Friday, January 18, 2013

រឿងល្បើកនិងរឿងនិទាន

រឿង ស្រមោចនិងរៃ

(បទពាក្យ ៧)
នៅលើវាលស្មៅស្រស់ខៀវខ្ចី           ក្រោមពន្លឺថ្ងៃចាំងភ្លឺថ្លា
ស្រមោចមួយហ្វូងប្រឹងធ្វើការ           រកភោជនាហារមកស្តុកទុក ។
ខ្នះខ្នែងអូសទាញញាប់ជើងដៃ         ក្រោមកំដៅថ្ងៃប្រឹងតត្រុក
ស្វែងរកស្បៀងមកដាក់ជង្រុក          សន្សំគរទុកខែវស្សា ។
ទោះក្តៅលំបាកក៏ស៊ូទ្រាំ                    ស្រមោចខំពាំនាំអាហារ
ត្រៀមទុកធ្វើស្បៀងក្នុងគ្រួសារ        នៅខែវស្សានាថ្ងៃមុខ ។
មានសត្វរៃមួយនៅមិនឆ្ងាយ            ច្រៀងរាំសប្បាយឥតកើតទុក្ខ
អត់បារម្ភព្រួយទៅថ្ងៃមុខ                  មិនរកស្បៀងទុកផ្គត់ផ្គង់ខ្លួន ។
ពេលឃើញស្រមោចប្រឹងធ្វើការ      រៃក៏វាចាថាមិត្តស្ងួន
ខំប្រឹងអ្វីម្ល៉េះធ្វើបាបខ្លួន                     កម្លាំងមាំមួនមករាំលេង ។
ស្រមោចឆ្លើយប្រាប់រៃវិញថា             ខ្ញុំជាប់កិច្ចការច្រើនធំធេង
ប្រមូលស្បៀងទុកដាក់កន្លែង            គួរបងរៃឯងពិចារណា ។
រៃឆ្លើយតបវិញឥតខ្វល់ភ័យ               ទៅបារម្ភថ្វីខែវស្សា
សម្បូរមិនខ្វះម្ហូបអាហារ                    ឥឡូវនេះណាយើងរាំច្រៀង ។
វស្សាភ្លៀងធ្លាក់ត្រជាក់ខ្យល់             រៃមានកង្វល់ព្រោះដាច់ស្បៀង
បែរមើលស្រមោចឃើញស៊ីលៀង    ដ្បិតអីបានព្រាងប្រឹងឧស្សាហ៍ ។
ឥឡូវទើបរៃដឹងខ្លួនខុស                    សប្បាយជ្រុលហួសភ្លេចកិច្ចការ
លុះពេលអត់ឃ្លានទើបដឹងថា           គួរប្រឹងធ្វើការពេលទំនេរ ៕
បើគិតតែសប្បាយនៅពេលបច្ចុប្បន្ន ផលវិបាកប្រាកដ
ជាមានក្នុងថ្ងៃអនាគត

No comments:

ចំណីខួរក្បាល

គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...