Saturday, April 6, 2024
ចំណីខួរក្បាល
ចម្រៀងចំអេះចំអាសដែលគ្មាននរណាស្អប់
កាលពីសប្តាហ៍មុន ខណៈកំពុងច្រៀងការ៉ាអូឃេ កូនស្រីខ្ញុំរត់ត្រហេបត្រហបទៅប្រាប់ថាមានគេមកគោះទ្វារ ។ ខ្ញុំរត់មកបើកទ្វារក្រែងក្រុមហ៊ុនដឹកជញ្ជូនយកអីវ៉ាន់មកឲ្យ ក៏ជួបវ៉ាក់នឹងយុវជនដែលរស់នៅផ្ទះជាប់ខ្ញុំ ។ ខ្ញុំធ្លាក់ថ្លើមក្តុក ដ្បិតផ្ទះយើងមានជញ្ជាំងជាប់គ្នា ។ យុវជននេះប្រាកដជាមកស្តីឲ្យខ្ញុំ អំពីការច្រៀងអាឡេអាឡូនាំឲ្យរំខានដល់គាត់ហើយ ។ ខ្ញុំមិនទាន់ហើបមាត់ផង យុវជននោះក៏លំឱនកាយគោរពសុំទោសខ្ញុំ អំពីប្រការដែលគាត់មករំខានខ្ញុំ ។ គាត់មកនេះគឺមកសុំកត់យកចំណងជើងចម្រៀង ដែលខ្ញុំទើបនឹងច្រៀងប៉ុន្មាននាទីមុននេះ ដ្បិតអីវាពីរោះជក់ចិត្តដិតអាម្មណ៍ខ្លាំងណាស់ ។ ឮពាក្យនេះ ខ្ញុំភ្ញាក់ដូចគេជះទឹកដាក់កណ្តាលមុខ ពីព្រោះយុវជននេះមានអាយុប្រមាណជា ២០ឆ្នាំផ្លាយ ហើយជាក្មេងដែលកើតនៅស្រុកអាមេរិក និងមានឪពុកម្តាយជាជនជាតិកូរ៉េ ។ កុំថាឡើយដល់ទៅចេះស្តាប់ភាសាខ្មែរ សូម្បីតែប្រទេសខ្មែរស្ថិតនៅទីណាក៏នាយមិនស្គាល់ផង ។
អ្វីដែលធ្វើឲ្យយុវជនអ្នកជិតខាងខ្ញុំទាក់ចិត្តដិតអារម្មណ៍ គឺសម្លេងតន្ត្រីដែលប្រគុំដោយសិល្បករខ្មែរនៅក្នុងទសវត្សឆ្នាំ ១៩៧០ ។ ខ្ញុំនាំនាយទៅកាន់ស្ទូឌីយោការ៉ាអូឃេរបស់ខ្ញុំ ហើយឲ្យគាត់ធ្វើសម្លេងត្រាប់តាមបទភ្លេង ដើម្បីស្វែងរកចំណងជើងបទចម្រៀងដែលគាត់ចង់បាន ។ វាគឺជាបទ ចិត្តបងរំពឹង នៅក្នុងវេបសាយការ៉ាអូឃេអ័រកាដង់ របស់លោក គីម ដារ៉ែម ។ លោក គីម ដារ៉ែម គាត់តម្លើងសម្លេងឧបករណ៍តន្ត្រី ជាពិសេសសម្លេងស្គរដែក ឲ្យឮមុត (Sharp) ជាងសម្លេងអូរីជីណាល់ ។ គឺសម្លេងស្គរនោះហើយ ដែលពុះទម្លុះជញ្ជាំងថ្មបង្កឲ្យមានភាពរំភើបញាប់ញ័រ នៅក្នុងសោតារម្មណ៍យុវជនអ្នកជិតខាងខ្ញុំ ។
ជាអ្នកស្តាប់ចម្រៀងសម័យខ្មែរមួយរូប ខ្ញុំកត់សម្គាល់កត្តា "ឥតខ្ចោះ" មួយ (Refined) ដែលធ្វើឲ្យសម្លេងតន្ត្រីសម័យខ្មែរមានភាពទាក់ទាញ ។ កត្តានោះគឺ តុងសម្លេងឧបករណ៍ភ្លេង (Tune) ។ តន្ត្រីករខ្មែរហាក់ដូចជារឹតសម្លេងឧបករណ៍ភ្លេង ជាពិសេស ហ្គីតានិងស្គរ ឲ្យមានសំនៀងខ្ពស់ជាងគេបន្តិច (High Pitch) ។ ខ្ញុំមិនចេះលេងភ្លេងទេ ។ ប៉ុន្តែ ខ្ញុំអាចស្តាប់សម្លេងឧបករណ៍ភ្លេងយកទៅផ្ទៀងផ្ទាត់គ្នា ។ បទចម្រៀងខ្មែរជាច្រើន មានបងប្អូនភ្លោះរបស់វាជាភាសាអង់គ្លេស ឬភាសាដទៃទៀត ។ ឧទាហរណ៍ បទ ស្រឡាញ់ស្រីតូច និងបទ Black Magic Woman ។ បទចម្រៀងទាំងពីរនេះ មានទម្រង់បទភ្លេងតែមួយ ។ ប៉ុន្តែ បើយើងស្តាប់ដោយផ្ទៀងផ្ទាល់ យើងអាចនឹងកត់សម្គាល់ចំណុចខ្ពស់ (High Pitch) នៅក្នុងការប្រគុំឧបករណ៍ភ្លេងជាភាសាខ្មែរ ។ ការវាយតម្លៃរបស់ខ្ញុំអាចលម្អៀងដោយសារខ្ញុំជាជនជាតិខ្មែរ ។ ក៏បុន្តែ យុវជនកូរ៉េអាមេរិកាំងដែលនៅផ្ទះជាប់ខ្ញុំនោះ មិនអាចលម្អៀងឡើយ (Unbiased) ។ គាត់មិនចេះភាសាខ្មែរទេ ។ ដូច្នេះ អ្វីដែលទាក់ចិត្តគាត់ឲ្យរំភើបញាប់ញ័រជាមួយនឹងតូរ្យ តន្ត្រីខ្មែរ គឺមានតែសម្លេងឧបករណ៍ភ្លេងតែមួយមុខគត់ ។ ឯសម្លេងឧបករណ៍ភ្លេងនេះទៀតសោត គាត់ប្រហែលជាធ្លាប់ស្តាប់ជាភាសាអង់គ្លេសរាប់សិបដងផងក៏មិនដឹង ។ សម្រាប់ខ្ញុំ ពេលស្តាប់សម្លេងហ្គីតាដែលតន្ត្រីករខ្មែរប្រគុំជាចង្វាក់ ឆា ឆា ឆា រ៉ុក ឬ ហ៊្សាក ម្តងៗ (Cha cha cha, Rock, Jerk) គឺប្រៀបបាននឹងស្តាប់សម្លេងហ្គីតារបស់លោក ជីមី ហេនរីក ជឺរី ហ្គាស៊ា និង កាឡូស សាន់តាណា ប្រគុំរួមគ្នានៅលើឆាកតែមួយ ។ តាមពិត គឺលោក កាឡូស សាន់តាណា (Carlos Santana) នេះហើយ ដែលជះឥទ្ធិពលខ្លាំងមកលើតន្ត្រីករខ្មែរ (Inspiration) ។ លោក សាន់តាណា ជាតន្ត្រីករមួយរូបដែលភាសាអង់គ្លេសហៅថា Prodigy (អ្នកមានទេពកោសល្យពីកំណើត) ។ គាត់ដើរប្រគុំតន្ត្រីជាមួយនឹងឪពុកគាត់តាំងពីអាយុ ៦ឆ្នាំម្លេះ ។
និយាយអំពីទេពកោសល្យ សូមវិលទៅនិយាយអំពីប្រធានបទចំអេះចំអាសវិញម្តង ។ ក្រៅអំពីប្រគុំតន្ត្រីសម័យបានល្អឥតខ្ចោះ សិល្បករខ្មែរក៏ពូកែសរសរបទចម្រៀងចំអេះចំអាសដែរ ។ ពូកែនៅទីនេះគឺមានន័យថា អ្នកនិពន្ធចេះប្រើសិល្បវិធី មិនងាយនឹងនរណាមើលដើមដានដឹងឡើយ ។ គាត់លាក់ភាវចំអេះចំអាសនៅក្នុង "អត្ថប្បដិរូប" ឬ មេតាហ្វ័រ (Metaphor) ។ អ្នកស្តាប់ដែលមិនទាន់មានបទពិសោធជ្រៅជ្រះ (Minor) យល់នៅក្នុងន័យអត្ថានុរូប ។ អ្នកស្តាប់ដែលមានបទពិសោធជ្រៅជ្រះ (Adult) ទើបអាចយល់អំពីភាវចំអេះចំអាសនៅក្នុងន័យអត្ថប្បដិរូប ។ ខ្ញុំនឹងលើកយកចម្រៀងពីរបទមកធ្វើបទបង្ហាញនៅទីនេះ ។
ប្រណាំងទូក ង
បៈ បងទៅកាប់ចេក រែកមកបន្ទុំ ដើម្បីវេចនំទៅភ្ជុំនឹងគេ (ស្ទួន)
នំចេកនំគមរៀបរយហូរហែរ ស្កាត់ជួបស្រីស្នេហ៍នៅឯវត្តថ្មី វត្តថ្មីៗ ។
សៈ អូនដើរកាត់ស្លឹក ទទឹកខ្លួនជោគ ទូលស្លឹកយកមកខ្ចប់ម្ហូបចំណី (ស្ទួន)
យកទៅលេងភ្ជំប្រាថ្នាជួបថ្លៃ រសៀលម៉ោងបី ប្រណាំងទូកបង ប្រណាំងទូកបង ។
បៈ ទូកបងទូកវែង កន្សែងចងក្បាល ឈរចំកណ្តាលស្រែកច្រៀងផ្តោះផ្តង (ស្ទួន)
ប្រណាំងទូកអូន យកឲ្យឈ្នះម្តង ចែវផងអុំផង ខ្លាចចាញ់ទូកស្រី ខ្លាចចាញ់ទូកស្រី ។
សៈ ទូកអូនទូកខ្លី កន្សៃចងផ្កា ប្រណាំងកាលណាតែងបានជោគជ័យ (ស្ទួន)
បើបងប្រណាំង ហ៊ានភ្នាល់ដាក់អ្វី បើចាញ់ទូកស្រីធ្វើប្តីអូនទៅ ធ្វើប្តីអូនទៅ ។
នៅក្នុងន័យអត្ថានុរូបនៃបទចម្រៀងនេះ គឺត្រង់ភ្លឹងគ្មានអ្វីជាអាថ៌កំបាំងឡើយ ។ អ្នកស្តាប់មើលឃើញរូបទូកប្រណាំង ដែលមានកន្សែងចងនៅផ្នែកខាងក្បាល និងកម្រងផ្កាចងនៅផ្នែកខាងកន្សៃ ។ ប៉ុន្តែ បើយើងមើលតាមន័យអត្ថប្បដិរូបវិញ យើងនឹងមើលឃើញរូបភាពមួយបន្ថែមទៀត ។ ជាបឋម យើងត្រូវកត់សម្គាល់ពាក្យគន្លឹះចំនួនបី៖ ១) ស្កាត់ជួបស្រីស្នេហ៍ ២) ប្រាថ្នាជួបថ្លៃ ៣) ធ្វើប្តីអូនទៅ ។ ឯពាក្យចំអេះចំអាសដែលអ្នកនិពន្ធបង្កប់នៅក្នុងចម្រៀងគឺចាប់ពីវគ្គទីបីចុះមកក្រោម ។ "ទូកបងទូកវែងកន្សែងចងក្បាល" និង "ទូកអូនទូកខ្លីកន្សៃចងផ្កា" ក្បាលនិងកន្សៃទូកនៅទីនេះ គឺសំដៅទៅលើទម្រង់អង្គជាតិ របស់មនុស្សប្រុសនិងរបស់មនុស្សស្រី ។ ក្បាលទូកមានទង្រង់ស្តួចវែង ។ ឯកន្សៃទូកមានទម្រង់កន្ធែកខ្លី ។ អ្នកដែលមិនសូវស្គាល់ទ្រង់ទ្រាយទូកច្បាស់លាស់ អាចចូលទៅមើលក្បាលនិងកន្សៃទូក ង ដែលគេដាក់នៅក្នុងវត្ត ។ បើទូកនោះគេផ្កាប់ វានឹងបង្ហាញទម្រងរឹតតែច្បាស់ ។ ចំណុចមួយទៀតគឺ "ចែវទូក" ។ ពាក្យនេះ ខ្មែរយើងប្រើក្នុងន័យអត្ថប្បដិរូប សំដៅទៅលើចលនាសេពសន្ធវៈ ។
ក្តាមស្រង៉ែ
បៈ រន្ទះបាញ់ខ្លាំងបាញ់ផ្ទប់ លាន់សូរទាំងយប់ បាញ់ផ្ទប់ភ្លឺស្រែ
ក្តាមគ្រោងនិងក្តាមស្រង៉ែ (ស្ទួន) ទម្លុះភ្លឺស្រែបញ្ចូលទឹកថ្មី ។
សៈ ស្រែខ្ញុំភ្លឺធំគ្រាក់ៗ ដាំទាំងរពាក់ បន្លាពេញដី
ហ៊ានកាយត្រូវតែហ៊ានក្ស័យ (ស្ទូន) តិចថារូបស្រីមិនបានប្រាប់បង ។
បៈ រន្ធសត្វកង្កែបទេម៉ុម បងសូមសំងំផងណានួនល្អង
ថ្ងៃរះចាំរូបបងឆ្លង (ស្ទួន) កុំអីស្រីបងមេត្តាបងទៅ ។
ជាថ្មីម្តងទៀត បទចម្រៀងទីពីរនេះ បើមើលតាមន័យអត្ថានុរូប គឺគ្មានអ្វីគួរឲ្យចាប់ទោសអូសដំណើរឡើយ ។ រន្ទះភ្លៀងផ្គរនិងក្តាមកង្កែបកាយរន្ធពូនដីនៅតាមភ្លឺស្រែ គឺជាអព្ភូតហេតុធម្មជាតិ ។ ជនជាតិខ្មែរយល់ដឹងអំពីប្រការនេះស្ទើរតែគ្រប់ៗគ្នា ។ ឯដើមរពាក់ដែលភាគច្រើនដុះនៅតាមកែងភ្លឺស្រែនោះ ក៏ជារឿងធម្មតាដែរ ។ ប៉ុន្តែ បើយើងមើលអត្ថន័យនៃបទចម្រៀងនេះតាមរយៈអត្ថប្បដិរូប វាបង្ហាញន័យចំអេះចំអាសច្បាស់ដូចពន្លឺថ្ងៃ ។ នៅក្នុងដំណើរសេពកាមជាសាកល គេចាប់ផ្តើមដោយទង្វើមួយដែលភាសាអង់គ្លេសហៅថា Foreplay (បបោសអង្អែល) ។ នៅក្នុងនិមិត្តរូបនៃភាសាខ្មែរ យើងយកចលនាក្តាមកាយរន្ធ ជាតំណាងឲ្យការបបោសអង្អែល ។ អ្នកខ្លះប្រហែលជាឆ្ងល់ថា ក្តាមមានជើងស្រួចៗគួរឲ្យខ្លាច យកមកធ្វើជាតំណាងឲ្យការបបោសអង្អែល ដូចជាមិនសមទេ ។ តាមពិតចលនាក្តាមកាយរន្ធ មិនច្រងាប់ច្រងិលដូចសត្វពង្រូលកាយរន្ធឡើយ ។ កាលដើរឃ្វាលក្របីនៅជំនាន់ខ្មែរក្រហមត្រួតស្រុកខ្មែរ ខ្ញុំធ្លាប់អង្គុយមើលក្តាមកាយរន្ធ ។ វាមានភាពទន់ភ្លន់មិនចាញ់គូស្នេហ៍បបោសអង្អែលគ្នាទេ ។
កែងភ្លឺស្រែជាទូទៅមានទម្រង់ជាមុំទំហំ ៩០ដឺក្រេ ។ កន្លែងខ្លះ កសិករពង្រីកវាឲ្យលើសពី៩០ដឺក្រេ ដើម្បីងាយស្រួលដល់ការអូសនង្គ័លភ្ជួររាស់ ។ ដីនៅត្រង់ចំណុចកែងភ្លឺស្រែ ច្រើនមានសណ្ឋានខ្ពស់ជាងគេបន្តិច ។ ឯដើមរពាក់ ក៏ច្រើដុះនៅត្រង់ចំណុចនេះដែរ ។ បើនិយាយអំពីអត្ថប្បដិរូបវិញ ទម្រង់អវយវៈមនុស្សស្រីនៅក្នុងកិច្ចពីធីរួមភេទ គឺដូចគ្នានឹងកែងភ្លឺស្រែបេះបិទតែម្តង ។ សូមអធ្យាស្រ័យពីសំណាក់មិត្តអ្នអានផងចុះ ដែលខ្ញុំយករូបភាពមកពណ៌នាស្តែងៗ ។ ខ្ញុំគ្រាន់តែចង់បង្ហាញអំពីទេពកោសល្យរបស់កវីនិពន្ធខ្មែរ ដែលអាចបង្កប់អត្ថន័យមិនគួរគប្បី (Offensive languages) នៅក្នុងបទចម្រៀងប្រកបដោយភាពរមទមមិនគួរឲ្យជឿ ។ ចំណុចចុងក្រោយនៅក្នុងបទចម្រៀងនេះគឺ សត្វកង្កែប ។ "រន្ធសត្វកង្កែបទេម៉ុម បងសូមសំងំផងណានួនល្អង" ។ ក្នុងន័យអត្ថប្បដិរូប សត្វកង្កែបនៅក្នុងបទចម្រៀងខ្មែរ គឺយើងសំដៅដល់អង្គជាតិរបស់មនុស្សស្រី Texture (សាច់និងស្បែក) ។ ជាទម្រង់សិល្បៈចម្រៀង ជនជាតិខ្មែរយកសត្វកង្កែបមកលែបខាយ ប្រហែលជាតាំងតែពីសម័យអង្គរមកម្លេះ ។ មូលហេតុដែលខ្ញុំសន្និដ្ឋានដូច្នេះ ពីព្រោះជនជាតិខ្មែរនៅផ្នែកខាងជើងភ្នំដងរែកដែលយើងហៅរួមថា ខ្មែរសុរិន នោះ គឺនៅប្រើសត្វកង្កែបក្នុងចម្រៀងប្រជាប្រិយរហូតដល់សព្វថ្ងៃ ។ "រូបបងអាក្រក់ អូនអើយសក់បងក្រញ៉ាញ់ ស្រីៗចោមស្រឡាញ់ ព្រោះអីបងបាញ់កង្កែបត្រង់" ៕
រីករាយជាមួយនឹងទិវា បុណ្យចូលឆ្នាំខ្មែរ!!!
Subscribe to:
Post Comments (Atom)
ចំណីខួរក្បាល
គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...
-
រឿង តោនិងក្របីព្រៃ តោមួយបានដើរស្វែងរកអាហារ នៅក្បែរមាត់ព្រៃ ។ នៅពេលវាដើរ មកដល់ក្បែរមាត់បឹងមួយ វាបានឃើញក្របីព្រៃឈ្មោលចំនួនបួន កំពុង ឈរស៊ីស...
-
រឿង ក្មេងប្រុសនិងសត្វកង្កែប មានក្មេងប្រុសមួយក្រុម បាននាំគ្នាទៅរត់លេង នៅក្បែរមាត់ត្រពាំងមួយ ដែលមានសត្វកង្កែបជាច្រើនរស់នៅ ។ បន្ទាប់ពីពួកគេរត...
-
ឱកាសនៅក្នុងឧបស័គ្គ (Opportunity inside Obstacle) នៅក្នុងរង្វង់ជនអន្តោប្រវេសដែលទៅរស់នៅក្នុងប្រទេសថ្មី មានពាក្យមួយឃ្លាដែលគេតែងពោលថា៖ ជនអន្តោ...
No comments:
Post a Comment