Thursday, November 23, 2023

ចំណីខួរក្បាល

ដាក់ទានគ្មានគោលដៅ (Random Act of Kindness) កាលរៀននៅមហាវិទ្យាល័យ ខ្ញុំធ្លាប់ជួបពាក្យអង់គ្លេសមួយឃ្លាដែលពោលថា៖ Random act of kindness ។ ពាក្យនេះគឺសំដៅដល់ការបរិច្ចាគដាក់ទានដល់នរណាម្នាក់ដោយគ្មានប្រាថ្នាអ្វីឡើយ ។ ពេលយកគោលគំនិតនេះមកពិចារណា ខ្ញុំហាក់ដូចជាមិនយល់ទាល់តែសោះ ដ្បិតតាំងតែពីតូចក្រូចឆ្មារមក ខ្ញុំតែងតែប្រាថ្នាអ្វីមួយនៅពេលបរិច្ចាគទ្រព្យដាក់ទានធ្វើបុណ្យ ។ បើមិនប្រាថ្នាដើម្បីខ្លួនឯង ក៏ប្រាថ្នាឲ្យអ្នកដែលទទួលបានទានខ្ញុំនោះ បានភពប្រសព្វនឹងជោគវាសនាល្អដែរ ។ នេះគឺជាផ្នត់គំនិតដែលខ្ញុំមានតាំងតែពីដើមរៀងមក ។ បើនិយាយអំពីស្ថានភាពជីវិតវិញ ខ្ញុំជាមនុស្សចូលចិត្តរស់មួយគែៗដូចសត្វចាប ។ ដូច្នេះហើយ មិនសូវសេសសល់ប្រាក់កាក់សម្រាប់ដាក់ទានទេ ។ ទោះជាយ៉ាងណាក៏ដោយ ដំណើរជីវិតមនុស្សខុសអំពីដំណើរជីវិតចាប ។ ជួនកាលបរិបូណ៌ ជួនកាលខ្វះខាត ។ ម្តងនោះ ខ្ញុំមានឱកាសរកប្រាក់បានលើសអំពីសេចក្តីត្រូវការប្រចាំថ្ងៃ ហើយក៏សម្រេចធ្វើបទពិសោធដាក់ទានគ្មានគោលដៅ សាកល្បងមើល ថាតើវាមានឥទ្ធិពលដូចម្តេចមកលើផ្នត់គំនិតរបស់ខ្ញុំ ។ បទពីសោធន៍នេះ ខ្ញុំធ្វើតាំងតែពីចុងទសវត្សឆ្នាំ ១៩៩០ ម្លេះ ។ ខ្ញុំមិនចាំកាលបរិច្ឆេទទេ ប៉ុន្តែនៅចងចាំកាលៈទេស ។ លើកទីមួយគឺពាក់ព័ន្ធនឹងព្រឹត្តិការណ៍ឡោមព័ទ្ធបាញ់ប្រហារមនុស្សនៅទីក្រុង សារីយេវោ នៅក្នុងប្រទេស បុស្សនីហឺសុីហ្គោវីន សព្វថ្ងៃនេះ ។ កាលនោះខ្ញុំអានពត៌មានតាមប្រព័ន្ធអ៊ីនថឺណិត ឃើញអង្គការ ឃ័រ (Care) ប្រកាសរកជំនួយថវិកាដើម្បីផ្គត់ផ្គង់ចំណីអាហារដល់ពលរដ្ឋដែលស្ថិតនៅក្នុងការឡោមព័ទ្ធវាយប្រហារនោះ ។ មនុស្សនៅទីក្រុងនោះ គ្មានពាក់ព័ន្ធនឹងខ្ញុំឡើយ ។ ប៉ុន្តែ ដោយហេតុតែចង់ធ្វើបទពិសោធទានគ្មានគោលដៅ ខ្ញុំក៏ចុចតំណភ្ជាប់ផ្ទេរប្រាក់ ១០០ដុល្លារទៅឲ្យអង្គការឃ័រ ។ ដើម្បីបញ្ជាក់ថា ប្រាក់ដែលខ្ញុំវេរទៅនោះ បានទៅដល់គោលដៅ ខ្ញុំក៏បានវាយទូរស័ព្ទទៅជួបតំណាងអង្គការ ។ អ្នកទទួលទូរសព្ទប្រាប់ខ្ញុំថា បានឃើញលេខក្រេឌីតកាតរបស់ខ្ញុំ ដែលបញ្ជាក់អំពីការបរិច្ចាគថវិកាហើយ ។ លុះខ្ញុំទទួលលិខិតបញ្ជាក់តាមប្រៃសនីណ៍ប្រហែលមួយអាទិត្យក្រោយមក ខ្ញុំឃើញសេចក្តីបញ្ជាក់លើការបរិច្ជាគនោះ មានចំនួនពីរដងគឺស្មើនឹង ២០០ដុល្លារ ។ ដោយហេតុតែវាជាការបរិច្ចាគ ខ្ញុំសម្រេចចិត្តមិនសុំឲ្យគេបង្វិលប្រាក់ ១០០ដុល្លារមកវិញទេ ។ អស់ ២០០ដុល្លារទទេទៅ ។ ករណីទីពីរនៃការដាក់ទានគ្មានគោលដៅរបស់ខ្ញុំ គឺពាក់ព័ន្ធនឹងក្មេងស្រីខ្មែរម្នាក់រស់នៅស្រុកសន្ទុក ខេត្តកំពង់ធំ ។ នាងពិការជើងដោយសាររលាកភ្លើងកាលពីនៅជាទារក ។ ពេលអង្គការមនុស្សធម៌មួយជួបនាង នាងមានអាយុ១៤ឆ្នាំហើយ ។ ដោយហេតុតែជើងរបស់នាងអាចវះកាត់ដោយពេទ្យជំនាញនៅសហរដ្ឋអាមេរិក ដើម្បីជួយឲ្យនាងដើរបាន គេក៏សម្រេចយកនាងមកព្យាបាលនៅស្រុកអាមេរិក ដោយស្វែងរកថវិការសម្រាប់ដំណើរព្យាបាលនោះតាមរយៈការរៃអង្គាសថវិកាពីសប្បុរសជន ។ ខ្ញុំសម្រេចចិត្តបរិច្ចាគ ១០០ដុល្លារជាថ្មីម្តងទៀត តែម្តងនេះខ្ញុំសរសេរសែក មិនប្រើក្រេដីតកាតទៀតទេ ។ ករណីទីបីនៃការដាក់ទានគ្មានគោលដៅរបស់ខ្ញុំ គឺជាមួយនឹងស្ត្រីលក់ដូងខ្ចីម្នាក់នៅផ្សារ ឌុយមិច ។ ខ្ញុំបានទៅស្នាក់នៅជាមួយនឹងញាតិសន្តាននៅទីនោះប្រមាណជាមួយខែ ។ នៅក្បែរជណ្តើរចុះឡើងផ្ទះនោះ មានស្ត្រីមេម៉ាយកូនមួយម្នាក់ឈរលក់ដូងខ្ចី ។ គាត់ដាក់កូនតុមួយនិងកៅអីជ័រពីរនិងផ្លែដូងពីរបីលើតុជាសញ្ញាថា គាត់លក់ដូងខ្ចី ។ ឯដូងមួយចំនួនទៀត គាត់ដាក់នៅក្រោមជណ្តើរ ។ ដោយហេតុតែខ្ញុំញ៉ាំតែទឹកដូចខ្ចី អត់ញ៉ាំទឹកដប ខ្ញុំតែងតែចុះទៅទិញដូងគាត់រៀងរាល់ថ្ងៃ ។ អ្នករស់នៅទីនោះប្រាប់ខ្ញុំថា ប្តីរបស់គាត់ចុះចោលគាត់យូរយារណាស់មកហើយ ។ គាត់រស់នៅជាមួយនឹងកូនស្រីដោយលំបាកវេទនា ។ កន្លងប្រហែលជាមួយឆ្នាំក្រោយមក ខ្ញុំឮថាស្ត្រីលក់ដូងខ្ចីនោះត្រូវការវះកាត់ដើម្បីព្យាបាលបញ្ហាបេះដូង ។ គាត់ខំលក់ដូងសន្សំប្រាក់បានជិតគ្រប់តម្លៃវះកាត់ហើយ នៅខ្វះប្រហែលជា ១០០ដុល្លារទៀត ។ វាជាឱកាសមួយទៀតសម្រាប់ការពិសោធន៍ដាក់ទានគ្មានគោលដៅរបស់ខ្ញុំ ។ ខ្ញុំផ្ញើប្រាក់ជាលក្ខណៈអាណាមិកទៅជូនគាត់ចំនួន ១០០ដុល្លារតាមរយៈញាតិមិត្ត ។ បន្ទាប់ពីធ្វើទានគ្មានគោលដៅទាំងបីលើករួច ខ្ញុំអង្គុយពិចារណារថាតើកុសលផលបុណ្យ ជាមួយនឹងទានគ្មានគោលដៅទាំងនោះ បានស្តែងចេញជាអ្វីឲ្យខ្ញុំឃើញទេ ។ និយាយតាមត្រង់ គឺសូន្យឈឹងដូចអំបិលត្រូវទឹក ។ អ្វីដែលខ្ញុំទទួលបានគឺ ភាវៈ ទទេស្អាត ។ ចិត្តខ្ញុំអត់មានជាប់ជំពាក់នឹងភាពរំភើបញាប់ញ័រ ឬក៏សោកស្តាយអ្វីឡើយ ។ តាមពិត ខ្ញុំកម្រនឹងនឹកនាទៅដល់ទង្វើបរិច្ចាគទានគ្មានគោលដៅទាំងនោះណាស់ ។ ជីវិតមនុស្សដែលទទួលផលនៃទានគ្មានគោលដៅទាំងនោះ ក៏មិនដឹងជាយ៉ាងណាដែរ ។ វាប្រៀបដូចជាយកអំបិលមួយក្តាប់ ទៅគ្រវែងចោលក្នុងទឹកទន្លេ ។ អំឡុងពេលជាមួយគ្នានោះ ខ្ញុំក៏បានពាក់ព័ន្ធនឹងការធ្វើទានមានគោលដៅខ្លះៗដែរ ។ ម្តាយខ្ញុំគឺជាអ្នកនាំអាទិ៍ធ្វើទង្វើនេះ ។ ម្តាយខ្ញុំជាក្មេងចម្រើនវ័យនៅសម័យខ្មែរឥស្សរៈ ។ គាត់មិនបានរៀនចេះដឹងអ្វីជាដុំកំភួនទេ ដ្បិតជីដូនខ្ញុំមិនឲ្យគាត់ទៅរៀនដោយខ្លាចពួកខ្មែរឥស្សរៈចាប់ពង្រត់ ។ ប៉ុន្តែ ម្តាយខ្ញុំមានជំនឿមុតមាំណាស់ថា មានតែការរៀនសូត្រទេទើបជួយឲ្យមនុស្ស រកមធ្យោបាយរស់បានសុខស្រួល ។ ជាមួយនឹងជំនឿនេះ គាត់ព្យាយាមសន្សំប្រាក់យកទៅជួយឧបត្ថម្ភការរៀនសូត្រ របស់បងប្អូនកូនក្មួយគាត់នៅឯស្រុកខ្មែរ ។ អ្វីដែលជាបញ្ហាគឺគាត់គ្មានប្រាក់ចំណូលទេ ។ ប៉ុន្តែ ម្តាយខ្ញុំមានលទ្ធភាពសន្សំប្រាក់ដែលរដ្ឋផ្តល់ឲ្យគាត់បានខ្លះៗ ដោយហេតុតែគាត់រស់នៅជាមួយនឹងកូនៗ ។ ផ្គួបផ្សំជាមួយនឹងប្រាក់ដែលកូនចៅជូនគាត់ម្តងម្កាលនៅរដូវបុណ្យទាន និងការមើលថែកូនក្មេងឲ្យញាតិមិត្តជិតខាង ម្តាយខ្ញុំសន្សំប្រាក់បានមួយចំនួនសម្រាប់បង់ថ្លៃសាលាឲ្យកូនក្មួយ ដែលរៀននៅស្រុកខ្មែរបានពីរបីនាក់ដែរ ។ ម្តាយខ្ញុំយកប្រាក់ទាំងនោះមកផ្ទុកផ្តាក់នឹងខ្ញុំ ដើម្បីរៀបចំចាត់ចែងជំនួសគាត់ ដោយប្រាប់ថាយកលុយនេះទៅឲ្យកូនអ្នកនេះឬកូនអ្នកនោះ សម្រាប់រៀននៅសាកលវិទ្យាល័យ ។ អ្វីដែលជារឿងលំបាកសម្រាប់ខ្ញុំគឺ គេត្រូវការថវិកាបម្រុងរយៈពេលយ៉ាងហោចណាស់ក៏ ៤ឆ្នាំដែរដើម្បីបញ្ចប់ដំណើរសិក្សានៅសាកលវិទ្យាល័យ ។ ដូច្នេះ កង្វះខាតនានាត្រូវធ្លាក់មកលើខ្ញុំជាអ្នករ៉ាប់រង ។ សម័យនោះជាសម័យសរសេរសំបុត្រនៅលើក្រដាសផ្ញើតាមអ្នកដំណើរ ឬប្រៃសនីយ៍ ។ ម្តាយខ្ញុំបានយកសំបុត្រមួយចំនួនមកបង្ហាញខ្ញុំអំពីតម្រូវការនានារបស់ញាតិសន្តានគាត់ ។ ក្រៅអំពីរឿងកូនក្មួយរៀនសូត្រ នៅមានទំនាស់ក្នុងគ្រួសារជាច្រើនទៀតដែលខ្ញុំត្រូវជួយដោះស្រាយ ។ ម្តាយខ្ញុំដាក់រហ័សនាមឲ្យខ្ញុំថា លោកគ្រូធំ ។ កិត្តិយសនេះគឺពិតជាហំហានណាស់ ។ ប៉ុន្តែ អ្វីដែលជាធាតុពិតនៅពីក្រោយការលើកតម្កើងនេះ គឺដើម្បីងាយស្រួលក្នុងការប្រើខ្ញុំឲ្យធ្វើការងារជូនគាត់ ។ បន្ទាប់ពីទទួលបានការបង្គាប់បញ្ជាឲ្យធ្វើកិច្ចការនានាជំនួសមុខឲ្យម្តាយខ្ញុំ ខ្ញុំទទួលថវិកាអំពីគាត់ហើយធ្វើដំណើរទៅស្រុកខ្មែរនៅចុងឆ្នាំ ១៩៩៩ ។ ឱកាសនោះ ខ្ញុំបានជួបនឹងប្អូនជីដូនមួយពីរបីនាក់ (ក្មួយម្តាយខ្ញុំដែលទទួលបានប្រាក់ឧបត្ថម្ភសម្រាប់សិក្សានៅសាកលវិទ្យាល័យ) ។ នៅក្នុងកិច្ចពិភាក្សារបស់ពួកយើង ខ្ញុំបានដាក់ចេញនូវគោលការណ៍ចំនួនពីរ ។ ទីមួយគឺ មិនចាំបាច់ផ្ញើពិន្ទុ ឬរបាយការណ៍ចេញពីសាលាឲ្យខ្ញុំមើលទេ ។ វាយតម្លៃការសិក្សាដោយខ្លួនឯង ។ បើរៀនទៅមុខមិនរួច កុំបន្តរៀនបំផ្លាញលុយ ។ ទីពីរគឺ បន្ទាប់ពីរៀនបានជោគជ័យហើយ ត្រូវរកការងារធ្វើហើយជួយយិតយោងបងប្អូនរៀងៗខ្លួន ។ នៅក្នុងបេសកកម្មដាក់ទានមានគោលដៅ ដែលជាសហប្រតិបត្តិការណ៍រវាងខ្ញុំនិងម្តាយខ្ញុំនោះ ខ្ញុំបានធ្វើដំណើរទៅស្រុកខ្មែរជាច្រើនដងដើម្បីវាយតម្លៃការវិវត្តិនៃការសិក្សារបស់ប្អូនៗ ។ អ្វីដែលខ្ញុំទទួលបាននៅក្នុងបទពិសោធនោះ គឺចិត្តខ្ញុំហាក់ដូចជាជាប់ជំពាក់ជាមួយនឹងដំណើរជីវិតរបស់ប្អូនៗទាំងនោះ ។ ពេលឃើញនរណាម្នាក់បានទទួលជោគជ័យខ្ពង់ខ្ពស់ ខ្ញុំរំភើបត្រេកអរ ។ ពេលឃើញនរណាមួយ មិនទទួលបានជោគជ័យសមប្រកបទៅនឹងការប្រឹងប្រែង ចិត្តខ្ញុំក៏អាក់អន់ស្រពន់តាមនោះដែរ ។ វាជារឿងមួយដែលពិបាកនឹងពណ៌នា ថាតើការដាក់ទានគ្មានគោលដៅ និងមានគោលដៅ មួយណាល្អប្រសើរជាង ។ បើពិចារណាត្រឹមតែកម្រិតមនោ វាពិតណាស់ថាទានមានគោលដៅ ផ្តល់ឲ្យយើងនូវមោទនភាព ។ ឯទានគ្មានគោលដៅ គ្មានបានការអ្វីឡើយ ។ ក៏ប៉ុន្តែ ខ្ញុំមិនទាន់ជឿថា ទានគ្មានគោលដៅ គ្មានបានការនៅឡើយទេ ។ នៅក្នុងដំណើរទស្សនកិច្ចមួយទៅកាន់ភ្នំ ឧត្តុង្គ ខ្ញុំបានចូលញ៉ាំបាយថ្ងៃត្រង់នៅក្នុងផ្សារក្បែរនោះ ។ មានក្មេងប្រុសក្រីក្របីនាក់កាន់ផ្លឹតមកអង្គុយបក់ឲ្យយើង ខណៈពួកយើងកំពុងទទួលទានអាហារ ។ គ្មាននរណាម្នាក់ហៅពួកគេឲ្យមកអង្គុយបក់កំដពួកយើងទេ ។ ទង្វើរបស់ក្មេងទាំងនោះ ហាក់ដូចជាទានគ្មានគោលដៅអ្វីឡើយ ។ បន្ទាប់ពីទទួលទានអាហាររួច យើងប្តូរតួនាទីឲ្យក្មេងៗទាំងនោះអង្គុយញ៉ាំអាហារវិញម្តង ដោយហៅបន្ថែមនូវមុខម្ហូបមួយចំនួនទៀត ដើម្បីឲ្យពួកគេញ៉ាំឲ្យបានឆ្អែតស្កប់ស្កល់ ។ នៅក្នុងកញ្ច្រែងភេសជ្ជៈ មានទឹកក្រូចនិងទឹកផ្លែឈើ ៦កំប៉ុង ដែលខ្ញុំប្រាប់ពួកគេឲ្យទទួលទានទាំងអស់ទៅ ។ ក្នុងចំណោមក្មេងទាំងបីនាក់ មានក្មេងម្នាក់អត់ទទួលទានទឹកក្រូចពីរកំប៉ុងដែលជាចំណែករបស់គាត់ទេ ។ បន្ទាប់ពីពួកគេទទួលទានរួចរាល់ ខ្ញុំសួរក្មេងនោះថាហេតុអ្វីក៏ក្មួយមិនញ៉ាំទឹកក្រូចនេះ ដ្បិតខ្ញុំបានបង់ប្រាក់ឲ្យអ្នកលក់រួចហើយ ។ ក្មេងនោះប្រាប់ខ្ញុំថា គាត់ទុកទឹកក្រូចពីរកំប៉ុងនោះ យកទៅផ្ញើជីដូននៅឯផ្ទះ ។ ឮសម្តីនោះ ខ្ញុំរំភើបញាប់ញ័រក្នុងចិត្តយ៉ាងខ្លាំង ។ គឺទឹកចិត្តក្មេងក្រីក្រតោកយ៉ាកម្នាក់នោះហើយ ដែលធ្វើឲ្យខ្ញុំពិចារណាឡើងវិញអំពីការដាក់ទានគ្មានគោលដៅ និង មានគោលដៅ ។ ព្រឹត្តិការណ៍រវាងក្មេងតោកយ៉ាកនិងខ្ញុំនាថ្ងៃនោះគឺជា Random act of kindness in its purest form (ករណីទានគ្មានគោលដៅដ៏បរិសុទ្ធជាទីបំផុត) ។ កម្មនិងប្រត្តិកម្មរវាងពួកយើងនាថ្ងៃនោះ គឺជាដំណើរធម្មជាតិ (Spontaneity) ។ គ្មានគម្រោង គ្មានគោលការណ៍ គ្មានទិដ្ឋិ និងគ្មានទស្សនណាមួយពាក់ព័ន្ធឡើយ ។ កាលរៀនទស្សនវិជ្ជានៅមហាវិទ្យាល័យ យើងបានលើកយកសំណួរមួយមកពិចារណា ថាតើដើមឈើដែលរលំនៅក្នុងព្រៃស្ងាត់តែឯកឯង បង្កឲ្យមានស្នូរសម្លេងដែរទេ ។ សិស្សខ្លះថាមាន ។ សិស្សខ្លះថាគ្មានទេដ្បិតមិនមានសាក្សីបានឮ ។ ទានគ្មានគោលដៅគឺប្រៀបបាននឹងដើមឈើរលំដែលគ្មានសាក្សីដឹងឮ ។ ក្រៅអំពីអ្នកបរិច្ចាគ គឺគ្មាននរណាម្នាក់ដឹងឮឡើយ ។ ក៏ប៉ុន្តែ អំណាចនៃទាននោះ គឺនៅតែជាទានដូចគ្នា ។ ទឹកក្រូចពីរកំប៉ុង ដែលក្មេងតោកយ៉ាងយកទៅផ្ញើជីដូននាថ្ងៃនោះ គឺប្រៀបបាននឹងស្នូរដើមឈើរលំនៅនឹងមុខយើង ។ ប្រសិនបើខ្ញុំមិនសួរនាំ ខ្ញុំប្រាកដជាមិនដឹងថាទឹកក្រូចពីរកំប៉ុងនោះ ជាផលនៃទានគ្មានគោលដៅឡើយ ។ អ្វីៗនឹងស្ថិតនៅក្នុងសភាវទទេស្អាត (Emptiness) ឬនិយាយមួយបែបទៀត ជាសភាវបរិសុទ្ធនៅក្នុងចក្រវាឡ៍ ។ គឺភាពបរិសុទ្ធអត់មានអ្វីជាប់ជំពាក់នេះហើយដែលជាភាវៈខុសគ្នារវាងទានគ្មានគោលដៅ និងទានមានគោលដៅ ៕

Monday, November 13, 2023

ចំណីខួរក្បាល

ទំនាស់អ៊ីស្រាអែលនិងប៉ាឡេស្ទីន ដំណើរទំនាក់ទំនងរបស់មនុស្សជាតិ បើគិតក្រៅរង្វង់ពង្សញាតិ គឺមានភាពស្មុគស្មាញជាងទំនាក់ទំនងសត្តនិករដទៃ ។ មូលហេតុមួយដែលធ្វើឲ្យមនុស្សទាស់គ្នាមិនឈប់ឈរ គឺការធ្វើនយោបាយ ។ បើមនុស្សមិនលុះនឹងនយោបាយពេកទេ ពិភពលោកនេះប្រហែលជាមានភាតរភាពនិងសន្តិភាពស្ងប់ស្ងាត់ច្រើន ។ ទំនាស់រវាងជនជាតិអ៊ីស្រាអែលនិងជនជាតិប៉ាឡេស្ទីន គឺជាទំនាស់ដ៏វែងអន្លាយមួយនៅក្នុងដំណើរជីវិតមនុស្សជាតិ ។ តាំងតែពីខ្ញុំធំដឹងក្តីរហូតដល់ថ្ងៃនេះ ខ្ញុំបានដឹងបានឮអំពីចម្បាំងរវាងជនជាតិទាំងពីរជារឿយៗ ។ ចម្បាំងនេះប្រហែលជាមិនចប់ត្រឹមថ្ងៃខ្ញុំស្លាប់ទេ ។ វាអាចបន្តទៅមុខជាច្រើនជំនាន់ទៀត ។ យោងតាមឯកសារប្រវត្តិសាស្ត្រមួយចំនួន ជនជាតិអ៊ីស្រាអែលនិងប៉ាឡេស្ទីន មានទំនាក់ទំនងនឹងគ្នាជាលក្ខណៈញាតិការ ដែលមានបុរសម្នាក់ឈ្មោះ អាប្រាហាំ ឬ អាហ្វ្រាម ជាបុព្វការីជន ។ អាប្រាហាំរស់នៅក្នុងតំបន់មួយឈ្មោះ ម៉េសូប៉ូតេមៀ ដែលស្ថិតនៅក្នុងប្រទេសអ៊ីរ៉ាក់សព្វថ្ងៃ ។ ប្រមាណជា ២០០០ឆ្នាំមុនគ្រីស្តសករាជ អាប្រាហាំបានទទួលឱវាទពីព្រះអាទិទេព (យល់សប្តិ?) ប្រាប់ឲ្យគាត់ធ្វើដំណើរទៅកាន់ទឹកដីមួយកន្លែង ដើម្បីបង្កើតអាណាចក្រមួយឡើង ។ អាប្រាហាំមិនដឹងថាទឹកដីនោះនៅទីណាទេ ប៉ុន្តែគាត់បានធ្វើដំណើរទៅតាមអ្វីដែលព្រះអាទិទេពគូសបង្ហាញគាត់ ។ នៅទីបំផុត អាប្រាហាំបានមកដល់តំបន់មួយនៅម្តុំទឹកដីរបស់ជនជាតិ អ៊ីស្រាអែលនិងប៉ាឡេស្ទីនសព្វថ្ងៃនេះ ។ សង្ខេបប្រវត្តិសាស្ត្របុរាណនេះឲ្យខ្លីងាយយល់ នៅក្នុងដំណើរមកកាន់ទឹកដីពិសិដ្ឋរបស់អាប្រហាំ មានភរិយាគាត់ឈ្មោះ សារ៉ា (Sarah) និងស្រីបម្រើម្នាក់ឈ្មោះ ហាហ្គា (Hagar) មកជាមួយដែរ ។ សារ៉ាជាស្ត្រីអារមិនមានកូនទេ ។ ដូច្នេះ អាប្រាហាំក៏សម្រេចចិត្តរួមរក្ខជាមួយនឹងហាហ្គា ដើម្បីមានបុត្របន្តពូជពង្សវង្សត្រកូល ។ ហាហ្គាបង្កើតបានកូនប្រុសមួយមានឈ្មោះថា អ៊ីស្មាអែល (Ismael) ។ បន្ទាប់មក ព្រះអាទិទេពក៏ប្រទានឲ្យសារ៉ាមានកូនប្រុសម្នាក់ដែរមានឈ្មោះថា អ៊ីសាក់ (Isaac) ។ សង្ខេបរឿងនិទាននេះឲ្យរឹតតែខ្លីថែមទៀត អ៊ីស្មាអែល បានក្លាយទៅជាអច្ឆារិយបុព្វការីជនរបស់ជនជាតិ ប៉ាឡេស្ទីន ។ ឯ អ៊ីសាក់ ជាអច្ឆារិយបុព្វការីជនរបស់ជនជាតិ អ៊ីស្រាអែល ។ គួរកត់សម្គាល់ថា ប្រវត្តិសាស្ត្រដែលផ្អែកលើរឿងនិទាននេះ កើតមានប្រមាណជា ៤០០០ឆ្នាំកន្លងមកហើយ ។ ប៉ុន្តែ វានៅតែមានឥទ្ធិពលខ្លាំងមកលើផ្នត់គំនិតនៃជនជាតិទាំងពីរនេះ ។ ការសម្របសម្រួលគ្នានានាមិនអាចមើលរំលងប្រវត្តិសាស្ត្របុរាណនេះឡើយ ។ បើយើងយកត្រឹមយុគនៃប្រវត្តិសាស្ត្រទំនើបមកនិយាយវិញ ជនជាតិអ៊ីស្រាអែលនិងប៉ាឡេស្ទីន រងគ្រោះញឹកញាប់ជាងគេនៅលើលោកនេះ ។ ដោយហេតុតែទឹកដីដែលពួកគេរស់នៅជាចំណុចឆ្លងកាត់ ឬផ្លូវគមនាគមន៍តភ្ជាប់ទ្វីប អាហ្វ្រីក អឺរ៉ុប និង អាសុី តំបន់េនះត្រូវបានឈ្លានពានកាន់កាប់ដោយជនជាតិដទៃជាច្រើនលើកច្រើនគ្រា រហូតដល់ជនជាតិអ៊ីស្រាអែលត្រូវបានខ្ចាត់ព្រាត់ពីតំបន់នេះអស់ជាច្រើនសតវត្សរ៍ ។ ចក្រភពចុងក្រោយដែលត្រួតត្រាតំបន់នេះមានឈ្មោះថា អូតាម៉ង់ (Ottaman Empire) ។ បន្ទាប់ពីសង្គ្រាមលោកលើកទីមួយនាឆ្នាំ ១៩១៩ ចក្រភពអង់គ្លេសជាអ្នកត្រួតត្រាតំបន់នេះ ហើយក៏មានការពិភាក្សាគ្នាដើម្បីបង្កើតឲ្យមានរដ្ឋ ឬ ប្រទេសអ៊ីស្រាអែលនិងប៉ាឡេស្ទីន ។ ក៏ប៉ុន្តែ ការពិភាក្សាដើម្បីបង្កើតរដ្ឋឲ្យជនជាតិទាំងពីរនេះ មិនទទួលបានផ្លែផ្កាទេ ដោយហេតុតែមានប្រទេសជាច្រើននៅក្នុងតំបន់ជ្រៀតជ្រែក ។ បន្ទាប់ពីសង្គ្រាមលោកលើកទីពីរនាឆ្នាំ ១៩៤៥ ជនជាតិអ៊ីស្រាអែលមួយចំនួន ដែលសេសសល់អំពីអំពើមនុស្សឃាតដ៏ធំមួយនៅទ្វីបអឺរ៉ុប បានធ្វើដំណើរត្រឡប់មករស់នៅក្នុងតំបន់ប្រទាញប្រទង់នេះវិញ ហើយក៏បានប្រកាសបង្កើតប្រទេសអ៊ីស្រាអែលឡើង ។ ប្រទេសជាច្រើននៅក្នុងតំបន់មិនទទួលស្គាល់ប្រទេសអ៊ីស្រាអែលទេ ។ សង្គ្រាមរវាងប្រទេសទាំងនោះនិងអ៊ីស្រាអែលក៏បានផ្ទុះឡើងជាច្រើនលើកច្រើនគ្រាដែរ ។ សង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមសកម្មប្រយុទ្ធ ហាម៉ាស នាពេលបច្ចុប្បន្ននេះ គឺជាការវិវត្តិនៃទំនាស់ដែលកើតមានតាំងតែពីក្រោយសង្គ្រាមលោកលើកទីពីរនោះមកម្លេះ ។ បើគិតចាប់ពីឆ្នាំ ១៩១៩ មកដល់គ្រានេះ មានការព្យាយាមបង្កើតរដ្ឋ ឬប្រទេសអ៊ីស្រាអែលនិងប៉ាឡេស្ទីនចំនួន ៥ដងហើយ ។ កិច្ចព្រមព្រៀងចុងក្រោយបានធ្វើឡើងនៅ Camp David សហរដ្ឋអាមេរិក ក្រោមអធិបតីភាពប្រធានាធិបតី Bill Clinton ។ បើយើងដកនយោបាយនិងការជ្រៀតជ្រែកពីសំណាក់ប្រទេសដទៃចេញ ជនជាតិអ៊ីស្រាអែលនិងប៉ាឡេស្ទីន ប្រហែលជាអាចរស់នៅជិតគ្នានិងមិនស្អប់ខ្ពើមគ្នាទេ ។ កត្តាធំបំផុតដែលធ្វើឲ្យជនជាតិទាំងពីរមើលមុខគ្នាមិនចំនិងបង្កជាទំនាស់ឥតឈប់ឈរ គឺការគាំទ្ររបស់ប្រទេសដទៃក្នុងនាមជួយគាំពារពួកគេ ។ វាជាទង្វើជ្រៀតជ្រែកមួយដែលភាសាអង់គ្លេសហៅថា Oxymoron ។ នៅពីក្រោយអ៊ីស្រាអែលមាន សហរដ្ឋអាមេរិក ។ នៅពីក្រោយ ប៉ាឡេស្ទីន មានអ៊ីរ៉ង់និងប្រទេសអារ៉ាប់មួយចំនួនទៀត ។ បើគ្មានអ្នកគាំពារទាំងអស់នេះនៅពីក្រោយ ដែលនាំឲ្យអ្នកដឹកនាំនៃជនជាតិអ៊ីស្រាអែលនិងប៉ាឡេស្ទីនវង្វេងធាតុ ជនជាតិទាំងពីរប្រហែលជាអាចរស់នៅជិត ឬក៏ជាមួយគ្នាដោយគ្មានផលរមាស់អ្វីឡើយ ៕

Thursday, November 2, 2023

ចំណីខួរក្បាល

បំផ្លាញខ្លួនឯង (Self-Destruction) កត្តាដ៏ធំបំផុត ដែលអាចឲ្យប្រជាជាតិ ឬប្រទេសមួយរឹងមាំនិងរស់រានមានជីវិតនៅបានគឺ សាមគ្គីភាព ។ នៅក្នុងទីបច្ឆារប្រវត្តិសាស្ត្រ ចំណារពណ៌នានៅលើផ្នូរខ្មោចប្រទេសជាច្រើនមានសេចក្តីយ៉ាងខ្លីថា៖ បែកបាក់សាមគ្គី ។ ប្រជាជាតិមួយដែលបែកបាក់សាមគ្គី មិនត្រឹមតែមិនរឹងមាំទេ គឺកំពុងតែធ្វើដំណើរឆ្ពោះទៅកាន់ក្តីវិនាសអន្តរាយជានិរន្តរ៍តែម្តង ។ ក្នុងនាមជាអ្នកសិក្សា និង សង្កេតព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនិងនយោបាយរបស់ប្រទេសកម្ពុជាមួយរូប ខ្ញុំសង្កេតឃើញមានការផ្លាស់ប្តូរជាច្រើននៅក្នុង "ទង្វើ" ឬយុទ្ធសាស្ត្រដឹកនាំប្រទេសរបស់អ្នកកាន់អំណាចនៅកម្ពុជា ។ យុទ្ធសាស្ត្រមួយដែលខ្ញុំសង្កេតឃើញកើតមានប្រមាណជិតបីទសវត្សកន្លងមកហើយគឺ "បំបាត់ ឬបំផ្លាញទំនុកចិត្ត" ។ បំផ្លាញទំនុកចិត្តគឺជាដំណើរឆ្ពោះទៅកាន់ការបាត់បង់សាមគ្គីភាព ។ គួរកត់សម្គាល់ថា អ្នកកាន់អំណាចនៅស្រុកខ្មែរក៏ដូចជាអ្នកកាន់អំណាចនៅប្រទេសដទៃដែរ គ្មាននរណាម្នាក់ចង់ឲ្យពលរដ្ឋដែលខ្លួនគ្រប់គ្រងបែកបាក់សាមគ្គីគ្នាទេ ។ ក៏ប៉ុន្តែ នៅក្នុងវិស័យនយោបាយ ការបែកបាក់សាមគ្គីគ្នាគឺជាកត្តាងាយកើតមានជាទីបំផុត ។ មូលហេតុតែមួយគត់ដែលធ្វើឲ្យមនុស្សក្នុងសង្គមបែកបាក់សាមគ្គីគ្នាគឺ បក្សពួកនិយម ។ នៅក្នុងវិស័យនយោបាយ គេតែងបង្កើតបក្សដើម្បីកៀរគរអ្នកគាំទ្រ ។ ដូច្នេះ កត្តាបក្សពួកនិយម គឺជាអព្ភូតហេតុមួយជៀសមិនរួចឡើយ នៅក្នុងសង្គមមនុស្សជាតិ ។ មធ្យោបាយធ្វើឲ្យមនុស្សនៅក្នុងសង្គមមួយបាត់បង់ទំនុកចិត្តនិងបែកបាក់សាមគ្គីគ្នា មានច្រើនយ៉ាង ។ ក៏ប៉ុន្តែ មធ្យោបាយដែលមានពិសពុលនិងមានប្រសិទ្ធភាពជាងគេ គឺការបំភាន់បោកប្រាស់ប្រភេទភ្នាក់ងារសម្ងាត់ ឬ ច្រែះសុីដែក និង លេងល្ខោនបំភាន់ភ្នែក ។ ការធ្វើដូច្នេះ បើកើតមានរវាងក្រុមបក្សមួយទៅលើក្រុមបក្សមួយទៀត វាមិនបង្កឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរប៉ុន្មានទេ ។ ប៉ុន្តែ នៅពេលករណីនេះត្រូវបានរៀបចំជាប្រព័ន្ធ ចេញអំពីក្បាលម៉ាសុីនដឹកនាំប្រទេសដើម្បីគ្រប់គ្រងពលរដ្ឋ វាគឺជារឿងដ៏គ្រោះថ្នាក់មួយដែលសូម្បីតែអ្នកប្រព្រឹត្តិ ក៏គួរតែព្រួយដែរ ។ មុននឹងយើងលើកយកបញ្ហាបំផ្លាញខ្លួនឯងមកពិចារណា ខ្ញុំសូមលើកឡើងនូវសំណួរមួយ ថាតើខ្មែរយើងសព្វថ្ងៃ មានទំនុកចិត្តជាមួយនឹងអ្នកភូមិផងរបងជាមួយ កម្រិតណា ។ សូមរក្សាទុកចម្លើយនៅក្នុងចិត្តយើងគ្រប់ៗគ្នា ហើយធ្វើការពិចារណាបន្តទៀត ។ ខ្ញុំបានសង្កេតកត្តាមិនទុកចិត្តគ្នានៅក្នុងសង្គមខ្មែរ ជាពិសេសទង្វើបោកប្រាស់របស់មេដឹកនាំមកលើពលរដ្ឋខ្មែរ ប្រមាណជា២៥ឆ្នាំកន្លងមកហើយ ។ កត្តាមួយដែលខ្ញុំយកមកធ្វើជាមូលដ្ឋានត្រិះរិះពិចារណា ល្បិចបោកប្រាស់របស់អ្នកកាន់អំណាចខ្មែរ គឺអភ័យឯកសិទ្ធិ ។ មនុស្សដែលជាភ្នាក់ងារបោកប្រាស់របស់រដ្ឋាភិបាល ទោះបីជេរត្មះតិះដៀលរិះគន់បុគ្គលដឹកនាំប្រទេសជាតិរហូតដល់រយះមាត់ ក៏គ្មានទោសពៃរ៍អ្វីឡើយ ។ មនុស្សដទៃទៀត កុំថាឡើយដល់ទិតៀនរដ្ឋាភិបាល សូម្បីលើកបដាឈរស្ងៀមម្នាក់ឯងក៏អាជ្ញាធរសំពងឬចាប់ដាក់គុកដែរ ។ ក៏ប៉ុន្តែ អ្វីដែលជារឿងលំបាកស្វែងយល់បំផុតនោះ គឺមនុស្សខ្លះគេរៀបចំឲ្យរងទុក្ខទោសដូចមែនទែន ។ នៅមានករណីជាច្រើនផ្សេងទៀត ដែលអ្នកសង្កេតត្រូវការពិចារណាហេតុផលដ៏យូរអង្វែង ដើម្បីស្វែងរកតម្រុយ ។ អ្នករៀបចំល្បិចបោកប្រាស់នៅស្រុកខ្មែរមិនសូវជាចំណាប់លាក់ដានប៉ុន្មានទេ ។ អ្នកដែលធ្លាប់សិក្សាអំពីល្បិចកលសង្គ្រាម ៣៦ របស់ចិន និង យុទ្ធសាស្ត្រ ឬល្បិចគ្រប់គ្រងមនុស្សរបស់លោក នីកូឡូ ម៉ាក់គៀវែលី (Nicolo Machiavelli: The Prince) អាចមើលយល់អំពីល្បិចកលបោកបញ្ឆោតផងទាំងពួង ។ អ្វីដែលជារឿងសង្វេគនោះ គឺគេយកល្បិចកលទាំងពីរនេះមកប្រើលើមនុស្សដែលមានពូជពង្សវង្សត្រកូលជាមួយគ្នា ។ គួរកត់សម្គាល់ថា កលល្បិចទាំងពីរខាងលើនេះ គេមិនប្រើលើគ្នាឯងទេ ដ្បិតវានាំគ្រោះច្រើនជាងលាភ ។ សព្វថ្ងៃ ពលរដ្ឋខ្មែរមើលយល់ទង្វើបំភិតបំភ័យបំភ្លៃបោកប្រាស់របស់អាជ្ញាធរមកលើខ្លួន កាន់តែច្រើនឡើងៗហើយ ។ នៅពេលអត្រានេះកើនខ្ពស់ហួស៥០% ទំនុកចិត្តនិងជំនឿលើទង្វើនានារបស់អាជ្ញាធរនឹងសាបរលាបដូចអំបិលត្រូវទឹក ។ ការបាត់បង់ទំនុកចិត្តលើអាជ្ញាធរ នឹងរីករាលដាលមកលើមនុស្សភូមិផងរបងជាមួយ រហូតដល់សាច់សាលោហិតរបស់ខ្លួន ប្រៀបបាននឹងជំងឺមហារីក ។ ជាមួយនឹងការបាត់បង់ទំនុកចិត្តគ្នា សាមគ្គីភាពសង្គមក៏វារលំរលាយទៅដែរ ។ ប្រជាជាតិមួយមិនអាចរលំរលាយដោយសារការបែកបាក់សាមគ្គីតែមួយមុខទេ ។ អ្វីដែលជាកត្តាធ្វើឲ្យប្រជាជាតិមួយរលាយ គឺការឆ្លៀតទាញយកសារប្រយោជន៍ និងជ្រៀតជ្រែកពីសំណាក់មនុស្សជាតិដទៃ ។ នៅក្នុងករណីប្រទេសនិងពលរដ្ឋខ្មែរ យួននិងសៀមគឺជាប្រជាជាតិពីរដែលកំពុងតែប្រើវិធីស្រូបទាញ (Absorption) មកលើទឹកដីនិងពលរដ្ឋខ្មែរ ។ ខ្ញុំសូមនិយាយឲ្យត្រង់ភ្លឹងទៅចុះ ។ យួនប្រើវិធីបញ្ជ្រាបទឹក ។ ឯសៀមប្រើវិធី រំហួតទឹក ។ មួយស្រូបចូល មួយទាញចេញ ។ វាប្រៀបបាននឹងកំដៅព្រះអាទិត្យនិងទឹកភ្លៀង ។ និយាយឲ្យច្បាស់ដូចពន្លឺថ្ងៃ៖ យួនប្រើវិធីលំហូរចូលនៃពលរដ្ឋមកក្នុងដីខ្មែរ ។ សៀមប្រើវិធីទាញយកអ្នកប្រាជ្ញឬសកម្មជនខ្មែរ(ពលករខ្មែរ)ទៅប្រើប្រាស់ ដ្បិតអី គ្មានអ្វីប្រសើរជាងធនធានមនុស្ស ដែលលុះនឹងការប្រឹងប្រែងតស៊ូឈ្មុសឈ្មុល នៅក្នុងដំណើរជីវិតឡើយ ។ ឯកត្តាចម្បងដែលជម្រុញឲ្យខ្មែររលាយ គឺការធ្វើទុក្ខបុកម្នេញនិងប្រើកលល្បិចបំបាត់ទំនុងចិត្តគ្នា រវាងខ្មែរនិងខ្មែរ ដែលអ្នកដឹកនាំប្រទេសខ្មែររៀបចំដើម្បីគ្រប់គ្រងពលរដ្ឋ ក៏ដូចជារក្សាអំណាច ។ នេះហើយជាចំណុចគ្រោះមហន្តរាយ ។ សូមកុំបន្ទោសយួននិងសៀម ។ ពួកគេគ្រាន់តែឆ្លៀតឱកាសទាញយកសារប្រយោជន៍អំពីភាពខ្ជីខ្ជារបស់យើងតែប៉ុណ្ណោះ ។ ប្រវត្តិសាស្ត្រខ្មែរ ជាប្រវត្តិសាស្ត្រច្រំដែល ។ ដូច្នេះ អ្វីដែលខ្ញុំពណ៌នាខាងលើនេះ ប្រហែលជាមិនពិបាកយល់ទេ ដ្បិតវាមានទម្រង់ (Pattern) ទុកឲ្យយើងមើលរាប់រយឆ្នាំមកហើយ ។ តើខ្មែរយើងនឹងវិនាសអន្តរាយដោយរបៀបណា? ក្រៅអំពីកត្តា "ពាក្យច្រើនភូតច្រើចាញ់អាត្មា ឬ ចំណេះជិះកឯង" ជនជាតិខ្មែរអាចនឹងបាត់បង់អត្តសញ្ញាណ ស្រដៀងគ្នានឹងជនជាតិអាមេរិកាំងដែរ ។ ជនជាតិអាមេរិកាំងនៅទីនេះ គឺសំដៅដល់ជនជាតិអាមេរិកាំង ដែលរស់នៅក្នុងទី្វបអាមេរិកទាំងមូលរាប់ពាន់ឆ្នាំមកហើយ ។ មិនមែនសំដៅលើជនជាតិអាមេរិកាំង ដែលទើបនឹងមកតាំងទីលំនៅក្នុងទ្វីបអាមេរិក នារយៈពេលជាង ៥០០ឆ្នាំកន្លងទៅនេះទេ ។ ជនជាតិអាមេរិកាំងកាលពីបុរាណកាលមានចំនួនប្រហែលរាប់សិបលាននាក់ដែរ មុនពេលការចូលមកដល់មួយសំពៅម្តងៗ នៃមនុស្សអម្បូរដទៃ ។ បើនិយាយអំពីវប្បធម៌ ជនជាតិអាមេរិកាំងដែលជាម្ចាស់ស្រុកទាំងនោះ មានអត្តចរិតដូចជនជាតិខ្មែរស្ទើរតែបេះបិទ ។ ចំណុចរួមដ៏ពិសិដ្ឋមួយគឺយើងមិនហួងហែងធនធានធម្មជាតិទេ ។ យើងចែកគ្នារស់ដោយមិនរើសអើងជាតិសាសន៍ ។ នៅទីបំផុតចរិតមនុស្សធម៌នេះ បានក្លាយទៅជាទាសករនៃអំពើអមនុស្សធម៌ ។ បន្តិចម្តងៗ ចលនាស្រូបទាញនៃមនុស្សអម្បូរដទៃ បានធ្វើឲ្យជនជាតិអាមេរិកាំងម្ចាស់ស្រុកបាត់បង់ទាំងជីវិត វប្បធម៌ និង អត្តសញ្ញាណ ស្ទើរតែផុតពូជអស់ទៅហើយ ។ សព្វថ្ងៃ ពួកគេដែលសេសសល់រស់នៅតែក្នុងតំបន់ចុងកាត់មាត់ញក ប្រៀបដូចជាជនជាតិកួយ ចារាយ និង ព្នង នៅស្រុកខ្មែរដែរ ។ ដំណើរដែលធ្វើឲ្យជនជាតិម្ចាស់ស្រុកអាមេរិកាំងរលំរលាយ កើតចេញអំពីអព្ភូតហេតុមួយដែលភាសាអង់គ្លេសហៅថា៖ Manifest Destiny (វាសនាចារពីនាយ) ។ ពាក្យនេះបើនិយាយឲ្យងាយយល់ វាគឺជាស្មារតី (Spirit) នៃមនុស្សដទៃដែលមកវាតទីលើទឹកដីរបស់គេ ថាជាព្រេងវាសនា ឬសិទ្ធិរបស់ខ្លួនក្នុងការចូលមកជ្រកពួននៅលើទឹកដីថ្មីនេះ ។ អព្ភូតហេតុនេះមិនមែនទើបតែកើតមាននៅទ្វីបអាមេរិកប៉ុន្មានសតវត្សកន្លងទៅនេះទេ ។ វាបានកើតមាននៅអាសុីអគ្នេយ៍ប្រមាណជាង ១០០០ឆ្នាំកន្លងមកហើយ ។ ដំណើរវាសនាចារពីនាយមួយនៅអាសុីអគ្នេយ៍ មានប្រភពចេញពីតំបន់ភាគខាងត្បូងនៃខេត្ត យូណាន ប្រទេសចិន ។ មនុស្សពីរក្រុមដែលហៅខ្លួនឯងថាជាជនជាតិ ដាយ និង តៃ (Dai and Tai) បានធ្វើដំណើរចុះតាមដងទន្លេក្រហមនិងទន្លេមេគង្គ ដែលហូរឆ្ពោះទៅកាន់សមុទ្រចិនភាគខាងត្បូង ។ ជនជាតិដាយធ្វើដំណើរតាមដងទន្លេក្រហមទៅដល់ឈូងសមុទ្រ តុងកឹង ហើយក៏ប្តូរឈ្មោះហៅខ្លួនឯងថា ដាយវៀត ។ បន្តមកទៀតក៏ប្តូរទៅជា វៀតណាម ។ ការផ្លាស់ប្តូរឈ្មោះនេះ គឺដើម្បីឆ្លើយតបទៅនឹងការស្រូបទាញជនជាតិដទៃដែលចូលមកក្នុងអម្បូររបស់ខ្លួន ឬក៏សម្របខ្លួនចូលទៅក្នុងវប្បធម៌ជាតិសាសន៍ដទៃដើម្បីពង្រីកឥទ្ធិពល ។ សព្វថ្ងៃនេះ ដំណើររបស់ជនជាតិដាយបានមកដល់ឈូងសមុទ្រថៃភាគខាងកើតហើយ ហើយក៏បានស្រូបទាញយកទឹកដីនិងជនជាតិធំៗពីរផ្សេងទៀតចូលក្នុងក្រុមគេដែរ គឺជនជាតិចាមនិងជនជាតិខ្មែរក្រោម ។ ឯដំណើររបស់ជនជាតិតៃតាមដងទន្លេមេគង្គក៏មានសណ្ឋានដូចគ្នាដែរ ។ សព្វថ្ងៃ ពួកគេបានមកដល់ជ្រោយម៉ាឡេភាគខាងជើង ដែលស្ថិតនៅខាងលិចឈូងសមុទ្រថៃ ។ នៅក្នុងដំណើរចុះមកត្បូងនេះដែរ ពួកគេបានស្រូបទាញបញ្ចូលនូវជនជាតិ មន សៀម លាវ ខ្មែរលើ និង ម៉ាឡេ បង្កើតបានជាប្រទេស ថៃឡង់ដ៍ នាពេលបច្ចប្បន្ន ។ និយាយរួម ជនជាតិដាយនិងតៃ បានមកភពប្រសព្វគ្នានៅក្នុងឈូងសមុទ្រថៃ ។ ប្រទេសខ្មែរបច្ចុប្បន្ន គឺជាសំណល់ដ៏តូចមួយប្រៀបបាននឹងនំអាកោត្នោត ដែលនៅក្នុងកន្ទោងស្លឹកចេក ។ មនុស្សពីរនាក់ដែលកំពុងតែស្រេកឃ្លាន តើអាចអង្គុយមើលនំអាកោត្នោត ដែលកំពុងតែធ្វើដំណើរទៅរកភាពផ្អូម ដោយមិនអើពើដែរទេ ។ ពួកគេប្រាកដជាមិនទុកឲ្យវាផ្អូមចោលអសារឥតការឡើយ ។ មុននឹងបញ្ចប់អត្ថបទនេះ សូមនិយាយអំពីសេណារីយោនៃអនាគតកាលរបស់ខ្មែរបន្តិច ។ ឈ្មោះកម្ពុជា ដូចអាមេរិកាំងដែរ គឺមិនបាត់បង់ទៅណាទេ ។ ស្ថាននាមនានាដូចជាអង្គរវត្ត ភ្នំដងរែក ភ្នំពេញ ក៏មិនបាត់បង់ដែរ ។ អ្វីដែលបាត់បង់គឺ វប្បធម៌ និង អត្តសញ្ញាណជាតិសាសន៍ ។ ទៅមុនគេគឺភាសាដែលនឹងក្លាយទៅជាទម្រង់ Creoles (ភាសាដែលយកពាក្យក្នុងភាសាដទៃមកប្រើជំនួសពាក្យរបស់ខ្លួន) ។ បន្ទាប់មកគឺទំនៀមទម្លាប់និងក្បួនច្បាប់នានា ដែលបាត់បង់រចនាបថ (Diluted Tradition) ។ ផ្គួបផ្សំកត្តាទាំងអស់នេះ ជាមួយនឹងចលនាស្រូបទាញដែលរៀបរាប់ខាងលើ វានឹងធ្វើឲ្យអត្តសញ្ញាណខ្មែររលុបរលាយបន្តិចម្តងៗ ។ ដំណើរនៃការរលុបរលាយសន្សឹមៗនេះ ត្រូវការពេលវេលាយ៉ាងហោចណាស់ក៏ ១០០ ឬ ២០០ឆ្នាំទៅមុខទៀតដែរ ។ អ្នកប្រព្រឹត្តិនិងនាំអាទិ៍ឲ្យខ្មែររលាយអត្តសញ្ញាណ នឹងស្លាប់បាត់អស់មិនអាចមើលឃើញផលនៃកម្មរបស់ខ្លួនឡើយ ។ គឺអ្នកជំនាន់ក្រោយ ដែលកើតមកត្រូវរងកម្មរស់នៅក្រោមឥទ្ធិពលរបស់ជនជាតិដទៃ ។ នៅលើលោកនេះ ប្រហែលជាគ្មានអ្វីចង្រៃជាងសាងកម្មទុកឲ្យអ្នកដទៃរងគ្រោះឡើយ ។ សូមឲ្យការវិភាគវែកញែកនៅក្នុងសំណេរនេះ ខុសទាំងស្រុងផងចុះ ។ វាជាក្តីប្រាថ្នាតែមួយគត់របស់ខ្ញុំ ។ ជាលើកទីមួយហើយដែលខ្ញុំសរសេរអត្ថបទដាក់ឲ្យគេអាន ហើយប្រាថ្នាចង់បានពិន្ទុ សូន្យ ៕

ចំណីខួរក្បាល

គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...