Friday, February 23, 2024
ចំណីខួរក្បាល
អត្ថន័យជីវិត
ជីវិតគ្មានន័យអ្វីទេ ។ មានតែពាក្យសម្តីប៉ុណ្ណោះ ដែលមានន័យ ។ "Life doesn't have any meaning; only word has meaning." ពាក្យពីរឃ្លានេះ អាចចាត់ទុកថាជាកម្មសិទ្ធិបញ្ញារបស់ខ្ញុំ ដ្បិតវាមានលក្ខណៈរឡិករឡក់ (Silly) គ្រប់គ្រាន់សម្រាប់ពិចារណារកហេតុផល ។
អត្ថិភាពជីវិត បើគិតឲ្យវែងឆ្ងាយគឺគ្មានន័យអ្វីទាំងអស់ ។ ហេតុអ្វីបានជាយើងអះអាងដូច្នេះ ។ ពីព្រោះអត្ថិភាពនៃជីវិត គឺគ្មានអ្វីក្រៅតែអំពីភាវ កើតរលត់ៗ នៅក្នុងដំណើរធម្មជាតិនោះទេ ។ ទាំងសត្វតិរច្ឆាន ទាំងមនុស្ស មិនថាជាស្តេច មន្ត្រី សេដ្ឋី ឬក៏រាស្ត្រក្រីក្រតោកយ៉ាកឡើយ សុទ្ធតែស្ថិតនៅក្នុងភាវ កើតរលត់ៗដូចគ្នា ។ បើគិតឲ្យល្អិតទៅ អត្ថិភាពនៃជីវិតដែលអាចមានថេរវេលាពី ១ថ្ងៃ ទៅ ១០០ឆ្នាំ (លើសខ្វះតិចតួច) គឺគ្មានអ្វីវិសេសវិសាលដែលអាចចាត់ទុកថា មានន័យឡើយ ។ កត្តាតែមួយគត់ដែលជាមែកធាងនៃអត្ថិភាពជីវិត គឺការបន្តពូជ ឬការបន្តភាវកើតរលត់ៗ ។ ការបន្តពូជ ឬភាវកើតរលត់ៗនេះទៀតសោត ក៏មិនមែនជាស្នាដៃ ឬក៏តាក់តែងចេញអំពីជីវិតដែរ ។ វាគ្រាន់តែជាសភាវគតិដែលធម្មជាតិតាក់តែងឡើង ដើម្បីដាក់ទណ្ឌកម្មលើជីវិតមនុស្សនិងសត្វជានិរន្ត (Perpetually) ឲ្យបន្តអត្ថិភាពរបស់ខ្លួនកំដរភពផែនដីកុំឲ្យស្ងាត់តែប៉ុណ្ណោះ ។ មនុស្សជាច្រើនយល់ច្រឡំថា ជីវិតមានន័យ ដ្បិតខ្លួនរកបានសុភមង្គល និងបានចែករំលែកសុភមង្គលទៅដល់អ្នកដទៃ ។ តាមពិត រកបានសុភមង្គលនិងចែករំលែកសុភមង្គល គឺអាស្រ័យដោយកម្ម ឬទង្វើ ដែលជាកត្តាមួយដាច់ដោយឡែកអំពីជីវិត ។ ថ្វីដ្បិតតែជីវិត និងកម្មហាក់ដូចជាមានរូបតែមួយក្តី ប៉ុន្តែអត្ថិភាពរបស់វាគឺមានលក្ខណៈជាភាវទ្រទ្រង់គ្នាទៅវិញទៅមក (Symbiotic Existence) ។ ជីវិតបង្កើតកម្ម ។ កម្មផ្តល់លទ្ធភាពឲ្យជីវិតមានអត្ថិភាព (Life creates action; action gives existence to life) ។ គួរកត់សម្គាល់ថា កម្មផ្តល់ត្រឹមតែលទ្ធភាពឲ្យជីវិតមានអត្ថិភាពប៉ុណ្ណោះ ។ អត្ថន័យផងទាំងពួងគឺស្ថិតនៅជាមួយនឹងកម្មទាំងអស់ ។ គួរកត់សម្គាល់ថែមទៀតថា កម្មប្រព្រឹត្តិទៅបានដោយមានភ្នាក់ងារបីជាជំនួយគឺ៖ កាយ វាចា និង ចិត្ត ។ គួរកត់សម្គាល់ដែរថា វាចា ឬពាក្យសម្តី ដែលខ្ញុំពណ៌នានៅចំណុចចាប់ផ្តើមនៃអត្ថបទនេះ គឺជាផ្នែកមួយនៃកម្ម ។
ទាំងមនុស្ស ទាំងសត្វ ពេលយើងកើតចេញពីផ្ទៃម្តាយ ឬចាប់កំណើតភ្លាមគឺយើងកម្រើងដៃជើងនិងស្រែកយំ ។ នេះគឺជាភស្តុតាងនៃកម្មកាយនិងវាចា ។ កម្មកាយនិងវាចានេះគឺត្រូវបានបញ្ជាឬដឹកនាំដោយចិត្ត ។ ដូច្នេះ កាយកម្មំ និង វាចាកម្មំ កើតចេញអំពី មនោកម្មំ ។ ដើម្បីងាយស្រួលនៅក្នុងការស្វែងយល់ នៅពេលយើងនិយាយអំពី កម្ម ឬ ទង្វើ ដែលជាភ្នាក់ងារ ឬក៏ដៃគូនៃជីវិត យើងគួរកត់សម្គាល់ថា រាល់ទង្វើនានាមានប្រភពចេញមកពីក្នុងចិត្ត ឬមនោ ។ ជីវិតជាជម្រករបស់ចិត្ត ឬមនោ ។ ចិត្តកម្ម ឬ មនោកម្មំ ជាជម្រកឬជាឫសគល់របស់ វាចាកម្មំ និង កាយកម្មំ ។
នៅវគ្គខាងលើ ខ្ញុំអះអាងថា ជីវិត និង ទង្វើ ឬកម្ម ជាសភាវពីរដាច់ដោយឡែកពីគ្នា ។ វាមានទំនាក់ទំនងនឹងគ្នាជាលក្ខណៈ "ទ្រទ្រង់ ឬពឹងទៅពឹងមក" (Symbiosis) ។ តើយើងញែកភាវពីរដែលមានទំនាក់ទំនងនឹងគ្នា (Interdependent) ដោយរបៀណា ? ប្រការនេះ ប្រហែលជាត្រូវពឹងលើកម្មហើយ ។ នៅក្នុងកម្មមានភាវពីរដែលភាសាអង់គ្លេសហៅថា Dichotomy (អង្គភាពភ្លោះ) ។ ថ្វីដ្បិតតែពាក្យ Symbiosis and Dichotomy មិនមានអត្ថន័យដូចគ្នាបេះបិទក៏ដោយ ក៏ប៉ុន្តែវាមានទម្រង់ជាគូនិងមានមុខងារស្រដៀងគ្នា ។ យើងអាចហៅអង្គភាពភ្លោះនេះថា Good and Evil (កុសលកម្ម និង អកុសលកម្ម) ។ និយាយឲ្យងាយយល់មែនទែនគឺ ទង្វើគុណធម៌ និង ទង្វើអគុណធម៌ ។ មកដល់ចំណុចនេះ យើងប្រហែលជាមិនចាំបាច់វែកញែកវែងឆ្ងាយតទៅទៀតទេ ។ កុសលកម្ម និង អកុសលកម្ម ប្រៀបបានទៅនឹង ទឹក ហើយនិង ប្រេង ។ វាជាវត្ថុរាវដូចគ្នា ។ អាចមានអត្ថិភាពនៅជាមួយគ្នាបាន ។ ក៏ប៉ុន្តែ សារធាតុរបស់វា មិនអាចជ្រាបចូលគ្នាបានឡើយ ។ យ៉ាងណាមិញ ជីវិត និង កម្ម ក៏មិនអាចច្របូកចូលគ្នាបានដែរ ។ ជីវិត មានកម្មជាដៃគូ ។ កម្ម មានកុសលនិងអកុសលជាកូន ។ ជីវិតនិងកម្មជ្រកនៅក្នុងរូប ។ កុសលនិងអកុសលជ្រកនៅក្នុងកម្ម ។ ភាវទាំងអស់នេះ ប្រៀបបាននឹងសមាជិកគ្រួសារនៅក្នុងផ្ទះតែមួយ ប៉ុន្តែមានអត្តសញ្ញាណនិងអាកប្បកិរិយា (Characters) ដាច់ដោយឡែកអំពីគ្នា ។ ដូច្នេះ នៅពេលដែលយើងពិនិត្យពិចារណាឲ្យបានល្អិតល្អន់ យើងនឹងមើលឃើញថា ភាវរបស់ជីវិតគឺ កើតរលត់ៗ ។ នោចន្លោះពេលកើតរលត់នេះ ជីវិតបង្កើតជីវិតថ្មីដើម្បីបន្តអត្ថិភាពនៃភាវកើតរលត់ៗនៅលើភពផែនដីតរៀងទៅ ។ នៅចំពោះមុខភាវកើតរលត់ៗនេះ យើងអាចសួរខ្លួនឯងថា តើជីវិតមានន័យនៅត្រង់ណា ។ បើយើងរកអត្ថន័យមិនឃើញទេ នោះជីវិតពិតជាគ្មានន័យអ្វីឡើយ ៕
Subscribe to:
Post Comments (Atom)
ចំណីខួរក្បាល
គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...
-
រឿង តោនិងក្របីព្រៃ តោមួយបានដើរស្វែងរកអាហារ នៅក្បែរមាត់ព្រៃ ។ នៅពេលវាដើរ មកដល់ក្បែរមាត់បឹងមួយ វាបានឃើញក្របីព្រៃឈ្មោលចំនួនបួន កំពុង ឈរស៊ីស...
-
រឿង ក្មេងប្រុសនិងសត្វកង្កែប មានក្មេងប្រុសមួយក្រុម បាននាំគ្នាទៅរត់លេង នៅក្បែរមាត់ត្រពាំងមួយ ដែលមានសត្វកង្កែបជាច្រើនរស់នៅ ។ បន្ទាប់ពីពួកគេរត...
-
ឱកាសនៅក្នុងឧបស័គ្គ (Opportunity inside Obstacle) នៅក្នុងរង្វង់ជនអន្តោប្រវេសដែលទៅរស់នៅក្នុងប្រទេសថ្មី មានពាក្យមួយឃ្លាដែលគេតែងពោលថា៖ ជនអន្តោ...
No comments:
Post a Comment