Wednesday, October 18, 2023

ចំណីខួរក្បាល

បដិការកម្ម កាលពីខែមុន ខ្ញុំរពឹសដៃទៅកេះក្រម៉នៅក្រោមបាសាំងលុបមុខរបស់ខ្ញុំ ក៏រងគ្រោះមហន្តរាយចំណាយប្រាក់អស់ ២២០០០ដុល្លារ ។ ការចំណាយនេះបើគិតជាសម្ភារអស់ប្រហែលជា ៥០០០ដុល្លារទេ ។ អ្វីដែលធ្ងន់ធ្ងរគឺឈ្នួលជាងដែលត្រូវចំណាយ ៣ភាគ៤ នៃចំណាយសរុប ។ ត្រង់ចំណុចនេះ ខ្ញុំសូមលើកយកប្រការមួយដែលអ្នករស់នៅស្រុកខ្មែរតែងតែលើកយកមកនិយាយលេងសើចគឺ "ស្អែកទៅធ្វើការងារសំណង់ធម្មតា" ក្នុងន័យបន្តុះបង្អាប់របររកសុីជាជាងសំណង់ ។ ជាងសំណង់នៅស្រុកអាមេរិក មិនជាអាប់អោនណាស់ណាទេ ថ្វីដ្បិតតែពួកគេស្លៀកពាក់កន្ត្រេកកន្ត្រាក ។ ពួកគេអាចរកចំណូលបានយ៉ាងច្រើន ប្រសិនបើធ្វើការងារឲ្យអតិថិជនបានល្អ ។ ដើមចមនៃការជួសជុលអំពល់ទុក្ខដោយសារតែរបស់ប្រើប្រាស់ក្នុងផ្ទះខូចនេះ គឺកើតចេញអំពីជញ្ជាំងពុកនៅជុំវិញទុយយោទឹកខាងក្រោមបាសាំងលុបមុខ ។ ខ្ញុំសង្កេតឃើញវាហាក់ដូចជាមានសំណើម ក៏យកម្រាមដៃទៅខ្វេះឆ្កឹះយកកំទេចកំទីចេញដើម្បីពិនិត្យមើល ។ បន្ទាប់ពីឆ្កឹះជញ្ជាំងដែលពុកចេញអស់ ខ្ញុំយកដៃទៅស្ទាបទុយយោទឹកតូចដែលមានស្នឹម ហើយមានអារម្មណ៍ថាវាមានសំណើមតិចៗ ។ ដោយហេតុតែខ្ញុំគ្មានលទ្ធភាពនឹងជួសជុលទុយយោទឹកនោះ ខ្ញុំក៏សម្រេចហៅជាងសំណង់មកជួសជុល ។ ជាងសំណង់ដែលខ្ញុំហៅមកជួសជុលផ្ទះខ្ញុំនេះ គឺជាជាងអង្កាច់អង្កោចដែលខ្ញុំធ្លាប់ឃើញមកសម្អាតនិងលាងជញ្ចាំងផ្ទះអ្នកជិតខាងខ្ញុំ ។ គាត់គ្មានក្រុមហ៊ុនអ្វីធំដុំទេ ។ ខ្ញុំសួរគាត់ថា ចេះធ្វើអ្វីខ្លះទាក់ទងនឹងផ្ទះសម្បែង ។ គាត់ឆ្លើយថា ចេះធ្វើសព្វបែបយ៉ាង ។ ដោយឃើញគាត់មានឫកពារាក់ទាក់ ខ្ញុំក៏សុំលេខទូរសព្ទគាត់មកទុកក្រែងថ្ងៃណាមួយត្រូវការពឹងពាក់គាត់ ។ អ្នករស់នៅស្រុកអាមេរិក ជាទូទៅរមែងតែងឃើញឡាន Van ពណ៌សដែលមានជណ្តើរច្រងេងច្រងាងចងនៅលើដំបូល ។ ក្រុមជាងជួសជុលផ្ទះដែលប្រើឡានពណ៌សហ្នឹង ភាគច្រើនគឺជាជនអន្តោប្រវេស ស្របច្បាប់ក្តី មិនស្របច្បាប់ក្តី ភៀសខ្លួនមកពីទ្វីបអាមេរិកភាគកណ្តាល និងភាគខាងត្បួង ។ ពួកគេមានចំណុចរួមមួយ គឺប្រើកម្លាំពលកម្មដើម្បីទ្រទ្រង់ជីវិតក៏ដូចជា ដើម្បីជួយដល់សមាជិកគ្រួសារដែលកំពុងរស់នៅឯស្រុកកំណើត ។ ស្ថានភាពរបស់ពួកគេ គឺមិនខុសអំពីពលរដ្ឋខ្មែរដែលធ្វើចំណាកស្រុកទៅធ្វើការងារនៅក្នុងប្រទេស ថៃ កូរ៉េខាងត្បួង ឬជប៉ុនឡើយ ។ ទុករឿងអន្តោប្រវេសន៍និងពលករចំណាកស្រុកមួយកណ្តុប ។ អ្វីដែលខ្ញុំចង់លើកយកមកនិយាយនៅក្នុងអត្ថបទនេះគឺ ទំនាក់ទំនងរវាងមនុស្សជាតិដែលមានពូជអម្បូរនិងវប្បធម៌ទីទៃពីគ្នា ។ កាលរៀននៅមធ្យមសិក្សា ខ្ញុំធ្លាប់អានកំណត់ត្រាជីវិត (Diary) របស់យុវតី អាន ហ្វ្រេង ដែលសរសេរថា៖ មនុស្សទាំងអស់ កើតមកមិនអាក្រក់ជួជាតិទេ ។ គឺបរិយាការសង្គម (Social environment) ដែលធ្វើឲ្យពួកគេក្លាយទៅជាមនុស្សអាក្រក់ឃោរឃៅ ។ ខ្ញុំក៏មានគំនិតដូចជានាង អាន ហ្វ្រេង ដែរ ។ ប៉ុន្តែ ខ្ញុំមានទស្សនមួយបន្ថែមទៀត គឺថាមនុស្សទាំងអស់មាននិន្នាការ បដិការកម្ម ។ ពាក្យនេះមានន័យថា ទង្វើដែលយើងប្រព្រឹត្តិទៅលើអ្នកដទៃ ដោយកាយក្តី វាចាក្តី ចិត្តក្តី រមែងទទួលផលទៅតាមសទ្ធារបស់យើង ។ មិនដឹងជាទស្សននេះកើតមានក្នុងគំនិតខ្ញុំពីពេលណាមកទេ ។ វាប្រហែលជាកកើតតាំងតែពីដើមទសវត្សឆ្នាំ ១៩៧០ម្លេះ អំឡុងពេលក្រុមគ្រួសាររបស់ខ្ញុំភៀសសឹកមករស់នៅក្នុងផ្ទះជួលមួយនៅភូមិ ទួលស្បូវ នាទីក្រុង កំពង់ចាម ។ ម្ចាស់ផ្ទះបានធ្វើជញ្ជាំងខ័ណ្ឌផ្ទះកន្តាំងបីខ្នងដ៏ធំនោះជាបីល្វែង ហើយជួលឲ្យមនុស្សរស់នៅចំនួនបីគ្រួសារ ។ ក្រៅអំពីគ្រួសារយើង មានគ្រួសារពីរទៀតដែលភៀសខ្លួនមកពីខេត្ត កំពត មួយគ្រួសារ និងគ្រួសារមួយទៀតខ្ញុំអត់ចាំស្រុកកំនើតទេ ។ អ្វីដែលជាការកត់សម្គាល់របស់ខ្ញុំគឺ នៅគ្រាមួយនោះគ្រួសារយើងធ្វើនំចំណី ហើយក៏យកនំខ្លះទៅជូនគ្រួសារទាំងពីរដែលរស់នៅក្បែរយើងនោះ ។ លទ្ធផលបន្តបន្ទាប់គឺគ្រួសារទាំងពីរនោះ តែងតែយកនំចំណី ឬម្ហូបអាហារមកឲ្យពួកយើងទៅវិញទៅមកជារឿយៗ រហូតដល់ថ្ងៃខ្មែរក្រហមវាយលុកចូលទីក្រុងកំពង់ចាមនៅឆ្នាំ ១៩៧៣ ដែលជាហេតុនាំឲ្យពួកយើងបែកខ្ញែកគ្នាអស់ទៅ ។ ទំនាក់ទំនងរវាងខ្ញុំនិងជាងសំណង់ គឺចាប់ផ្តើមអំពីទស្សនថា មនុស្សគ្រប់រូបសុទ្ធតែមានកិត្តិយសនិងភាវស្មោះសនៅក្នុងខ្លួន (Dignity and Honesty) ។ ថ្វីដ្បិតតែខ្ញុំយកលុយទៅជួលពួកគេឲ្យធ្វើការងារឲ្យខ្ញុំ ខ្ញុំមិនបានចាត់ទុកខ្លួនឯងថាជាចៅហ្វាយនាយ និងជាងសំណង់ជាទាសករឡើយ (Master and slave relationship) ។ ខ្ញុំចាត់ទុកពួកគេថាជាមិត្តភក្តិមកជួយធ្វើការងារឲ្យខ្ញុំ ។ ដើមឡើយ គម្រោងរបស់យើងគឺជួសជុលតែទុយយោទឹកនៅក្រោមបាសាំងលុបមុខទេ ។ ដោយហេតុតែជញ្ជាំងនៅពីក្រោយបាសាំងនោះវាពុកបាក់ដែរ យើងក៏សម្រេចជៀរជញ្ជាំងមួយផ្ទាំងចេញហើយសាងសង់វាឡើងវិញ ។ តម្លៃសរុបនៃការជួសជុលបាសាំងលុបមុខនោះគឺអស់ ១៦០០ដុល្លារ ។ ប៉ុន្តែ បន្ទាប់ពីយើងគាស់បាសាំងនិងកាត់ជញ្ជាំងចេញ ជាងយកពិលបញ្ចាំងមើលតាមបណ្តោយជញ្ជាំង ដែលស្ថិតនៅទន្ទឹមនឹងកន្លែងងូតទឹក (Bathtub) ក៏ឃើញមានការបាក់បែកច្រើន ។ ឯស្នោការពារធាតុអាកាសនៅចន្លោះជញ្ជាំងនោះ ក៏វាពុកផុយរលេះរលួយអស់ដែរ ។ ជាងជួសជុលឲ្យយោបល់ថា គួរតែគាស់បំបែករុះរើបន្ទប់ទឹកនោះដើម្បីរៀបចំដាក់ជញ្ជាំងថ្មី និងត្រួតពិនិត្យមើលទុយយោទឹកនៅក្នុងជញ្ជាំងនោះផង ។ ដោយហេតុតែផ្ទះខ្ញុំមានអាយុជាង ៥០ឆ្នាំហើយ ហើយបន្ទប់ទឹកមួយទៀតដែលស្ថិតនៅទល់ខ្នងគ្នាជាមួយនឹងបន្ទប់ទឹកដែលយើងគ្រោងរុះរើនោះ វាចាស់ដុះស្នឹមហើយដែរ យើងក៏សម្រេចចិត្តជួសជុលសាងសង់បន្ទប់ទឹកទាំងពីរសាជាថ្មីតែម្តងទៅ ។ ការវាយតម្លៃជួសជុលផ្ទះ ឬសម្ភារប្រើប្រាស់នៅក្នុងផ្ទះ (Estimate) មិនមែនជារឿងងាយស្រួលទេ ។ ខ្ញុំរៀនអំពីប្រការនេះ បន្ទាប់ពីចូលរួមពាក់ព័ន្ធនឹងការជួសជុលដោយផ្ទាល់ ។ ប្រការឈឺក្បាលខ្លាំងជាងគេគឺតម្លៃសម្ភារៈ ដែលអាចខុសគ្នាពី ៥ ទៅ ១០ ដង ។ ឧទាហរណ៍ បាសាំងងូតទឹកមួយអាចមានតម្លៃចាប់ពី ២០០ដុល្លារ ទៅ ២០០០ដុល្លារ អាស្រ័យលើគុណភាពនិងក្បូរក្បាច់រចនារបស់វា ។ ដោយឈរលើគោលការណ៍ឈ្នះ-ឈ្នះ និងដើម្បីសម្រួលដល់កិច្ចការផងទាំងពួង ខ្ញុំសម្រេចទទួលរ៉ាប់រងលើតម្លៃសម្ភារទាំងអស់ចាប់តាំងពីថង់ដាក់សំរាមនិងម៉ាស់ការពារផ្លូវដង្ហើមឡើងទៅ ។ ជាងទទួលខុសត្រូវតែលើការរុះរើនិងសាងសង់ឡើងវិញ ។ តម្លៃឈ្នួលនៃការងារនោះគឺ ១៦០០០ដុល្លារ ។ ជាងចុះឲ្យខ្ញុំ ១០០០ដុល្លារ នៅសល់ត្រឹម ១៥០០០ដុល្លារ ។ ជាងជួសជុលផ្ទះខ្ញុំមានដើមកំណើតមកពីប្រទេស ហុងឌូរាក់ (Honduras) ។ គាត់មានប្រពន្ធនិងកូនបីនាក់ក្នុងបន្ទុក ។ កូចតូចជាងគេមានអាយុ ៤ឆ្នាំ ។ ភរិយាគាត់មានរបរជាអ្នកបោសសម្អាតផ្ទះសម្បែង ។ គាត់ចាប់ផ្តើមប្រកបការងារនៅសហរដ្ឋអាមេរិក ក្នុងនាមជាអ្នកលាងចាននៅក្នុងភោជនីយដ្ឋានចិន ។ បន្ទាប់មក គាត់ទៅធ្វើជាកម្មករសំណង់រយៈពេល ១០ឆ្នាំ ។ បន្ទាប់ពីមានបទពិសោធការងារសមល្មម គាត់ងាកមកធ្វើការងារជួសជុលផ្ទះជាលក្ខណៈឯករាជ្យ (Independence contrator) ពីរនាក់ប្អូនប្រុសរបស់គាត់ ។ ដើម្បីប្រកបរបរជួសជុលផ្ទះ រដ្ឋតម្រូវឲ្យគាត់ទិញធានារ៉ាប់រង ។ ការងារមួយចំនួនដូចជាតសំយ៉ាបផ្ទះ ឬសង់ការ៉ាសដាក់ឡាននៅតាមផ្ទះ គាត់មិនអាចធ្វើទេដ្បិតរដ្ឋតម្រូវឲ្យមានអាជ្ញាប័ណ (License or Certificate) ។ ដើម្បីទទួលបានអាជ្ញាប័ណ គាត់ត្រូវទៅហ្វឹកហ្វឺនជំនាញជាងនៅសាលាជាមុនសិន ។ បើនិយាយអំពីដំណើរជិវិតជាងជួសជុលផ្ទះនិងខ្ញុំក្នុងនាមជាជនអន្តោប្រវេស យើងមានដំណើរដើមទងប្រហាក់ប្រហែលគ្នា ។ ខ្ញុំចាប់ផ្តើមអាជីពជាអ្នកលាងចានឆ្នាំងនៅក្នុងមជ្ឈមណ្ឌលថែទាំមនុស្សចាស់ ។ បន្ទាប់មកជាអ្នកចៀនដំឡូងនិងសាច់មាន់នៅក្នុងហាងលក់អីវ៉ាន់ចាប់ហួយ ។ ក្រោយមកទៀត ទៅធ្វើជាអ្នកលក់ខោអាវទ្រនាប់មនុស្សប្រុសស្រីនៅហាងលក់សម្លៀកបំពាក់ ។ អ្វីដែលជាភាពខុសគ្នារវាងជាងនិងខ្ញុំគឺ កាលនោះខ្ញុំនៅលីវហើយមានលទ្ធភាពទៅរៀននៅសាលា ។ ឯគាត់មានគ្រួសារនៅក្នុងបន្ទុកដែលតម្រូវឲ្យគាត់ធ្វើការងារពេញម៉ោងរៀងរហូតមក ។ ទោះជាយ៉ាងណាក៏ដោយ គាត់ចំណាយពេល ១០ឆ្នាំ មុននឹងអាចងាកមកប្រកបការងារជាលក្ខណៈឯករាជ្យ ។ ឯខ្ញុំចំណាយពេល ៧ឆ្នាំទម្រាំរកការងារបានធ្វើនៅក្នុងការិយាល័យ ។ កុងត្រាជួសជុលផ្ទះរបស់ខ្ញុំ មិនមានអ្វីសាំញ៉ាំទេ ។ ជាងជួសជុលចេះភាសាអង់គ្លេសល្មមតែនិយាយស្តាប់គ្នាបាន ។ គាត់សរសេររៀបរាប់ដ៏សាមញ្ញបំផុត អំពីតម្លៃនិងអ្វីដែលត្រូវធ្វើនៅលើក្រដាសមួយសន្លឹក ។ យើងអត់ចុះហត្ថលេខាលើក្រដាសនោះទេ ។ ខ្ញុំគ្រាន់តែយកអាយហ្វូនមកថតក្រដាស់នោះទុកឲ្យអ្នកផ្ទះខ្ញុំមើលតែប៉ុណ្ណោះ ។ វាជាកាយវិការបញ្ជាក់ថា ខ្ញុំទុកចិត្តជាងទាំងស្រុង ។ មុនចាប់ផ្តើមធ្វើការងារ ជាងបានសុំអធ្យាស្រ័យអំពីខ្ញុំពីរចំណុច ។ ទីមួយគឺប្អូនគាត់មានចរិតមិនទៀតទាត់ ។ ពេលខ្លះវាមកធ្វើការ ។ ពេលខ្លះវាអត់មកជួយធ្វើកិច្ចការងារទេ ។ ទោះជាយ៉ាងណាក៏ដោយ គាត់នឹងព្យាយាមជួសជុលផ្ទះខ្ញុំឲ្យហើយនៅក្នុងរយៈពេលមួយខែ ។ ទីពីរគឺគាត់សុំឲ្យខ្ញុំបង់ប្រាក់ឲ្យគាត់ជាលុយសុទ្ធចំនួន ៣៥០០ដុល្លារ ហើយប្រាប់ប្អូនគាត់ថាតម្លៃនៃការជួសជុលផ្ទះខ្ញុំគឺមានចំនួន ១១៥០០ដុល្លារ ប្រសិនបើប្អូនគាត់សួរនាំ ។ ចំណេរក្រោយមកទើបគាត់បង្ហើបប្រាប់ខ្ញុំថា ប្រាក់សុទ្ធដែលគាត់លាក់មិនឲ្យប្អូនគាត់ដឹងនោះគឺសម្រាប់បង់សេវាធានារ៉ាប់រង ។ ប្អូនគាត់មិនខ្វល់អំពីធានារ៉ាប់រងឬមិនរ៉ាប់រងទេ ។ វាដឹងតែទារកម្រៃអំពីគាត់ពាក់កណ្តាលម្នាក់ ទោះបីជាវាមិនមកធ្វើការងារទៀតទាត់ក៏ដោយ ។ ប្អូនគាត់អត់ចេះភាសាអង់គ្លេសទេ ។ ការងារផងទាំងពួងគឺគាត់ជាអ្នកស្វែងរក ។ ប្អូនគាត់នោះ បើធ្វើការងារឲ្យអ្នកដទៃ ប្រហែលឈរជើងមិនបានមួយខែទេ ។ អំឡុងពេលជួសជុលផ្ទះខ្ញុំ ប្អូនគាត់មិនមកធ្វើការពីរឬបីដង ហើយដើរចេញពីការងារពីរដង ។ មិនត្រឹមតែដើរចេញទេ វាបើកទាំងឡានដែលមានផ្ទុកសម្ភារសម្រាប់ធ្វើការងារទៅជាមួយដែរ ។ ប៉ុន្តែ ជាងជួសជុលគាត់មានឡានតូចមួយដែលមានសម្ភារស្រាលៗសម្រាប់ធ្វើការងារតូចៗ ។ តាមការសង្កេតរបស់ខ្ញុំ ប្អូនរបស់គាត់អាចមានអាការ អូទីហ្សឹម កម្រិតស្រាលទើបបានជាមានអាកប្បកិរិយាមិនប្រក្រតីដូច្នោះ ។ អ្វីដែលជារឿងគួរឲ្យសសើរនោះ គឺការស៊ូទ្រាំរវាងបងនិងប្អូនដើម្បីជួយសង្គ្រោះគ្នា ។ ក្រៅអំពីប្រការទាំងពីរខាងលើ ជាងជួសជុលផ្ទះក៏បានសុំការយោគយល់អំពីខ្ញុំនូវប្រការមួយទៀតដែរ ។ ពេលខ្លះគាត់ត្រូវទទួលជួសជុលផ្ទះឲ្យអ្នកដទៃរយៈពេលកន្លះថ្ងៃ ឬមួយថ្ងៃ អំឡុងពេលធ្វើការងារជួសជុលផ្ទះខ្ញុំនោះ ហើយសុំយកថ្ងៃចុងសប្តាហ៍មកធ្វើការងារនៅផ្ទះខ្ញុំជំនួសវិញ (Flexibility) ។ ខ្ញុំក៏យល់ព្រមនឹងគាត់ដែរ ។ តាមពិត គាត់មិនចាំបាច់ប្រាប់ខ្ញុំត្រង់ពេកទេ ។ គ្រាន់តែប្រាប់ខ្ញុំថា មិនអាចមកធ្វើការឲ្យខ្ញុំបាននៅថ្ងៃណាមួយ គឺវាចប់រឿងហើយ ។ និយាយអំពីភាពត្រឹមត្រង់នេះ ខ្ញុំធ្លាប់ត្រូវបានចៅហ្វាយនាយស្តីឲ្យយ៉ាងចាស់ដៃម្តងដែរ បន្ទាប់ពីខ្ញុំប្រាប់អតិថិជនត្រង់ពេក នៅពេលដែលយើងធ្វើការងារឲ្យគេមិនទាន់ពេលវេលា ។ គាត់ថា គួររកលេស (កុហក) និយាយប្រាប់គេឲ្យសមរម្យបន្តិចទៅបានហើយ ។ គេហៅយុទ្ធសាស្ត្របិទបាំងតូចតាចនេះជាភាសាអង់គ្លេសថា៖ white lies ។ ពេលខ្លះជាងជួសជុលផ្ទះយកកូនស្រីអាយុ៤ឆ្នាំរបស់គាត់មកជាមួយ ហើយសុំទោសខ្ញុំអំពីប្រការនោះ ។ ខ្ញុំប្រាប់គាត់ជាភាសាអេស្ប៉ាញ៉ុលមួយម៉ាត់យ៉ាងខ្លីថា៖ Mi casa, su casa! (ផ្ទះខ្ញុំ ក៏ដូចជាផ្ទះអ្នកដែរ) ។ គាត់ញញឹមដោយអំណរ ។ អំឡុងពេលជួសជុលផ្ទះនោះ ខ្ញុំតែងតែយកទឹកសុទ្ធ ៥ ទៅ ១០ដប ទៅដាក់ក្បែរកន្លែងធ្វើការសម្រាប់ពួកគេទទួលទានជារឿយៗ ហើយប្រាប់ជាងទាំងនោះថា ពេលអស់ទឹកញ៉ាំចុះទៅយកនៅក្បែរផ្ទះបាយដែលជាកន្លែងស្តុកទឹកទាំងនោះ ។ ប៉ុន្តែ ពួកគេមិនដែលចុះទៅយកទឹកមកញ៉ាំដោយខ្លួនឯងទេ ។ ពេលខ្លះ ខ្ញុំភ្លេចមិនបានដាក់ដបទឹកនៅកន្លែងធ្វើការងារ ពួកគេសុខចិត្តទ្រាំរហូតដល់ជួបខ្ញុំទើបប្រាប់អំពីតម្រូវការរបស់ពួកគេ ។ តើយើងទទួលបានអ្វីត្រឡប់មកវិញ នៅពេលដែលយើងយកគោលការណ៍ បដិការកម្ម មកអនុវត្តិ ? នៅក្នុងករណីរបស់ខ្ញុំនេះ គឺបានទទួលលទ្ធផលដូចតទៅ៖ ជាងជួសជុលផ្ទះខ្ញុំចាត់ទុកការជួសជុលនោះ ប្រៀបដូចជាការជួសជុលផ្ទះរបស់គាត់ (Personalized the project) ។ គាត់ចាត់ទុកខ្ញុំជាមិត្តភក្តិច្រើនជាងចៅហ្វាយនាយ ។ គំនិតណាដែលមិនសមទំនង គាត់នឹងជំទាស់ហើយព្យាយាមពន្យល់ខ្ញុំ អំពីសោភ័ណ្ឌនានាពាក់ព័ន្ធនឹងការសាងសង់ ។ នៅពេលទៅទិញឥដ្ឋការ៉ូយកមកក្រាលក្នុងបន្ទប់ទឹក ខ្ញុំសម្រេចជ្រើសរើសការ៉ូម៉្យាងដែលអាចប្រើលើជញ្ជាំងផង និងកម្រាលផង ។ ជាងគាត់ជំទាស់នឹងជម្រើសខ្ញុំ ដោយប្រាប់ថាជញ្ជាំងនឹងកម្រាល មិនអាចដាក់ឥដ្ឋពណ៌ដូចគ្នាឡើយ ។ ខ្ញុំប្រាប់គាត់ថាមិនចង់សាំញ៉ាំនាំឈឺក្បាលទេ ។ គាត់ឲ្យខ្ញុំជ្រើសរើសពណ៌ឥដ្ឋសម្រាប់ក្រាលនៅលើជញ្ជាំង ហើយគាត់នឹងយកឥដ្ឋសម្រាប់ក្រាលជាកម្រាលមកផ្គូគ្នា ដើម្បីបង្ហាញឲ្យឃើញថាតើវាមានសោភ័ណ្ឌខុសគ្នាដូចម្តេច ។ បន្ទាប់ពីខ្ញុំយកឥដ្ឋការ៉ូមួយដែលអ្នកផ្ទះខ្ញុំស្រឡាញ់មកឲ្យគាត់ គាត់យកឥដ្ឋនោះទៅដាក់ផ្អែកជញ្ជាំង រួចយកឥដ្ឋការ៉ូមួយទៀតដែលមានពណ៌ស្រគាំជាងបន្តិចមកដាក់ផ្ទាល់ដី ហើយយកអាយហ្វូនមកថតដើម្បីពង្រីកមើលរូបភាព ។ វាពិតជាមានសោភ័ណ្ឌខុសគ្នាមែន ។ ឥដ្ឋកម្រាលបន្ទប់ទឹកខ្ញុំ គឺជាងជាអ្នកសម្រេចជ្រើសរើស ។ ក្រៅអំពីឥដ្ឋការ៉ូ ឈើចម្រឹងជញ្ជាំនានាក៏គាត់ពិនិត្យពិច័យហ្មត់ចត់ដែរ មិនឲ្យមានវៀចឬបោបន្តិចបន្តួចឡើយ ។ និយាយអំពីឈើ ក្តារប្លង់សេសម្រាប់ទ្រកម្រាលឥដ្ឋនៅក្នុងបន្ទប់ទឹកទាំងពីរបានពុកដោយអន្លើដែលត្រូវកាត់តដាក់ក្តារថ្មី ។ ការងារនោះ អត់នៅក្នុងគម្រោងកុងត្រាទេ ។ ប៉ុន្តែ ដោយហេតុជាងអាចធ្វើកិច្ចការនោះកើត គាត់ក៏សម្រេចធ្វើកិច្ចការនោះបន្ថែមដោយអត់កែប្រែកុងត្រាឡើយ ។ គាត់ឲ្យខ្ញុំបង់ប្រាក់ឲ្យគាត់សម្រាប់កិច្ចការជាងឈើនោះ តាមសទ្ធា ។ ពេលធ្វើការងាររួចរាល់ចប់ទាំងស្រុង ខ្ញុំបាន់ផ្តល់ប្រាក់ ១០០០ដុល្លារ ដែលគាត់ចុះឲ្យខ្ញុំនៅក្នុងតម្លៃកុងត្រា ជូនទៅគាត់វិញ ។ និយាយអំពីធ្វើការប្រិតព្រៀងបន្តិច ។ ការរៀបឥដ្ឋការ៉ូនៅលើជញ្ជាំងនិងកម្រាល ជាងអត់រៀបដោយខ្លួនគាត់ទេ ថ្វីដ្បិតតែគាត់ចេះធ្វើកិច្ចការនោះដែរ ។ គាត់យកប្រាក់ឈ្នួលដែលខ្ញុំបង់ឲ្យគាត់ ទៅជួលអ្នកឯកទេសខាងរៀបឥដ្ឋការ៉ូមកធ្វើកិច្ចការនោះ ។ ពួកគេស្គាល់គ្នានិងប្រហែលជាធ្លាប់សហការគ្នាធ្វើការងារផងដែរ ។ ជាងរៀបឥដ្ឋការ៉ូមានគ្នាពីរនាក់ជាប្តីប្រពន្ធ ។ ជួនជាថ្ងៃមួយយើងធ្វើគុយទាវញ៉ាំ យើងក៏ហៅពួកគេទាំងបួននាក់ឲ្យញ៉ាំគុយទាវមួយពេល ។ ពួកគេស្គាល់គុយទាវតាមរយៈពាក្យវៀតណាមថា ហ្វឺ ។ អំឡុងពេលញ៉ាំអាហារជុំគ្នានោះ ពួកយើងបានណែនាំប្រាប់គ្នាអំពីចំណីអាហារប្រចាំត្រកូលរៀងខ្លួន ។ នៅថ្ងៃបញ្ចប់នៃការជួសជុល ជាងបានហៅភរិយាគាត់ដែលមានជំនាញខាងបោសសម្អាតផ្ទះ ឲ្យមកជូតសម្អាតផ្ទះយើង ឲ្យបានស្អាតបាតផងដែរ ។ ជាអកុសល ពេលភរិយាគាត់ដាក់កៅអីដើម្បីឈរទើតជូតកង្ហារនៅជាប់ពិដាន គាត់បានទាក់ដៃធ្វើឲ្យស្លាបកង្ហារមួយបាក់ ។ ជាងគ្រោងទិញកង្ហារថ្មីដាក់ឲ្យខ្ញុំវិញ តែខ្ញុំមិនឲ្យគាត់ចំណាយប្រាក់លើកង្ហារថ្មីនោះទេ ។ ខ្ញុំជាអ្នកចំណាយប្រាក់លើកង្ហារថ្មី ដ្បិតអីកង្ហារចាស់ដែលបាក់នោះ ក៏ជិតដល់ថ្ងៃដែលត្រូវផ្លាស់ប្តូរដែរ ។ ជាងចំណាយត្រឹមតែពលកម្មដាក់កង្ហារថ្មីនោះឡើងវិញ ។ សម្រាប់អ្នកដែលនៅស្រពិចស្រពិលអំពីគោលការណ៍ ឈ្នះ-ឈ្នះ ទង្វើនេះគឺជាទាហរណ៍ឈ្នះ-ឈ្នះ មួយ ។ ភាគីពាក់ព័ន្ធទទួលបានសារប្រយោជន៍និងមិនខាតបង់អ្វីធំដុំទេ ។ ការជួសជុលបន្ទប់ទឹកក្នុងផ្ទះទ្រង់ទ្រាយធំដូចជាអ្វីដែលខ្ញុំបានធ្វើនេះ ក្នុងមួយជីវិតប្រហែលជាមានតែម្តងទេ ។ អ្វីដែលជារឿងរីករាយសម្រាប់ខ្ញុំ គឺខ្ញុំអាចឆ្លៀតឱកាសនេះ យកមេរៀនដែលធ្លាប់បានរៀននៅឯសាលា មកធ្វើបទពិសោធដើម្បីស្វែងយល់ឲ្យបានជាក់លាក់ ថាតើការយល់ឃើញរបស់ខ្ញុំ អាចអនុវត្តិជាមួយនឹងមនុស្សជាក់ស្តែងបានដល់កម្រិតណា ៕

No comments:

ចំណីខួរក្បាល

គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...