Sunday, March 10, 2024
ចំណីខួរក្បាល
ឱកាសនៅក្នុងឧបស័គ្គ (Opportunity inside Obstacle)
នៅក្នុងរង្វង់ជនអន្តោប្រវេសដែលទៅរស់នៅក្នុងប្រទេសថ្មី មានពាក្យមួយឃ្លាដែលគេតែងពោលថា៖ ជនអន្តោប្រវេសជម្រុះចោលអ្វីៗសព្វបែបយ៉ាង លើកលែងតែតុងសំនៀង (An immingrant left behind everything except for his/her accent) ។ ការជម្រុះចោលនេះ មិនត្រឹមតែមិត្តភក្តិញាតិសន្តានដែលរស់នៅឯប្រទេសកំណើតនោះទេ សូម្បីតែអាជីពការងារក៏ត្រូវបានលះបង់ចោលដែរ ។
ជារឿយៗ ខ្ញុំបានជួបនឹងជនជាតិខ្មែរដែលមានអាជីពជា គ្រូពេទ្យ សាស្ត្រាចារ្យ ឬក៏មុខងារដទៃទៀតជាច្រើនធ្វើអន្តោប្រវេសមករស់នៅក្នុងសហរដ្ឋអាមេរិក ។ ឧបស័គ្គមួយដែលអន្តោប្រវេសជនទាំងនោះប្រឈម គឺមិនអាច ឬមិនមានឱកាសប្រកបការងារនៅក្នុងអាជីព ទៅតាមចំណេះជំនាញរបស់ខ្លួន ។ ដើម្បីទ្រទ្រង់ការរស់នៅនៅក្នុងប្រទេសថ្មី ពួកគេធ្វើការងារក្រៅជំនាញរបស់ខ្លួន ។ ចំណេះជំនាញផងទាំងពួងដែលពួកគេចំណាយប្រាក់និងពេលវេលាសិក្សាស្ទើរតែកន្លះជីវិត បានក្លាយទៅជារបស់អត់ប្រយោជន៍ ។ ប្រការមួយដែលជាឧបស័គ្គធំជាងគេ គឺយើងត្រូវទៅរៀនសាឡើងវិញ ដ្បិតនិយាម ឬក៏ស្តង់ដារវិជ្ជាជីវរបស់សហរដ្ឋអាមេរិក វាមិនច្រឡំនឹងគេទេ ។ និយាយឲ្យងាយយល់ អាមេរិកមិនផ្តល់តម្លៃដល់ចំណេះជំនាញដែលមិនបានឆ្លងកាត់ការហ្វឹកហាត់នៅក្នុងប្រទេសនេះ ឬក៏ចេញពីស្ថាប័ននៅក្រៅប្រទេសដែលប្រទេសនេះទទួលស្គាល់ឡើយ (Accreditation) ។ អន្តោប្រវេសជនមួយចំនួន ដែលមកពីប្រទេសនិយាយភាសាអង់គ្លេសដូចជា កាណាដា អូស្ត្រាលី និង អង់គ្លេស អាចមានវាសនាគ្រាប់បើជាងគេបន្តិច ជាមួយនឹងការរកការងារអាជីពនៅស្រុកអាមេរិក ។
កត្តាមួយដែលធ្វើឲ្យខ្ញុំមិនអស់ចិត្តជាមួយនឹងការមិនផ្តល់តម្លៃ ឬរើសអើងអាជីពរបស់មនុស្សដែលហ្វឹកហ្វឺននៅក្រៅស្រុកអាមេរិក គឺអាជីពខ្លះមានការហ្វឹកហ្វឺនជាលក្ខណៈសាកល (Universal knowledge) ។ ឧទាហរណ៍ គណិតវិជ្ជា និង គណនេយ្យ ជាដើម ។ អាជីពទាំងពីរមានរូបមន្តជាលក្ខណៈសាកល ។ ក៏ប៉ុន្តែរបៀបរកដំណោះស្រាយរបស់វា មានទម្រង់ខុសគ្នាខ្លះៗរវាងសហរដ្ឋអាមេរិកនិងប្រទេសដទៃ ។ ឧទាហរណ៍ X - 1 = 2 ។ សមីការនេះ បើយើងដោះស្រាយតាមរបៀបខ្មែរ គឺយើងរុញលេខ (-1) ឆ្លងទៅផ្នែកម្ខាងទៀតនៃសញ្ញា (=) ដោយប្តូររូបភាពរបស់វាពី (-1) ឲ្យទៅជា (+1) វិញ ។ យើងបាន X = 2 + 1 ។ បន្ទាប់មក X = 3 ។ ប៉ុន្តែ អាមេរិកាំងគេមិនធ្វើដូច្នេះទេ ។ គេធ្វើរបៀប Process of Elimination ។ X + 1 - 1 = 2 + 1 => X + 1 - 1 = 3 => X = 3 ។ លទ្ធផលដូចគ្នា ។ តែបើយើងមើលជាជំហាន គឺដោះស្រាយរបៀបខ្មែរមានពីរជំហាន ។ របៀបអាមេរិកាំងមានបីជំហាន ។ ទង្រង់ខុសគ្នាមួយទៀតដែលខ្ញុំកត់សម្គាល់គឺរបៀបចែកលេខ ។ ខ្មែរយើងគូសបន្ទាត់បញ្ឈរមួយ និងគូសបន្ទាត់ផ្តេកមួយចេញពីពាក់កណ្តាលបន្ទាត់បញ្ឈរមកខាងស្តាំ ។ យើងដាក់លេខតួចែកនៅខាងលើបន្ទាត់ផ្តេក និងលេខតំណាងចែកនៅខាងឆ្វេងបន្ទាត់បញ្ឈរ ។ ឯផលចែកយើងដាក់នៅផ្នែកខាងក្រោមបន្ទាត់ផ្តេក ។ ចំណែករបៀបចែកលេខរបស់អាមេរិកាំង គេគូសសញ្ញា រ៉ាឌីកាល់ ហើយដាក់លេកតួចែកនៅខាងមុខសញ្ញារ៉ាឌីកាល់ តំណាងចែកនៅខាងក្នុងសញ្ញារ៉ាឌីកាល់ និង ផលចែកនៅផ្នែកខាងលើសញ្ញារ៉ាឌីកាល់ ។ ខ្ញុំវង្វេងច្រើនដងហើយពេលរៀនចែកលេខរបៀបអាមេរិកាំងនេះ ។ គឺភាពខុសគ្នាទាំងនេះហើយដែលយើងត្រូវទៅរៀន ឬក៏ហ្វឹងហ្វឺនផ្នែក ប៉េដាហ្គូហ្សី សាឡើងវិញប្រសិនបើយើងជាអតីតគ្រូបង្រៀនហើយចង់ចាប់យកអាជីពនេះជាថ្មី ។ កាលរៀននៅថ្នាក់ទីបញ្ចប់នៅវិទ្យាល័យមួយក្នុងស្រុកអាមេរិក ខ្ញុំធ្លាប់ចងមិត្តនឹងគ្រូគណិតវិទ្យាវ័យក្មេងមួយរូប ហើយបង្ហាញគាត់អំពីវិធីដោះស្រាយចំណោទគណិតសាស្ត្រតាមរបៀបខ្មែរ ដែលហាក់ដូចជាស្រណុកចងចាំជាង ។ គាត់យកវិធីនោះទៅបង្រៀនកូនសិស្សគាត់ ។ ពួកគេវិលក្បុងឡប់អាចម៍ខ្សៀ ។ គាត់មកប្រាប់ខ្ញុំវិញថា វិធីសាស្ត្រដោះស្រាយគណិតសាស្ត្រតាមរបៀបអ្នកពន្យល់នោះ អនុវត្តិទៅមិនរួចទេ ។ និយាយរួម កូនសិស្សអាមេរិកាំងចាប់ពីកម្រិតបឋមសិក្សាឡើងទៅ ដោះស្រាយចំណោទគណិតសាស្ត្រតាមរបៀបមួយដែលគេហៅថា PEMDAS (Parentheses, Exponent, Multiplication, Division, Addition, and Substraction) ។ វាជាលំដាប់លំដោយដោះស្រាយលំហាត់គណិតសាស្ត្រជាជំហានៗ ទោះបីលំហាត់ងាយស្រួលយ៉ាងណាក៏គេមិនផ្គុំជំហានរបស់វាដែរ ។
សូមនិយាយអំពីឱកាសនៅក្នុងឧបស័គ្គវិញម្តង ។ ឱកាសនៅទីនេះ គឺខ្ញុំចង់និយាយអំពីអាជីពជាគណនេយ្យករ ។ អ្នកដែលមានអាជីពជាគណនេយ្យករ មិនចាំបាច់ទៅរៀនសាឡើងវិញទេ ប្រសិនបើយើងដឹងអំពីទីផ្សារការងារមួយដែលមនុស្សភាគច្រើនមើលរំលង ។ សំបុកការងារនោះគឺនៅក្នុងស្ថាប័ន មូលនិធិ (Foundations) ។ នៅស្រុកអាមេរិកមានមូលនិធិតូចធំរាប់ពាន់ ឬរាប់មិនអស់ ។ គេហៅស្ថាប័នទាំងនេះថា អង្គការមិនរកកម្រៃ (Non-Profit Organizations) ដែលមានមុខងារស្រដៀងគ្នានឹងអង្គការ NGO នៅស្រុកខ្មែរដែរ ។ មូលនិធិមានបីប្រភេទគឺ Foundation, Charitable Trust, and Endowment ។ ចំណុចរួមរបស់មូលនិធិទាំងបីនេះគឺបរិច្ចាគប្រាក់កាក់ធ្វើការងារមនុស្សធម៌ ។ មូលនិធិទាំងបីប្រភេទនេះប្រៀបដូចជាឃ្លាំងប្រាក់ដែលមិនចេះរីងស្ងួត ទោះបីសេដ្ឋកិច្ចពិភពលោកជួបនឹងវិបត្តិយ៉ាងណាក៏ដោយ ។ ដោយហេតុតែគោលដៅចម្បងរបស់មូលនិធិគឺធ្វើកិច្ចការមនុស្សធម៌ ដូច្នេះការជ្រើសរើសបុគ្គលិកគឺមិនសូវមានការរើសអើងរឿងសញ្ញាប័ត្រទេ ។ បើយើងមានសមត្ថភាពធ្វើកិច្ចការបានសមរម្យល្មម គឺគេទទួលយកយើងឲ្យធ្វើការងារនៅក្នុងស្ថាប័នគេហើយ ពីព្រោះជួយមនុស្សដែលជួបឧបស័គ្គនៅក្នុងដំណើរជីវិត ក៏ជាកិច្ចការមនុស្សធម៌ដែរ ។ តាមពិតទង្វើមនុស្សធម៌នេះគឺទទួលបានផលទ្វេគុណ ។ ទីមួយ ជួយមនុស្សដែលជួបឧបស័គ្គទទួលបានការងារស្របតាមអាជីពរបស់ខ្លួន ។ ទីពីរ បុគ្គលិកដែលគេសង្គ្រោះចេញពីឧបស័គ្គបាត់បង់អាជីពនេះ នឹងធ្វើការងារក្នុងបេសសកកម្មជួយមនុស្សដែលជួបឧបស័គ្គមួយជាន់ទៀត ។
មូលនិធិដែលពិភពលោកស្គាល់ច្រើនជាងគេគឺ World Wildlife Fund and Gate Foundation ។ តើមូលនិធិទាំងនេះបានប្រាក់មកពីណា ។ និយាយឲ្យងាយយល់គឺបានមកអំពីប្រាក់ចំណេញរបស់ពាណិជ្ជករនិងមហាសេដ្ឋី ដែលមិនចង់បង់ពន្ធលើប្រាក់ចំណូលរបស់ខ្លួន ទៅឲ្យរតនាគារជាតិ ។ អាមេរិកមានច្បាប់មួយដែលគេហៅថា 501C(3) ។ មូលនិធិទាំងអស់គឺចុះបញ្ជីក្រោមច្បាប់នេះឯង ។ អ្នកដែលជាប់ពន្ធប្រាក់ចំណូលប្រចាំឆ្នាំ អាចបង្វិលប្រាក់បង់ពន្ធនោះ ទៅបរិច្ចាគឲ្យមូលនិធិ ។ រដ្ឋតម្រូវឲ្យមូលនិធិចំណាយថវិការបស់ខ្លួនពី ៣ ទៅ ៥ ភាគរយរៀងរាល់ឆ្នាំ ។ គួរកត់សម្គាល់ថា ថវិការបស់មូលនិធិជាទូទៅស្ថិតនៅក្នុងធនាគារឯកជនដែលយកថវិការទាំងនោះទៅប្រើជាប្រាក់កម្ចី ។ ការប្រាក់មួយផ្នែកដែលបានមកអំពីប្រាក់កម្ចីទាំងនោះ ត្រូវបានគេបង្វិលចូលទៅក្នុងថវិការបស់មូលនិធិជាប្រចាំ ។ បើយើងបូកបញ្ចូលការប្រាក់ជាមួយនឹងប្រាក់ដែលទទួលបានពីការបរិច្ចាគ វាមិនតិចជាង ៣ ទៅ ៥ ភាគរយទេ ។ គឺចំណុចនេះហើយ ដែលថវិការបស់មូលនិធិភាគច្រើន មិនចេះរីងស្ងួតនោះ ។ បើនិយាយអំពីសុវត្ថិភាពការងារវិញ គ្មានទីណាមានសុវត្ថិភាពជាងនៅក្នុងមូលនិធិទេ ។ ស្ថាប័នដទៃអាចដាច់ប្រាក់ខែ ។ ប៉ុន្តែ បុគ្គលិកធ្វើការនៅក្នុងមូលនិធិមិនងាយដាច់ប្រាក់ខែឡើយ ។ បើនិយាយអំពីបន្ទាត់បៀវត្សរ៍វិញ វាក៏មានភាពទូលំទូលាយ (Generous) ជាងគេដែរ ៕
Subscribe to:
Post Comments (Atom)
ចំណីខួរក្បាល
គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...
-
រឿង តោនិងក្របីព្រៃ តោមួយបានដើរស្វែងរកអាហារ នៅក្បែរមាត់ព្រៃ ។ នៅពេលវាដើរ មកដល់ក្បែរមាត់បឹងមួយ វាបានឃើញក្របីព្រៃឈ្មោលចំនួនបួន កំពុង ឈរស៊ីស...
-
រឿង ក្មេងប្រុសនិងសត្វកង្កែប មានក្មេងប្រុសមួយក្រុម បាននាំគ្នាទៅរត់លេង នៅក្បែរមាត់ត្រពាំងមួយ ដែលមានសត្វកង្កែបជាច្រើនរស់នៅ ។ បន្ទាប់ពីពួកគេរត...
-
ឱកាសនៅក្នុងឧបស័គ្គ (Opportunity inside Obstacle) នៅក្នុងរង្វង់ជនអន្តោប្រវេសដែលទៅរស់នៅក្នុងប្រទេសថ្មី មានពាក្យមួយឃ្លាដែលគេតែងពោលថា៖ ជនអន្តោ...
No comments:
Post a Comment