Thursday, January 24, 2013

រឿងល្បើកនិងរឿងនិទាន

រឿង ទន្សាយនិងក្រពើ

កាលពីព្រេងនាយ មានសត្វទន្សាយមួយ រស់នៅលើកោះ សំរោង ដែល
ជាកោះមួយ ដុះនៅកណ្តាលដងទន្លេមេគង្គ ស្ថិតនៅត្រង់ម្តុំភូមិកៀនជ្រៃ
នៃខេត្តកំពង់ចាម ។ រៀងរាល់ឆ្នាំនារដូវវស្សា ទឹកទន្លេតែងតែជន់ឡើង
លិចព្រៃនៅលើកោះជានិច្ចជាកាល បណ្តាលឲ្យទីជម្រករបស់ទន្សាយ
ត្រូវបំផ្លាញដោយទឹកជំនន់ ខ្ទេចខ្ទីអស់ ។ ដោយនឿយណាយនឹងទឹក
ជំនន់ ដែបានបំផ្លាញជម្រករបស់វា រៀងរាល់ឆ្នាំនោះ ទន្សាយក៏សម្រេច
ចិត្តប្តូរទីលំនៅ ទៅរស់នៅក្នុងតំបន់ភ្នំវិញម្តង ។ ប៉ុន្តែ ដើម្បីទៅរស់នៅ
ក្នុងតំបន់ភ្នំ ទន្សាយចាំបាច់ ត្រូវតែចាកចេញពីកោះសំរោង ដោយត្រូវ
ធ្វើដំណើរ ឆ្លងកាត់ផ្ទៃទន្លេដ៏ធំល្វឹងល្វើយ ។ ទន្សាយជាសត្វមិនប្រសព្វ
ហែលទឹកទេ ហើយក៏មិនចូលចិត្ត ឲ្យរោមរបស់វាត្រូវទឹកដែរ ។
ថ្ងៃមួយ នៅពេលដែលទន្សាយ ចុះទៅអង្គុយនៅមាត់ទន្លេ ដើម្បីស្វែង
រកមធ្យោបាយ ឆ្លងទៅកាន់ត្រើយនាយ វាបានឃើញក្រពើមួយ កំពុង
បណ្តែតខ្លួននៅក្បែរមាត់ច្រាំង ។ រំពេចនោះ ទន្សាយក៏នឹកឃើញកល
ល្បិចមួយ ដើម្បីបញ្ឆោតក្រពើ ឲ្យចម្លងវាទៅកាន់ត្រើយម្ខាង ។
“ជំរាបសួរបងក្រពើ ! តើបងសុខសប្បាយជាទេ ?” ទន្សាយស្រែក
សួរក្រពើ ។ ក្រពើឮទន្សាយស្រែកសួរ វាក៏ហែលមកជិត ហើយតបថា៖
“ខ្ញុំសុខសប្បាយជាទេប្អូនទន្សាយ ។ ចុះប្អូនវិញ សុខទុក្ខយ៉ាងណា
ដែរ ?” ។
“ខ្ញុំសុខសប្បាយទេបង” ទន្សាយតប “ប៉ុន្តែ ខ្ញុំចង់ដឹងរឿងមួយ តើបង
អាចប្រាប់ខ្ញុំបានទេ ?” ។
“រឿងអ្វីទៅប្អូន ?” ក្រពើសួរទន្សាយ ។
“ខ្ញុំចង់ដឹងថា តើចំនួនក្រពើនិងទន្សាយ ក្រុមណាមួយមានគ្នាច្រើន
ជាង” ទន្សាយនិយាយទៅកាន់ក្រពើ ។
“នោះគឺជាការងាយតើ” ក្រពើនិយាយ “យើងហៅគ្នាយើងមកជុំគ្នា
រួចរាប់មើលទៅ នឹងបានដឹងហើយ ។ ប៉ុន្តែ បងជឿថា ក្រពើមានចំនួន
ច្រើនជាងទន្សាយ ព្រោះពួកយើង រស់នៅក្នុងទន្លេដ៏ធំល្វឹងល្វើយ ឯ
ពួកប្អូន រស់នៅលើកោះដ៏តូចមួយនេះ ធ្វើម្តេចនឹងប្រៀបបានទៅ” ។
“បើបងថាពួកបង ពិតជាមានចំនួនច្រើនជាងពួកខ្ញុំមែន តើបងអាច
ហៅពួកបង មកតម្រៀបគ្នាចាប់ពីកោះនេះ ទៅដល់ភូមិកៀនជ្រៃ
ដែលស្ថិតនៅឯត្រើយម្ខាងនោះបានទេ” ទន្សាយនិយាយទៅកាន់
ក្រពើ ។
“ប្រាកដជាបាន!” ក្រពើតប “ប៉ុន្តែ ប្អូនត្រូវចាំបងមួយភ្លែត ដើម្បីឲ្យបង
ទៅហៅក្រពើដទៃ ឲ្យមកតម្រៀបគ្នាឲ្យប្អូនមើល” ។ លុះឮក្រពើ
និយាយដូច្នោះ ទន្សាយក៏តបថា៖ “ខ្ញុំនឹងនៅរង់ចាំបងនៅទីនេះ សូម
បងអញ្ជើញទៅហៅគ្នីគ្នាបងមក” ។
មួយស្របក់ក្រោយមក ក្រពើក៏បាននាំគ្នីគ្នា មកតម្រៀបគ្នាជាជួរ ចាប់
ពីកោះសំរោង រហូតដល់ភូមិកៀនជ្រៃ ដែលស្ថិតនៅឯត្រើយម្ខាង ។
បន្ទាប់ពីបានឃើញក្រពើ តម្រៀបគ្នាជាជួររួចហើយ ទន្សាយក៏ធ្វើជា
និយាយលាន់មាត់ថា៖ “ពុទ្ធោ ! ចំនួនក្រពើពិតជាមានច្រើនមែន ។
តែស្តាយណាស់ ដោយខ្ញុំមិនអាចមើលឲ្យឃើញប្រត្យក្ស ថាតើក្រពើ ដែលស្ថិតនៅខាងចុងគេបំផុតនោះ ជាក្រពើពិតមែន ឬក៏ជាគល់ឈើ ដែលពួកបងយកមកបំភាន់ភ្នែកខ្ញុំ” ។ ក្រពើឮទន្សាយ ពោលពាក្យ
មន្ទិលសង្ស័យដូច្នោះ វាក៏ប្រាប់ទៅទន្សាយវិញថា៖ “បើប្អូននៅមានការ
មន្ទិលសង្ស័យ ប្អូនអាចដើរលើខ្នងពួកយើង ទៅមើលបានតើ” ។
“ពិតមែនអ្ហ៎ាះ !” ទន្សាយបញ្ជាក់ “តែបងត្រូវប្រាប់គ្នីគ្នា ឲ្យបណ្តែតខ្លួន
ឲ្យនឹងណា បើមិនដូច្នោះទេ ខ្ញុំប្រាកដជារអិលជើង ធ្លាក់ទឹកស្លាប់ជា
មិនខាន” ។
“មិនអីទេ” ក្រពើប្រាប់ទន្សាយ “ចាំបងប្រាប់ក្រពើទាំងអស់ ឲ្យបណ្តែត
ខ្លួនឲ្យនឹងថ្កល់” ។
លុះក្រពើប្រាប់គ្នីគ្នា ឲ្យបណ្តែតខ្លួនឲ្យនឹងថ្កល់រួចហើយ ទន្សាយក៏ដើរ
លើខ្នងក្រពើ ដើម្បីទៅពិនិត្យមើលក្រពើ ដែលស្ថិតនៅខាងចុងគេនោះ
ថាតើជាក្រពើពិតប្រាកដ ឬមួយក៏ជាគល់ឈើ ។ នៅពេលដែលវា ដើរ
មកដល់លើខ្នងក្រពើ ដែលស្ថិតនៅខាងចុងគេបំផុតភ្លាម ទន្សាយក៏
លោតឡើងលើគោកភ្លែត ហើយក៏រត់ចូលព្រៃបាត់ទៅ ៕
"បើចង់បញ្ជាអ្នកមានអំណាចឲ្យធ្វើអ្វីមួយ យើងគប្បីចេះ
ប្រើយុទ្ធសាស្ត្រឧបាយកល"

No comments:

ចំណីខួរក្បាល

គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...