Friday, January 25, 2019

ចំណីខួរក្បាល

ទៅជាមួយគេឯង ឬទៅតាមការយល់ឃើញខ្លួនឯង (Go with the Flow, Or Go with Your Guts) ឆ្លើយតបនឹងសំណួរមួយថាតើហេតុអ្វីបានជាគាត់ពូកែវាយកូនគោលម្លេះ លោក វ៉េន ហ្គ្រេតស្គី (Wayne Gretsky) កីឡាករវាយកូនគោលលើទឹកកក(Hocky)ដ៏ល្បីល្បាញនៅក្នុងពិភពលោកបាននិយាយពាក្យមួយឃ្លាយ៉ាងខ្លីថា៖ ខ្ញុំរត់រំអិលទៅកាន់ចំណុចដែលខ្ញុំគិតថាកូនគោលនឹងរមៀលទៅ មិនមែនទៅកាន់ចំណុចដែលកូលគោលកំពុងរមៀលនោះទេ (I skate to where the puck is going to be, not where it has been) ។ ពាក្យមួយឃ្លានេះត្រូវបានគេយកមកប្រើជាមូលដ្ឋានយុទ្ធសាស្ត្រសម្រាប់ស្វែងរកជោគជ័យនៅក្នុងដំណើរជីវិតស្ទើរគ្រប់វិស័យ ។ ការសន្និដ្ឋានថាតើកូនគោលនឹងខ្ទាតឬរអិលទៅកាន់ចំណុចណាប្រហែលជាមិនសូវលំបាកដូចការសន្និដ្ឋានថាតើការវិវឌ្ឍន៍នៅក្នុងវិស័យអ្វីមួយពាក់ព័ន្ធនឹងដំណើរជីវិតរបស់យើង នឹងប្រែប្រួលទៅកាន់ទិសដៅណានោះទេ ពីព្រោះកូនគោលស្ថិតនៅក្នុងតារាងដែលគេហុំព័ទ្ធជិត ឯជីវិតរបស់យើងមានកត្តាជាច្រើនដែលពាក់ព័ន្ធ ។ នៅក្នុងសង្គមខ្មែរបច្ចុប្បន្ន ខ្ញុំសង្កេតឃើញមានចរន្តជម្រុញពីរ (Trends) ដែលហាក់ដូចជាកំពុងពេញនិយមខ្លាំងណាស់ ។ ទីមួយគឺការរស់នៅជាលក្ខណៈបុគ្គល (Individual lifestyle) ។ និងទីពីរគឺការជម្រុញឲ្យកូនតូចៗចាប់ផ្តើមការសិក្សាតាំងតែពីអាយុ ៣ ឬ ៤ឆ្នាំ ។ យុវគ្រួសារនៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃ នៅពេលដែលពួកគេរៀបការហើយ គោលដៅទីមួយសម្រាប់បញ្ជាក់ជីវិតបុគ្គលគឺទិញផ្ទះល្វែងឬខុនដូ ឬក៏សង់កូនវីឡាមួយ ។ ដើម្បីសម្រេចបំណងនេះយុវគ្រួសារខ្លះត្រូវខ្ចីប្រាក់យ៉ាងច្រើនអំពីធនាគារ ។ បន្ទាប់មក នៅពេលពួកគេមានកូន គេនឹងបញ្ជូនកូនឲ្យទៅរៀនតាំងតែពីអាយុ ៣ ឬ៤ឆ្នាំ ។ ទាំងផ្ទះល្វែង ទាំងការបញ្ជូនកូនឲ្យទៅរៀនក្រោមអាយុ សុទ្ធតែជារឿងដែលនាំទុក្ខកង្វល់ច្រើនលើសលុបសម្រាប់ជីវិត ។ ណាមួយត្រូវខំរកប្រាក់មកបង់រំលស់ថ្លៃផ្ទះឲ្យធនាគារ ។ ណាមួយទៀតត្រូវរកប្រាក់មកបង់ថ្លៃសាលាឲ្យកូនរៀននៅថ្នាក់ក្រោមមតេយ្យ(Pre-Kindergarten) ។ តើការរត់តាមចរន្តជម្រុញទាំងពីរនេះ អាចដូចការរត់រំអិលទៅកាន់ចំណុចដែលកូនគោលកំពុងតែរមៀលនោះទេ? កាលពី ២០ ឬ ៣០ឆ្នាំមុន គ្រួសារភាគច្រើននៅសហរដ្ឋអាមេរិកសម្រេចទិញផ្ទះតម្រូវតាមទំហំគ្រួសាររបស់ខ្លួន ។ ម្ភៃឬសាមសិបឆ្នាំក្រោយមក ភាគច្រើននៃគ្រួសារទាំងនោះ ត្រូវរស់នៅជាមួយនឹងផ្ទះដែលមានបន្ទប់សល់ជាច្រើន ត្បិតកូនៗរបស់ពួកគេមិនបានរស់នៅក្នុងផ្ទះនោះទៀតទេ ។ មូលហេតុដែលផ្ទះខ្វះមនុស្សរស់នៅនោះ គឺដោយសារតែកត្តាការងារ ។ បច្ចុប្បន្ន មនុស្សរត់តាមការងារ ។ ការងារខ្លះ មានចម្ងាយរាប់រយគីឡូម៉ែត្រអំពីផ្ទះ ។ ដូច្នេះ យុវជនជាច្រើនសម្រេចជួលឬទិញផ្ទះរស់នៅក្បែរកន្លែងធ្វើការ ។ ឯផ្ទះដែលឪពុកម្តាយបានទិញនិងថែរក្សាជាច្រើនឆ្នាំមកនោះ បានត្រឹមតែជាផ្ទះដែលខ្វះមនុស្សរស់នៅ ។ មិនតែប៉ុណ្ណោះ ពួកគេត្រូវបង់ពន្ធអចលនទ្រព្យនិងសេវាផ្សេងៗរៀងរាល់ឆ្នាំទៀតផង ។ បើផ្ទះនោះស្ថិតនៅក្នុងតំបន់ដែលតម្លៃអចលនទ្រព្យមិនធ្លាក់ចុះ គេអាចលក់ទៅវិញបានចំណេញខ្លះ ។ ប៉ុន្តែ បើវាស្ថិតនៅក្នុងតំបន់ដែលគ្មានទីផ្សារ វានឹងក្លាយទៅជាការវិនិយោគខាតបង់ដ៏ធំមួយ ។ ចំណុចទីពីរដែលខ្ញុំចង់លើកយកមកពិភាក្សានៅទីនេះ គឺការបញ្ជូនកូនឲ្យទៅរៀនមុនអាយុកំណត់ ។ កាលខ្ញុំនៅពីតូច ចាស់ៗបានទាញដៃខ្ញុំដាក់ព័ទ្ធលើក្បាលដើម្បីវាស់មើលថាតើចុងម្រាមដៃខ្ញុំអាចប៉ះចុងត្រចៀកខ្ញុំហើយឬនៅ ដើម្បីកំណត់ពេលវេលាឲ្យខ្ញុំទៅរៀន ។ ជាទូទៅ ក្មេងអាចលើកដៃដាក់ព័ទ្ធលើក្បាលទៅប៉ះចុងត្រចៀកនៅចន្លោះអាយុ ៦ទៅ ៧ឆ្នាំ ។ ខ្ញុំគិតថា ជំនឿរបស់ចាស់ៗខ្មែរយើងអាចត្រឹមត្រូវ ព្រោះថាកុមារអាយុក្រោម៦ឆ្នាំ ត្រូវការរត់លេងច្រើនជាងរៀនសូត្រ ។ ផ្អែកលើបទពិសោធផ្ទាល់ខ្លួនរបស់ខ្ញុំ ខ្ញុំត្រូវបានឪពុកខ្ញុំយកទៅ "ផ្ញើ" នៅសាលានៅអាយុប្រមាណជា ៥ឆ្នាំកន្លះ ។ ខ្ញុំប្រើពាក្យផ្ញើ ព្រោះថាសម័យនោះមិនមានសាលាមតេយ្យទេ ។ ខ្ញុំត្រូវបានគ្រូវាយបាតដៃរាល់ថ្ងៃ ព្រោះអត់ទាន់ចេះសរសេរ ក ខ និង ស្រៈ នៅឡើយ ។ ខ្ញុំនៅចាំបានថា នៅពេលខ្ញុំមានអាយុ ៧ឆ្នាំ ខ្ញុំចាប់ផ្តើមយល់និងមានសមត្ថភាពអាននិងសរសេរដោយគ្មានលំបាកអ្វីបន្តិចសោះឡើយ ។ វាអាចជាករណីថា កុមារខ្លះយឺតក្នុងការរៀនសូត្រ ។ ក៏ប៉ុន្តែ ខ្ញុំគិតថាកុមារដទៃក៏អភិវឌ្ឍមិនខុសអំពីរូបខ្ញុំប៉ុន្មានទេ ។ នៅសហរដ្ឋអាមេរិក មានរបកគំហើញមួយដែលអះអាងថា កូនសិស្សដែលមានពិន្ទុទាបភាគច្រើនជាកូនអ្នកក្រដែលមិនមានថវិកាបញ្ជូនកូនឲ្យទៅរៀននៅថ្នាក់មុនមតេយ្យ(Pre-K) ។ ដូច្នេះ គេក៏បង្កើតច្បាប់មួយឈ្មោះថា Head Start ដើម្បីឲ្យកូនអ្នកក្រអាចចូលរៀននៅថ្នាក់មុនមតេយ្យដោយឥតបង់ថ្លៃ ។ កត្តាមួយទៀតគឺអាហារពេលព្រឹក ។ ក្មេងដែលមិនទទួលទានអាហារពេលព្រឹកមុនទៅរៀន ច្រើនតែរៀនខ្សោយ ។ គេក៏ណែនាំឲ្យកុមារញ៉ាំអាហារពេលព្រឹកនៅផ្ទះឬនៅសាលាមុនចូលរៀន ។ របកគំហើញមួយទៀតអះអាងថា ក្មេងដែលគេញមិនឆ្អែត (គេញមិនគ្រប់ម៉ោង) ក៏រៀនខ្សោយដែរ ។ សាលាខ្លះក៏សម្រេចឲ្យក្មេងចូលរៀននៅម៉ោង ៩ នៅពេលដែលសាលាទូទៅឲ្យក្មេងចូលរៀននៅម៉ោង ៨ ។ តើយើងគួរអនុវត្តតាមរបកគំហើញទាំងនេះទេ? សម្រាប់ខ្ញុំ ខ្ញុំគិតថារបកគំហើញទាំងនេះ នៅមានចន្លោះប្រហោងច្រើនណាស់ ។ កុមារឬមនុស្សម្នាក់ៗ មិនមែនជានំឃុកឃី (Cookies) ទេ ។ ពួកគេមានសមត្ថភាពនិងការអភិវឌ្ឍន៍ខុសៗគ្នា ។ កូនខ្ញុំទៅរៀនតាំងពីអាយុពីរឆ្នាំកន្លះ មិនមែនដោយសារខ្ញុំចង់ឲ្យវាទៅរៀនឲ្យបានលឿនមុនគេឯងនោះទេ គឺដោយសារវាមានការយឺតយ៉ាវក្នុងការនិយាយស្តី ។ ដូច្នេះ ក្រសួងសង្គមកិច្ចផ្នែកគាំពារកុមារក៏បានណែនាំឲ្យបញ្ជូនវាទៅហ្វឹកហាត់និយាយ ។ ឥឡូវនេះ កូនខ្ញុំមានអាយុជិត ៦ឆ្នាំហើយ ។ វាចាប់ផ្តើមនិយាយនៅអាយុ ៣ឆ្នាំគត់ ។ មកទល់នឹងពេលនេះ កូនខ្ញុំទើបនឹងចេះនិយាយបានរយៈពេល ២ឆ្នាំ៨ខែតែប៉ុណ្ណោះ ។ ប៉ុន្តែ វាចេះនិយាយហូរដូចទឹក ។ ទាំងពាក្យពេចន៍ ទាំងការរៀបប្រយោគ គឺច្បាស់លាស់ប្រៀបដូចជាមនុស្សចាស់ ។ មិនតែប៉ុណ្ណោះ វាថែមទាំងសួរនាំខ្ញុំឲ្យពន្យល់វាអំពីអត្ថន័យនៃពាក្យនានានៅក្នុងភាសាខ្មែរនិងភាសាអង់គ្លេសឥតឈប់ឈរ ។ វាជារឿងដែលមិនគួរឲ្យជឿ ។ ប៉ុន្តែ នេះគឺជាតថភាពមួយនៃការអភិវឌ្ឍន៍របស់កុមារ ។ ថ្មីៗនេះ ខ្ញុំបាននាំកូនខ្ញុំទៅបំពេញបែបបទពិនិត្យសុខភាពដើម្បីចូលរៀននៅមតេយ្យសាលា ។ គិលានុបដ្ឋាយិការដែលសួរនាំអំពីសាវតាកូនខ្ញុំបានប្រាប់ខ្ញុំថា កូនប្រុសរបស់គាត់ក៏ចាប់ផ្តើមនិយាយនៅអាយុបីឆ្នាំដែរ ។ សព្វថ្ងៃនេះ កូនគាត់កំពុងរៀននៅសាកលវិទ្យាល័យ ហើយមានសមត្ថភាពអាចរៀនចេះនិយាយភាសាបរទេសចំនួនបួនភាសា ។ គាត់បន្ថែមថា រឿងក្មេងក្រចេះនិយាយ គ្មានអ្វីត្រូវព្រួយបារម្មណ៍នោះទេ ប្រសិនបើក្មេងនោះមិនមានរោគសញ្ញាពិការញាណដូចជា អតធីហ្សឹម (Autism or Severe ADHD) ។ នៅពេលទទួលបានពត៌មាននោះ ខ្ញុំមានការសោកស្តាយយ៉ាងខ្លាំង ព្រោះថាកង្វល់និងការប្រឹងប្រែងរបស់ខ្ញុំនិងភរិយា អាចជាទង្វើអត់ប្រយោជន៍ ។ មិនតែប៉ុណ្ណោះ វាអាចធ្វើឲ្យប៉ះពាល់ដល់ការលូតលាស់ផ្លូវចិត្តរបស់កូនខ្ញុំទៀតផង ដោយហេតុតែវាត្រូវប្រឈមជាមួយនឹង កង្វល់ ការភ័យព្រួយ និងភាពតក់ស្លុតនានានៅពេលដែលយើងបញ្ជូនវាឲ្យទៅរៀនទាំងក្មេងខ្ចី ។ ខ្ញុំនៅចាំបានថា នៅពេលដែលខ្ញុំបញ្ជូនកូនឲ្យទៅរៀននៅថ្ងៃដំបូងៗ វាមានទឹកមុខស្រងូតស្រងាត់ខ្លាំងណាស់ ។ គ្មាននរណាដឹងថាវាខ្វល់ខ្វាយនិងភ័យព្រួយប៉ុនណាទេ ។ ហើយក៏គ្មាននរណាដឹងដែរថា កង្វល់និងភាពភ័យព្រួយដែលកុមារប្រឈមនៅគ្រាទៅរៀនមុនអាយុកាលនោះ អាចនឹងមានផលអវិជ្ជមានដល់សុខភាពផ្លូវចិត្តយ៉ាងណាដែរ នៅថ្ងៃអនាគត ។ នៅក្នុងភាសាអង់គ្លេសគេហៅផលអវិជ្ជមានផ្លូវចិត្តថា Post Traumatic Syndrome Disorder (PTSD) ។ វាធ្វើឲ្យមនុស្សបាត់បង់ម្ចាស់ការ បន្ទាប់ពីឆ្លងកាត់រឿងរ៉ាវរន្ធត់អ្វីមួយ ។ មុននឹងបញ្ចប់អត្ថបទនេះ សូមនិយាយអំពីរឿងស្ទាក់ចាំកូនគោលក្នុងន័យប្រៀបធៀបបន្តិចចុះ ។ ដប់ ឬ ម្ភៃឆ្នាំទៅមុខ តើការសិក្សានឹងវិវឌ្ឍទៅដូចម្តេច? និស្សិតសាកលវិទ្យាល័យប្រហែលជាឈប់ទៅអង្គុយរៀននៅក្នុងថ្នាក់ទៀតហើយ ។ គ្រូនិងសិស្សប្រើប្រព័ន្ធអុីនថឺណិត តេឡេខន់ហ្វឺរុឹន (Teleconference) នៅក្នុងការហ្វឹកហ្វឺនសិក្សា។ មួយអាទិត្យអាចទៅជួបប្រជុំគ្នាម្តងនៅក្នុងថ្នាក់រៀន ឬក្នុងហាងកាហ្វេ ។ នៅវិទ្យាល័យនិងអនុវិទ្យាល័យក៏អាចមានទម្រង់រៀនស្រដៀងគ្នានេះដែរ ។ នៅបឋមសិក្សាថ្នាក់ទី ១ និងទី២ ប្រហែលជាឈប់ប្រើដីសនិងក្តារឈ្នួនសរសេរ ផ្កាប់ លើក ដាក់ លុប ដូចសម័យមុនទៀតហើយ ។ ខ្មៅដៃ ប៊ិក និងក្រដាស ក៏ប្រហែលជាឈប់ប្រើដែរ ។ អាយផេត ឬ ថាបលេត ជាមួយនឹងប៊ិកសរសេរលើអេក្រង់ និងចូលមកជំនួសប៊ិកនិងក្រដាស ។ ពិន្ទុនិងសញ្ញាប័ត្រក៏ប្រហែលជាលែងសំខាន់ដែរ ។ អ្វីដែលសំខាន់គឺ សមត្ថភាព ។ និយាយដល់ចំណុចនេះ សូមដកស្រង់ប្រសាសន៍របស់លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំកម្ពុជាមកបញ្ចប់អត្ថបទនេះតែម្តងចុះ៖ សញ្ញាប័ត្រ វាគ្រាន់តែជាក្រដាសមួយសន្លឹកតែប៉ុណ្ណោះ ។ មានសញ្ញាប័ត្រ គ្មានសមត្ថភាព វាគ្មានន័យអ្វីទេ ៕

No comments:

ចំណីខួរក្បាល

គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...