌ាកណ្តាល (Madhyamaka) ។ និកាយមជ្ឈឹមមគ្គបានបាត់បង់រូបរាងទៅហើយ នៅសល់តែនិកាយហិនយាន ដែលយើងសព្វថ្ងៃហៅថា ថេរវាទនិងមហាយានតែប៉ុណ្ណោះ ។ បើយើងប្រៀបធៀបព្រះពុទ្ធសាសនាថេរវាទនិងមហាយាន ទៅនឹងលទ្ធិនយោបាយគឺប្រៀបដូចជាក្រុមអ្នកអភិរក្សនិយមនិងសេរីនិយម ។ ពុទ្ធសាសនិកដែលបដិបត្តិតាមលទ្ធិថេរវាទ គឺជាអ្នកដើរតាមការណែនាំរបស់ព្រះពុទ្ធដោយឥតងាករេ ។ ឯអ្នកដែលបដិបត្តិតាមលទ្ធិមហាយាន គឺជាក្រុមដែលដើរតាមការយល់ឃើញរបស់គេនៅក្នុងការសិក្សាអភិធម្ម ។
យើងអាចយកជួរភ្នំហេមពានធ្វើជាខ្សែបន្ទាត់សម្រាប់បែងចែកក្រុមអ្នកបដិបត្តិព្រះពុទ្ធសាសនា មហាយាននិងថេរវាទ ។ នៅភាគខាងជើងនិងខាងកើតជួរភ្នំហេមពានមានជាអាទ៍ ប្រទេសទីបេរ៍ ម៉ុងហ្គោលី ចិន ជប៉ុន និងកូរ៉េ គេចូលចិត្តបដិបត្តិតាមលទ្ធិមហាយាន ។ ផ្នែកខាងត្បូងនិងខាងលិចភ្នំហេមពាន រួមមានប្រទេស ស្រីលង្កា ភូមា និងតំបន់អាសុីអគ្នេយ៍គេនិយមបដិបត្តិតាមលទ្ធិថេរវាទ ។
ភាពខុសគ្នារវាងព្រះពុទ្ធសាសនាមហាយាននិងថេរវាទ គឺស្ថិតនៅលើសំណួរមួយពាក់ព័ន្ធនឹង និព្វាន ។ នៅក្នុងគំនិតរបស់ពុទ្ធបរិស័ទទូទៅ និព្វានគឺបានដល់ចំណុចសូន្យដែលរូបបុគ្កលមិនវិលមកកើតក្នុងវដ្តសង្ខារទៀតឡើយ ។ ប៉ុន្តែ អ្នកដែលបដិបត្តិតាមលទ្ធិមហាយាន គេជឿថា វិញ្ញាណដែលបែកធ្លាយរលាយជាមួយនឹងរូបនោះ មិនបាត់បង់សូន្យសុងទៅទេ ប្រៀបដូចជាភ្លើងដែលរលត់ដូច្នោះដែរ ។ វាស្ថិតនៅក្នុងទីមួយដែលពាល់មិនត្រូវ ទៅមិនដល់ យល់មិនកើត ។ គេហៅការយល់ឃើញនេះថា៖ សច្ចៈស្របគ្នា (Parallel Truth) ។ សម្រាប់អ្នកបដិបត្តិព្រះពុទ្ធសាសនាមហាយាន សច្ចៈមិនមានភាពដាច់ខាតទេ (Truth is not absolute) ។ ឧទាហរណ៍ សច្ចៈដែលចែងថា មានរូបមានទុក្ខនោះ តើមានករណី មានរូបគ្មានទុក្ខដែរឬទេ ។ ចម្លើយគឺ មាន ។ រូបដែលគ្មានទុក្ខ គឺព្រះអរហន្តនិងព្រះពោធិសត្វ ដែលសាងបារមីបុណ្យបានពេញបរិបូរមិនស្ថិតនៅក្រោមឥទ្ធិពលនៃតណ្ហា (Desire) ទៀតទេ ។ ព្រះពោធិសត្វមានបុណ្យ ឬ បុញំ ដែលខ្មែរយើងសរសេរជា បញ្ញា គ្រប់គ្រាន់អាចចម្លងជីវិតទៅកាន់និព្វានបាន ប៉ុន្តែទ្រង់មិនទៅទេ ព្រោះចង់ទុករូបកាយនៅក្នុងវដ្តសង្សារ ដើម្បីជួយត្រួសត្រាយផ្លូវឲ្យមនុស្សលោករំដោះខ្លួនចេញអំពីទុក្ខ ។ នេះគឺជាចំណុចមួយទៀតនៃលទ្ធិមហាយាន ដែលឆ្លើយនឹងសំណួរថា បើមិនចង់ទៅនិព្វាន តើព្រះអ្នកមានបុណ្យអាចត្រឡប់មកកើតជាមួយនឹងមនុស្សលោកវិញដែរឬទេ?
យោងតាមពុទ្ធប្រវត្តិ អ្នកដែលចាប់ផ្តើមរុកគួនព្រះពុទ្ធឲ្យពន្យល់អំពីមធ្យោបាយ ឬក៏ផ្លូវកាត់ទៅកាន់និព្វានមុនគេគឺ សារីបុត្ត ។ គ្រានោះ ព្រះពុទ្ធទ្រង់មិនបកស្រាយប្រាប់សារីបុត្ត ថាត្រូវធ្វើដូចម្តេចទេ គ្រាន់តែយករឿងនិទានអំពីមនុស្សត្រូវរបួសដោយគ្រាប់ព្រួញពិសមកឲ្យអ្នកដែលចង់ស្វែងរកផ្លូវទៅនិព្វានឲ្យបានឆាប់រហ័ស យកទៅត្រិះរិះពិចារណា ។ បន្ទាប់ពីព្រះពុទ្ធចូលបរិនិព្វាន ការបកស្រាយគំនិតនានានៅក្នុងអភិធម្មចេះតែមានទំនាស់ជាបន្តបន្ទាប់រហូតដល់មានការធ្វើសង្គាយនាជារឿយៗ ។ លុះដល់សតវត្សទី ២ អ្នកប្រាជ្ញឥណ្ឌាម្នាក់ឈ្មោះ នាគជន (Nagajuna) បានសរសេរក្បួនច្បាប់នៅក្នុងលទ្ធិមាហាយានឡើង ។ គាត់ថែមទាំងបានសរសេរអំពីរបៀបអនុវត្តន៍នានាដែលជាការបដិបត្តិជាន់ខ្ពស់ឆ្ពោះទៅកាន់និព្វានទៀតផង ។ ប៉ុន្តែ សំណេរអំពីផ្លូវទៅកាន់និព្វាននោះ ត្រូវបានបាត់បង់យូរយាណាស់មកហើយ ។ នៅសតវត្សទី ៨ អ្នកប្រាជ្ញឥណ្ឌាមួយរូបទៀតឈ្មោះ សន្តិទេវ (Santideva) បានសរសេរបន្ថែមអំពីគោលគំនិតនៅក្នុងលទ្ធិមហាយាន ។ គឺបុគ្គលទាំងពីររូបនេះហើយដែលជាស្ថាបនិកនៃព្រះពុទ្ធសាសនាមហាយាននិកាយ ។ គួរកត់សម្គាល់ថា ព្រះពុទ្ធសាសនាមហាយាន និង ហិនយានឬថេរវាទ មានគោលដៅចម្បងតែមួយដូចគ្នាគឺ៖ កាត់បន្ថយនិងបំបាត់ទុក្ខអំពីរូបមនុស្ស ។ អ្វីដែលជាភាពខុសគ្នារវាងលទ្ធិទាំងពីរ គឺការអនុវត្តន៍និងរបៀបរបបក្នុងការស្វែងរកដំណោះស្រាយរំដោះទុក្ខ ក៏ដូចជាការបកស្រាយនូវទស្សនៈនានានៅក្នុងគម្ពីរអភិធម្ម ដែលមានចំណុចខ្លះមិនអាចយកទ្រឹស្តី កម្មផល ឬហេតុផល មកធ្វើជាទឡ្ហីករណ៍បានឡើយ ។ ភាពខុសគ្នានៃលទ្ធិទាំងពីរអាចនិយាយបានថា៖ មហាយានឲ្យអាទិភាពលើទ្រឹស្តី ឯថេរវាទឲ្យអាទិភាពលើការអនុវត្តន៍ ។
យើងអាចឲ្យសមតិកម្មសាមញ្ញមួយថា ពុទ្ធសាសនាមហាយាន យកព្រហ្មវិហារធម៌ទាំង៤គឺ មេត្តា ករុណា មុទិតា និង ឧបេក្ខា ឯពុទ្ធសាសនាថេរវាទយកចតុរារិយសច្ចៈទាំង៤គឺ ទុក្ខ សមុទយ និរោធ និង មគ្គ មកធ្វើជាមូលដ្ឋានគ្រឹះដើម្បីដោះស្រាយបញ្ហានានាពាក់ព័ន្ធនៅក្នុងសំណួរ រូបំ ទុក្ខំ អនិច្ចំ អនត្តា ។ បើយើងពិនិត្យឲ្យបានជាក់លាក់បន្តិចនោះ ព្រះពុទ្ធសាសនាទាំងមូលមានគោលដៅតែពីរទេ ។ ទីមួយគឺបង្ហាញនិងរកដំណោះស្រាយអំពីបញ្ហា ទុក្ខ ដែលជាកម្មវត្ថុជាប់ជាមួយនឹងរូបមនុស្សសត្វ ។ ទីពីរគឺការវែកញែកស្វែងរកធាតុពិតនៃរូប ឬអាត្ម័ន ។ នៅក្នុងដំណើរស្វែងរក សុខ ដែលជាឱសថព្យាបាលទុក្ខនោះ ទាំងពុទ្ធសាសនាមហាយាននិងថេរវាទ មានយុទ្ធវិធីស្រដៀងគ្នា ។ មេត្តា ករុណា មុទិតា និង ឧបេក្ខា គឺសំដៅដល់ការដឹកនាំចិត្តទៅកាន់ ទាន (បរិច្ចាគ) សីល (សីលធម៌) និង ភាវនា (សមាធិ) ។ ឯចតុរារិយសច្ចៈទាំង៤បង្ហាញអំពីទំនាក់ទំនងរវាង ទុក្ខនិងរូប ហើយផ្តល់ដំណោះស្រាយតាមរយៈការអនុវត្តន៍ដោយយកអដ្ឋង្គិមគ្គ ឬមាគ៌ាទាំង ៨ ជាមូលដ្ឋាន ។ នៅក្នុងការរកដំណោះស្រាយរឿង ទុក្ខ ពុទ្ធសាសនាមហាយាននិងថេរវាទមិនមានទំនាស់អ្វីជាដុំកំភួនទេ ។ ប៉ុន្តែ នៅក្នុងការវែកញែកអំពី រូប និងវិញ្ញាណ ឬព្រលឹង (Soul) មានការខ្វែងមតិគ្នាខ្លះៗ ។ ដូចបានលើកឡើងនៅខាងដើមអត្ថបទ ពុទ្ធសាសនាមហាយានមិនទទួលស្គាល់ថាអាតូមនៃ រូប (self) រលាយបាត់បង់ទាំងស្រុងនៅពេលដែលជីវិតរលត់នោះទេ ។ ហើយរូបទាំងអស់ក៏មិនមែនសុទ្ធតែមានទុក្ខដែរ ។ ដូច្នេះ ទ្រឹស្តី មានរូបមានទុក្ខ មិនអាចចាត់ទុកថាជា សច្ចៈដាច់ខាតឡើយ ។ បើសច្ចៈមិនមែនជាសច្ចៈដាច់ខាត វាត្រូវតែមានលំហសម្រាប់របកគំហើញផ្សេងទៀត (Spaces for new discovery) ។ និព្វានក៏ដូចគ្នាដែរ ។ អាតូមនៃរូបរបស់បុគ្គលដែលឆ្លងទៅដល់ឋាននិព្វាន គឺត្រូវស្នាក់នៅក្នុងទីមួយ ។ បុគ្គលដែលសាងបុណ្យបានដល់ចំណតនិព្វាន បើមិនប្រាថ្នានៅទីនោះ ក៏គួរតែមានទីមួយសម្រាប់ស្នាក់អាស្រ័យដែរ ។ ចំណុចនេះហើយដែលគេយកព្រះពោធិសត្វនិងព្រះអរហន្តមកធ្វើជាតំណាង ។ លោក ស សារុន វែកញែកថា និព្វានមានពីរប្រភេទគឺ៖ សឧបាទិសេសនិព្វាន ឬនិព្វានរស់ និង អនុបាទិសេសនិព្វាន ឬនិព្វានស្លាប់ ។ និព្វានរស់គឺតំណាងឲ្យព្រះពោធិសត្វនិងព្រះអរហន្តនេះឯង ។
មុននឹងបញ្ចប់អត្ថបទនេះ សូមលើកយកកត្តាខ្លះៗនៃពុទ្ធសាសនាមហាយានដែលអាចជាវិភាគទាននៃឥទ្ធិពលរបស់ព្រះបាទជ័យវរម្ម័នទី៧ មកពិភាក្សា ។ ចំណុចកណ្តាលនៃរជ្ជកាលព្រះបាទជ័យវរម្ម័នទី៧ គឺប្រាសាទបាយ័ន ។ ឯកសាររូបភាពប្រវត្តិសាស្ត្រជាច្រើនត្រូវបានចារទុកនៅលើជញ្ជាំងប្រាសាទនោះ ។ រូបភាពដែលលេចធ្លោជាងគេគឺសង្គ្រាមជាមួយនឹងប្រទេសចម្ប៉ា ។ ប៉ុន្តែ ក្រៅពីសង្គ្រាមជាមួយចាម គេមិនឃើញមានចម្លាក់និយាយអំពីសង្គ្រាមជាមួយប្រទេសឬកុលសម្ព័ន្ធដទៃឡើយ ។ យោងតាមពង្សសាវតារខ្មែរ ស្តេចខ្មែរនៅសម័យអង្គរភាគច្រើនធ្វើសង្គ្រាមដើម្បីពង្រីកឥទ្ធិពលនិងទឹកដី ។ សំណួរមួយដែលគួរលើកយកមកពិចារណាគឺថា តើស្តេចជ័យវរម្ម័នទី៧ បង្កើតអាណាចក្រខ្មែរឡើងវិញដោយរបៀបណា បន្ទាប់ពីបានបែកខ្ញែកគ្នានៅគ្រាដែលចាម្ប៍លុកលុយ? ចំណុចនេះខ្ញុំគិតថា រូបព្រហ្មមុខបួននៅលើប្រាសាទបាយ័ននិងនៅលើខ្លោងទ្វារប្រាសាទដទៃទៀត អាចជាគន្លឹះសម្រាប់រកចម្លើយ ។
ព្រហ្មមុខបួនតំណាងឲ្យព្រហ្មវិហារធម៌ទាំង៤គឺ មេត្តា ករុណា មុទិតា និង ឧបេក្ខា ។ ព្រះបាទជ័យវរម្ម័នទី៧ ប្រហែលជាមិនយកផ្លែដាវលំពែងទៅបង្ខំឲ្យកុលសម្ព័ន្ធ ឬរដ្ឋនានាដែលបានបែកខ្ញែកចេញពីនគរកម្ពុជា វិលមករួបរួមគ្នាវិញទេ ។ ព្រះអង្គយក មេត្តា ករុណា មុទិតា និងឧបេក្ខា ទៅពន្យល់និងបញ្ចុះបញ្ចូលកុលសម្ព័ន្ធនិងរដ្ឋទាំងនោះឲ្យរួបរួមគ្នាបង្កើតចក្រភពកម្ពុជាឡើងវិញ ។ មិនមានឯកសារជាក់លាក់បញ្ជាក់អំពីប្រការនេះទេ ។ ប៉ុន្តែ យើងអាចយកកត្តាមួយមកពិចារណាអំពីប្រការនេះ ។ យោងតាមការរកឃើញរបស់អ្នកស្រាវជ្រាវ ព្រះបាទជ័យវរម្ម័នទី៧ បានសង់អាស្រមជាច្រើនតាមបណ្តោយផ្លូវបុរាណមួយដែលឆ្លង់កាត់ចំកណ្តាលនៃមហានគរខ្មែរ ចាប់ពីតំបន់ប្រាសាទវត្តពោធិនៅប្រទេសឡាវសព្វថ្ងៃ ទៅដល់ស្រុកភិម៉ៃនៃប្រទេសសៀម ។ អ្នកខ្លះហៅអាស្រមទាំងនោះថា ផ្ទះភ្លើងឬផ្ទះសំណាក់ ។ ប៉ុន្តែការហៅអគារថ្មទាំងនោះថាជាផ្ទះសំណាក់ ប្រហែលជាមិនត្រឹមត្រូវតាមតួនាទីនៃអាស្រមទាំងនោះទេ ត្បិតជនជាតិខ្មែរតាំងតែពីដើមរៀងមក និយមយកឈើមកធ្វើជាអគារស្នាក់នៅ ។ បើយើងសង្កេតមើលអំពីចម្ងាយរវាងអាស្រមមួយទៅអាស្រមមួយ វាមានចម្ងាយប្រមាណជា ៣០ ទៅ ៤០ គីឡូម៉ែត្រពីគ្នា គឺរយៈពេលមួយថ្ងៃនៃការធ្វើដំណើរដោយថ្មើជើងឬជិះដំរីរបស់មនុស្សសម័យនោះ ។ តួនាទីនៃអាស្រមទាំងនោះ គឺសម្រាប់ឲ្យអ្នកដំណើរចូលទៅអង្គុយភាវនា ឬធ្វើសមាធិវិប្បសនាកម្មដ្ឋានដែលជាផ្នែកមួយដ៏សំខាន់បំផុតសម្រាប់ពុទ្ធសាសនាមហាយាន ។ ក្រៅអំពីជាទីតាំងសម្រាប់ភាវនា អគារអាស្រមទាំងនោះក៏ជាមណ្ឌលសម្រាប់ផ្សព្វផ្សាយ មេត្តា ករុណា មុទិតា និង ឧបេក្ខា ដែរ ដែលជាទស្សនទានរួមសម្រាប់ប្រមូលផ្តុំសហគមកុលសម្ព័ន្ធនានាឲ្យរួបរួមគ្នាជាអាណាចក្រដ៏ធំមួយ ។ នៅក្នុងសីលាចារឹកមួយដែលពាក់ព័ន្ធនឹងអភិបាលកិច្ចរបស់ស្តេចជ័យវរម្ម័នទី៧ មានពាក្យមួយឃ្លាដែលសរសេរថា៖ ការឈឺចាប់និងទុក្ខវេទនារបស់ប្រជានុរាស្ត្រ ជាទុក្ខវេទនារបស់ព្រះអង្គ ។ ចំណុចនេះសបញ្ជាក់ថា ព្រះបាទជ័យវរម្ម័នទី៧ មិនប្រើអាជ្ញាក្នុងការពង្រីកឥទ្ធិពលនិងទឹកដីទេ ។ ព្រះអង្គទ្រង់ប្រើបុណ្យ ឬបញ្ញាក្នុងការពង្រីកឥទ្ធិពលរបស់ខ្មែរ ៕
កំណត់ស្មេរ៖ អត្ថបទនេះ ជាពិសេសព្រះពុទ្ធសាសនាមហាយាន សរសេរផ្អែកលើការសិក្សាចេញពីភាសាអង់គ្លេសស្ទើរតែទាំងស្រុង ។ ឯកសារជាភាសាខ្មែរដែលមានបង្កប់នូវទស្សនៈខ្លះៗចេញអំពីព្រះពុទ្ធសាសនាមហាយានឃើញមាននៅក្នុងសំណេរ អរិយធម៌និងវប្បធម៌ខ្មែរ របស់លោក ស សារុន និង បុណ្យ បាប របស់ធម្មបាល ខៀវ ជុំ ។ អ្នកដែលចង់យល់បន្ថែមអំពីទស្សនៈនៅក្នុងព្រះពុទ្ធសាសនាមហាយាន សូមអានសៀវភៅ បុណ្យ បាប របស់ធម្មបាល ខៀវ ជុំ ។
Subscribe to:
Post Comments (Atom)
ចំណីខួរក្បាល
គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...
-
រឿង តោនិងក្របីព្រៃ តោមួយបានដើរស្វែងរកអាហារ នៅក្បែរមាត់ព្រៃ ។ នៅពេលវាដើរ មកដល់ក្បែរមាត់បឹងមួយ វាបានឃើញក្របីព្រៃឈ្មោលចំនួនបួន កំពុង ឈរស៊ីស...
-
រឿង ក្មេងប្រុសនិងសត្វកង្កែប មានក្មេងប្រុសមួយក្រុម បាននាំគ្នាទៅរត់លេង នៅក្បែរមាត់ត្រពាំងមួយ ដែលមានសត្វកង្កែបជាច្រើនរស់នៅ ។ បន្ទាប់ពីពួកគេរត...
-
ឱកាសនៅក្នុងឧបស័គ្គ (Opportunity inside Obstacle) នៅក្នុងរង្វង់ជនអន្តោប្រវេសដែលទៅរស់នៅក្នុងប្រទេសថ្មី មានពាក្យមួយឃ្លាដែលគេតែងពោលថា៖ ជនអន្តោ...
No comments:
Post a Comment