Thursday, November 2, 2023
ចំណីខួរក្បាល
បំផ្លាញខ្លួនឯង (Self-Destruction)
កត្តាដ៏ធំបំផុត ដែលអាចឲ្យប្រជាជាតិ ឬប្រទេសមួយរឹងមាំនិងរស់រានមានជីវិតនៅបានគឺ សាមគ្គីភាព ។ នៅក្នុងទីបច្ឆារប្រវត្តិសាស្ត្រ ចំណារពណ៌នានៅលើផ្នូរខ្មោចប្រទេសជាច្រើនមានសេចក្តីយ៉ាងខ្លីថា៖ បែកបាក់សាមគ្គី ។ ប្រជាជាតិមួយដែលបែកបាក់សាមគ្គី មិនត្រឹមតែមិនរឹងមាំទេ គឺកំពុងតែធ្វើដំណើរឆ្ពោះទៅកាន់ក្តីវិនាសអន្តរាយជានិរន្តរ៍តែម្តង ។
ក្នុងនាមជាអ្នកសិក្សា និង សង្កេតព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនិងនយោបាយរបស់ប្រទេសកម្ពុជាមួយរូប ខ្ញុំសង្កេតឃើញមានការផ្លាស់ប្តូរជាច្រើននៅក្នុង "ទង្វើ" ឬយុទ្ធសាស្ត្រដឹកនាំប្រទេសរបស់អ្នកកាន់អំណាចនៅកម្ពុជា ។ យុទ្ធសាស្ត្រមួយដែលខ្ញុំសង្កេតឃើញកើតមានប្រមាណជិតបីទសវត្សកន្លងមកហើយគឺ "បំបាត់ ឬបំផ្លាញទំនុកចិត្ត" ។ បំផ្លាញទំនុកចិត្តគឺជាដំណើរឆ្ពោះទៅកាន់ការបាត់បង់សាមគ្គីភាព ។
គួរកត់សម្គាល់ថា អ្នកកាន់អំណាចនៅស្រុកខ្មែរក៏ដូចជាអ្នកកាន់អំណាចនៅប្រទេសដទៃដែរ គ្មាននរណាម្នាក់ចង់ឲ្យពលរដ្ឋដែលខ្លួនគ្រប់គ្រងបែកបាក់សាមគ្គីគ្នាទេ ។ ក៏ប៉ុន្តែ នៅក្នុងវិស័យនយោបាយ ការបែកបាក់សាមគ្គីគ្នាគឺជាកត្តាងាយកើតមានជាទីបំផុត ។ មូលហេតុតែមួយគត់ដែលធ្វើឲ្យមនុស្សក្នុងសង្គមបែកបាក់សាមគ្គីគ្នាគឺ បក្សពួកនិយម ។ នៅក្នុងវិស័យនយោបាយ គេតែងបង្កើតបក្សដើម្បីកៀរគរអ្នកគាំទ្រ ។ ដូច្នេះ កត្តាបក្សពួកនិយម គឺជាអព្ភូតហេតុមួយជៀសមិនរួចឡើយ នៅក្នុងសង្គមមនុស្សជាតិ ។
មធ្យោបាយធ្វើឲ្យមនុស្សនៅក្នុងសង្គមមួយបាត់បង់ទំនុកចិត្តនិងបែកបាក់សាមគ្គីគ្នា មានច្រើនយ៉ាង ។ ក៏ប៉ុន្តែ មធ្យោបាយដែលមានពិសពុលនិងមានប្រសិទ្ធភាពជាងគេ គឺការបំភាន់បោកប្រាស់ប្រភេទភ្នាក់ងារសម្ងាត់ ឬ ច្រែះសុីដែក និង លេងល្ខោនបំភាន់ភ្នែក ។ ការធ្វើដូច្នេះ បើកើតមានរវាងក្រុមបក្សមួយទៅលើក្រុមបក្សមួយទៀត វាមិនបង្កឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរប៉ុន្មានទេ ។ ប៉ុន្តែ នៅពេលករណីនេះត្រូវបានរៀបចំជាប្រព័ន្ធ ចេញអំពីក្បាលម៉ាសុីនដឹកនាំប្រទេសដើម្បីគ្រប់គ្រងពលរដ្ឋ វាគឺជារឿងដ៏គ្រោះថ្នាក់មួយដែលសូម្បីតែអ្នកប្រព្រឹត្តិ ក៏គួរតែព្រួយដែរ ។
មុននឹងយើងលើកយកបញ្ហាបំផ្លាញខ្លួនឯងមកពិចារណា ខ្ញុំសូមលើកឡើងនូវសំណួរមួយ ថាតើខ្មែរយើងសព្វថ្ងៃ មានទំនុកចិត្តជាមួយនឹងអ្នកភូមិផងរបងជាមួយ កម្រិតណា ។ សូមរក្សាទុកចម្លើយនៅក្នុងចិត្តយើងគ្រប់ៗគ្នា ហើយធ្វើការពិចារណាបន្តទៀត ។ ខ្ញុំបានសង្កេតកត្តាមិនទុកចិត្តគ្នានៅក្នុងសង្គមខ្មែរ ជាពិសេសទង្វើបោកប្រាស់របស់មេដឹកនាំមកលើពលរដ្ឋខ្មែរ ប្រមាណជា២៥ឆ្នាំកន្លងមកហើយ ។ កត្តាមួយដែលខ្ញុំយកមកធ្វើជាមូលដ្ឋានត្រិះរិះពិចារណា ល្បិចបោកប្រាស់របស់អ្នកកាន់អំណាចខ្មែរ គឺអភ័យឯកសិទ្ធិ ។ មនុស្សដែលជាភ្នាក់ងារបោកប្រាស់របស់រដ្ឋាភិបាល ទោះបីជេរត្មះតិះដៀលរិះគន់បុគ្គលដឹកនាំប្រទេសជាតិរហូតដល់រយះមាត់ ក៏គ្មានទោសពៃរ៍អ្វីឡើយ ។ មនុស្សដទៃទៀត កុំថាឡើយដល់ទិតៀនរដ្ឋាភិបាល សូម្បីលើកបដាឈរស្ងៀមម្នាក់ឯងក៏អាជ្ញាធរសំពងឬចាប់ដាក់គុកដែរ ។ ក៏ប៉ុន្តែ អ្វីដែលជារឿងលំបាកស្វែងយល់បំផុតនោះ គឺមនុស្សខ្លះគេរៀបចំឲ្យរងទុក្ខទោសដូចមែនទែន ។ នៅមានករណីជាច្រើនផ្សេងទៀត ដែលអ្នកសង្កេតត្រូវការពិចារណាហេតុផលដ៏យូរអង្វែង ដើម្បីស្វែងរកតម្រុយ ។
អ្នករៀបចំល្បិចបោកប្រាស់នៅស្រុកខ្មែរមិនសូវជាចំណាប់លាក់ដានប៉ុន្មានទេ ។ អ្នកដែលធ្លាប់សិក្សាអំពីល្បិចកលសង្គ្រាម ៣៦ របស់ចិន និង យុទ្ធសាស្ត្រ ឬល្បិចគ្រប់គ្រងមនុស្សរបស់លោក នីកូឡូ ម៉ាក់គៀវែលី (Nicolo Machiavelli: The Prince) អាចមើលយល់អំពីល្បិចកលបោកបញ្ឆោតផងទាំងពួង ។ អ្វីដែលជារឿងសង្វេគនោះ គឺគេយកល្បិចកលទាំងពីរនេះមកប្រើលើមនុស្សដែលមានពូជពង្សវង្សត្រកូលជាមួយគ្នា ។ គួរកត់សម្គាល់ថា កលល្បិចទាំងពីរខាងលើនេះ គេមិនប្រើលើគ្នាឯងទេ ដ្បិតវានាំគ្រោះច្រើនជាងលាភ ។
សព្វថ្ងៃ ពលរដ្ឋខ្មែរមើលយល់ទង្វើបំភិតបំភ័យបំភ្លៃបោកប្រាស់របស់អាជ្ញាធរមកលើខ្លួន កាន់តែច្រើនឡើងៗហើយ ។ នៅពេលអត្រានេះកើនខ្ពស់ហួស៥០% ទំនុកចិត្តនិងជំនឿលើទង្វើនានារបស់អាជ្ញាធរនឹងសាបរលាបដូចអំបិលត្រូវទឹក ។ ការបាត់បង់ទំនុកចិត្តលើអាជ្ញាធរ នឹងរីករាលដាលមកលើមនុស្សភូមិផងរបងជាមួយ រហូតដល់សាច់សាលោហិតរបស់ខ្លួន ប្រៀបបាននឹងជំងឺមហារីក ។ ជាមួយនឹងការបាត់បង់ទំនុកចិត្តគ្នា សាមគ្គីភាពសង្គមក៏វារលំរលាយទៅដែរ ។
ប្រជាជាតិមួយមិនអាចរលំរលាយដោយសារការបែកបាក់សាមគ្គីតែមួយមុខទេ ។ អ្វីដែលជាកត្តាធ្វើឲ្យប្រជាជាតិមួយរលាយ គឺការឆ្លៀតទាញយកសារប្រយោជន៍ និងជ្រៀតជ្រែកពីសំណាក់មនុស្សជាតិដទៃ ។ នៅក្នុងករណីប្រទេសនិងពលរដ្ឋខ្មែរ យួននិងសៀមគឺជាប្រជាជាតិពីរដែលកំពុងតែប្រើវិធីស្រូបទាញ (Absorption) មកលើទឹកដីនិងពលរដ្ឋខ្មែរ ។ ខ្ញុំសូមនិយាយឲ្យត្រង់ភ្លឹងទៅចុះ ។ យួនប្រើវិធីបញ្ជ្រាបទឹក ។ ឯសៀមប្រើវិធី រំហួតទឹក ។ មួយស្រូបចូល មួយទាញចេញ ។ វាប្រៀបបាននឹងកំដៅព្រះអាទិត្យនិងទឹកភ្លៀង ។ និយាយឲ្យច្បាស់ដូចពន្លឺថ្ងៃ៖ យួនប្រើវិធីលំហូរចូលនៃពលរដ្ឋមកក្នុងដីខ្មែរ ។ សៀមប្រើវិធីទាញយកអ្នកប្រាជ្ញឬសកម្មជនខ្មែរ(ពលករខ្មែរ)ទៅប្រើប្រាស់ ដ្បិតអី គ្មានអ្វីប្រសើរជាងធនធានមនុស្ស ដែលលុះនឹងការប្រឹងប្រែងតស៊ូឈ្មុសឈ្មុល នៅក្នុងដំណើរជីវិតឡើយ ។ ឯកត្តាចម្បងដែលជម្រុញឲ្យខ្មែររលាយ គឺការធ្វើទុក្ខបុកម្នេញនិងប្រើកលល្បិចបំបាត់ទំនុងចិត្តគ្នា រវាងខ្មែរនិងខ្មែរ ដែលអ្នកដឹកនាំប្រទេសខ្មែររៀបចំដើម្បីគ្រប់គ្រងពលរដ្ឋ ក៏ដូចជារក្សាអំណាច ។ នេះហើយជាចំណុចគ្រោះមហន្តរាយ ។ សូមកុំបន្ទោសយួននិងសៀម ។ ពួកគេគ្រាន់តែឆ្លៀតឱកាសទាញយកសារប្រយោជន៍អំពីភាពខ្ជីខ្ជារបស់យើងតែប៉ុណ្ណោះ ។ ប្រវត្តិសាស្ត្រខ្មែរ ជាប្រវត្តិសាស្ត្រច្រំដែល ។ ដូច្នេះ អ្វីដែលខ្ញុំពណ៌នាខាងលើនេះ ប្រហែលជាមិនពិបាកយល់ទេ ដ្បិតវាមានទម្រង់ (Pattern) ទុកឲ្យយើងមើលរាប់រយឆ្នាំមកហើយ ។
តើខ្មែរយើងនឹងវិនាសអន្តរាយដោយរបៀបណា? ក្រៅអំពីកត្តា "ពាក្យច្រើនភូតច្រើចាញ់អាត្មា ឬ ចំណេះជិះកឯង" ជនជាតិខ្មែរអាចនឹងបាត់បង់អត្តសញ្ញាណ ស្រដៀងគ្នានឹងជនជាតិអាមេរិកាំងដែរ ។ ជនជាតិអាមេរិកាំងនៅទីនេះ គឺសំដៅដល់ជនជាតិអាមេរិកាំង ដែលរស់នៅក្នុងទី្វបអាមេរិកទាំងមូលរាប់ពាន់ឆ្នាំមកហើយ ។ មិនមែនសំដៅលើជនជាតិអាមេរិកាំង ដែលទើបនឹងមកតាំងទីលំនៅក្នុងទ្វីបអាមេរិក នារយៈពេលជាង ៥០០ឆ្នាំកន្លងទៅនេះទេ ។ ជនជាតិអាមេរិកាំងកាលពីបុរាណកាលមានចំនួនប្រហែលរាប់សិបលាននាក់ដែរ មុនពេលការចូលមកដល់មួយសំពៅម្តងៗ នៃមនុស្សអម្បូរដទៃ ។ បើនិយាយអំពីវប្បធម៌ ជនជាតិអាមេរិកាំងដែលជាម្ចាស់ស្រុកទាំងនោះ មានអត្តចរិតដូចជនជាតិខ្មែរស្ទើរតែបេះបិទ ។ ចំណុចរួមដ៏ពិសិដ្ឋមួយគឺយើងមិនហួងហែងធនធានធម្មជាតិទេ ។ យើងចែកគ្នារស់ដោយមិនរើសអើងជាតិសាសន៍ ។ នៅទីបំផុតចរិតមនុស្សធម៌នេះ បានក្លាយទៅជាទាសករនៃអំពើអមនុស្សធម៌ ។ បន្តិចម្តងៗ ចលនាស្រូបទាញនៃមនុស្សអម្បូរដទៃ បានធ្វើឲ្យជនជាតិអាមេរិកាំងម្ចាស់ស្រុកបាត់បង់ទាំងជីវិត វប្បធម៌ និង អត្តសញ្ញាណ ស្ទើរតែផុតពូជអស់ទៅហើយ ។ សព្វថ្ងៃ ពួកគេដែលសេសសល់រស់នៅតែក្នុងតំបន់ចុងកាត់មាត់ញក ប្រៀបដូចជាជនជាតិកួយ ចារាយ និង ព្នង នៅស្រុកខ្មែរដែរ ។
ដំណើរដែលធ្វើឲ្យជនជាតិម្ចាស់ស្រុកអាមេរិកាំងរលំរលាយ កើតចេញអំពីអព្ភូតហេតុមួយដែលភាសាអង់គ្លេសហៅថា៖ Manifest Destiny (វាសនាចារពីនាយ) ។ ពាក្យនេះបើនិយាយឲ្យងាយយល់ វាគឺជាស្មារតី (Spirit) នៃមនុស្សដទៃដែលមកវាតទីលើទឹកដីរបស់គេ ថាជាព្រេងវាសនា ឬសិទ្ធិរបស់ខ្លួនក្នុងការចូលមកជ្រកពួននៅលើទឹកដីថ្មីនេះ ។ អព្ភូតហេតុនេះមិនមែនទើបតែកើតមាននៅទ្វីបអាមេរិកប៉ុន្មានសតវត្សកន្លងទៅនេះទេ ។ វាបានកើតមាននៅអាសុីអគ្នេយ៍ប្រមាណជាង ១០០០ឆ្នាំកន្លងមកហើយ ។ ដំណើរវាសនាចារពីនាយមួយនៅអាសុីអគ្នេយ៍ មានប្រភពចេញពីតំបន់ភាគខាងត្បូងនៃខេត្ត យូណាន ប្រទេសចិន ។ មនុស្សពីរក្រុមដែលហៅខ្លួនឯងថាជាជនជាតិ ដាយ និង តៃ (Dai and Tai) បានធ្វើដំណើរចុះតាមដងទន្លេក្រហមនិងទន្លេមេគង្គ ដែលហូរឆ្ពោះទៅកាន់សមុទ្រចិនភាគខាងត្បូង ។ ជនជាតិដាយធ្វើដំណើរតាមដងទន្លេក្រហមទៅដល់ឈូងសមុទ្រ តុងកឹង ហើយក៏ប្តូរឈ្មោះហៅខ្លួនឯងថា ដាយវៀត ។ បន្តមកទៀតក៏ប្តូរទៅជា វៀតណាម ។ ការផ្លាស់ប្តូរឈ្មោះនេះ គឺដើម្បីឆ្លើយតបទៅនឹងការស្រូបទាញជនជាតិដទៃដែលចូលមកក្នុងអម្បូររបស់ខ្លួន ឬក៏សម្របខ្លួនចូលទៅក្នុងវប្បធម៌ជាតិសាសន៍ដទៃដើម្បីពង្រីកឥទ្ធិពល ។ សព្វថ្ងៃនេះ ដំណើររបស់ជនជាតិដាយបានមកដល់ឈូងសមុទ្រថៃភាគខាងកើតហើយ ហើយក៏បានស្រូបទាញយកទឹកដីនិងជនជាតិធំៗពីរផ្សេងទៀតចូលក្នុងក្រុមគេដែរ គឺជនជាតិចាមនិងជនជាតិខ្មែរក្រោម ។ ឯដំណើររបស់ជនជាតិតៃតាមដងទន្លេមេគង្គក៏មានសណ្ឋានដូចគ្នាដែរ ។ សព្វថ្ងៃ ពួកគេបានមកដល់ជ្រោយម៉ាឡេភាគខាងជើង ដែលស្ថិតនៅខាងលិចឈូងសមុទ្រថៃ ។ នៅក្នុងដំណើរចុះមកត្បូងនេះដែរ ពួកគេបានស្រូបទាញបញ្ចូលនូវជនជាតិ មន សៀម លាវ ខ្មែរលើ និង ម៉ាឡេ បង្កើតបានជាប្រទេស ថៃឡង់ដ៍ នាពេលបច្ចប្បន្ន ។ និយាយរួម ជនជាតិដាយនិងតៃ បានមកភពប្រសព្វគ្នានៅក្នុងឈូងសមុទ្រថៃ ។ ប្រទេសខ្មែរបច្ចុប្បន្ន គឺជាសំណល់ដ៏តូចមួយប្រៀបបាននឹងនំអាកោត្នោត ដែលនៅក្នុងកន្ទោងស្លឹកចេក ។ មនុស្សពីរនាក់ដែលកំពុងតែស្រេកឃ្លាន តើអាចអង្គុយមើលនំអាកោត្នោត ដែលកំពុងតែធ្វើដំណើរទៅរកភាពផ្អូម ដោយមិនអើពើដែរទេ ។ ពួកគេប្រាកដជាមិនទុកឲ្យវាផ្អូមចោលអសារឥតការឡើយ ។
មុននឹងបញ្ចប់អត្ថបទនេះ សូមនិយាយអំពីសេណារីយោនៃអនាគតកាលរបស់ខ្មែរបន្តិច ។ ឈ្មោះកម្ពុជា ដូចអាមេរិកាំងដែរ គឺមិនបាត់បង់ទៅណាទេ ។ ស្ថាននាមនានាដូចជាអង្គរវត្ត ភ្នំដងរែក ភ្នំពេញ ក៏មិនបាត់បង់ដែរ ។ អ្វីដែលបាត់បង់គឺ វប្បធម៌ និង អត្តសញ្ញាណជាតិសាសន៍ ។ ទៅមុនគេគឺភាសាដែលនឹងក្លាយទៅជាទម្រង់ Creoles (ភាសាដែលយកពាក្យក្នុងភាសាដទៃមកប្រើជំនួសពាក្យរបស់ខ្លួន) ។ បន្ទាប់មកគឺទំនៀមទម្លាប់និងក្បួនច្បាប់នានា ដែលបាត់បង់រចនាបថ (Diluted Tradition) ។ ផ្គួបផ្សំកត្តាទាំងអស់នេះ ជាមួយនឹងចលនាស្រូបទាញដែលរៀបរាប់ខាងលើ វានឹងធ្វើឲ្យអត្តសញ្ញាណខ្មែររលុបរលាយបន្តិចម្តងៗ ។ ដំណើរនៃការរលុបរលាយសន្សឹមៗនេះ ត្រូវការពេលវេលាយ៉ាងហោចណាស់ក៏ ១០០ ឬ ២០០ឆ្នាំទៅមុខទៀតដែរ ។ អ្នកប្រព្រឹត្តិនិងនាំអាទិ៍ឲ្យខ្មែររលាយអត្តសញ្ញាណ នឹងស្លាប់បាត់អស់មិនអាចមើលឃើញផលនៃកម្មរបស់ខ្លួនឡើយ ។ គឺអ្នកជំនាន់ក្រោយ ដែលកើតមកត្រូវរងកម្មរស់នៅក្រោមឥទ្ធិពលរបស់ជនជាតិដទៃ ។ នៅលើលោកនេះ ប្រហែលជាគ្មានអ្វីចង្រៃជាងសាងកម្មទុកឲ្យអ្នកដទៃរងគ្រោះឡើយ ។ សូមឲ្យការវិភាគវែកញែកនៅក្នុងសំណេរនេះ ខុសទាំងស្រុងផងចុះ ។ វាជាក្តីប្រាថ្នាតែមួយគត់របស់ខ្ញុំ ។ ជាលើកទីមួយហើយដែលខ្ញុំសរសេរអត្ថបទដាក់ឲ្យគេអាន ហើយប្រាថ្នាចង់បានពិន្ទុ សូន្យ ៕
Subscribe to:
Post Comments (Atom)
ចំណីខួរក្បាល
គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...
-
រឿង តោនិងក្របីព្រៃ តោមួយបានដើរស្វែងរកអាហារ នៅក្បែរមាត់ព្រៃ ។ នៅពេលវាដើរ មកដល់ក្បែរមាត់បឹងមួយ វាបានឃើញក្របីព្រៃឈ្មោលចំនួនបួន កំពុង ឈរស៊ីស...
-
រឿង ក្មេងប្រុសនិងសត្វកង្កែប មានក្មេងប្រុសមួយក្រុម បាននាំគ្នាទៅរត់លេង នៅក្បែរមាត់ត្រពាំងមួយ ដែលមានសត្វកង្កែបជាច្រើនរស់នៅ ។ បន្ទាប់ពីពួកគេរត...
-
ឱកាសនៅក្នុងឧបស័គ្គ (Opportunity inside Obstacle) នៅក្នុងរង្វង់ជនអន្តោប្រវេសដែលទៅរស់នៅក្នុងប្រទេសថ្មី មានពាក្យមួយឃ្លាដែលគេតែងពោលថា៖ ជនអន្តោ...
No comments:
Post a Comment