Monday, January 7, 2013

រឿងល្បើកនិងរឿងនិទាន

រឿង ទន្សាយមានមិត្តសម្លាញ់ច្រើន

ទន្សាយមួយមានសត្វជាច្រើន រាប់អានវាជាមិត្ត ។ ថ្ងៃមួយ វាបានឮ
សម្លេងចចកមួយហ្វូងលូហៅគ្នា ដើម្បីដើរស្វែងរកចំណី នៅក្បែរកន្លែង
ដែលវារស់នៅ ។ ដោយយល់ថា គ្រោះអាសន្ននឹងអាចកើតមាន ដល់
ជីវិតរបស់វា ទន្សាយក៏បានទៅសុំជិះលើខ្នងសេះ ដើម្បីគេចពីហ្វូង
ចចកកំណាច ។ នៅពេលបានដឹងថា ទន្សាយសុំជិះលើខ្នងវា ដើម្បី
គេចពីហ្វូងចចក សេះក៏ឆ្លើយដោះខ្លួនថាៈ វាជាប់រវល់ជួយធ្វើកិច្ចការ
ឲ្យម្ចាស់វា មិនអាចជួយដោះទុក្ខធុរៈទន្សាយបានទេ ។ “យើងជឿថា”
សេះនិយាយទៅកាន់ទន្សាយ “មិត្តដទៃប្រាកដជាអាច ជួយដោះទុក្ខ
ធុរៈឯងបានជាមិនខាន” ។ បន្ទាប់មក ទន្សាយក៏ទៅពឹងគោ ព្រោះគោ
មានស្នែងមុតស្រួច អាចធ្វើឲ្យចចកខ្លាចបាន ។ ប៉ុន្តែ គោឆ្លើយដោះសា
ថាៈ វារវល់មានការណាត់ជួបសង្សារ ។ ឮដូច្នោះ ទន្សាយក៏ទៅពឹងពពែ
ព្រោះពពែធ្លាប់រត់លេងជាមួយវា និងជាមិត្តជិតស្និទ្ធនឹងវាជាងគេ ។ នៅ
ពេលដែលពពែ បានឮទន្សាយសុំជិះលើខ្នងវា ដើម្បីគេចពីហ្វូងចចក
វាក៏សម្តែងនូវការព្រួយបារម្ភថាៈ រោមវាខ្លីណាស់ បើនឹងឲ្យទន្សាយជិះ
លើខ្នងវានោះ ក្រែងលោរអិលជើងធ្លាក់មក នាំឲ្យបាក់ដៃបាក់ជើង ។ “សម្លាញ់គួរទៅសុំជិះលើខ្នងចៀមវិញ” ពពែប្រាប់ទន្សាយ “ព្រោះចៀម
មានរោមក្រាស់ ហើយវែងទៀត” ។ លុះឮពពែប្រាប់ដូច្នោះ ទន្សាយក៏
ទៅពឹងចៀមឲ្យជួយសង្គ្រោះវា ។ ពេលនោះ ចៀមបានប្រាប់ទន្សាយថា៖
“សុំទោសសម្លាញ់ យើងមិនចង់លូកដៃចូលក្នុងរឿងនេះទេ ព្រោះនរណា
ក៏ដឹងដែរថា ចចកចូលចិត្តស៊ីសាច់ចៀម ក៏ដូចជាសាច់ទន្សាយដែរ” ។
ខណៈនោះ សម្លេងលូនៃហ្វូងចចក ក៏បានខិតកាន់តែជិតមក ។ ដោយ
អស់ជំនឿ ទៅលើទឹកចិត្តសប្បុរសរបស់មិត្តភក្តិវា ទន្សាយក៏ដាក់
មេផាយយ៉ាងលឿន រហូតដល់ទីបំផុត វាបានគេចផុតពីគ្រោះ
មហន្តរាយ ៕
អ្នកមានមិត្តដែលគ្មានចិត្ត តាមពិតគ្មានមិត្តពិតប្រាកដទេ

No comments:

ចំណីខួរក្បាល

គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...