Wednesday, March 27, 2024

ចំណីខួរក្បាល

ខ្មោច ខ្ញុំចង់សរសេរអំពី ខ្មោច យូរហើយ តែវាជាប្រធានបទដែលខ្ញុំខ្លាចខ្លាំង ។ ដែលខ្លាចនោះមិនមែនខ្ញុំខ្លាចខ្មោចទេ គឺខ្ញុំខ្លាចបង្កឲ្យមានការថ្នាំងថ្នាក់ចិត្តជាមួយសាច់ញាតិខ្មោច ។ សាច់ញាតិខ្មោចនេះទៀតសោតក៏មិនមែននរណាក្រៅអំពីសាច់ញាតិខ្ញុំដែរ ។ វាគ្មានអ្វីលំបាកជាងសរសេរអត្ថបទ ពន្យល់ណែនាំអំពីសុជីវធម៌នៃការគោរពខ្មោច ដែលធ្វើឲ្យញាតិសន្តាននិងមិត្តភក្តិ អាក់អន់ស្រពន់ចិត្តនោះទេ ។ តែបើយើងមិននិយាយ វិចារណញ្ញាណវាចេះតែរុកគួនសតិសម្បជ្ជញ្ញឥតឈប់ឈរ ។ ខ្មោចនៅទីនេះ គឺខ្ញុំសំដៅដល់សាកសពមនុស្សដែលបានចែកឋានទៅ ។ បច្ចុប្បន្ន វាស្ទើរតែមិនចាំបាច់នរណានិយាយទេ ។ ឲ្យតែមានញាតិសន្តានចែកឋាន ភាគច្រើនគឺយើងបង្ហោះរូបភាព ឬក៏រូបថតរបស់បុគ្គលដែលបានចែកឋានទៅនៅក្នុងបណ្តាញសង្គម ដើម្បីឲ្យសាធារណជនដឹងឮនិងចូលរួមមរណទុក្ខ ។ ប្រការនេះហាក់ដូចជាបានក្លាយទៅជារឿងធម្មតា ។ គ្មាននរណាគិតថាមានភាពឆ្គាំឆ្គងអ្វីឡើយ ។ សម្រាប់ខ្ញុំ ខ្ញុំមើលឃើញភាពឆ្គាំឆ្គង ។ ក៏ប៉ុន្តែសូមទុកសិទ្ធិឲ្យបុគ្គលនីមួយៗ វាយតម្លៃភាវខុសនិងត្រូវដោយខ្លួនឯង ។ ខ្ញុំគ្រាន់តែសុំអនុញាត លើកយកក្រមសីលធម៌មួយ នៃការផ្សាយដំណឹងមនុស្សស្លាប់ជាសាធារណៈ មកធ្វើជាការពិចារណាខាងក្រោមនេះ ។ នៅក្នុងសុភាវធម៌ផ្សព្វផ្សាយដំណឹង គេមានក្រមសីលធម៌ដាច់ខាតមួយ (Absolute Rule) គឺមិនបង្ហាញមុខសាកសពទេ ទោះបីសាកសពនោះជាមនុស្សអាក្រក់ជួរជាតិ ឬក៏ជាទីគោរពសក្ការដូចទេវតាក៏ដោយ ។ ទង្វើនេះគឺស្រដៀងគ្នាទៅនឹងក្រមសីលធម៌របស់គ្រូពេទ្យដែរ ដែលត្រូវតែព្យាបាលមនុស្សរងគ្រោះនៅនឹងមុខ មិនថាមនុស្សនោះជាមិត្ត ឬជាសត្រូវឡើយ ។ យើងមិនដឹងថា គេគោរពគោលការណ៍មិនបង្ហាញមុខសាកសពនេះ ចាប់ពីពេលណាមកទេ ។ ប៉ុន្តែ បើយើងសង្កេតមើលគោលការណ៍សុជីវធម៌នៅក្នុងសង្គមមនុស្ស ប្រការនេះប្រហែលជាកើតមានមុនពេលមនុស្សចេះផ្សាយពត៌មាន ។ ហេតុផលនៃការមិនបង្ហាញមុខសព ឬមនុស្សដែលបានចែកឋានទៅហើយជាសាធារណៈ ប្រហែលជាមានច្រើន ។ ក៏ប៉ុន្តែ ប្រការតែមួយគត់ដែលធំធេងជាងអ្វីៗទាំងអស់គឺ៖ សេចក្តីគោរព (Respect) ។ "គោរពវិញ្ញាណក្ខន្ធ" ជាពាក្យដែលខ្មែរយើងប្រើ ពាក់ព័ន្ធនឹងមនុស្សចែកឋាន ។ វប្បធម៌ដទៃក៏មានពាក្យគារវកិច្ចស្រដៀងគ្នានេះដែរ ។ ការគោរពនេះទៀតសោត មិនថាបុគ្គលដែលចែកឋាននោះ ជាមិត្ត ឬជាសត្រូវឡើយ គឺធ្វើទៅនៅក្នុងទម្រង់ "អហោសិកម្ម" ។ អហោសិកម្មនៅទីនេះ គឺសំដៅដល់ការកាត់ផ្តាច់ទំនាក់ទំនងគ្នា រវាងមនុស្សដែលបានរលត់ជីវិត (ចែកឋាន) និងមនុស្សដែលនៅមានជីវិត ។ នៅពេលមនុស្សចែកឋាន អត្តសញ្ញាណគ្មានតទៅទៀតទេ ។ មុខតំណាងឲ្យអត្តសញ្ញាណ ហើយក៏ជាតំណាងឲ្យជីវិតនិងវិញ្ញាណក្ខន្ធដែរ ។ ដូច្នេះ ដើម្បីជាកិច្ចគោរពដល់វិញ្ញាណក្ខន្ធរបស់បុគ្គលដែលចែកឋាន គេមិនបង្ហាញមុខបុគ្គលនោះជាសាធារណៈឡើយ ។ គួរកត់សម្គាល់ថា ការគោរពនៅក្នុងទម្រង់អហោសិកម្មនេះ គឺគោរពជីវិតឬដួងព្រលឹងដែលផុតរលត់ ។ មិនមែនគោរពកេរ្តិ៍ឈ្មោះ ឬទង្វើនានារបស់បុគ្គលដែលចែកឋានទេ ។ កាលឪពុកខ្ញុំចែកឋាននៅជំនាន់ ប៉ុល ពត ខ្ញុំបានឃើញទង្វើពីរយ៉ាងដែលម្តាយខ្ញុំធ្វើ ។ កំឡុងពេលឪពុកខ្ញុំដកចង្កាមាន់ត្រដរខ្យល់ ម្តាយខ្ញុំឱនទៅក្បែរត្រចៀកឪពុកខ្ញុំហើយបន្លឺពាក្យមួយម៉ាត់ថា៖ ពុទ្ធោ! មួយសន្ទុះក្រោយមកឪពុកខ្ញុំក៏ផុតដង្ហើមទៅ ។ ម្តាយខ្ញុំក៏ងើបទៅស្រាយបង្វេចខោអាវ រាវរកបានកូនកន្សែងដៃពណ៌សតូចមួយ យកមកគ្របលើផ្ទៃមុខរបស់ឪពុកខ្ញុំ ។ យើងមិនមានលទ្ធភាពនឹងទៅរកកំណាត់សឯណា យកមកបិទបាំងសាកសពឪពុកខ្ញុំបានទេនាសម័យនោះ ។ គឺមានតែកូនកន្សែងប្រវែងជាងមួយចំអាមបួនជ្រុងនោះ ដែលជួយបិទបាំងអត្តសញ្ញាណឲ្យសាកសពឪពុកខ្ញុំ ។ ទង្វើរបស់ម្តាយខ្ញុំនៅក្នុងព្រឹត្តិការណ៍នោះ ហាក់ដូចជាសាមញ្ញពេកណាស់ ។ គ្មាននរណាម្នាក់នៅក្នុងចំណោមពួកយើងដែលជាកូនៗ ចាប់អារម្មណ៍នឹងសួរម្តាយខ្ញុំអំពីអត្ថន័យរបស់វាឡើយ ។ ដប់ប្រាំឆ្នាំក្រោយមក គឺនៅឆ្នាំ ១៩៩២ ខ្ញុំបានជួបនឹងប្រធានបទបិទបាំងមុខសាកសពម្តងទៀត ខណៈដែលខ្ញុំសិក្សាវិជ្ជាជីវសារពត៌មាននៅសហរដ្ឋអាមេរិក ។ គ្រូបង្រៀនបានប្រាប់ពួកយើងមួយម៉ាត់យ៉ាងខ្លីថា៖ មិនត្រូវបង្ហាញមុខសាកសពនៅក្នុងការផ្សព្វផ្សាយឡើយ ។ និស្សិតជាច្រើនបានលើកយកសំណួរមកសួរដុកដាន់រកហេតុផល ។ ចម្លើយរបស់គាត់ក៏មានតែមួយម៉ាត់យ៉ាងខ្លីដែរគឺ៖ Respect for human soul (គោរពវិញ្ញាណក្ខន្ធមនុស្សដែលបានចែកឋានទៅ) ។ ពេលនោះ ខ្ញុំនឹកទៅដល់ទង្វើរបស់ម្តាយខ្ញុំកាលពី ១៥ឆ្នាំកន្លងទៅ ។ ម្តាយខ្ញុំមិនបានរៀនសូត្រជ្រៅជ្រះទេ ។ ដូច្នេះ ទង្វើរបស់គាត់ប្រាកដជាចេញអំពីទំនៀមទម្លាប់ខ្មែរ ដែលមនុស្សអនុវត្តិតៗគ្នាជារៀងរាបមក ។ ចំណែកឯហេតុផលដែលសាស្ត្រាចារ្យសារពត៌មាន លើកយកមកហាមប្រាមមិនឲ្យបង្ហាញមុខសាកសពជាសាធារណនោះ បើនឹងថាដកស្រង់ចេញអំពីទំនៀមទម្លាប់ខ្មែរ ក៏មិនត្រឹមត្រូវដែរ ដ្បិតសាស្ត្រាចារ្យនោះ មិនទាំងស្គាល់ប្រទេសខ្មែរបែរមុខទៅទិសខាងណាផង កុំថាឡើយដល់ទៅស្គាល់ទំនៀមទម្លាប់និងវប្បធម៌ខ្មែរ ។ បើយើងផ្គុំកត្តាទាំងពីរនេះ យើងអាចសន្និដ្ឋានបានថា ការអនុវត្តិកិច្ចគោរពមុខសាកសព គឺអាចមានលក្ខណៈជាសាកល ។ ចំអកព្រហ្មលិខិតមួយដែលខ្ញុំគួរលើកយកមកបរិយាយនៅទីនេះ គឺដំណើរចែកឋានរបស់ម្តាយខ្ញុំ ។ ម្តាយខ្ញុំបានចែកឋានទៅជិត ២០ឆ្នាំហើយ ។ គ្រានោះ គាត់រស់នៅស្រុកខ្មែរ ។ ឯកូនៗទាំងអស់របស់គាត់រស់នៅឯសហរដ្ឋអាមេរិក ។ នៅក្នុងទំនៀមទម្លាប់ខ្មែរ នៅពេលអ្នកមានគុណហៀបនឹងចែកឋាន យើងរមែងរួតរះធ្វើដំណើរទៅជួបគាត់ដើម្បីឲ្យទាន់ដង្ហើមចុងក្រោយ ។ ករណីរបស់ពួកយើង យើងគ្មានលទ្ធភាព ឬមធ្យោបាយនឹងធ្វើដូច្នោះកើតឡើយ ។ ដូច្នេះ សាច់ញាតិដែលនៅជិតគាត់ សម្រេចចិត្តជួលជាងថតវីឌីអូដំណាក់កាលចុងក្រោយនៃជីវិតនោះ ដើម្បីទុកជានិមិត្តរូបឲ្យយើងបានឃើញ ។ ជាងថតរូប គាត់មិនយល់អំពីកិច្ចគោរពមុខមនុស្សចែកឋានទេ ។ គាត់ថតពង្រីកមុខម្តាយខ្ញុំប្រៀបដូចជាតួឯកកុន ។ ពេលខ្ញុំឃើញទិដ្ឋភាពនោះ ខ្ញុំតក់ស្លុតសង្វេគចិត្តឥតឧបមា ។ ប៉ុន្តែ អ្វីៗវាបានកន្លងផុតហួសអស់ទៅហើយ (The damage has already been done) ។ ក្រៅអំពីឲ្យប្អូនខ្ញុំបំផ្លាញ ឬក៏កាត់រូបភាពមិនគួរគប្បីនៅក្នុងខ្សែវីឌីអូចោល យើងមិនអាចធ្វើអ្វីដើម្បីលុបលាងទោសកំហុសបានឡើយ ។ ខ្ញុំជឿថា ប្រសិនបើម្តាយខ្ញុំអាចនិយាយបាន គាត់ប្រាកដជាមិនអនុញ្ញាតិឲ្យនរណាម្នាក់ថតរូបគាត់នៅក្នុងកាលទេសៈនោះទេ ។ គឺចំណុចចុងក្រោយនេះហើយដែលយើងត្រូវពិចារណាឲ្យបានល្អិតល្អន់ មុននឹងបង្ហោះ ឬបង្ហាញរូបភាពមនុស្សជាទីស្រឡាញ់របស់យើង ដែលបានចែកឋានទៅ ជាសាធារណៈ ។ បុគ្គលដែលបានចែកឋានទៅ គ្មានលទ្ធភាពប្រាប់យើងអំពីបំណងប្រាថ្នារបស់ខ្លួនទេ ។ ឯយើងដែលនៅរស់ (Survivors) ក៏មិនអាចស្វែងយល់អំពីបំណងប្រាថ្នារបស់គាត់ដែរ ។ ហេតុផលនេះ គឺជាអ្វីដែលយើងគួរយល់ដឹង មុននឹងសម្រេចចិត្តផ្សាយរូបមនុស្សចែកឋានជាទីស្រឡាញ់ ឬជាទីរាប់អានរបស់ពួកយើងជាសាធារណ ៕

No comments:

ចំណីខួរក្បាល

គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...