Saturday, January 23, 2021
ចំណីខួរក្បាល
ទទួលទាន (Eat)
ពាក្យខ្មែរមួយម៉ាត់ដែលមានអត្ថន័យធំធេងដូចមហាសមុទ្រគឺ ទទួលទាន ។ ប៉ុន្តែ ខ្មែរយើងមិនសូវនិយមប្រើពាក្យនេះឡើយ ។ យើងសុខចិត្តយកពាក្យស្ទើរតែរាប់រយមកប្រើជំនួសឲ្យពាក្យមួយម៉ាត់នេះ ។ ខ្ញុំមិនដឹងថា ពាក្យនេះមានប្រភពឫសគល់ចេញមកពីណាទេ ។ ក៏ប៉ុន្តែ តាមការពិនិត្យរបស់ខ្ញុំ ពាក្យនេះមានអត្ថន័យ អត្ថរស និងអត្ថរូប ល្អវិសេសវិសាលពន់ពេកណាស់ ។ យើងអាចយកវាមកប្រើសម្រាប់មនុស្ស សត្វ និងរុក្ខជាតិ ។ គឺអត់មានទើសទាស់ត្រង់ណាបន្តិចឡើយ ។ ឧទាហរណ៍ ស្តេចទទួលទានក្រយា ។ ព្រះសង្ឃទទួលទានអាហារ ឬចង្ហាន់ ។ មនុស្សទូទៅទទួលទានបាយឬទឹក ។ សម្រាប់សត្វនិងរុក្ខជាតិ យើងអាចប្រើពាក្យទទួលទានបានដូចគ្នា ។ ជ្រូកមាន់ទាគោក្របីនិងត្រី ទទួលទានចំណី ។ រុក្ខជាតិនានាទទួលទានពន្លឺថ្ងៃនិងជី ។ នៅមានករណីជាច្រើនទៀតដែលយើងអាចប្រើពាក្យទទួលទានដូចជា៖ ទទួលទានដំណេក ទទួលទានបញ្ញា ទទួលទានទស្សន ។ល។
បើយើងញែកពាក្យទទួលទាននេះជាពីរ យើងឃើញថាវាជាការផ្គុំគ្នារវាងពាក្យ ទទួល និង ទាន ។ ទានគឺជារបស់ដែលនរណាម្នាក់ ឬក៏រូបធាតុអ្វីមួយបរិច្ចាគដើម្បីទ្រទ្រង់ជីវិតអ្នកដទៃ ឬក៏រូបធាតុដទៃ ។ ឧទាហរណ៍ ស្មៅបរិច្ចាគដើមនិងស្លឹករបស់វាដើម្បីទ្រទ្រង់ជីវិតគោក្របី ។ គោក្របីបរិច្ចាគទឹកដោះរបស់វាឲ្យមនុស្សយកទៅឆ្នៃធ្វើម្ហូបដើម្បីទ្រទ្រង់ជីវិត ។ រុក្ខជាតិនានាដូចជាកំប្លោក ចេក ដូង ដំឡូង ស្រូវ ពោត ក៏បរិច្ចាគផ្កា ផ្លែ គ្រាប់ ដើម និងជីវិតរបស់វាដើម្បីទ្រទ្រង់ជីវិតមនុស្សនិងសត្វផងដែរ ។ បើយើងពិនិត្យឲ្យល្អិតល្អន់បន្តិច យើងឃើញថាពាក្យទទួលទាននេះ បង្កប់នូវអត្ថន័យនៃទំនាក់ទំនងនៅក្នុងធម្មជាតិ ។
ទាន ក្នុងន័យបរិច្ចាគ គឺជាសភាវទ្រទ្រង់ជីវិត ។ ដូច្នេះ អ្នកដែលទទួលទានគឺទទួលបាននូវសភាវទ្រទ្រង់ជីវិត ។ នៅពេលយើងភ្ជាប់សភាវទ្រទ្រង់ជីវិតទៅនឹងសុភាវធម៌ យើងនឹងបង្កើតបានគុណធម៌នៅក្នុងទំនាក់ទំនងនេះ ។ បង្វិលពាក្យគុណធម៌ទៅភ្ជាប់ជាមួយនឹងទានវិញ យើងនឹងបង្កើតបានពាក្យគុណធម៌ទាន ឬទានដែលមានគុណ ។ គុណគឺជាអ្វីដែលខ្ញុំចង់លើកយកមកនិយាយនៅក្នុងអត្ថបទនេះ ។
ពេលមនុស្សនិងសត្វទទួលទាន យើងរមែងមានសោមនស្សនៅក្នុងជម្រៅដួងចិត្តនិងសតិអារម្មណ៍ ។ ចិត្តនិងអារម្មណ៍សោមនស្សនេះគឺគ្មានអ្វីក្រៅអំពីការដឹងគុណឡើយ ។ ក៏ប៉ុន្តែ យើងកម្រស្វែងយល់អំពីគុណូបការរបស់វត្ថុដែលធ្វើឲ្យយើងសោមនស្សនេះណាស់ ។ និយាយឲ្យចំ ទានគុណដែលធ្វើឲ្យចិត្តយើងសោមនស្សជាប្រចាំនោះ គឺពាក់ព័ន្ធនឹងការបរិច្ចាគរបស់វត្ថុធាតុជាច្រើន ។ ការបរិច្ចាគខ្លះគឺតម្រូវឲ្យមានការបូជាជីវិតមួយដើម្បីទ្រទ្រង់ជីវិតមួយទៀត ។ ខ្ញុំសូមលើកយកអាហារមួយពេលមកលាតត្រដាងដើម្បីបង្ហាញអំពីការបរិច្ចាគនេះ ។ បាយមួយចានដែលស្ថិតនៅនឹងមុខយើង គឺមានគ្រាប់ស្រូវជាច្រើនគ្រាប់ដែលយើងយកទៅស្រិតធ្វើជាអង្ករ ។ សូមកុំភ្លេចថា ពីជៈឬគ្រាប់ស្រូវមួយគ្រាប់ៗតំណាងឲ្យជីវិតមួយ ។ ពងទាចៀនមួយដែលយើងយកមកធ្វើម្ហូប ដើម្បីទទួលទានជាមួយនឹងបាយនោះ ក៏តំណាងឲ្យជីវិតមួយដែរ ។ បើមានសម្លរម្ជូរដើមចេកនិងកូនក្តាមរួមផ្សំជាមួយផង ដើមចេកនិងកូនក្តាមក៏បានបរិច្ចាគជីវិតវាដើម្បីទ្រទ្រងជីវិតយើងដែរ ។ ស្វាយទុំដែលយើងយកមកទទួលទានជាបង្អែមលាងមាត់ ក៏ជាការបរិច្ចាគរបស់ដើមស្វាយ ។ នេះគ្រាន់តែជាឧទាហរណ៍តូចមួយអំពីគុណូបការគុណ របស់ធម្មជាតិមកលើជីវិតមនុស្ស ។ បើយើងសម្លឹងមើលឲ្យហួសពីអាហារមួយពេលនេះ យើងនឹងឃើញមានគុណូបការជាច្រើនផ្សេងទៀតដែលជាសភាវទ្រទ្រង់ជីវិតមនុស្ស សត្វ និងរុក្ខជាតិ ។
ទំនាក់ទនងរវាងធម្មជាតិនិងជីវិតមនុស្សហាក់ដូចជាមិនពិបាកយល់ទេ ។ ដីទឹកភ្លើងខ្យល់(អាកាសធាតុ)ជាសភាវទ្រទ្រង់ជីវិតរុក្ខជាតិ ។ រុក្ខជាតិទ្រទ្រង់ជីវិតសត្វ ។ សត្វ រុក្ខជាតិ និងអាកាសធាតុ ទ្រទ្រង់ជីវិតមនុស្ស ។ នៅក្នុងទំនាក់ទំនងនេះ មនុស្សគឺជាភាគីតែមួយគត់ ដែលមានអំណាចបំផ្លាញភាពសុខដុមរមនា(Harmony)នៅក្នុងសហអត្ថិភាពធម្មជាតិ (Nature's Co-Existence) ។ ដូច្នេះ នៅពេលដែលមនុស្សវង្វេងមិនដឹងថាអ្វីជាគុណ និងអ្វីជាទោស ពិភពរបស់យើងនឹងរងគ្រោះជៀសមិនរួចឡើយ ។ សព្វថ្ងៃ យើងកំពុងតែវង្វេងមិនដឹងថា តើអ្វីទៅនៅក្នុងធម្មជាតិជុំវិញខ្លួនយើង មានគុណខ្ពស់បំផុតនោះទេ ។ នៅពេលយើងគិតអំពីគុណូបការគុណ យើងគិតត្រឹមតែម៉ែឪរបស់យើងប៉ុណ្ណោះ ។ មិនសូវមានមនុស្សគិតទៅដល់គុណបំណាច់ធម្មធាតុនានាឡើយ ។ ជាលទ្ធផល យើងបំផ្លាញធម្មធាតុទ្រទ្រង់ជីវិតរបស់យើងឥតត្រាប្រណី ។ ទន្លេស្ទឹងបឹងបួ យើងទប់លុបយកតែពីឈ្នះដៃ ។ ត្រីព្រៃឈើនិងសម្បត្តិធម្មជាតិនានា យើងទាញយកភោគផលមិនចេះស្កប់ ។ សម្បត្តិធម្មជាតិខ្លះ យើងបំផ្លិចបំផ្លាញរហូតទាល់តែវិនាសសាបសូន្យ ។ សំណួរមួយដែលយើងគួរលើកយកមកពិចារណាគឺថា នៅពេលដែលវត្ថុធាតុទ្រទ្រង់ជីវិតយើងវិនាសឬហិនហោចអស់ទៅ តើជីវិតយើងអាចស្ថិតនៅបានដែរទេ? ប្រការនេះ អ្នកដែលបំផ្លាញភាពសុខដុមរមនារបស់មនុស្ស គឺគ្មាននរណាក្រៅអំពីមនុស្សខ្លួនឯងឡើយ ។
ខ្ញុំឧស្សាហរណ៍មើលកម្មវិធីទូរទស្ស NHK របស់ជប៉ុន ។ តាមការសង្កេតរបស់ខ្ញុំ ជនជាតិយីពុនហាក់ដូចជាគោរពបូជាធម្មជាតិខ្ពង់ខ្ពស់ណាស់ ។ សម្បត្តិធម្មជាតិជាច្រើនដែលយីពុនទាញយកមកធ្វើជាចំណីអាហារទ្រទ្រង់ជីវិត រមែងទទួលបាននូវការគោរពបូជាប្រៀបដូចជាអាទិទេព ។ ខ្ញុំមិនដឹងថាពាក្យទទួលទាននៅក្នុងភាសាយីពុន មានអត្ថន័យ អត្ថរស និងអត្ថរូបដូចម្តេចទេ ។ ប៉ុន្តែ តាមការគូសវាសបញ្ជាក់នានានៅក្នុងកម្មវិធីវប្បធម៌របស់យីពុនទាំងនោះ ពិធីកម្ម(Rituals)គោរពបូជាចំពោះធម្មជាតិទាំងអម្បាលម៉ាន គឺសុទ្ធសឹងតែសម្តែងអំពីការដឹងគុណ ឬអំណរគុណ ។
ត្រឡប់ទៅពាក្យទទួលទានវិញ ។ វាហាក់ដូចជាប្រធានបទដែលគ្មានខ្លឹមសារអត្ថន័យអ្វីធំដុំឡើយ ។ ប៉ុន្តែ បើយើងពិនិត្យឲ្យល្អិតល្អន់ ទទួលទានមិនត្រឹមតែមានអត្ថន័យទូលំទូលាយប៉ុណ្ណោះទេ វាថែមទាំងបង្កប់នូវទំនាក់ទំនងទ្រទ្រង់រវាង មនុស្ស សត្វ រុក្ខជាតិ និងធម្មធាតុផងទាំងពួងក្នុងពិភពលោកទៀតផង ៕
Tuesday, January 19, 2021
ចំណីខួរក្បាល
First Amendment (មាត្រាបន្ថែមទី ១ នៃរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក)
Congress shall make no law respecting an establishment of religion, or prohibiting the free exercise thereof; or abridging the freedom of speech, or of the press; or the right of the people peaceably to assemble, and to petition the Government for a redress of grievances.
(រដ្ឋសភាមិនអាចសរសេរច្បាប់ដែលប៉ះពាល់ដល់សិទ្ធិគោរពឬបង្កើតសាសនា សិទ្ធិបញ្ចេញមតិឬផ្សព្វផ្សាយពត៌មាន និង សិទ្ធិប្រមូលផ្តុំគ្នារបស់ពលរដ្ឋដើម្បីទាមទារឲ្យរដ្ឋាភិបាលកែប្រែអ្វីមួយដោយសន្តិវិធី) ។
ថ្ងៃមុន ខ្ញុំបានសរសេរអត្ថបទមួយស្តីអំពីសិទ្ធធ្វើបាតុកម្មនៅក្នុងមាត្រាបន្ថែមទី ១ នៃរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក ។ អត្ថបទនេះ ខ្ញុំសូមលើកយកសិទ្ធិបញ្ចេញមតិនិងផ្សព្វផ្សាយពត៌មានមកបកស្រាយ ដោយហេតុថាមានមនុស្សជាច្រើនបានប្រតិកម្មទៅនឹងការបិទគណនេយ្យរបស់ប្រធានាធិបតីនៃសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ។ មតិមួយចំនួនលើកឡើងថា ការបិទគណនេយ្យរបស់ ដូណាល់ ត្រាំ ដោយក្រុមហ៊ុន ហ្វេសប៊ុក និង ធ្វីទឺ គឺជារឿងអយុត្តិធម៌ ដ្បិតវាជាជំហានឆ្ពោះទៅរកការរឹតត្បិតសិទ្ធិផ្សព្វផ្សាយពត៌មាន ។ មតិខ្លះទៀតចោទក្រុមហ៊ុនទាំងពីរនេះថា មានស្តង់ដារពីរ ។ បើបិទសិទ្ធិលោក ត្រាំ ពីបទនិយាយពាក្យកុហកបោកប្រាស់សាធារណជន ហេតុអ្វីក៏មិនបិទសិទ្ធិជនផ្តាច់ការនានានៅក្នុងពិភពលោកដែលប្រើបណ្តាញសង្គមទាំងនេះ ផ្សព្វផ្សាយពាក្យកុហកបោកប្រាស់និងគម្រាមកំហែងពលរដ្ឋរបស់ខ្លួនផងទៅ ។
មូលដ្ឋានរបស់ក្រុមហ៊ុន ហ្វេសប៊ុក និង ធ្វីទឺ ស្ថិតនៅក្នុងសហរដ្ឋអាមេរិក ។ គ្មាននរណាស្រឡាញ់និងគោរពបូជាមាត្រាបន្ថែមទី ១ (First Amendment) ជាងក្រុមហ៊ុនទាំងពីរនេះទេ ។ I repeat, NOBODY! មាត្រាមន្ថែមទី ១ ជារបាំងគាំពារដ៏ធំបំផុតសម្រាប់ពួកគេរកសុី (រកប្រាក់ចំណូល) ។ លោក ត្រាំ ជាប្រភពផ្តល់ចំណូលដ៏ធំបំផុតសម្រាប់ពួកគេ ។ រឿងក្រមសីលធម៌ជួយទប់ស្កាត់កុំឲ្យមេដឹកនាំប្រទេសនានា រាប់បញ្ចូលទាំងលោក ត្រាំ ផងដែរ ប្រើពាក្យភូតកុហកបោកប្រាស់ដែលយើងហៅថា ពត៌មានមិនពិត (Fake News) នោះ ក្រុមហ៊ុនទាំងពីរនេះមិនសូវជាឈឺក្បាលវិលមុខប៉ុន្មានទេ ។ សម្រាប់ក្រុមហ៊ុនទាំងពីរនេះ ឆ្មាសក៏ដោយ ឆ្មាខ្មៅក៏ដោយ ឲ្យតែវាចាប់កណ្តុរ សុទ្ធតែមានប្រយោជន៍ទាំងអស់ ។ ពត៌មានពិតក៏ដោយ មិនពិតក៏ដោយ ឲ្យតែវានាំមកនូវកំណើនអតិថិជន សុទ្ធតែមានប្រយោជន៍ ។ ដូច្នេះ ការចោទប្រកាន់ក្រុមហ៊ុនទាំងពីរនេះថាប្រើអំណាចបិទសិទ្ធិបញ្ចេញមតិរបស់លោក ត្រាំ នោះ គឺមិនខុសអំពីទៅព្រុសខុសដើមឈើឡើយ (Barking up the wrong tree.) ។
មុននឹងលើកយកមាត្រាបន្ថែមទី ១ (First Amendment) នៃរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិកមកថ្កោលទោសក្រុមហ៊ុនឬក៏អង្គភាពណាមួយ យើងគប្បីយល់ឲ្យបានជាក់លាក់ថា មាត្រាបន្ថែមទី ១ នេះ ហាមប្រាមតែរដ្ឋាភិបាលនិងភ្នាក់ងាររបស់រដ្ឋាភិបាលអាមេរិកប៉ុណ្ណោះ ពាក់ព័ន្ធនឹងសិទ្ធិបញ្ចេញមតិ ។ ហ្វេសប៊ុកនិងធ្វីទឺមិនមែនជាភ្នាក់ងាររបស់រដ្ឋាភិបាលអាមេរិកទេ ។ ក្នុងនាមជាក្រុមហ៊ុនឯកជន ពួកគេចង់លុបឬក៏បិទសិទ្ធិនរណាម្នាក់មិនឲ្យប្រើសេវារបស់ពួកគេ ក៏គ្មានច្បាប់ហាមឃាត់ឡើយ ។ រឿងបិទគណនេយ្យរបស់លោក ត្រាំ អាចពាក់ព័ន្ធនឹងរឿងសំខាន់ពីរប្រការ៖ ទីមួយគឺក្រមសីលធម៌ ។ ទីពីរ ក្រមយុត្តិធម៌ ។ ក្រមសីលធម៌ពាក់ព័ន្ធនឹងដំណឹងមិនពិត (Fake News) និង ពាក្យញុះញង់នាំឲ្យមានអំពើហឹង្សា (Hate Speeches) ។ ប្រការទីមួយនេះ លោកត្រាំ បានជាន់ឈ្លីអស់រយៈពេល៤ឆ្នាំមកហើយ ។ គ្មានក្រុមហ៊ុនបណ្តាញសង្គមណាមួយឈឺក្បាលវិលមុខឡើយ ។ ពួកគេយកមាត្រាបន្ថែមទី ១ មកធ្វើជាខែលដើម្បីសុីឡាក់សារប្រយោជន៍ចេញពីមនុស្សប្រមាណជា ១០០លាននាក់ ដែលតាមដានសកម្មភាពរបស់លោកត្រាំ ។ អ្វីដែលធ្វើឲ្យក្រុមហ៊ុនបណ្តាញសង្គមនានារត់គេចចេញយ៉ាងលឿនពីលោក ត្រាំ នោះ គឺក្រមយុត្តិធម៌ ។ បើពាក្យសម្តីរបស់លោកត្រាំ គ្រាន់តែធ្វើឲ្យមានបាតុកម្មនិងបង្កភាពចលាចលនោះ មិនអីទេ ។ ប៉ុន្តែ នៅពេលដែលពាក្យសម្តីរបស់គាត់ ញ៉ាំងឲ្យមានអំពើហឹង្សារហូតដល់បាត់បង់ជីវិតមនុស្សនិងទ្រព្យសម្បត្តិនោះ វាជារឿងមួយផ្សេងទៀត ។
សកម្មភាពមានបីប្រភេទគឺ៖ កាយ វាចា និង ចិត្ត ។ សកម្មភាពដោយកាយ (Physical Action) មានសភាពងាយស្រួលក្នុងការតភ្ជាប់ទៅនឹងបទឧក្រិដ្ឋនានា ។ ប៉ុន្តែ បទឧក្រិដ្ឋដែលកើតចេញអំពីវាចា (Vocal Action) គឺពិបាកនឹងដាក់បន្ទុកពស្តុតាងបន្តិច ។ ទោះជាយ៉ាងណាក៏ដោយ អ្នកដែលពាក់ព័ន្ធនឹងឧក្រិតកម្មវាចា មិនប្រាកដថាអាចគេចពីសំណាញ់ច្បាប់រួចឡើយ ។ ក្រុមហ៊ុនបណ្តាញសង្គមនានាដែលពាក់ព័ន្ធជាមួយនឹងសកម្មភាពវាចារបស់លោកត្រាំ អាចមានទោសផ្សំគំនិតផ្តល់សម្ភារ (Material Accomplices) ។ លោកត្រាំបានប្រើសេវាបណ្តាញសង្គមមួយចំនួន ដើម្បីប្រកូកប្រកាសហៅអ្នកគាំទ្រឲ្យមកធ្វើបាតុកម្ម រហូតឈានដល់ការប្រព្រឹត្តិអំពើហឹង្សានៅក្នុងមន្ទីររដ្ឋសភាជាតិ ។ មានមនុស្សប្រាំនាក់ស្លាប់និងខូចខាតសម្ភារជាច្រើននៅក្នុងព្រឹត្តិការណ៍នោះ ។ រឿងនេះយើងអាចរំពឹងថា មិនចប់ត្រឹមនេះឡើយ ។ បន្ទាប់ពីលោកត្រាំចាកចេញពីតំណែងទៅ ពាក្យបណ្តឹងរបស់ជនរងគ្រោះប្រាកដជាផុសចេញមកជាបន្តបន្ទាប់ ។ ក្រុមហ៊ុនបណ្តាញសង្គមដែលពាក់ព័ន្ធ បើមិនមានទោសព្រហ្មទណ្ឌ ក៏ជាប់កុនជាមួយនឹងទោសរដ្ឋប្បវេណីយ៍ដែរ (Civic penalty) ។ យើងមិនទាន់ដឹងថា តើរដ្ឋាភិបាលសហរដ្ឋអាមេរិក អាចនឹងចាត់ការផ្លូវច្បាប់ទៅលើក្រុមហ៊ុននានា ដែលផ្តល់ក្បាលមីក្រូហ្វូនឲ្យលោកត្រាំធ្វើសកម្មភាពវាចាដែរឬយ៉ាងណានោះទេ ។ ប្រការនេះ វាអាចអាស្រ័យនៅលើលទ្ធផលនៃការកាត់ទោសលោក ត្រាំ (Impeachment) ។ ប្រសិនបើលោកត្រាំមានទោស ក្រុមហ៊ុនទាំងនោះអាចនឹងរងទុក្ខជាមួយដែរ ។ សម្រាប់គ្រួសារជនរងគ្រោះ រឿងប្តឹងងឲ្យក្រុមហ៊ុនបណ្តាញសង្គមទទួលខុសត្រូវ គឺប្រហែលជាជៀសមិនផុតឡើយ ។
ជាទូទៅ រឿងក្តីក្តាំងអាចមានពីរដំណាក់កាល ។ ទី១ គឺទោសព្រហ្មទណ្ឌ ។ ទី២ ទោសរដ្ឋប្បវេណីយ៍ ឬសំណងជំងឺចិត្តនៃការបាត់បង់ (Monetary compensation) ។ ចុងចោទអាចតតាំងឈ្នះបទព្រហ្មទណ្ឌ ។ ប៉ុន្តែ នៅក្នុងករណីរដ្ឋប្បវេណីយ៍ វាពិបាកនឹងយកឈ្នះណាស់ដ្បិតច្បាប់តម្រូវឲ្យអ្នកដើមចោទបង្ហាញពស្តុតាងត្រឹមតែទំនាក់ទំនងប៉ុណ្ណោះ (Preponderance of evidences) ។ ប្រការនេះហើយដែលធ្វើឲ្យក្រុមហ៊ុន ធ្វីទឹ និង ហ្វេសប៊ុក បិទគណនេយ្យលោកត្រាំយ៉ាងលឿននោះ បន្ទាប់ពីព្រឹត្តិការណ៍នៅមន្ទីររដ្ឋសភាជាតិនៃសហរដ្ឋអាមេរិក ។ សូមកុំច្រឡំឲ្យសោះថា ពួកគេបិទសិទ្ធិលោក ត្រាំ ឬក៏លើកស្ទួយក្រមសីសធម៌នៅក្នុងការផ្សព្វផ្សាយពត៌មាន ៕
Sunday, January 10, 2021
ចំណីខួរក្បាល
វិបត្តិអាមេរិក
ការរុករានទន្ទ្រានមន្ទីររដ្ឋសភាសហរដ្ឋអាមេរិកដោយកុប្បករអនាធិបតេយ្យ(thugs)នាថ្ងៃទី៦មករាកន្លងទៅនេះ បានធ្វើឲ្យមនុស្សជាច្រើននៅសហរដ្ឋអាមេរិកក៏ដូចជានៅជុំវិញពិភពលោក ភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ វាជាព្រឹត្តិការណ៍ដ៏រន្ធត់មួយដែលពលរដ្ឋអាមរិកាំងមួយចំនួនចាំបាច់ត្រូវតែជញ្ជត់ព្រលឹងស្វែងរកចម្លើយ ក៏ដូចជាពន្យល់ពិភពលោកអំពីប្រការដែលថា ហេតុអ្វីបានជាប្រទេសមហាអំណាចលេខ១នៅក្នុងពិភពលោក អន់ខ្សោយរហូតដល់បណ្តោយឲ្យកុប្បករចូលលុកលុយជាន់ឈ្លីស្ថាប័នកំពូលរបស់ខ្លួន ។
ក្នុងនាមជាអតីតនិស្សិតមួយរូប ដែលបានចំណាយពេលសិក្សាប្រព័ន្ធរដ្ឋបាលអាមេរិកាំង អស់រយៈពេលប្រាំឆ្នាំកាលពី៣០ឆ្នាំមុន ខ្ញុំសូមអនុញាតបកស្រាយបំភ្លឺមូលហេតុខ្លះៗ ដែលទាញសហរដ្ឋអាមេរិកឲ្យរងគ្រោះព្រោះតែឧត្តមគតិរបស់ខ្លួន ។ ប៉ុន្តែ មុននឹងបកស្រាយបំភ្លឺអង្គហេតុនៅពីក្រោយកុប្បកម្មគួរឲ្យស្អប់ខ្ពើមនេះ ខ្ញុំសូមលំអោនកាយគោរពវីរភាពរបស់ប៉ូលីសសហព័ន្ធ ដែលបានអត់ធ្មត់ដល់កម្រិតសុខចិត្តទទួលក្តីអមាសឲ្យកុប្បករអន្យតេរ្ថីយ័ទាំងនោះ ជាន់ឈ្លីកិត្តិយសរបស់ខ្លួនក៏ដូចជាកិត្តិយសសហរដ្ឋអាមេរិក ។ សូមកុំភ្លេចថា ពួកគេមានកាំភ្លើងគ្រប់ដៃ រួមទាំងកាំភ្លើងពិឃាតផងដែរ (Assault rifles) ដែលអាចបាញ់សម្លាប់កុប្បករដែលចូលទៅគម្រាមជីវិតសមាជិកសភាឲ្យស្លាប់គរជើងលើគ្នាដោយគ្មានទោសពៃអ្វីឡើយ ។ ប្រការនេះ អ្នកដែលត្រូវដឹងគុណប៉ូលីសទាំងនោះ គឺពួកកុប្បករដែលសម្រុកចូលទៅក្នុងសាលប្រជុំរបស់ព្រឹទ្ធសភានិងតំណាងរាស្ត្រ ។
សហរដ្ឋអាមេរិក ផ្តល់សិទ្ធិឲ្យពលរដ្ឋរបស់ខ្លួន ជាពិសេសសិទ្ធិធ្វើបាតុកម្មទូលំទូលាយណាស់ ។ មាត្រាបន្ថែមទី ១ (First Amendment) បានដាក់កំហិតមិនឲ្យនរណាសរសេរច្បាប់ប៉ះពាល់សិទ្ធិនេះឡើយ ។ មាត្រាបន្ថែមទីមួយនេះមានពាក្យតែ ៤៥ម៉ាត់ទេ ដែលគាំពារគោលការណ៍ធំៗបីគឺ៖ បញ្ចេញមតិ គោរពសាសនានានា និងប្រមូលផ្តុំគ្នាទាមទារស្ថាប័នរដ្ឋាភិបាលកែតម្រូវអ្វីមួយដោយសន្តិវិធី ។ សិទ្ធិធ្វើបាតុកម្មគឺនៅក្នុងការប្រមូលផ្តុំគ្នានេះឯង ។ ក៏ប៉ុន្តែ សូមកត់សម្គាល់ពាក្យ "សន្តិវិធី" ។ លោក ចច មេសុន (George Mason) ដែលជាអ្នកដឹកនាំបង្កើតមាត្រាបន្ថែមនេះ ខ្វល់ខ្វាយយ៉ាងខ្លាំងអំពីមនុស្សអប្រីយ៍យកសិទ្ធិនេះទៅជាន់ឈ្លី ។ ដូច្នេះ គាត់បញ្ចូលពាក្យ "សន្តិវិធី" នៅក្នុងវាក្យខណ្ឌបន្ទាប់ពីហាមរដ្ឋសភាមិនឲ្យបង្កើតច្បាប់ប៉ះពាល់សិទ្ធិ ដែលគេទុកស្មើអាយុជីវិតនេះ ។
កាលសិក្សានៅសាកលវិទ្យាល័យ ខ្ញុំនិងមិត្តរួមថ្នាក់ព្រមទាំងសាស្ត្រាចារ្យជំនាញខាងរដ្ឋធម្មនុញ្ញបានជជែកវែកញែក (Debates) រាប់សិបដងអំពី "សិទ្ធិ" របស់ពលរដ្ឋអាមេរិកាំង ។ សំណួរដ៏លំបានមួយដែលយើងត្រូវលើកយកមកដោះស្រាយគឺដែនកំណត់នៃសិទ្ធិ ។ ជាគោលការណ៍មូលដ្ឋាន ពលរដ្ឋអាមេរិកមានសិទ្ធិប្រព្រឹត្តិអ្វីៗសព្វបែបយ៉ាង ដរាបណាការប្រព្រឹត្តិនោះមិននាំទុក្ខទោសដល់អ្នកដទៃ ។ ឧទាហរណ៍ អ្នកអាចអង្គុយផឹកសុីក្នុងផ្ទះដោយសន្តិវិធីរហូតដល់ស្លាប់ខ្លួនក៏គ្មាននរណាមានសិទ្ធិទៅឃាត់អ្នកដែរ ។ ក៏ប៉ុន្តែ នៅពេលដែលអ្នកស្រវឹងសុរា ហើយបោះដបស្រាមកលើផ្លូវសាធារណដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកដទៃ សិទ្ធិផឹកសុីរបស់អ្នកនឹងត្រូវហាមឃាត់ ។ សិទ្ធិធ្វើបាតុកម្មក៏ដូចគ្នាដែរ ។ អ្នកអាចដើរធ្វើបាតុកម្មរហូតដល់ហត់ដួលដាច់ខ្យល់ស្លាប់ ក៏អាជ្ញាធរគ្មានអំណាចអ្វីនឹងមកត្រួតត្រាអ្នកដែរ ។ ក៏ប៉ុន្តែ នៅពេលដែលបាតុកម្មរបស់អ្នកនាំទុក្ខទោសឬក៏បង្កហានិភ័យដល់ជីវិតអ្នកដទៃ សកម្មភាពនោះនឹងក្លាយទៅជាសកម្មភាពខុសច្បាប់ ។ សិទ្ធិធ្វើបាតុកម្មត្រូវរលត់ត្រឹម "ហានិភ័យដល់ជីវិតអ្នកដទៃ" នេះឯង ។ បើមានការប៉ុនប៉ង បំផ្លាញទ្រព្យសម្បត្តិ ឬក៏ជីវិតអ្នកដទៃត្រូវបានផ្តាច់ផ្តិលដោយសកម្មភាពនោះ អ្នកប្រព្រឹត្តិនិងស្ម័គ្របក្ខពួកត្រូវក្លាយជាពិរុទ្ធជន ដែលមានទោសទៅតាមស្ថានទម្ងន់របស់វា ។
កុប្បករដែលសម្រុកចូលទៅក្នុងសាលប្រជុំរបស់ព្រឹទ្ធសភានិងតំណាងរាស្ត្រនាថ្ងៃទី ៦មករា នោះ គ្មានទោសដល់ប្រហារជីវិតទេ ។ ក៏ប៉ុន្តែ ប្រសិនបើប៉ូលីសបាញ់ពួកគេស្លាប់នៅទីនោះ វាគឺជាការស្លាប់ដ៏ថោកទាបនិងឥតន័យជាទីបំផុត ។ ស្លាប់ក្នុងនាមជាជនល្មើសច្បាប់ គ្មាននរណាគេកោតឬក៏អាណិតអាសូរឡើយ ។ ខ្ញុំអង្គុយមើលព្រឹត្តិការណ៍ថ្ងៃ ៦មករានោះយ៉ាងយកចិត្តទុកដាក់ ។ នៅពេលឃើញរូបភាពប៉ូលីស៤រូបតម្រង់ចុងកាំភ្លើងដាក់ចំកែវភ្នែកកុប្បករដែលកំពុងវាយបំបែកកញ្ចក់ទ្វារចូលទៅក្នុងសាលប្រជុំ ខ្ញុំស្រៀវឆ្អឹងខ្នង (It sent the chill up my spine) ។ វាជាសំណាងមួយនៅក្នុងចំណោម១០០លានសំណាង ដែលសកម្មភាពនោះ មិនឈានដល់ការបង្ហូរឈាម ។ ប្រការនេះហើយដែលខ្ញុំកោតសរសើបូលីសសហព័ន្ធដែលការពារមន្ទីររដ្ឋសភានាថ្ងៃនោះ ។
ប៉ូលីសសហព័ន្ធដែលការពារមន្ទីររដ្ឋសភាសហរដ្ឋអាមេរិក ជាប៉ូលីសពិសេសស្ថិតនៅក្រោមការគ្រុបគ្រងផ្ទាល់របស់រដ្ឋសភា ។ តួនាទីរបស់ពួកគេគឺការពារសុវត្ថិភាពរបស់សមាជិករដ្ឋសភា និងបាតុករដែលចូលមកធ្វើបាតុកម្មនៅជុំវិញមន្ទីររដ្ឋសភាជារឿយៗ ។ គេហៅបាតុកម្មនេះថា៖ បាតុកម្មមាត្រាបន្ថែមទី១ (First Amendment Protest) ។ ដូចដែលបានរៀបរាប់ខាងលើ រដ្ឋធម្មនុញ្ញតម្រូវឲ្យបាតុកម្មប្រព្រឹត្តិទៅដោយសន្តិវិធី ។ ឯអ្នកដែលមានតួនាទីគ្រុបគ្រងបាតុករ ក៏ត្រូវរក្សាគោលការណ៍សន្តិវិធីនេះដែរ ។ ដូច្នេះហើយបានជាប៉ូលីសដែលការពារមន្ទីររដ្ឋសភានាថ្ងៃនោះ សុខចិត្តរងរបួសខ្លួនឯងដើម្បីរក្សាការពារអាយុជីវិតកុប្បករអនាធិបតេយ្យ ។ ជាគោលការណ៍ច្បាប់របស់សហរដ្ឋអាមេរិក នៅពេលជីវិតរបស់ខ្លួនត្រូវបានគម្រាមកំហែង អ្នករងគ្រោះអាចរកមធ្យោបាយបង្រាបឬសម្លាប់ជនបង្កដោយគ្មានទោសពៃ ។ ឧទាហរណ៍ បើមានជនចម្លែកសម្រុកចូលមកក្នុងផ្ទះយើងដោយគ្មានការអនុញាត យើងអាចបាញ់ឬវាយសម្លាប់ជននោះ ។ ប្រការនេះមានប្រភពចេញមកពីមាត្រាបន្ថែមទី២ (Second Amendment) ដែលអនុញាតិឲ្យពលរដ្ឋគ្រប់រូបមានសិទ្ធិរក្សាអាវុធដើម្បីការពារខ្លួន ។ ស្ថិតិចុងក្រោយបន្ទាប់ពីព្រឹត្តិការណ៍ប្រកបដោយគ្រោះថ្នាក់បំផុតនោះគឺ មានមនុស្សបួននាក់ស្លាប់៖ ម្នាក់ស្លាប់ដោយសារគាំងបេះដូង ប៉ូលីសម្នាក់ស្លាប់ដោយសារកុប្បករវាយ កុប្បករម្នាក់ស្លាប់ដោយសារប៉ូលីសបាញ់ និងកុប្បករម្នាក់ទៀតស្លាប់ដោយមិនទាន់ដឹងមូលហេតុ ។ ប៉ូលីសប្រមាណជាង៥០នាក់រងរបួស ។ វាគឺជាការបាត់បង់ដ៏ទាបបំផុតសម្រាប់ព្រឹត្តិការណ៍ដ៏គ្រោះថ្នាក់គួរឲ្យខ្លាចនោះ ។
មានសំណួរមួយដែលមនុស្សជាច្រើនកំពុងពិចារណា ថាតើលោក ត្រាំ អាចមានទោសដែរទេនៅពេលដែលបាតុករដែលគាត់ហៅមកប្រមូលផ្តុំនៅក្រោយផ្ទះគាត់ (សេតវិមាន) ហើយញុះញង់ឲ្យទៅកកូរកកាយបំផ្លាញមន្ទីររដ្ឋសភា ក៏ដូចជាគម្រាមកំហែងជីវិតសមាជិកសភា ។ ចម្លើយរបស់ខ្ញុំផ្អែកលើការយល់ដឹងអំពីរដ្ឋធម្មនុញ្ញគឺ គ្មានទេ ។ ស្រុកអាមេរិកគ្មានច្បាប់ហាមការញុះញុងឡើយ ។ មានតែការពារដែលស្ថិតនៅក្នុងក្របខ័ណ្ឌបញ្ចេញមតិ ។ យើងអាចបែងចែកការប្រព្រឹត្តិ ឬកម្មគ្រប់បែបយ៉ាងជាបីតំណាក់កាលគឺ៖ កាយ វាចា និង ចិត្ត (Physical, Vocal, and Mental actions) ។ លោកត្រាំគាត់ធ្វើសកម្មភាពតែពីរដំណាក់កាលទេ ។ ទី ១ គាត់គិត ។ ទី ២ គាត់ហៅបាតុករឲ្យមកជួបជុំគ្នានៅក្រោយផ្ទះគាត់រួចពន្យុះពួកគេឲ្យទៅរុកគួនរដ្ឋសភា ។ "តស់ពួកយើង! ទៅមន្ទីររដ្ឋសភា ។ យើងនឹងដើរទៅជាមួយគ្នា" ជាសម្តីរបស់លោកត្រាំ ។ ក៏ប៉ុន្តែ លោកត្រាំមិនបានទៅជាមួយពួកបាតុករទេ ។ ដូច្នេះ សកម្មភាពរបស់គាត់គឺចប់ត្រឹមពាក្យសម្តី ដែលស្ថិតនៅក្រោមការគាំពាររបស់រដ្ឋធម្មនុញ្ញ ។ ទោះជាយ៉ាណាក៏ដោយ អ្នកជំនាញខាងច្បាប់អាចរកហេតុផលនានា ដើម្បីតភ្ជាប់សកម្មភាពដោយចិត្តនិងវាចារបស់លោកត្រាំទៅនឹងសកម្មភាពដោយកាយ (Physial action) របស់ពួកបាតុករ ។
មុននឹងបញ្ចប់ ខ្ញុំសូមនិយាយអំពីផលវិបាកនៃការគាំទ្របុគ្គលនយោបាយបន្តិច ។ សហរដ្ឋអាមេរិកលើកទឹកចិត្តពលរដ្ឋឲ្យគោរពបូជាខ្លួនឯងលើសអំពីបុគ្គលដទៃ ។ នៅក្នុងកម្មវិធីទូរទស្សសាធារណសម្រាប់កុមារប្រចាំថ្ងៃ គេតែងលើកយកពាក្យមួយឃ្លាមកផ្សាយ៖ "You can be anything you want to be" (អ្នកមានសក្តានុពលចង់ធ្វើអ្វីក៏បានដែរ) ។ ពាក្យនេះមានអត្ថន័យស្រដៀងគ្នានឹងពាក្យមួយឃ្លាដែលលោកប្រធានាធិបតីទី១៦ អាប្រាហាម លីងខុន បាននិយាយថា៖ "Life could rise from logs cabin to the White House" (ជីវិតអាចធ្វើដំណើរពីភាពតោកយ៉ាកទៅដល់សេតវិមាន) ។ ទោះបីមានការអប់រំប្រភេទនេះរាប់សិបឆ្នាំមកហើយក៏ដោយ ក៏មនុស្សជាច្រើននៅតែចាត់ទុកបុគ្គលដទៃថាគាប់ប្រសើរជាងខ្លួន ។ កុប្បករដែលចូលទៅបំផ្លាញមន្ទីររដ្ឋសភាគឺជាតឹកតាង ។ អំណាចនៃភក្តីភាពចំពោះលោក ត្រាំ បានធ្វើឲ្យពួកគេភ្លេចគិតដល់ឥស្សរភាពរបស់ខ្លួន ។ សូម្បីតែពាក្យ ៤៥ម៉ាត់ ដែលផ្តល់សិទ្ធិឲ្យពួកគេបញ្ចេញកំហឹងដោយសន្តិវិធីនោះ ក៏ពួកគេយកទៅជាន់ឈ្លីដែរ ។ បើមិនឲ្យតម្លៃខ្លួនឯងក៏ហីទៅចុះ ។ ក៏ប៉ុន្តែ រវាងលោក ត្រាំ និង រដ្ឋធម្មនុញ្ញ តើមួយណាសំខាន់ជាង?? ខ្ញុំសូមឆ្លើយជំនួសចុះ ។ មន្ត្រីរដ្ឋការសហរដ្ឋអាមេរិកគ្រប់ជាន់ថ្នាក់ ចាប់ពីប្រធានាធិបតីរហូតដល់កូនប៉ូលីសយាមទ្វារអគារ គេតម្រូវឲ្យលើកដៃស្បថសច្ចាការពាររដ្ឋធម្មនុញ្ញតែមួយមុខគត់ ។ អត់មានតួអង្គមនុស្សនៅក្នុងការសច្ចានោះទេ ។ អ្វីដែលពលរដ្ឋអាមេរិកចងចាំរត់មាត់នៅក្នុងកាតព្វកិច្ចរបស់ខ្លួនគឺ៖ ទីមួយ បូជាជីវិតដើម្បីការពាររដ្ឋធម្មនុញ្ញ ។ ទីពីរ ការពារទង់ជាតិ ។ និងទីបី ការពារសហរដ្ឋអាមេរិក ៕
Long live the rule of laws!
Monday, January 4, 2021
ចំណីខួរក្បាល
ឡប់សតិ (Absurd)
ថ្មីៗនេះ អ្នកគ្រូ ប៉ែន សេដ្ឋារិន បានលើកយកទស្សនវិជ្ជា វិបល្លាសទិដ្ឋិ (Absurdism) មកបំភ្លឺសិស្សគណរបស់គាត់ ។ វាជាឱកាសដ៏ល្អមួយសម្រាប់ការភ្ជាប់ទស្សននេះទៅនឹងតថភាពដែលកំពុងតែស្តែងចេញមកនៅក្នុងរឿងល្ខោន Absurd ឬ (Political Farce) របស់ក្រុមល្ខោនដ៏ល្បីល្បាញមួយក្រុមនៅសហរដ្ឋអាមេរិក ។ ក្រុមល្ខោននេះដឹកនាំដោយមហាគុរុព្រះនាម ដូណាល់ ត្រាំ ដែលជាប្រធានាធិបតីនៃសហរដ្ឋអាមេរិកផង និងជាមហាសេដ្ឋីផង ។
សម្រាប់អ្នកដែលតាមដានព្រឹត្តិការណ៍នយោបាយនៅសហរដ្ឋអាមេរិក ថ្ងៃទី៦ ខែមករា នេះ គឺជាថ្ងៃចុងក្រោយនៃការសម្តែងល្ខោននយោបាយរឿង Absurd ។ រឿងកុនក្តី ល្ខោនក្តី ឆាកចុងក្រោយ ឬ ឆាកបញ្ចប់តែងតែល្អមើលខ្លាំងត្បិតអ្នកនិពន្ធនិងអ្នកដឹកនាំរឿង រមែងបង្ហាញអាថ៌កំបាំងទាំងអស់នៅចុងបញ្ចប់នៃសាច់រឿង ។ សម្រាប់ខ្ញុំ ខ្ញុំដឹងអំពីអាថ៌កំបាំងនៃឆាកចុងក្រោយរបស់ល្ខោននេះរួចទៅហើយ ត្បិតអីខ្ញុំជាចៃល្ខោនប្រភេទនេះ ។
Absurd ជាពាក្យអង់គ្លេសដែលមានន័យដ៏សាមញ្ញថា៖ ធ្វើកិច្ចការឆ្កួតៗ ។ មនុស្សជាដែលមានសតិល្អត្រឹមត្រូវ ទៅធ្វើកិច្ចការឆ្កួតៗគឺយ៉ាប់ជាងមនុស្សឆ្កួតទៅទៀត ។ មិនមាននិយមន័យសម្រាប់សម្គាល់មនុស្សប្រភេទនេះទេ ។ ប៉ុន្តែ ឆាកល្ខោនចុងក្រោយដែលគេនឹងសម្តែងនៅក្នុងមន្ទីររដ្ឋសភានៃសហរដ្ឋអាមេរិក នៅវេលាម៉ោង១រសៀលនាថ្ងៃទី៦ ខែមករានេះ វានឹងបង្ហាញអំពីមនុស្សជាទៅធ្វើកិច្ចការឆ្កួតៗ ។
ថ្ងៃទី៦មករាគឺជាថ្ងៃដែលសមាជិករដ្ឋសភាសហរដ្ឋអាមេរិកទាំង៥៣៥រូប និងប្រតិភូ៣រូប បើកកិច្ចប្រជុំរួមមួយ (Joint Session) ដើម្បីបើកស្រោមសំបុត្រសន្លឹកឆ្នោតតំណាង (Electoral Votes) ជ្រើសរើសប្រធានាធិបតី ។ លទ្ធផលបឋមនិងចុងក្រោយនៃការបោះឆ្នោតត្រូវបានដឹងឮរួចហើយគឺលោក ចូ បៃដិន ទទួលបាន៣០៦សម្លេង និងលោក ដូណាល់ ត្រាំ ទទួលបាន ២៣២សម្លេង ។ ប៉ុន្តែ លោកត្រាំ ឡាំប៉ាមិនទទួលស្គាល់លទ្ធផលនេះទេ ។ ដូច្នេះ គាត់ក៏ចាប់ផ្តើមបង្ករឿងរហូតមកដល់ថ្ងៃនេះ ។ ឆ្លើយតបទៅនឹងការឡាំប៉ារបស់លោក ត្រាំ ស្ម័គ្របក្សពួកចំនួនមួយតំបរស្វា ដែលមានសមាសភាព១២រូបមកពីស្ថាប័នព្រឹទ្ធសភាបានប្រកាសថា ខ្លួននឹងឡើងសម្តែងល្ខោនរឿង Absurd ដើម្បីបង្ហាញទេពកោសល្យឲ្យទស្សនិកជនមើល មិនឲ្យទាស់ចិត្តឡើយ ។
នៅក្នុងពិធីបើកស្រោមសំបុត្រសន្លឹកឆ្នោតនាថ្ងៃ៦មករានេះ រដ្ឋធម្មនុញ្ញបានដាក់កំហិតជាក់លាក់ណាស់ ។ អ្វីដែលអង្គបោះឆ្នោត(Electoral college)បានសរសេរនៅលើសន្លឹកឆ្នោត គឺត្រូវតែទទួលស្គាល់ជាផ្លូវការ ។ អ្នកដែលកែឬបំភ្លៃពាក្យពេចន៍របស់អង្គបោះឆ្នោតគឺក្បត់ឆន្ទពលរដ្ឋ ។ ក្បត់ឆន្ទពលរដ្ឋគឺស្មើនឹងក្បត់រដ្ឋធម្មនុញ្ញ ។ ក្បត់រដ្ឋធម្មនុញ្ញគឺក្បត់ជាតិ ។ រដ្ឋធម្មនុញ្ញអនុញាតិឲ្យសមាជិកតំណាងរាស្ត្រឬព្រឹទ្ធសភា ជំទាស់លទ្ធផលរបស់អង្គបោះឆ្នោតនៃមណ្ឌលណាមួយ ដោយតម្រូវឲ្យមានសម្លេងជំទាស់យ៉ាងហោចណាស់មួយរូបចេញពីស្ថាប័នតំណាងរាស្ត្រ និងមួយរូបទៀតចេញពីស្ថាប័នព្រឹទ្ធសភា ។ នៅពេលមានករណីនេះកើតឡើង សមាជិកអង្គប្រជុំចាំបាច់ត្រូវបំបែកជួរគ្នាទៅប្រជុំនៅក្នុងស្ថាប័នរបស់ខ្លួនរយៈពេលពីរម៉ោង ដើម្បីបោះឆ្នោតថាតើគួរទទួលស្គាល់ការជំទាស់ ឬក៏ទាត់ចោល ។ ការជំទាស់អាចទទួលយកបានឬក៏ជោគជ័យ តែនៅក្នុងករណីអង្គសភាទាំងពីរបោះឆ្នោតគាំទ្រ ។ សមាជិកភាគច្រើននៅក្នុងព្រឹទ្ធសាភាគឺជាអ្នកគាំទ្រលោក ត្រាំ ។ ឯសមាជិកភាគច្រើននៅក្នុងរដ្ឋសភា ឬស្ថាប័នតំណាងរាស្ត្រគឺជាអ្នកគាំទ្រលោក បៃដិន ។ ដូច្នេះ លទ្ធផលនៃការជំទាស់នានាគឺយើងដឹងជាមុនរួចទៅហើយថា វាជាការបរាជ័យជៀសមិនរួច ។ សមាជិកព្រឹទ្ធសភា ដែលគ្រោងដាក់ពាក្យជំទាស់នឹងលទ្ធផលរបស់អង្គបោះឆ្នោតចេញពីមណ្ឌលដែលខ្លួនគ្រោងជំទាស់នោះ ពួកគេក៏ដឹងដោយឥតមន្ទិលអំពីប្រការនេះដែរ ។ ក៏ប៉ុន្តែ នេះគឺជាល្ខោនរឿង Absurd ។ តួសម្តែងចាំបាច់ត្រូវតែ ABSURD ។
សមាជិករដ្ឋសភាច្រើនលើសលុបមកពីគ្រប់គណបក្សមិនឡប់ទេ ។ ពួកគេដឹងច្បាស់ថាអ្វីដែលត្រឹមត្រូវនិងអ្វីដែលមិនត្រឹមត្រូវ ឬអ្វីដែលគួរធ្វើ ។ លោក ចន ហ៊្សូន (John Thune) ដែលជាអ្នកគ្រុបគ្រងសមាជិកព្រឹទ្ធសភា(Majority Whip) មកពីគណបក្សសាធារណរដ្ឋដែលសហការីគ្រោងជំទាស់លទ្ធផលបោះឆ្នោតនោះ បានមានប្រសាសន៍ថា៖ ដំណើរជំទាស់នឹងលទ្ធផលឆ្នោតរបស់អង្គបោះឆ្នោត គឺមិនខុសអំពីឆ្កែត្រូវគ្រាប់ឡើយ "[It] would be like a shot dog" ។ ខ្ញុំមិនដែលឃើញឆ្កែត្រូវគ្រាប់ទេ ។ ធ្លាប់តែឃើញឆ្កែត្រូវព្រនង់ ។ ក៏ប៉ុន្តែ រូបារម្មណ៍នៅក្នុងពាក្យពេចន៍អត្ថាប្បដិរូប (Figurative language) ដែលបង្កប់ទៅដោយខ្លឹមសារជ្រៅជាងសមុទ្រនេះ ល្មមនឹងអាចឲ្យខ្ញុំយល់បាន ។ ធម្មតាសត្វឆ្កែ វាតែងតែមានម្ចាស់និងធ្វើកិច្ចការតម្រូវចិត្តម្ចាស់វាជានិច្ចជាកាល ។ ពេលខ្លះ ម្ចាស់វាឃ្នើសចិត្តក៏វាយវានឹងព្រនង់ឬទាញកាំភ្លើងមកបាញ់ ។ ឆ្កែដែលត្រូវព្រនង់ឬត្រូវគ្រាប់ ត្រូវតែរត់គេចចេញឲ្យឆ្ងាយពីផ្ទះរង់ចាំទាល់តែម្ចាស់ឈប់ខឹងទើបអាចចូលមកក្នុងផ្ទះវិញ ។ នៅក្នុងករណីដែលម្ចាស់អស់ភក្តីភាពជាមួយនឹងវា ឆ្កែនោះនឹងក្លាយជាឆ្កែដែលគេបំបរបង់ចោល ឬឆ្កែអនាថា ។ ជីវិតឆ្កែអនាថា គ្មានឡើយសេចក្តីសុខ ។ វានឹងត្រូវគេព្យាបាទឥតស្រាកស្រាន្ត ។ សូម្បីតែឆ្កែគ្នាឯងក៏មិនលើកលែងឲ្យដែរ ។ នៅក្នុងក្របខណ្ឌនយោបាយនៃសហរដ្ឋអាមេរិក ឆ្កែនៅទីនេះតំណាងឲ្យសមាជិករដ្ឋសភានិងមន្ត្រីរដ្ឋការដែលពលរដ្ឋបោះឆ្នោតជ្រើសរើសឲ្យមកកាន់តួនាទីរបស់ខ្លួន ។ ម្ចាស់ឆ្កែតំណាងឲ្យពលរដ្ឋ ។ សន្លឹកឆ្នោតគឺជាព្រនង់ឬគ្រាប់កាំភ្លើង ។ ឯផ្ទះគឺគ្មានអ្វីក្រៅអំពីមន្ទីររដ្ឋសភាឬសេតវិមាននោះទេ ។ អរគុណលោក ហ៊្សូន សម្រាប់ពាក្យមួយឃ្លាដ៏ខ្លីប្រកបដោយអត្ថន័យខ្លឹមសារមហាសាលនេះ ។ ឆ្កែត្រូវគ្រាប់!
នៅពេលនិយាយអំពីល្ខោនរឿង Absurd និងសោកនាដកម្មរបស់ឆ្កែត្រូវគ្រាប់ ខ្ញុំនឹកទៅដល់តួអង្គសុីស្សុីហ្វុស(Sisyphus)នៅក្នុងអក្សរសីល្ប៍ក្រិច ។ សុីស្សុីហ្វុសត្រូវបានព្រះអាទិទេពដាក់ទណ្ឌកម្មឲ្យលីឬរុញថ្មមួយដុំដ៏ធំឡើងទៅលើកំពូលភ្នំ ។ គាត់គ្មានលទ្ធភាពនឹងលីដុំថ្មឡើងទៅឲ្យដល់កំពូលភ្នំឡើយ ។ ដូច្នេះ សុីស្សុីហ្វុសត្រូវតែដាក់ដុំថ្មចុះនៅពាក់កណ្តាលផ្លូវដែលជាហេតុនាំឲ្យដុំថ្មនោះរមៀលចុះមកជើងភ្នំវិញ ។ ដោយហេតុតែគាត់ត្រូវបានព្រះអាទិទេពដាក់ទណ្ឌកម្មឲ្យលីដុំថ្មឡើងទៅដាក់នៅលើកំពូលភ្នំ សុីស្សុីហ្វុសគ្មានជម្រើសអ្វីក្រៅអំពីធ្វើកិច្ចការដែលបរាជ័យដដែលៗនោះរហូតដល់អវសានជីវិតឡើយ ។ ក៏ប៉ុន្តែ សុីស្សុីហ្វុសដែលធ្វើកិច្ចការបរាជ័យមិនព្រមឈប់ដោយសារទណ្ឌកម្មរបស់អាទិទេព យ៉ាងហោចណាស់ក៏នៅគ្រាន់បើជាងតួល្ខោននៅក្នុងរឿង Absurd ដែរ ។ សមាជិកសភាដែលគ្រោងជំទាស់នឹងលទ្ធផលសន្លឹកឆ្នោតរបស់អង្គបោះឆ្នោត(Electoral college votes)នេះ អត់មានព្រះអាទិទេពណាដាក់ទោសពួកគេទេ ។ លោកត្រាំក៏អត់បានគម្រាមដាក់ទោសពួកគេដោយត្រង់ៗដែរ ។ ពួកគេសម្រេចចិត្តដាក់ទោសខ្លួនឯងឲ្យក្លាយទៅជាឆ្កែត្រូវគ្រាប់ ។ វាគ្មានអ្វី Absurd ជាងនេះឡើយ!
មុននឹងបញ្ចប់អត្ថបទរឿង Absurd នេះ ខ្ញុំសូមនិយាយអំពីតួនាទីរបស់លោកអនុប្រធានាធិបតី ម៉ៃ ផេនស៍ (Mike Pence) បន្តិច ។ លោក ផេនស៍ ជាមនុស្សតែម្នាក់គត់នៅក្នុងប្រព័ន្ធរដ្ឋបាលនៃសហរដ្ឋអាមេរិកដែលរដ្ឋធម្មនុញ្ញអនុញាតិឲ្យមានតួនាទីនៅក្នុងនីតិប្រតិបត្តិផង និងនីតិបញ្ញតិផង ។ តួនាទីរបស់លោក ផេនស៍ នៅក្នុងស្ថាប័ននីតិបញ្ញតិគឺជាប្រធានអធិបតីព្រឹទ្ធសភា (Ceremonial Leader) ។ រដ្ឋធម្មនុញ្ញដាក់កំហិតឲ្យគាត់ធ្វើកិច្ចការតែពីរមុខគត់នៅទីនោះ ។ ទីមួយគឺបោះឆ្នោតបំបែកភាពទាល់ច្រក នៅពេលដែលព្រឹទ្ធសភាដែលមានសមាជិក១០០នាក់ បោះឆ្នោតមិនចាញ់មិនឈ្នះ(Tie)នៅក្នុងការសម្រេចកិច្ចការអ្វីមួយ ។ ទីពីរគឺធ្វើជាអធិបតីនៅក្នុងការរាប់សន្លឹកឆ្នោតតំណាង (Electoral Votes) ដើម្បីតែងតាំងប្រធានាធិបតីរៀងរាល់អាណតិ ។ នៅក្នុងនីតិវិធីនៃការរាប់សន្លឹកឆ្នោតនេះ សមាជិកសភាតំណាងឲ្យគណបក្សឈ្នះឆ្នោត និងគណបក្សដែលចាញ់ឆ្នោត ត្រូវបានគេតែងតាំងឲ្យធ្វើជាអ្នកត្រួតពិនិត្យនិងរាប់សន្លឹកឆ្នោត (Tellers) ។ ពួកគេ(Tellers) គឺជាអ្នកបើកស្រោមសំបុត្រសន្លឹកឆ្នោតតំណាងរបស់មណ្ឌលនីមួយៗ ហើយកត់ត្រានិងអានសេចក្តីប្រកាសនៅលើសន្លឹកឆ្នោតស្របតាមអ្វីដែលគេបានសរសេរនៅលើនោះ ។ បើគេសរសេរថាសន្លឹកឆ្នោតប្រគល់ជូនលោក ចូ បៃដិន អ្នកអានមិនអាចថ្លែងថា ប្រគល់ឲ្យលោក ដូណាល់ ត្រាំ បានទេ ។ វាមានទោសកុហកបោកប្រាស់(Purgery) ទោះបីអភ័យឯកសិទ្ធិជាសមាជិកសភាក៏មិនអាចជួយគាត់បានដែរ ។ ឯតួនាទីរបស់លោក ផេនស៍ គឺសួរអង្គប្រជុំថាតើមានអ្នកជំទាស់ដែរឬទេ បន្ទាប់ពីលទ្ធផលឆ្នោតតំណាងរបស់មណ្ឌលនីមួយៗត្រូវបានប្រកាស ។ នៅចុងបញ្ចប់ លោក ផេនស៍ អានចំនួនសន្លឹកឆ្នោតដែលបេក្ខជនប្រធានាធិបតីនីមួយៗទទួលបាន ហើយប្រកាសទទួលស្គាល់អ្នកដែលត្រូវឡើងកាន់តំណែងជាប្រធានាធិបតី ។
ទោះជាយ៉ាងណាក៏ដោយ ថ្មីៗនេះតំណាងរាស្ត្រម្នាក់ឈ្មោះលោក ហ្គូមឺត (Gohmert) បានដាក់ពាក្យប្តឹងទៅតុលាការសុំឲ្យលោក ផេនស៍ ទាត់ចោលអ្វីដែលមានចារនៅក្នុងរដ្ឋធម្មនុញ្ញ ហើយយកតួនាទីគាត់ដែលជាអធិបតីនៃកិច្ចប្រជុំរាប់សន្លឹកឆ្នោតតំណាង ប្រកាសប្រគល់សន្លឹកឆ្នោតនៅក្នុងមណ្ឌលមួយចំនួនដែលលោកត្រាំចាញ់ឲ្យទៅលោកត្រាំ ។ សំណូមពររបស់លោក ហ្គូមឺត នោះ គឺស្មើនឹងឲ្យលោក ផេនស៍ តែងតាំងខ្លួនឯងជាស្តេចផែនដី (Tyrant) ។ សូមកុំភ្លេចថា នៅឆ្នាំ ១៧៧៦ ពលរដ្ឋអាមេរិកាំងបានធ្វើបដិវត្តបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីរំដោះខ្លួនចេញអំពីកណ្តាប់ដៃនៃស្តេចផែនដី (Tyrant) ។ បន្ទាប់ពីព្រឹត្តិការណ៍តស៊ូស្វែងរកសេរីភាពដ៏ស្វិតស្វាញនោះ លោក ថូម៉ាស ហ្ចេហ្វឺសុន បានសរសេរបណ្តាំមួយទុកឲ្យពលរដ្ឋអាមេរិកាំងជំនាន់ក្រោយថា៖ ដើមសេរីភាពគឺចាំបាច់ត្រូវតែយកឈាមជនផ្តាច់ការនិងអ្នកស្នេហាជាតិមកស្រោចស្រពជារឿយៗ "The tree of liberty must be refreshed from time to time with the blood of patriots and tyrants." ។ លោក ផេនស៍ អាចជាមនុស្សជំនាន់ក្រោយនៃក្រុមអ្នកបដិវត្តសម័យឆ្នាំ ១៧៧៦ ។ ដូនតាគាត់ក៏ប្រហែលជាបាននិយាយប្រាប់គាត់ អំពីនិទាននៃរឿងដើមឈើសេរីភាពនេះដែរ ។ ក្នុងនាមជាអ្នកនយោបាយរបស់សហរដ្ឋអាមេរិកមួយរូប ខ្ញុំជឿជាក់ថាលោក ផេនស៍ ដឹងនិងចងចាំរឿងនិទាននេះច្បាស់ជាងថ្ងៃខែឆ្នាំកំណើតរបស់គាត់ទៅទៀត ។ សំណួរតែមួយគត់ដែលយើងត្រូវរង់ចាំចម្លើយគឺថា តើលោក ផេនស៍ នឹងចូលរួមសម្តែងល្ខោនរឿង Absurd ដែរឬទេ ។ Enjoy the spectacle!
Friday, January 1, 2021
ចំណីខួរក្បាល
មនុស្សឱកាសនិយម
ខ្ញុំជាមនុស្សឱកាសនិយម ។ Yes, I am an opportunistic person! ទុក្ខកង្វល់របស់អ្នកដទៃ វាជាសេចក្តីសុខនិងសារប្រយោជន៍សម្រាប់ខ្ញុំ ។ ខ្ញុំមិនដឹងថា ខ្ញុំក្លាយជាមនុស្សឱកាសនិយមពីពេលណាមកទេ ។ ប៉ុន្តែ បើតាមការសន្និដ្ឋានរបស់ខ្ញុំ វាអាចចាប់ផ្តើមនាថ្ងៃមួយដែលខ្ញុំទើបនឹងមកដល់សហរដ្ឋអាមេរិក ។ ខ្ញុំចូលមករស់នៅក្នុងរដ្ឋមីនីសូតានៃសហរដ្ឋអាមេរិកនាខែមករា ។ គ្រានោះធាតុអាកាសត្រជាក់ខ្លាំងណាស់ ។ សម្លៀកបំពាក់សម្រាប់រដូវរងារដែលខ្ញុំទិញពីស្រុកសៀមមក មិនអាចប្រើប្រាស់កើតឡើយ ។ ដូច្នេះ បងប្រុសខ្ញុំបាននាំខ្ញុំទៅរកទិញសម្លៀកបំពាក់មួយចំនួនទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ។ ទៅដល់ហាងលក់សម្លៀកបំពាក់ដ៏ធំមួយ គាត់នាំខ្ញុំទៅរកទិញអាវរងារដែលមានកម្រាស់ក្រាស់ជាងបាវក្រចៅហើយពាក់ទៅធ្ងន់ដូចស្ពាយទៃអង្ករ ។ នៅកន្លែងមួយនោះ គេដាក់ស្លាក On Sale បិទនៅចុងស្នួរព្យួរខោអាវ ។ បងខ្ញុំប្រាប់ថា ទីនេះគេដាក់លក់ឥវ៉ាន់ចុះតម្លៃ ។ ដូច្នេះ ខ្ញុំគួរចូលទៅរកមើលសម្លៀកបំពាក់នៅកន្លែងហ្នឹង ដើម្បីស្វែករកសម្លៀកបំពាក់ដែលមានតម្លៃថោក ។
ខ្ញុំចាប់ផ្តើមកត់ចំណាំពាក្យ On Sale ជាមួយនឹងឥវ៉ាន់លក់បញ្ចុះតម្លៃចាប់ពីពេលនោះមក ។ ប៉ុន្តែមិនសូវខ្វល់ខ្វាយនឹងឱកាសទិញរបស់របរលក់ក្រោមតម្លៃនេះប៉ុន្មានទេត្បិតមិនទាន់យល់អំពីសារសំខាន់របស់វា ។ លុះបីឆ្នាំក្រោយមក ខ្ញុំបានចូលទៅធ្វើការក្រោយម៉ោងរៀននៅក្នុងហាងលក់សម្លៀកបំពាក់មួយ ។ ដោយហេតុខ្ញុំមិនដែលនិងមិនចេះបញ្ជាម៉ាសុីនគិតលុយ តួនាទីដំបូងរបស់ខ្ញុំគឺជាអ្នកយាមបន្ទប់លសម្លៀកបំពាក់និងយកសម្លៀកបំពាក់ដែលអតិថិជនមិនត្រូវការទៅរៀបដាក់តាំងលក់នៅកន្លែងដើមវិញ ។ ខ្ញុំហ្វឹកហាត់ការងារប្រហែលមួយឆ្នាំក្រោយមកក៏ត្រូវបានគេតម្លើងតួនាទីឲ្យចាត់ចែងការងារបុគ្គលិកវិញម្តង (Supervisor) ។ គឺនៅគ្រានោះហើយដែលខ្ញុំចាប់ផ្តើមយល់លម្អិតអំពីសារប្រយោជន៍នៃគោលការណ៍ឱកាសនិយម (Opportunism) ។ ក្នុងប្រតិបត្តិការលក់សម្លៀកបំពាក់នៅអាមេរិកគឺផ្អែកតាមរដូវកាល គិម្ហន្តរដូវ វស្សន្តរដូវ សរទរដូវ និង ហេមន្តរដូវ (Summer, Falls, Winter, and Spring) ។ នៅចុងរដូវនីមួយៗ គេត្រូវយកឥវ៉ាន់សម្រាប់រដូវថ្មីមកដាក់លក់ ។ ដូច្នេះ ឥវ៉ាន់ដែលសល់ពីរដូវចាស់នោះតែងតែត្រូវបានបញ្ចុះតម្លៃ ដើម្បីយកកន្លែងដាក់លក់ឥវ៉ាន់ដែលទើបនឹងមកដល់ថ្មីៗ ។ របៀបបញ្ចុះតម្លៃគឺមានបីដំណាក់កាលដែលភាសាអង់គ្លេសហៅថា៖ First Markdown, Second Markdown, and Final Markdown ។ ដំណាក់កាលទីមួយគេចុះតម្លៃ ២០ភាគរយ ។ ដំណាក់ទីពីរ ២០ភាគរយទៀត ។ ដំណាក់កាលចុងក្រោយក៏ ២០ភាគរយផងដែរ ។ សរុបទាំងអស់ ៦០ភាគរយនៃតម្លៃសរុប ។ សម្លៀកបំពាក់ដែលលក់មិនអស់បន្ទាប់ពីចុះតម្លៃអស់៦០ភាគរយ យើងកត់តម្លៃចុងក្រោយទុកកាត់កងជាមួយពន្ធប្រចាំឆ្នាំ ។ រួចហើយប្រមូលដាក់ក្នុងឡាំងធំៗដើម្បីបញ្ជូនឲ្យអង្គការឬស្ថាបន័មនុស្សធម៌នានាលក់ថោកៗ ឬក៏ដឹងទៅឲ្យពលរដ្ឋអត្តខាត់នៅតាមជំរំជនភៀសខ្លួនឬប្រទេសក្រីក្រ ។ បន្ទាប់ពីយល់អំពីដំណើរការលក់សម្លៀកបំពាក់នេះ ខ្ញុំកម្រទិញសម្លៀកបំពាក់ដែលលក់មិនចុះតម្លៃណាស់ ។ ខ្ញុំដឹងថាពេលណាដែលត្រូវទៅរកសម្លៀកបំពាក់សម្រាប់ប្រើប្រាស់ ។ ជាលទ្ធផល ខ្ញុំអាចសន្សំប្រាក់ពី ២០ទៅ៦០ភាគរយ ក្នុងការចំណាយលើសម្លៀកបំពាក់ ។ សម្រាប់អ្នករស់នៅអាមេរិកដែលចង់ដឹងថាពេលណាជាឱកាសអតិប្បមាក្នុងការទិញសម្លៀកបំពាក់បានថោកបំផុតនោះ ទៅរកទិញនៅអាទិត្យទីពីរនៃខែមករា ។ រយៈពេលមួយខែបន្ទាប់ពីអាទិត្យទីពីរនៃខែមករានោះ គឺជាពេលវេលាដែលសម្លៀកបំពាក់ចុះថោកបំផុតហើយ ។
ក្រៅអំពីសម្លៀកបំពាក់ ចំណីអាហារនិងរបស់របរប្រើប្រាស់ក្នុងផ្ទះប្រចាំថ្ងៃក៏យើងអាចប្រើឱកាសនិយមសន្សំប្រាក់បានដូចគ្នា ។ ជាទូទៅ ហាងលក់គ្រឿងឧបភោគបរិភោគនៅសហរដ្ឋអាមេរិក ជាប្រភេទលក់ដូរយកកម្រៃ (Consignments) ។ មានន័យថាក្រុមហ៊ុនឬអ្នកផលិតយកឥវ៉ាន់មកដាក់ឲ្យគេលក់ជំនួសខ្លួន ហើយបែងចែកប្រាក់ចំណេញទៅឲ្យអ្នកលក់ ។ ប្រតិបត្តិការគឺស្រដៀងគ្នានឹងការលក់សម្លៀកបំពាក់ដែរ ។ បញ្ហាគឺទីកន្លែង(Spaces)សម្រាប់ដាក់លក់ផលិតផល ។ នៅពេលដែលឥវ៉ាន់ចាស់លក់មិនទាន់អស់ ឥវ៉ាន់ថ្មីដឹកមកដល់ គេចាំបាច់ត្រូវតែបញ្ចុះតម្លៃដើម្បីរកទីកន្លែងផ្ទុកឥវ៉ាន់មកដល់ថ្មី ។ ក្នុងនាមជាអតិថិជន យើងអាចបែងចែករបស់របរដែលយើងត្រូវការប្រចាំគ្រួសារជារបស់ដែលគ្មានកាលកំណត់ដូចជាអំបិល ស្ករ សាប៊ូ ច្រាសដុសធ្មេញជាដើម ។ល។ មួយឡែកនិងរបស់ដែលមានកាលកំណត់មួយឡែក ។ របស់ដែលគ្មានកាលកំណត់យើងអាចទិញស្តុកទុកប្រើប្រាស់សម្រាប់រយៈពេល៦ខែទៅ១ឆ្នាំ នៅពេលដែលរបស់ទាំងនោះត្រូវបានគេលក់ចុះតម្លៃ ។ ឯរបស់ដែលមានកាលកំណត់យើងទិញយកមកស្តុកទុកប្រើរយៈពេលពី៣ខែទៅ៦ខែ ។ យើងបន្តទិញស្តុកទុកប្រើជាប្រចាំនៅពេលឱកាសហុចឲ្យ ។ ជាទូទៅ របស់ចង្អៀតឃ្លាំងគេដាក់លក់ចុះតម្លៃពី ១៥ទៅ៤០ ភាគរយ ។
ក្រៅអំពីយុទ្ធសាស្ត្រឱកាសនិយមទិញរបស់ប្រើប្រាស់នេះ ការចូលជាសមាជិកនៃហាងលក់ចំណីអាហារណាមួយដែលមានលក់របស់យើងត្រូវការជាប្រចាំច្រើននោះ ក៏ផ្តល់សារប្រយោជន៍ឲ្យយើងច្រើនដែរ ។ ជាទូទៅសមាជិករបស់ហាងអាចមានឱកាសទិញរបស់ចុះតម្លៃពី ២០ទៅ៥០ភាគរយជាប្រចាំ ។ ការប្រើយុទ្ធសាស្ត្រឱកាសនិយមនេះ ឃើញថាសម្រួលដល់ការរស់នៅរបស់ខ្ញុំច្រើនណាស់រយៈពេលជាង២០ឆ្នាំកន្លងទៅនេះ ។ តម្រូវការនៃថវិកាសម្រាប់រស់នៅក៏មានភាពធូស្រាលបន្តិចដែរ ។ បើមនុស្សទូទៅត្រូវការប្រាក់២មុឺនដុល្លារដើម្បីទ្រទ្រង់ជីវិតរយៈពេលមួយឆ្នាំ ខ្ញុំអាចរស់បានដោយប្រើថវិការត្រឹម ១មុឺន៥ពាន់ប៉ុណ្ណោះ ៕
Subscribe to:
Posts (Atom)
ចំណីខួរក្បាល
គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...
-
រឿង តោនិងក្របីព្រៃ តោមួយបានដើរស្វែងរកអាហារ នៅក្បែរមាត់ព្រៃ ។ នៅពេលវាដើរ មកដល់ក្បែរមាត់បឹងមួយ វាបានឃើញក្របីព្រៃឈ្មោលចំនួនបួន កំពុង ឈរស៊ីស...
-
រឿង ក្មេងប្រុសនិងសត្វកង្កែប មានក្មេងប្រុសមួយក្រុម បាននាំគ្នាទៅរត់លេង នៅក្បែរមាត់ត្រពាំងមួយ ដែលមានសត្វកង្កែបជាច្រើនរស់នៅ ។ បន្ទាប់ពីពួកគេរត...
-
ឱកាសនៅក្នុងឧបស័គ្គ (Opportunity inside Obstacle) នៅក្នុងរង្វង់ជនអន្តោប្រវេសដែលទៅរស់នៅក្នុងប្រទេសថ្មី មានពាក្យមួយឃ្លាដែលគេតែងពោលថា៖ ជនអន្តោ...