Thursday, November 23, 2023
ចំណីខួរក្បាល
ដាក់ទានគ្មានគោលដៅ (Random Act of Kindness)
កាលរៀននៅមហាវិទ្យាល័យ ខ្ញុំធ្លាប់ជួបពាក្យអង់គ្លេសមួយឃ្លាដែលពោលថា៖ Random act of kindness ។ ពាក្យនេះគឺសំដៅដល់ការបរិច្ចាគដាក់ទានដល់នរណាម្នាក់ដោយគ្មានប្រាថ្នាអ្វីឡើយ ។ ពេលយកគោលគំនិតនេះមកពិចារណា ខ្ញុំហាក់ដូចជាមិនយល់ទាល់តែសោះ ដ្បិតតាំងតែពីតូចក្រូចឆ្មារមក ខ្ញុំតែងតែប្រាថ្នាអ្វីមួយនៅពេលបរិច្ចាគទ្រព្យដាក់ទានធ្វើបុណ្យ ។ បើមិនប្រាថ្នាដើម្បីខ្លួនឯង ក៏ប្រាថ្នាឲ្យអ្នកដែលទទួលបានទានខ្ញុំនោះ បានភពប្រសព្វនឹងជោគវាសនាល្អដែរ ។ នេះគឺជាផ្នត់គំនិតដែលខ្ញុំមានតាំងតែពីដើមរៀងមក ។
បើនិយាយអំពីស្ថានភាពជីវិតវិញ ខ្ញុំជាមនុស្សចូលចិត្តរស់មួយគែៗដូចសត្វចាប ។ ដូច្នេះហើយ មិនសូវសេសសល់ប្រាក់កាក់សម្រាប់ដាក់ទានទេ ។ ទោះជាយ៉ាងណាក៏ដោយ ដំណើរជីវិតមនុស្សខុសអំពីដំណើរជីវិតចាប ។ ជួនកាលបរិបូណ៌ ជួនកាលខ្វះខាត ។ ម្តងនោះ ខ្ញុំមានឱកាសរកប្រាក់បានលើសអំពីសេចក្តីត្រូវការប្រចាំថ្ងៃ ហើយក៏សម្រេចធ្វើបទពិសោធដាក់ទានគ្មានគោលដៅ សាកល្បងមើល ថាតើវាមានឥទ្ធិពលដូចម្តេចមកលើផ្នត់គំនិតរបស់ខ្ញុំ ។ បទពីសោធន៍នេះ ខ្ញុំធ្វើតាំងតែពីចុងទសវត្សឆ្នាំ ១៩៩០ ម្លេះ ។ ខ្ញុំមិនចាំកាលបរិច្ឆេទទេ ប៉ុន្តែនៅចងចាំកាលៈទេស ។ លើកទីមួយគឺពាក់ព័ន្ធនឹងព្រឹត្តិការណ៍ឡោមព័ទ្ធបាញ់ប្រហារមនុស្សនៅទីក្រុង សារីយេវោ នៅក្នុងប្រទេស បុស្សនីហឺសុីហ្គោវីន សព្វថ្ងៃនេះ ។ កាលនោះខ្ញុំអានពត៌មានតាមប្រព័ន្ធអ៊ីនថឺណិត ឃើញអង្គការ ឃ័រ (Care) ប្រកាសរកជំនួយថវិកាដើម្បីផ្គត់ផ្គង់ចំណីអាហារដល់ពលរដ្ឋដែលស្ថិតនៅក្នុងការឡោមព័ទ្ធវាយប្រហារនោះ ។ មនុស្សនៅទីក្រុងនោះ គ្មានពាក់ព័ន្ធនឹងខ្ញុំឡើយ ។ ប៉ុន្តែ ដោយហេតុតែចង់ធ្វើបទពិសោធទានគ្មានគោលដៅ ខ្ញុំក៏ចុចតំណភ្ជាប់ផ្ទេរប្រាក់ ១០០ដុល្លារទៅឲ្យអង្គការឃ័រ ។ ដើម្បីបញ្ជាក់ថា ប្រាក់ដែលខ្ញុំវេរទៅនោះ បានទៅដល់គោលដៅ ខ្ញុំក៏បានវាយទូរស័ព្ទទៅជួបតំណាងអង្គការ ។ អ្នកទទួលទូរសព្ទប្រាប់ខ្ញុំថា បានឃើញលេខក្រេឌីតកាតរបស់ខ្ញុំ ដែលបញ្ជាក់អំពីការបរិច្ចាគថវិកាហើយ ។ លុះខ្ញុំទទួលលិខិតបញ្ជាក់តាមប្រៃសនីណ៍ប្រហែលមួយអាទិត្យក្រោយមក ខ្ញុំឃើញសេចក្តីបញ្ជាក់លើការបរិច្ជាគនោះ មានចំនួនពីរដងគឺស្មើនឹង ២០០ដុល្លារ ។ ដោយហេតុតែវាជាការបរិច្ចាគ ខ្ញុំសម្រេចចិត្តមិនសុំឲ្យគេបង្វិលប្រាក់ ១០០ដុល្លារមកវិញទេ ។ អស់ ២០០ដុល្លារទទេទៅ ។
ករណីទីពីរនៃការដាក់ទានគ្មានគោលដៅរបស់ខ្ញុំ គឺពាក់ព័ន្ធនឹងក្មេងស្រីខ្មែរម្នាក់រស់នៅស្រុកសន្ទុក ខេត្តកំពង់ធំ ។ នាងពិការជើងដោយសាររលាកភ្លើងកាលពីនៅជាទារក ។ ពេលអង្គការមនុស្សធម៌មួយជួបនាង នាងមានអាយុ១៤ឆ្នាំហើយ ។ ដោយហេតុតែជើងរបស់នាងអាចវះកាត់ដោយពេទ្យជំនាញនៅសហរដ្ឋអាមេរិក ដើម្បីជួយឲ្យនាងដើរបាន គេក៏សម្រេចយកនាងមកព្យាបាលនៅស្រុកអាមេរិក ដោយស្វែងរកថវិការសម្រាប់ដំណើរព្យាបាលនោះតាមរយៈការរៃអង្គាសថវិកាពីសប្បុរសជន ។ ខ្ញុំសម្រេចចិត្តបរិច្ចាគ ១០០ដុល្លារជាថ្មីម្តងទៀត តែម្តងនេះខ្ញុំសរសេរសែក មិនប្រើក្រេដីតកាតទៀតទេ ។
ករណីទីបីនៃការដាក់ទានគ្មានគោលដៅរបស់ខ្ញុំ គឺជាមួយនឹងស្ត្រីលក់ដូងខ្ចីម្នាក់នៅផ្សារ ឌុយមិច ។ ខ្ញុំបានទៅស្នាក់នៅជាមួយនឹងញាតិសន្តាននៅទីនោះប្រមាណជាមួយខែ ។ នៅក្បែរជណ្តើរចុះឡើងផ្ទះនោះ មានស្ត្រីមេម៉ាយកូនមួយម្នាក់ឈរលក់ដូងខ្ចី ។ គាត់ដាក់កូនតុមួយនិងកៅអីជ័រពីរនិងផ្លែដូងពីរបីលើតុជាសញ្ញាថា គាត់លក់ដូងខ្ចី ។ ឯដូងមួយចំនួនទៀត គាត់ដាក់នៅក្រោមជណ្តើរ ។ ដោយហេតុតែខ្ញុំញ៉ាំតែទឹកដូចខ្ចី អត់ញ៉ាំទឹកដប ខ្ញុំតែងតែចុះទៅទិញដូងគាត់រៀងរាល់ថ្ងៃ ។ អ្នករស់នៅទីនោះប្រាប់ខ្ញុំថា ប្តីរបស់គាត់ចុះចោលគាត់យូរយារណាស់មកហើយ ។ គាត់រស់នៅជាមួយនឹងកូនស្រីដោយលំបាកវេទនា ។ កន្លងប្រហែលជាមួយឆ្នាំក្រោយមក ខ្ញុំឮថាស្ត្រីលក់ដូងខ្ចីនោះត្រូវការវះកាត់ដើម្បីព្យាបាលបញ្ហាបេះដូង ។ គាត់ខំលក់ដូងសន្សំប្រាក់បានជិតគ្រប់តម្លៃវះកាត់ហើយ នៅខ្វះប្រហែលជា ១០០ដុល្លារទៀត ។ វាជាឱកាសមួយទៀតសម្រាប់ការពិសោធន៍ដាក់ទានគ្មានគោលដៅរបស់ខ្ញុំ ។ ខ្ញុំផ្ញើប្រាក់ជាលក្ខណៈអាណាមិកទៅជូនគាត់ចំនួន ១០០ដុល្លារតាមរយៈញាតិមិត្ត ។
បន្ទាប់ពីធ្វើទានគ្មានគោលដៅទាំងបីលើករួច ខ្ញុំអង្គុយពិចារណារថាតើកុសលផលបុណ្យ ជាមួយនឹងទានគ្មានគោលដៅទាំងនោះ បានស្តែងចេញជាអ្វីឲ្យខ្ញុំឃើញទេ ។ និយាយតាមត្រង់ គឺសូន្យឈឹងដូចអំបិលត្រូវទឹក ។ អ្វីដែលខ្ញុំទទួលបានគឺ ភាវៈ ទទេស្អាត ។ ចិត្តខ្ញុំអត់មានជាប់ជំពាក់នឹងភាពរំភើបញាប់ញ័រ ឬក៏សោកស្តាយអ្វីឡើយ ។ តាមពិត ខ្ញុំកម្រនឹងនឹកនាទៅដល់ទង្វើបរិច្ចាគទានគ្មានគោលដៅទាំងនោះណាស់ ។ ជីវិតមនុស្សដែលទទួលផលនៃទានគ្មានគោលដៅទាំងនោះ ក៏មិនដឹងជាយ៉ាងណាដែរ ។ វាប្រៀបដូចជាយកអំបិលមួយក្តាប់ ទៅគ្រវែងចោលក្នុងទឹកទន្លេ ។
អំឡុងពេលជាមួយគ្នានោះ ខ្ញុំក៏បានពាក់ព័ន្ធនឹងការធ្វើទានមានគោលដៅខ្លះៗដែរ ។ ម្តាយខ្ញុំគឺជាអ្នកនាំអាទិ៍ធ្វើទង្វើនេះ ។ ម្តាយខ្ញុំជាក្មេងចម្រើនវ័យនៅសម័យខ្មែរឥស្សរៈ ។ គាត់មិនបានរៀនចេះដឹងអ្វីជាដុំកំភួនទេ ដ្បិតជីដូនខ្ញុំមិនឲ្យគាត់ទៅរៀនដោយខ្លាចពួកខ្មែរឥស្សរៈចាប់ពង្រត់ ។ ប៉ុន្តែ ម្តាយខ្ញុំមានជំនឿមុតមាំណាស់ថា មានតែការរៀនសូត្រទេទើបជួយឲ្យមនុស្ស រកមធ្យោបាយរស់បានសុខស្រួល ។ ជាមួយនឹងជំនឿនេះ គាត់ព្យាយាមសន្សំប្រាក់យកទៅជួយឧបត្ថម្ភការរៀនសូត្រ របស់បងប្អូនកូនក្មួយគាត់នៅឯស្រុកខ្មែរ ។ អ្វីដែលជាបញ្ហាគឺគាត់គ្មានប្រាក់ចំណូលទេ ។ ប៉ុន្តែ ម្តាយខ្ញុំមានលទ្ធភាពសន្សំប្រាក់ដែលរដ្ឋផ្តល់ឲ្យគាត់បានខ្លះៗ ដោយហេតុតែគាត់រស់នៅជាមួយនឹងកូនៗ ។ ផ្គួបផ្សំជាមួយនឹងប្រាក់ដែលកូនចៅជូនគាត់ម្តងម្កាលនៅរដូវបុណ្យទាន និងការមើលថែកូនក្មេងឲ្យញាតិមិត្តជិតខាង ម្តាយខ្ញុំសន្សំប្រាក់បានមួយចំនួនសម្រាប់បង់ថ្លៃសាលាឲ្យកូនក្មួយ ដែលរៀននៅស្រុកខ្មែរបានពីរបីនាក់ដែរ ។ ម្តាយខ្ញុំយកប្រាក់ទាំងនោះមកផ្ទុកផ្តាក់នឹងខ្ញុំ ដើម្បីរៀបចំចាត់ចែងជំនួសគាត់ ដោយប្រាប់ថាយកលុយនេះទៅឲ្យកូនអ្នកនេះឬកូនអ្នកនោះ សម្រាប់រៀននៅសាកលវិទ្យាល័យ ។ អ្វីដែលជារឿងលំបាកសម្រាប់ខ្ញុំគឺ គេត្រូវការថវិកាបម្រុងរយៈពេលយ៉ាងហោចណាស់ក៏ ៤ឆ្នាំដែរដើម្បីបញ្ចប់ដំណើរសិក្សានៅសាកលវិទ្យាល័យ ។ ដូច្នេះ កង្វះខាតនានាត្រូវធ្លាក់មកលើខ្ញុំជាអ្នករ៉ាប់រង ។ សម័យនោះជាសម័យសរសេរសំបុត្រនៅលើក្រដាសផ្ញើតាមអ្នកដំណើរ ឬប្រៃសនីយ៍ ។ ម្តាយខ្ញុំបានយកសំបុត្រមួយចំនួនមកបង្ហាញខ្ញុំអំពីតម្រូវការនានារបស់ញាតិសន្តានគាត់ ។ ក្រៅអំពីរឿងកូនក្មួយរៀនសូត្រ នៅមានទំនាស់ក្នុងគ្រួសារជាច្រើនទៀតដែលខ្ញុំត្រូវជួយដោះស្រាយ ។ ម្តាយខ្ញុំដាក់រហ័សនាមឲ្យខ្ញុំថា លោកគ្រូធំ ។ កិត្តិយសនេះគឺពិតជាហំហានណាស់ ។ ប៉ុន្តែ អ្វីដែលជាធាតុពិតនៅពីក្រោយការលើកតម្កើងនេះ គឺដើម្បីងាយស្រួលក្នុងការប្រើខ្ញុំឲ្យធ្វើការងារជូនគាត់ ។
បន្ទាប់ពីទទួលបានការបង្គាប់បញ្ជាឲ្យធ្វើកិច្ចការនានាជំនួសមុខឲ្យម្តាយខ្ញុំ ខ្ញុំទទួលថវិកាអំពីគាត់ហើយធ្វើដំណើរទៅស្រុកខ្មែរនៅចុងឆ្នាំ ១៩៩៩ ។ ឱកាសនោះ ខ្ញុំបានជួបនឹងប្អូនជីដូនមួយពីរបីនាក់ (ក្មួយម្តាយខ្ញុំដែលទទួលបានប្រាក់ឧបត្ថម្ភសម្រាប់សិក្សានៅសាកលវិទ្យាល័យ) ។ នៅក្នុងកិច្ចពិភាក្សារបស់ពួកយើង ខ្ញុំបានដាក់ចេញនូវគោលការណ៍ចំនួនពីរ ។ ទីមួយគឺ មិនចាំបាច់ផ្ញើពិន្ទុ ឬរបាយការណ៍ចេញពីសាលាឲ្យខ្ញុំមើលទេ ។ វាយតម្លៃការសិក្សាដោយខ្លួនឯង ។ បើរៀនទៅមុខមិនរួច កុំបន្តរៀនបំផ្លាញលុយ ។ ទីពីរគឺ បន្ទាប់ពីរៀនបានជោគជ័យហើយ ត្រូវរកការងារធ្វើហើយជួយយិតយោងបងប្អូនរៀងៗខ្លួន ។
នៅក្នុងបេសកកម្មដាក់ទានមានគោលដៅ ដែលជាសហប្រតិបត្តិការណ៍រវាងខ្ញុំនិងម្តាយខ្ញុំនោះ ខ្ញុំបានធ្វើដំណើរទៅស្រុកខ្មែរជាច្រើនដងដើម្បីវាយតម្លៃការវិវត្តិនៃការសិក្សារបស់ប្អូនៗ ។ អ្វីដែលខ្ញុំទទួលបាននៅក្នុងបទពិសោធនោះ គឺចិត្តខ្ញុំហាក់ដូចជាជាប់ជំពាក់ជាមួយនឹងដំណើរជីវិតរបស់ប្អូនៗទាំងនោះ ។ ពេលឃើញនរណាម្នាក់បានទទួលជោគជ័យខ្ពង់ខ្ពស់ ខ្ញុំរំភើបត្រេកអរ ។ ពេលឃើញនរណាមួយ មិនទទួលបានជោគជ័យសមប្រកបទៅនឹងការប្រឹងប្រែង ចិត្តខ្ញុំក៏អាក់អន់ស្រពន់តាមនោះដែរ ។ វាជារឿងមួយដែលពិបាកនឹងពណ៌នា ថាតើការដាក់ទានគ្មានគោលដៅ និងមានគោលដៅ មួយណាល្អប្រសើរជាង ។ បើពិចារណាត្រឹមតែកម្រិតមនោ វាពិតណាស់ថាទានមានគោលដៅ ផ្តល់ឲ្យយើងនូវមោទនភាព ។ ឯទានគ្មានគោលដៅ គ្មានបានការអ្វីឡើយ ។ ក៏ប៉ុន្តែ ខ្ញុំមិនទាន់ជឿថា ទានគ្មានគោលដៅ គ្មានបានការនៅឡើយទេ ។
នៅក្នុងដំណើរទស្សនកិច្ចមួយទៅកាន់ភ្នំ ឧត្តុង្គ ខ្ញុំបានចូលញ៉ាំបាយថ្ងៃត្រង់នៅក្នុងផ្សារក្បែរនោះ ។ មានក្មេងប្រុសក្រីក្របីនាក់កាន់ផ្លឹតមកអង្គុយបក់ឲ្យយើង ខណៈពួកយើងកំពុងទទួលទានអាហារ ។ គ្មាននរណាម្នាក់ហៅពួកគេឲ្យមកអង្គុយបក់កំដពួកយើងទេ ។ ទង្វើរបស់ក្មេងទាំងនោះ ហាក់ដូចជាទានគ្មានគោលដៅអ្វីឡើយ ។ បន្ទាប់ពីទទួលទានអាហាររួច យើងប្តូរតួនាទីឲ្យក្មេងៗទាំងនោះអង្គុយញ៉ាំអាហារវិញម្តង ដោយហៅបន្ថែមនូវមុខម្ហូបមួយចំនួនទៀត ដើម្បីឲ្យពួកគេញ៉ាំឲ្យបានឆ្អែតស្កប់ស្កល់ ។ នៅក្នុងកញ្ច្រែងភេសជ្ជៈ មានទឹកក្រូចនិងទឹកផ្លែឈើ ៦កំប៉ុង ដែលខ្ញុំប្រាប់ពួកគេឲ្យទទួលទានទាំងអស់ទៅ ។ ក្នុងចំណោមក្មេងទាំងបីនាក់ មានក្មេងម្នាក់អត់ទទួលទានទឹកក្រូចពីរកំប៉ុងដែលជាចំណែករបស់គាត់ទេ ។ បន្ទាប់ពីពួកគេទទួលទានរួចរាល់ ខ្ញុំសួរក្មេងនោះថាហេតុអ្វីក៏ក្មួយមិនញ៉ាំទឹកក្រូចនេះ ដ្បិតខ្ញុំបានបង់ប្រាក់ឲ្យអ្នកលក់រួចហើយ ។ ក្មេងនោះប្រាប់ខ្ញុំថា គាត់ទុកទឹកក្រូចពីរកំប៉ុងនោះ យកទៅផ្ញើជីដូននៅឯផ្ទះ ។ ឮសម្តីនោះ ខ្ញុំរំភើបញាប់ញ័រក្នុងចិត្តយ៉ាងខ្លាំង ។ គឺទឹកចិត្តក្មេងក្រីក្រតោកយ៉ាកម្នាក់នោះហើយ ដែលធ្វើឲ្យខ្ញុំពិចារណាឡើងវិញអំពីការដាក់ទានគ្មានគោលដៅ និង មានគោលដៅ ។ ព្រឹត្តិការណ៍រវាងក្មេងតោកយ៉ាកនិងខ្ញុំនាថ្ងៃនោះគឺជា Random act of kindness in its purest form (ករណីទានគ្មានគោលដៅដ៏បរិសុទ្ធជាទីបំផុត) ។ កម្មនិងប្រត្តិកម្មរវាងពួកយើងនាថ្ងៃនោះ គឺជាដំណើរធម្មជាតិ (Spontaneity) ។ គ្មានគម្រោង គ្មានគោលការណ៍ គ្មានទិដ្ឋិ និងគ្មានទស្សនណាមួយពាក់ព័ន្ធឡើយ ។
កាលរៀនទស្សនវិជ្ជានៅមហាវិទ្យាល័យ យើងបានលើកយកសំណួរមួយមកពិចារណា ថាតើដើមឈើដែលរលំនៅក្នុងព្រៃស្ងាត់តែឯកឯង បង្កឲ្យមានស្នូរសម្លេងដែរទេ ។ សិស្សខ្លះថាមាន ។ សិស្សខ្លះថាគ្មានទេដ្បិតមិនមានសាក្សីបានឮ ។ ទានគ្មានគោលដៅគឺប្រៀបបាននឹងដើមឈើរលំដែលគ្មានសាក្សីដឹងឮ ។ ក្រៅអំពីអ្នកបរិច្ចាគ គឺគ្មាននរណាម្នាក់ដឹងឮឡើយ ។ ក៏ប៉ុន្តែ អំណាចនៃទាននោះ គឺនៅតែជាទានដូចគ្នា ។ ទឹកក្រូចពីរកំប៉ុង ដែលក្មេងតោកយ៉ាងយកទៅផ្ញើជីដូននាថ្ងៃនោះ គឺប្រៀបបាននឹងស្នូរដើមឈើរលំនៅនឹងមុខយើង ។ ប្រសិនបើខ្ញុំមិនសួរនាំ ខ្ញុំប្រាកដជាមិនដឹងថាទឹកក្រូចពីរកំប៉ុងនោះ ជាផលនៃទានគ្មានគោលដៅឡើយ ។ អ្វីៗនឹងស្ថិតនៅក្នុងសភាវទទេស្អាត (Emptiness) ឬនិយាយមួយបែបទៀត ជាសភាវបរិសុទ្ធនៅក្នុងចក្រវាឡ៍ ។ គឺភាពបរិសុទ្ធអត់មានអ្វីជាប់ជំពាក់នេះហើយដែលជាភាវៈខុសគ្នារវាងទានគ្មានគោលដៅ និងទានមានគោលដៅ ៕
Subscribe to:
Post Comments (Atom)
ចំណីខួរក្បាល
គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...
-
រឿង តោនិងក្របីព្រៃ តោមួយបានដើរស្វែងរកអាហារ នៅក្បែរមាត់ព្រៃ ។ នៅពេលវាដើរ មកដល់ក្បែរមាត់បឹងមួយ វាបានឃើញក្របីព្រៃឈ្មោលចំនួនបួន កំពុង ឈរស៊ីស...
-
រឿង ក្មេងប្រុសនិងសត្វកង្កែប មានក្មេងប្រុសមួយក្រុម បាននាំគ្នាទៅរត់លេង នៅក្បែរមាត់ត្រពាំងមួយ ដែលមានសត្វកង្កែបជាច្រើនរស់នៅ ។ បន្ទាប់ពីពួកគេរត...
-
ឱកាសនៅក្នុងឧបស័គ្គ (Opportunity inside Obstacle) នៅក្នុងរង្វង់ជនអន្តោប្រវេសដែលទៅរស់នៅក្នុងប្រទេសថ្មី មានពាក្យមួយឃ្លាដែលគេតែងពោលថា៖ ជនអន្តោ...
No comments:
Post a Comment